ប្រជាពលរដ្ឋបានកាន់ធូបទៀនទៅកាន់ព្រះអង្គដងកើ ដែលស្ថិតនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ កាលពីចុងខែមុន ដើម្បីបួងសួងសុំឲ្យវត្ថុស័ក្តិសិទិ្ធជួយ ដោយសារតែពួកគាត់អស់ជំនឿលើប្រព័ន្ធតុលាការ។
នៅពេលដែលក្រុមអ្នកគាំទ្រលោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំ ដែលកំពុងជាប់ពន្ធនាគារ បានជួបជុំគ្នានៅកន្លែងសក្ការបូជានេះដើម្បីបួងសួងសុំឲ្យវត្ថុស័ក្តិសិទ្ធិជួយឲ្យគេដោះលែងលោកមកវិញ ដែលនេះ គឺជាការបួងសួងលើកទី២ហើយចាប់តាំងពីលោក ម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដាមក។
ដោយលែងមានជំនឿលើសមត្ថភាពរបស់តុលាការនៅក្នុងការដោះស្រាយបញ្ហារបស់ពួកគាត់ ប្រជាពលរដ្ឋជាច្រើនកំពុងតែបួងសួងសុំឲ្យវត្ថុស័ក្តិសិទិ្ធជួយវិញម្តង។ អ្នកស្រី ហេង មុំ តំណាងម្នាក់មកពីសហគមន៍បឹងកក់ក្នុងរាជធានីភ្នំពេញ បាននិយាយថា “ យើងមិនជឿលើអាជ្ញាធរ រដ្ឋាភិបាល ឬប្រព័ន្ធតុលាការទេ ពីព្រោះយើងមិនដែលទទួលបានដំណោះស្រាយល្អពីពួកគេឡើយ។ដូច្នេះហើយទើបបានជាយើងចាប់ផ្តើមបួងសួងសុំឲ្យវត្ថុស័ក្តិសិទិ្ធជួយយើងវិញម្តង”។ ក្នុងរយ:ពេលជាច្រើនឆ្នាំមកនេះ អ្នកភូមិបឹងកក់ បាននិងកំពុងតស៊ូប្រឆាំងក្នុងតុលាការ និងនៅតាមផ្លូវនានា តទល់នឹងរដ្ឋាភិបាលនិងក្រុមហ៊ុន ស៊ូកាគូអីុន ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី។
ប្រាំឆ្នាំបន្ទាប់ពីរដ្ឋាភិបាលបានប្រគល់កិច្ចសន្យាជួលឲ្យទៅក្រុមហ៊ុន ស៊ូកាគូអីុន ដើម្បីអភិវឌ្ឍនៅតំបន់បឹងកក់ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារត្រូវបានបណ្តេញចេញ និងជាច្រើនគ្រួសារទៀតកំពុងជាប់ក្នុងជម្លោះនៅឡើយ។ ការសន្យាមួយកាលពីឆ្នាំមុនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា នឹងលៃដីទំហំ១២,៤៤ហិកតាទុកដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលនៅសេសសល់ទាំងប៉ុន្មាននៅតំបន់បឹងកក់នោះ ពេលនេះធ្វើឲ្យប្រជាពលរដ្ឋជិត១០០គ្រួសារនៅតែគ្មានដីធ្លីដដែល។
ហើយប្រហែលជាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ដែលពេលនេះពួកគាត់បានអំពាវនាវទៅអាជ្ញាធរដែលមានឋាន:ខ្ពស់ជាងរដ្ឋាភិបាលទៅទៀតនោះ អំឡុងពេលជួបជុំគ្នានៅកន្លែងលោកយាយពេញនិងព្រះអង្គដងកើក្នុងរាជធានីភ្នំពេញ នោះគឺការបួងសួងសុំឲ្យវត្ថុស័ក្តិសិទិ្ធជួយ។ អ្នកស្រី ហេង មុំ បាននិយាយថា “ យើងបួងសួងសុំឲ្យវត្ថុស័ក្តិសិទិ្ធជួយយើង ដាស់តឿនអាជ្ញាធរនិងរដ្ឋាភិបាលថា ពួកគេមិនគួរធ្វើបាបលើប្រជាពលរដ្ឋរបស់ខ្លួន និងមិនគួរគាបសង្កត់ឬកេងចំណេញពីពួកគេឡើយ”។
ចំនួនអ្នកភូមិក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ចម្ងាយរាប់រយគីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលបាននាំគ្នាបួងសួងទាំងក្រុមៗ ក៏មានចំនួនកើនឡើងដែរ។ការកាប់ឈើខុសច្បាប់បានរីករាលដាលយ៉ាងខ្លាំងក្នុងព្រៃឡង់ ហើយការអំពាវនាវជាញឹកញាប់ទៅរដ្ឋាភិបាលមិនទទួលបានលទ្ធផលផ្លែផ្កាទេ។
លោក ហឿន សុភាព តំណាងសហគមន៍ព្រៃឡង់ បានលើកឡើងថា “ អាជ្ញាធរមិនបានចាត់វិធានការបង្ក្រាបសកម្មភាពកាប់ឈើដែលបណ្តាលឲ្យព្រៃរបស់យើងវិនាសបាត់បង់ពីមួយថ្ងៃទៅមួយថ្ងៃនោះឡើយ។ហេតុដូច្នេះហើយ បានជាយើងងាកមកជឿលើអបិយជំនឿវិញម្តង”។លោកប៉ាន់ប្រមាណថា ពេលនេះអ្នកភូមិជាង២០០នាក់ចូលរួមក្នុងពិធីបួងសួងនាពេលបច្ចុប្បន្ន ដែលធ្វើឡើងកាន់តែញឹកញាប់ជាងមុន។ លោកបន្តថា “ យើងតែងតែបួងសួងសុំឲ្យម្ចាស់ទឹកម្ចាស់ដីជួយ ពីព្រោះយើងកាន់តែអស់សង្ឃឹមលើអាជ្ញាធរ និងរដ្ឋាភិបាលហើយ”។
ប្រជាពលរដ្ឋក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានតស៊ូប្រឆាំងនឹងក្រុមហ៊ុនភាពីម៉ិច ដ៏មានឥទ្ធិពលនិងមានខ្នងក្រាស់ ចាប់តាំងពីឆ្នាំ១៩៩៧មកម្លេ៉ះ នៅពេលក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចមួយកន្លែងទំហំ៣១៦.០០០ហិកតាពីរដ្ឋាភិបាល។អាជ្ញាធរប្រដាប់អាវុធបានបំបែកការតវ៉ារបស់ពួកគាត់ជុំវិញការបាត់បង់ដីធ្លី ខណៈដែលមន្ត្រីថ្នាក់ឃុំនិយាយថា ពួកគេគ្មានសមត្ថភាពជួយ។ ពេលនេះ អ្នកភូមិក្នុងស្រុកក្រគរ បានបួងសួងសុំឲ្យវត្ថុស័ក្តិសិទិ្ធដាក់បណ្តាសាក្រុមហ៊ុនភាពីម៉ិច។
លោក គុច វ៉េង តំណាងសហគមន៍ក្នុងស្រុកក្រគរ បាននិយាយថា “ អស់រយ:ពេលជាយូរមកហើយ ដែលយើងស្នើសុំឲ្យអាជ្ញាធរនិងរដ្ឋាភិបាលជួយដោះស្រាយករណីនេះសម្រាប់ពួកយើង ប៉ុន្តែ អាជ្ញាធរនិងរដ្ឋាភិបាលមិនបានជួយដោះស្រាយទេ។ដូច្នេះហើយបានជាអ្នកភូមិទាំងនោះនាំគ្នាបួងសួងសុំឲ្យវត្ថុស័ក្តិសិទ្ធិក្នុងលោកនិងម្ចាស់ទឹកម្ចាស់ដីជួយដាស់តឿនអាជ្ញាធរ រដ្ឋាភិបាលនិងក្រុមហ៊ុនដោះស្រាយករណីនេះ”។
លោក ជុំ ង៉ាន តំណាងសហគន៍បុរីកីឡា ក្នុងរាជធានីភ្នំពេញ បន្ទរតាមថា “ ពេលនេះយើងលែងមានជំនឿលើរដ្ឋាភិបាលហើយ។យើងបានមើលឃើញថា រដ្ឋាភិបាលនិងក្រុមហ៊ុននៅស្ងាត់ស្ងៀមនៅឡើយ។ដូច្នេះបានជាយើងងាកទៅជឿលើអបិយជំនឿវិញម្តង”។
ជាការពិតណាស់ ការងាកទៅពឹងពាក់សាសនា ពេលដែលអ្នកត្រូវការជំនួយនោះ មិនមែនជារឿងថ្មីទេ។ប៉ុន្តែ ការកើនឡើងនូវពិធីបួងសួងនិងការសម្បូងសង្រូងដាក់បណ្តាសាបែបនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវភាពអស់សង្ឃឹមកាន់តែខ្លាំងឡើងៗរបស់ប្រជាពលរដ្ឋកម្ពុជា។
ព្រះញាណវង្ស ឃឹម សន ព្រះបាឡាត់គណរាជធានីភ្នំពេញ នៃគណៈមហានិកាយ មានថេរដីកាថា “ នៅពេលមនុស្សមិនទទួលបានអ្វីដែលខ្លួនចង់បាន ឬនៅពេលដែលពួកគេចង់ឲ្យសម្រេចជោគជ័យក្នុងកិច្ចការរបស់ខ្លួននោះ ពួកគេតែងតែបួងសួងទៅដល់វត្ថុស័ក្តិសិទ្ធ។នៅពេលពួកគេលែងមានជំនឿលើអ្វីមួយហើយនោះ ពួកគាត់នឹងទៅស្វែងរកជំនួយពីអ្នកផ្សេងទៀត”។
លោក អង្គ ជូលីន (Ang Choulean)នរវិទូមួយរូបដែលបានចំណាយពេលរាប់ទសវត្សរ៍សិក្សាអំពីពិធីសាសនានានាក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ នេះគឺជារឿងធម្មតាទេ។វាធម្មតាទេដែលពួកគេមានការពឹងពាក់សាសនានោះ”។