28 C
Phnom Penh

នាយក​រដ្ឋ​មន្ត្រី​ថ្លែង​​ពីបញ្ហាព្រំដែនរយៈ​ពេល​ប្រាំ​ម៉ោង​ និង​២០​នាទី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​​ថ្លែង​ក្នុង​រដ្ឋ​សភា កាលពី​ម្សិល​មិញ ការពន្យល់​រយៈ​ពេល​ប្រាំ​ម៉ោងរបស់លោក ​ស្ដី​ពី​ការ​កំណត់​ព្រំ​ដែន​ជា​មួយ​ប្រទេស​វៀត​ណាម​ បាន​ទាក់​ទាញមន្ត្រីរដ្ឋាភិបាល​ និង​មន្ត្រី​រាជ​ការ​ឲ្យ​តាម​ដានទស្សនា ដោយមិនប៉ប្រិច​ភ្នែក​។

ផែនការបណ្ដេញប្រជាជន​ចេញត្រូវ​បាន​ផ្អាក​ មន្ត្រី​នគរ​បាល​ត្រូវ​បាន​ដក​ចេញ​ពីផ្លូវ​ ហើយ​មន្ត្រី​រាជ​ការ​ត្រូវ​បាន​បញ្ជា​ឲ្យ​ឈប់​ធ្វើ​ការ​ងារ​ ដើម្បី​ទស្សនា​​​តាមក​​​ញ្ចក់​​​ទូរទស្សន៍​​​។ នៅ​ក្នុង​ការ​ិយាល័យ​ និយោជក​បាន​ប្រមូល​​​ ​ផ្ដុំ​គ្នា​នៅ​ជុំ​វិញ​ទូរទស្សន៍​ ដាក់នៅ​តាមដង​ផ្លូវ​​ និង​ប្រមូល​ផ្ដុំគ្នា​នៅ​មុខ​វិទ្យុ​។

សេចក្ដីរាយ​ការណ៍​ព័ត៌មានរបស់​អន្ដរ​​​ជាតិ​បាន​លើក​ឡើង​ថា អាចជា​សុន្ទរកថា​ដ៏វែង​ បំផុតរបស់​លោក​ ហ៊ុន សែន ដែល​​​កាន់​​​តំណែង​​​​នាយករដ្ឋមន្ត្រី បានយូរជាងគេបំផុត​នៅ​ទ្វីបអាស៊ី ដោយលោក​ថ្លែង​នេះមិន​បាច់​​​មានឈប់​សម្រាក​​។

លោក អុឹង​ សេដ្ឋា ប្រធាន​ភូមិ​បី នៅ​ក្នុង​សង្កាត់​មួយ ក្រុង​ព្រះសី​ហនុ ដែល​ភូមិ​របស់​​​លោកកំពុងប្រឈមមុខនឹងការបណ្ដេញ​ចេញ ​កាលពី​ម្សិលមិញ បាន​និយាយ​ថា “ បទ​បញ្ជា​របស់​ចៅ​សង្កាត់​របស់​ខ្ញុំ​ ឲ្យផ្អាក​ការ​ងារ និង​ទស្សនាទូរទស្សន៍​ ហើយ​ស្ដាប់​សុន្ទរកថា​របស់​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន” ការ​បណ្តេញប្រជា​ពល​រដ្ឋ​ចំនួន​១៨៧​គ្រួសារ​ ដែល​រស់​នៅ​លើ​ដី​មាន​វិវាទ​ទំហំ​ប្រាំ​ហិកតា នៅ​ក្នុង​សង្កាត់​ភូមិ​បី ត្រូវ​បាន​ពន្យារ​ពេល​មួយ​​ថ្ងៃ ដើម្បី​ឲ្យ​អ្នកភូមិស្ដាប់​សុន្ទរកថា​ពិសេស​នេះ ចំណែកឯអ្នកភូមិ២០០​គ្រួសារ​នៅ​ក្នុង​សង្កាត់​ចោមចៅ រាជ​ធានី​ភ្នំពេញ ដែល​កំពុង​ប្រឈមមុខនឹងការ​បណ្ដេញ​ចេញ​ដូចគ្នានេះ ត្រូវ​​បាន​ពន្យារ​ពេលដែរ។

លោក វ៉ា សារ៉ាង ចៅសង្កាត់រងទី​១ សង្កាត់​ចោមចៅ បាន​មាន​ប្រសាសន៍​អំពីការពន្យារ​ពេល​នេះថា “ ដោយាសារ​អាជ្ញា​ធរ​មូល​ដ្ឋាន​ទាំង​អស់​ជាប់​រវល់​មើល​ទូរទស្សន៍​”។​​ លោក សារ៉ាង បាន​ពន្យល់​ថា “ មន្ត្រី​ទាំង​អស់​បាន​ទទួល​បទ​បញ្ជា​ឲ្យ​ប្រមូល​ផ្ដុំ​គ្នានៅ​សាលាសង្កាត់​ ហើ​យ​យើង​បាន​ជូន​ដំណឹង​ប្រាប់​អ្នក​ភូមិ​នៅ​ក្នុង​សង្កាត់​នេះ​ថា ពួកគេ​គួរ​តែ​មើល​ និង​ស្ដាប់​ផង​ដែរ”។

ការ​ថ្លែងសុន្ទរកថាអស់រយៈ​ពេល​ប្រាំ​ម៉ោង​ និង​២០​នាទី​របស់លោក ហ៊ុន សែន បាន​​ធ្វើ​ឡើង​​ដើម្បីឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​គណបក្ស​ សម រង្ស៊ី ដែល​​អះអាង​​ថា ការងារបោះបង្គោល​ព្រំដែន​របស់​រដ្ឋាភិ​បាល​គឺដើម្បីកាត់ដីឲ្យ​​ទៅវៀត​ណាម។

មួយ​ថ្ងៃ​មុន​ពេល​ថ្លែង​សុន្ទរកថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា ព្រឹត្តិការណ៍នេះនឹង​ក្លាយជា​ប្រវត្តិ​សាស្ត្រ ហើយ​លោក​បាន​ស្នើ​ឲ្យ​វិនិច្ឆ័យ​ចំពោះការ​លើក​ឡើង​របស់លោក។ ប្រជាពល​រដ្ឋ​បាន​អនុវត្ត​តាម​ដោយ​ត្រឹម​ត្រូវ​។

លោក យ៉ត រ៉ៃ អធិការ​នគរ​បាល​ស្រុក​ថ្មពួក ​ខេត្ត​បន្ទាយ​មានជ័យ ​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា ប្រជា​ពល​រដ្ឋ​ប្រមាណ​៨០​ភាគរយ នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ ចូល​ចិត្ត​ស្ដាប់​សុន្ទរកថា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជាង​ធ្វើ​ការ​”។

ក៏ប៉ុន្ដែ នៅ​ក្នុង​មន្ទីរ​កិច្ចការ​នារី​ក្នុង​ខណ្ឌ​ចំការ​មន​​ លោក​ស្រី តេស ចាន់​សារឿន ដែល​ជា​ប្រធាន​​ និង​បុគ្គលិក​របស់​លោក​ស្រីបាន​អង្គុយ​ទស្សនា​យ៉ាងយកចិត្តទុកដាក់ពីមុខ​កញ្ចក់​ទូរទស្សន៍​ដ៏តូច​មួយ​។ លោកស្រី ចាន់​សារឿន ​​ពន្យល់​ថា “ ព្រឹក​

​នេះ យើង​មិន​ធ្វើការទេ ពីព្រោះ​ថ្ងៃ​នេះជា​ថ្ងៃ​សំខាន់​បំផុត​សម្រាប់​ប្រទេស​របស់​យើង​។ បើ​ទោះបី​ជា​យើង​ជាប់​រវល់​ក៏ដោយ ​ ក៏វាសំខាន់​ណាស់​ ហើយ​យើង​ត្រូវ​តែ​ទស្សនា”។ នៅ​ក្នុង​ខេត្ត​តាកែវ អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​ស្ដាប់ការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋ​មន្ត្រី​តាម​រយៈ​ឧគ្ឃោ​សនសព្ទ​ដ៏ធំពីរ​ដឹក​នៅលើ​ម៉ូតូ​របស់ខ្លួន​។ ឈ្មោះ ប៉េល ណេង អាយុ​៤០​ឆ្នាំនិយាយ​​ថា “ អភិបាល​ស្រុក​បាទី ជួលមេក្រូ​របស​់​ខ្ញុំ​រយៈ​ពេល​បី​ម៉ោង​ ក្នុងតម្លៃ​​៣០.០០០រៀល”។

ដោយ​ពន្យល់ថា សុន្ទរកថាគឺដើម្បី​ពន្យល់​

ឲ្យ​បាន​ច្បាស់អំពី​បញ្ហា​ព្រំដែន លោក ហ៊ុន សែន ពេលនោះបានមាន​ប្រសាសន៍​ក្នុង​សុន្ទរកថាថា គ្មាន​ដីណា​ ត្រូវ​វៀត​ណាម​យក​នោះទេ នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ថ្មីៗនេះ។ លោកនាយក​រដ្ឋ​មន្ត្រីថ្លែង​ថា “ ដី​ដែល​បានទៅ​វៀតណាម មិន​មែន​ជា​កំហុស​របស់​ខ្ញុំ​ ហើយក៏មិនមែនជា​កំហុស​អតីត​ព្រះ​មហា​ក្សត្រ​ដែរ។ អ្នក​ជំនាន់​មុន​ គណនា​ខុស​”។

ដោយមានការបង្ហាញ​ផែនទី និង​ឯក​សារ​ជា​បន្ដ​បន្ទាប់ ​លោក​ ហ៊ុន សែន បាន​តប​ចំពោះ​គណ​បក្ស​ សម រង្ស៊ី វិញ។ លោកបាន​បក​ស្រាយ​លម្អិត​អំពី​អនុ​ស្សរណៈ​នៃការ​យោគ​យល់​គ្នា​ និយាយអំពី​ការកាន់កាប់​ដី​របស់​វៀតណាម ពី​ភាគី​កម្ពុជា ហើយ​លោក​បាន​ពន្យល់​ថា ផែន​ទី​ថ្មី​នេះបង្ហាញ​ទឹក​ដី​របស់កម្ពុជា ដែល​គិត​ថា​ធំជាង​មុន​។ លោក​ក៏បាន​លើក​ឡើង​អំពី​ផល​វិបាក​ក្នុង​ការ​កំណត់​​ព្រំដែនប្រវែង​​១.២៧០​គីឡូ​ម៉ែត្រ ជាមួយ​​វៀតណាម ដែរ។

លោក​បានមាន​ប្រសាសន៍​ថា “ កម្ពុជា និង​វៀត​ណាម នឹង​ផលិត​ផែនទី​មួយ​ដែល​នឹង​បង្ហាញ​អំពីបង្គោល​ និង​ខ្សែបន្ទាត់​ព្រំ​ដែន​របស់ប្រទេស​ទាំង​ពីរ​”។

សុន្ទរកថារបស់លោក ហ៊ុន សែន ភាគ​ច្រើន​បានវាយប្រហារគណបក្ស​ប្រឆាំង​មិន​ឲ្យតដៃកើត ពាក់ព័ន្ធបញ្ហា​ព្រំដែន ដែល​តែង​តែយកបញ្ហានេះមកធ្វើ​ជារឿងនយោ​បាយ និង​ដើម្បីឆ្លៀត​យក​ចំណេញ ពីនិន្នាការ​ប្រឆាំង​វៀតណាម ក្នុង​វប្បធម៌​កម្ពុជា។

​លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ ពួកគេ​គិត​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា គឺជា​អាយ៉ង​វៀតណាម និងជាអ្នក​បម្រើ​វៀតណាម​ហើយ​ពេល​នេះ អ្នក​ខ្លះ​គិត​ដូច្នេះ ពួកគេ​យក​បញ្ហានេះ ជា​វិធី​មួយ ដើម្បី​យក​ចំណេញ​ខាង​នយោបាយ​”។

លោក​បាន​កត់សម្គាល់​ថា“ប្រសិន​បើ​ប្រជា​​ពល​រដ្ឋ​នៅ​​តាម​ព្រំដែនពិតជា​ជឿ​ថា មាន​ការ​បាត់​ដី​មែន​នោះ ពួកគេ​នឹងមិន​បោះ​ឆ្នោត​ឲ្យ​យើង​ “ គណបក្ស​ប្រជាជន​កម្ពុជា” ទេ ប៉ុណ្ណឹង​ល្មម​យល់​បានហើយ​”។មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ លោក សុន ឆ័យ សមាជិក​សភា​មក​ពីគណ​បក្ស​ សម រង្ស៊ី ដែលបាន​ដាក់​សំណួរ​សួរលោក ហ៊ុន សែន ពី​ការ​ងារ​បោះ​បង្គោល​​ព្រំដែន​បាន​ផ្ដល​់​នូវ​ទស្សន​រួម​មួយ ​ស្ដីពី​ចម្លើយរបស់លោក​ ហ៊ុន សែន​ រយៈ​ពេល​ប្រាំ​​ ម៉ោង​ និង​២០​នាទី ដោយគ្មាន​នរណា​រំខាន។

លោក សុន ឆ័យ ដែលមើល​ទៅ​ដូច​ជា​មិនសប្បាយចិត្ត បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​ចង់​បញ្ជាក់​ថា ការចោទថាសំណួរនេះ​ ដើម្បី​បំបាក់​រដ្ឋាភិបាល​ គឺមិន​ពិត​ទេ”។ លោក​បន្ថែម​ថា បើ​ទោះជា​លោក​ ហ៊ុន សែន ព្រម​ឆ្លើយ​តប​នឹង​សំណួរ​របស់លោកក៏ដោយ ក៏លោក​មិន​ទទួល​យក​ចម្លើយនេះ​ទាំង​ស្រុង​នោះទេ។ លោក​បានថ្លែង​ថា “ ចំណុច​ខ្លះ​ដែល​រដ្ឋាភិបាលបាន​លើក​ឡើង​​ គឺជាការ

មិន​អាច​ទទួល​យកបាន។ ប្រសិនបើ​លោក​នាយក​រដ្ឋ​មន្ត្រី​មិន​អនុញ្ញាត​ឲ្យយើង​សួរ​ នៅ​ពេល​ថ្លែងសុន្ទរកថា​របស់លោក​ បញ្ហា​នេះ​នៅ​តែមិន​អាចដោះ​ស្រាយ​ដដែល”។ អ្នកផ្សេងទៀតក៏បាន​លើក​ឡើងបែប​នេះ​ដែរ ក្នុង​ចំណោម​អ្នកតាមដាន​ស្ដាប់​លោក​ ហ៊ុន សែន។

ខណៈ​ដែល​មនុស្ស​ជា​ច្រើន​បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅតាម​បណ្តោយផ្លូវ​លេខ​២៩៤​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ដើម្បីស្តាប់​សុន្ទរកថា​ដ៏ឮកង​រំពង​ នេះ បុរស​ម្នាក់​ហាក់ដូចជាមិនសូវចាប់​អារម្មណ៍ប៉ុន្មានទេ។ លោក ដួង ចាន់​សារិន បាន​លើក​ឡើង​ថា “ វាមិន​សំខាន់​ទេ ដើម្បីមើល​លោក​ ហ៊ុន សែន និយាយ​ ពីព្រោះ​គាត់​និយាយ​តែម្នាក់​ឯង​ ហើយ​គ្មាន​នរណា​ម្នាក់​មក​ពី​គណ​បក្ស​ប្រឆាំង​ អាចសួរគាត់ទេ”៕

(រាយ​ការណ៍​ដោយ ផន បុប្ផា អូន ភាព Joshua Wilwohl ឃី សុវុឌ្ឍី និង​ Simon Marks)​​​​

ប្រែសម្រួល​ដោយ ចេវ ប៊ុននី

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស