28.4 C
Phnom Penh

​​​អាជ្ញាធរ​បណ្ដេញ​សហគមន៍ប្រជានេសាទ​​​រស់​នៅ​លើ​ទូក​ ដើម្បីថែរក្សា​សោភ័ណភាព​​​​តាម​មាត់​​​ទន្លេ​​​ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​​​ពលរដ្ឋ​​​​​​នៅក្នុងសហគមន៍​​​នេសាទ​​​ខ្មែរឥស្លាមជាង​​​១០០​​​គ្រួសារ​​​ដែល​​​រស់​​​នៅ​​​លើ​​​ទូក​​​តាម​​​បណ្ដោយ​​​មាត់​​​ទន្លេ ក្នុង​​​សង្កាត់​​​ជ្រោយ​​​ចង្វា រាជធានី​​​ភ្នំពេញ ​​​ត្រូវ​​​​អាជ្ញាធរ​មូល​ដ្ឋាន​​បញ្ជា​ឲ្យចាកចេញ​ដោយ​លើកឡើង​ថា​ ទូក​នេសាទ​ទាំង​នោះ​​​​ធ្វើ​ឲ្យខូច​​​​​សោ​​​ភ័ណ​​​ភាព​​​​​មាត់​ទន្លេ​ និង​តំបន់​ជុំ​​​វិញ​​​សណ្ឋាគារ​​​ថ្មី​​​។​​​

លោក ចៅ ស៊ីដន ចៅ​​​សង្កាត់​​​ជ្រោយ​​​ចង្វា​​​មានប្រសាសន៍ថា “ យើង​​​បាន​​​ជូន​​​ដំណឹង​​​​ដល់​​​ពួកគាត់​រួច​​​​ហើយ ​​​[អំពី​​​ផែនការ​​​បណ្តេញ​ចេញ]​​​។ ​​​យើង​​​បាន​​​ប្រាប់​​​ពួកគាត់​​​អំពី​​​គោល​​​បំណងរួចហើយ គឺដើម្បី​​​​​សុវត្ថិភាព​​​របស់​សហគមន៍​​​ សោ​​​ភ័ណភាព​​​តាម​​​មាត់​​​ទន្លេ​​​ និង​​​តាមតំបន់​​​​​​អភិវឌ្ឍ​​ន៍​​​សំណង់​សណ្ឋាគារ​​​សុខា​”។​ លោក ស៊ីដន បាន​​​​​​មាន​​​ប្រសាសន៍បន្ត​ថា​គ្រួសារ​​​ខ្មែរអុីស្លាម ដែល​​​បាន​​​រស់​​​នៅ​និង​រក​ស៊ី​នៅ​​​​លើ​​​ទូក​​​នេសាទ​​​តូច​​​ៗ​​​របស់​​​ពួកគេ​​​​អាច​ត្រូវ​​​បណ្តេញ​​​​​ចេញ​​​ទៅ​​​កាន់​​​កន្លែង​​​ផ្សេង​​​ និង​​​មិន​​​មាន​​​សំណង​​​សម្រាប់​​​ការ​​​ផ្លាស់​​​ទី​​​កន្លែង​​របស់​ពួក​គេ​ទេ។​​​​​​

​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ នគរបាល និង​​​មន្ត្រី​​​អាជ្ញាធរ​​​ក្នុង​​​មូល​​​ដ្ឋាន​​​​​​បាន​​​ចុះ​​​ទៅ​​​ដល់​​​​តំបន់​នោះ ប៉ុន្តែ​ បាន​ត្រឡប់​ទៅ​វិញ​ ​ដោយ​មិន​បាន​ទៅដល់​កន្លែង​ទូក​ ឬ​ជួប​ជា​មួយ​​​ម្ចាស់​ទូក​ទាំង​​​នោះទេ​​​​ ដែល​​​ពួក​គេ​ភាគ​​​ច្រើន​​​ជា​​​អ្នក​​​កាន់​​​សាសនា​​​​​មូ​​​ស្លីម​​​។ ​​​​​​លោក ស៊ីដន មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀតថា កាល​ពី​ថ្ងៃ​សុក្រ​ ទូក​​​នេសាទ​​​ទាំង​​​នោះ​​​​មិន​​​ត្រូវបានបណ្ដេញ​​​ចេញ​​​ដោយ​​​បង្ខំ​​​បាន​ទេ ​ដោយ​សារ​តែលោក​​​​ចង់​​​រក្សាស្ថាន​ការណ៍​​ឲ្យ “ ស្ងប់​​​ស្ងាត់​​​” ក្នុង​​​អំឡុង​​​ពិ​​​ធី​​​បុណ្យ​​​រ៉ាម៉ាដាន ។

លោក ម៉ាត់ គ្រី​​​យ៉ា ជា​​​សមាជិក​​​រស់នៅ​ក្នុង​​​សហគមន៍​​​ខ្មែរអុីស្លាម ដែល​​​នឹង​ត្រូវបង្ខំ​ឲ្យ​​​​ចេញ​​​ពី​​​មាត់​​​ទន្លេ​​​ដែរ​​​នោះ​​​បាន​​​និយាយថា ​​មិន​មាន​ការ​ព្រ​មាន​ជា​មុន​ពីអាជ្ញាធរ​​​ឡើយ ​តែ​​​​​នគរ​​​បាល​​​ជើង​​​ទឹក​​​បាន​​​យក​​​ខ្សែពួរ​មកចង​ព័ទ្ធ​​​ជុំ​​​វិញ​​​ទូក​​​របស់​​​ពួកគាត់ ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ហើយ​​​បាន​​​សណ្ដោង​​​ចេញទៅ​​​ដាក់​​​នៅ​​​កណ្ដាល​​​ទន្លេ​​​មេគង្គ​​​ និង​​​ទន្លេសាប។

រលក​​​បោក​​​បក់​​​ដោយ​សារ​ការ​សណ្តោង​នោះ ​បាន​​​បណ្ដាល​​​ឲ្យ​​​ធ្លាក់​​​ក្មេង​​​តូច​​​ៗ​​​ពីរ​​​នាក់​​​ ប៉ុន្ដែ​​​ពួកគេ​​​មាន​​​សំណាង​​​ណាស់​​​ ដោយ​​​អាច​ជួយសង្គ្រោះ​​​ពួកគេ​​​បាន​​​។​​​ ​​​លោកបាន​​​មាន​​​ប្រសាសន៍ថា “ យើង​​​ពិត​​​ជាមាន​​​ការ​​​រន្ធត់​​​ចិត្ត​​​ណាស់​​​ដោយ​​​សារ​​​នគរ​​​បាល​​​មក​​​រុះ​​​រើ​ផ្ទះ​​​លើ​​​ទូក​​​របស់​​​យើង ដោយ​​​មិន​​​បាន​​​ប្រាប់​​​មួយ​​​មាត់​​​សោះ…។ ក្មេង​​តូចៗ​​​​​​​​​របស់​​​យើង​​​ស្ទើរ​​​តែ​​​លង់​​​ទឹក​​​ទាំង​​​អស់​​​គ្នា”។

​​​អ្នក​ស្រី​ មិត្ត ណាសៀត អាយុ​​​៣៩​​​ឆ្នាំ  បាន​​​និយាយថា អ្នក​ស្រី​ និង​​​អ្នករស់នៅក្នុង​​​សហគមន៍បណ្តែត​ទឹក​​​​ផ្សេង​​​ទៀត​​​មិន​​​អាច​​​ផ្លាស់​​​ចេញពី​​​តំបន់ជិត​មាត់​ទន្លេ​ជ្រោយ​​​ចង្វា​​​បាន​​​ទេ ដែល​​​បច្ចុប្បន្ន​នេះ​ជា​​​កន្លែង​​​កំពុង​​​តែចាក់​​​បេតុង​​​ធ្វើ​​​ច្រាំង​​​ទន្លេ​​ និង​​ជា​តំបន់​នៅ​​​​ជិត​​​សាលារៀន​​​សម្រាប់​​​កូន​​​ៗ​​​របស់​​​ពួក​គាត់​​​ហើយ​​​ពួកគាត់​​​​អាច​​​រក​​​ស៊ី​​​ចិញ្ចឹម​​​ជី​​​វិត​​​ដោយ​​​ការ​​​នេសាទ​​​នៅ​​​ទី​​​នោះបាន​។

អ្នក​ស្រី​​បាន​​​បន្ដ​​​ថា “ យើង​​​មិន​​​អាច​​​ចាក​​​ចេញ​​​ពី​​​តំបន់​​​នេសាទ​​​របស់​​​យើង​​​នៅ​​ទី​នេះ​បាន​​​ទេ។ យើង​​​សុំ​​​នៅ​​​ទី​​​នេះ ​​​ដើម្បី​​​បានរស់​​​តែ​​​ប៉ុណ្ណោះ។​​​ យើង​​​សប្បាយចិត្ត​​​រស់​​​នៅ​​​ទី​​​នេះ។ បើ​​​សិន​​​ជាពួក​​​គេ​​​នៅ​​​តែ​​​ចង់​​​បណ្ដេញ​​​ពួកយើង​​​ចេញ យើង​​​នៅ​​​តែ​​​ស្នើ​​​សុំពួកគេ​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​យើង​​​រស់​​​នៅ​​​ទី​​​នេះទៀត”៕​​​

    ប្រែ​​​សម្រួល​​​ដោយ ឃិន​​​ ណៃ​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស