តំណាងអង្គការក្រៅរដ្ឋាភិបាលនិងក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថាមនុស្សបួននាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារនៅក្នុងខេត្តបាត់ដំបងពីបទជួញដូរជនជាតិកម្ពុជា៣៣នាក់ រួមទាំងកុមារផងឲ្យទៅធ្វើការនៅប្រទេសថៃ ដែលនៅទីនោះពួកគេត្រូវបានបង្ខំឲ្យធ្វើការដោយគ្មានប្រាក់ឈ្នួល។
លោក នីកូឡាស អូដូណែល (Nikolas
O’Donnell) មន្ត្រីទំនាក់ទំនងអង្គការសុីសា(Sisha)ដែលជាអង្គការក្រៅរដ្ឋាភិបាលប្រឆាំងការជួញដូរមនុស្សមានប្រសាសន៍ថាស្ត្រីអាយុ៦២ឆ្នាំម្នាក់និង បុរសបីនាក់អាយុខ្ទង់៣០ឆ្នាំត្រូវបានចាប់ខ្លួនក្នុងឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយត្រូវបានបញ្ជូនទៅខេត្តកំពង់ឆ្នាំងជាទីដែលពួកគេបាននាំជនរងគ្រោះមក។
លោក អូដូណែល បានមានប្រសាសន៍ថាមេខ្លោងទាំងបួននាក់នេះស្ថិតនៅក្នុងក្រុមជួញដូរមនុស្ស ហើយមេខ្លោងម្នាក់ដែលត្រូវបានចាប់ខ្លួនពីក្រុមនេះបានជ្រើសរើសពលករនៅក្នុងខេត្តកំពង់ឆ្នាំងដោយសន្យាផ្ដល់ការងារនៅតាមស្រែស្រូវរបស់ថៃដែលនឹងទទួលបានប្រាក់ខែពី១លានទៅ២លានរៀលក្នុងមួយខែ។
លោកបន្ថែមថា ជនរងគ្រោះទាំង៣៣នាក់ដែលខ្លះមានអាយុក្រោម១៨ឆ្នាំត្រូវបាននាំទៅថៃតាមច្រកព្រំដែនស្រុកសំពៅលូន រួចហើយលក់ទៅឲ្យម្ចាស់កសិដ្ឋានជនជាតិថៃ។ លោកបានបន្ដថា “ បន្ទាប់ពីត្រូវគេលក់ហើយ ពួកគាត់ត្រូវគេបង្ខំឲ្យធ្វើការដោយគ្មានប្រាក់ឈ្នួល។ប្រការនេះបានបណ្ដាលឲ្យពួកគាត់រត់គេចមកកម្ពុជាវិញ ហើយការមកដល់របស់ពួកគាត់បានធ្វើឲ្យនគរបាលមានការភ្ញាក់ផ្អើល”។លោកបានបន្ថែមថា ពេលនោះអង្គការសុីសា បានជួយនគរបាលក្នុងការស្វែងរកជនសង្ស័យទាំងនេះ។
លោក ពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាតុលាការកំពុងតែស៊ើបអង្កេតរឿងនេះ។ “ ពួកគេ[ជនសង្ស័យ]ពាក់ព័ន្ធនឹងបទល្មើសពីរបីករណីគឺការជួញដូរកុមារ ការបំពានលើពលករ និងការជួញដូរមនុស្ស”។ ទោះជាយ៉ាងណា លោកបានមានប្រសាសន៍ថា “ យើងត្រូវការព័ត៌មានបន្ថែម និងត្រូវដឹងពីដំណើររឿងនេះទើបអាចចោទប្រកាន់ពួកគេបាន”។ លោក ឈិត សេង អធិការនគរបាលស្រុកសំពៅលូនបានបញ្ចាក់ពីការការចាប់ ខ្លួនជនទាំងនេះថា ស្ត្រីដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារគឺជាម្ដាយក្មេករបស់បុរសម្នាក់ក្នុងចំណោមបុរសទាំងបីនាក់នោះ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា