តំណាងសហគមន៍មូលដ្ឋានមួយរូប បានមានប្រសាសន៍ថា កម្លាំងសន្តិសុខប្រដាប់អាវុធ រួមទាំងមន្ត្រីមួយចំនួនទៀតមកពីក្រុមហ៊ុន ភាពីមិុច(Pheapimex)បានបំផ្លាញផ្ទះអ្នកភូមិចំនួន១០គ្រួសារ ដោយ ប្រើរណារយន្តកាលពីថ្ងៃសុក្រនៅ ក្នុងស្រុក ក្រគរ ខេត្ត ពោធិ៍សាត់ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនវិនិយោគកសិឧស្សាហកម្មដ៏ធំមួយ ។
លោក សិទ្ធិ សារី មន្ត្រីបណ្តាញសហគមន៍ក្នុងឃុំត្នោត បានមានប្រសាសន៍ថា នគរបាលយោធា និងមន្ត្រីមួយចំនួនទៀតមកពីក្រុមហ៊ុន ភាពីមុិច បានមក ដល់កន្លែង ដីដែលមានជម្លោះ នៅម៉ោង៨ព្រឹក ហើយ បានបញ្ជាឲ្យអ្នកភូមិចំនួន៦៥គ្រួសារក្នុងតំបន់នោះ ចាកចេញពីលំនៅដ្ឋាន របស់ពួកគាត់ភ្លាមៗ។
លោក សារី លើកឡើងថា ប៉ុន្តែពេលដែលអ្នកភូមិមិនព្រមចាកចេញនោះស្រាប់តែកម្លាំងសន្តិសុខបានយករណារយន្ត មកកាត់ជើងសសរផ្ទះរបស់ពួកគាត់អស់១០ខ្នងតែម្តង។ ផ្ទះទាំងនោះ ត្រូវសាងសង់លើដីនេះ អស់រយៈពេលជាងមួយទសវត្សរ៍ មកហើយ។
លោក សារី បាន មានប្រសាសន៍ ថា “ ខ្ញុំយល់ថា នេះជាសកម្មភាពមួយដ៏សាហាវ ពីព្រោះ មានមន្ត្រីមកពីក្រុមហ៊ុនភាពីមុិច និង មន្ត្រី យោធាចំនួន ៨០នាក់ មានវត្តមាននៅទីនោះ ដោយពួកគេមួយចំនួនមានកាន់កាំភ្លើងអាកា ៤៧(AK 47 ) ក្នុង ដៃផងដែរ។
ក្រុមហ៊ុន ភាពីមិុច ដែលកាន់កាប់ដោយភរិយារបស់ឈ្មោះ ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ទទួលបានសិទ្ធិកាន់កាប់ដី សម្បទាន សេដ្ឋកិច្ចទំហំ ៣១៦.០០០ហិកតា សម្រាប់ដាំដំឡូង មី និង ដើមអាកាស្យា តំាងពីឆ្នាំ ១៩៩៧ នៅក្នុង ខេត្តពោធិ៍សាត់ ។
ប៉ុន្តែ ក្រុមហ៊ុននេះនៅតែចង់បានដីបន្ថែមទៀតនៅក្នុងតំបន់នេះ ហើយមានអ្នកភូមិរាប់រយនាក់បានធ្វើការតវ៉ាប្រឆាំងនឹងការបណ្តេញចេញនេះ។ លោក ឃុន សុខុម អាយុ៤៧ឆ្នាំ បាន និយាយថា គាត់បានរស់នៅលើដីនេះ តាំងពីឆ្នាំ ២០០០មកម៉្លេះ ហើយគាត់បានដាំបន្លែ និងផ្លែឈើ ជាច្រើនប្រភេទខុសៗគ្នា ។
គាត់បាននិយាយ កាលពីថ្ងៃសុក្រថា “ គេបានបំផ្លាញផ្ទះ និងបន្លែរបស់ខ្ញុំអស់ហើយ។ លោក លី ប៉ុន ប្រធានរដ្ឋបាលខេត្ត បានមានប្រសាសន៍ថា លោកមិនបានដឹងពីការប៉ុនប៉ងបំផ្លាញផ្ទះសម្បែងរបស់អ្នកភូមិនោះទេ ប៉ុន្តែ លោកបានគូសបញ្ជាក់ថា អ្នកភូមិមិនគួររស់នៅលើដីដោយគ្មានការអនុញ្ញាតត្រឹម
ត្រូវនោះទេ ។លោកបានលើកឡើងថា “ខ្ញុំគិតថា អ្នកភូមិទាំងនោះទើបតែមកដល់ថ្មីៗ ប្រសិនបើពួកគេរស់នៅក្នុងឃុំត្នោតមែននោះ ពួកគេគួរ តែដឹងច្បាស់ហើយថា តើនរណាជាអ្នកមានកម្មសិទ្ធិលើដីនេះ”។ ការបណ្តេញចេញ ដោយបង្ខំដែលអនុវត្តដោយនគរបាលប្រដាប់អាវុធ និងទាហានកំពុងមានការកើនឡើងនៅកម្ពុជា៕
ប្រែសម្រួល ដោយ ពេជ្រ សុភ័ក្ត្រ