41.3 C
Phnom Penh

សាក្សី​​បដិសេធ​ការ​អះ​អាង​​របស់​​ ខ្លួន​​ពាក់​ព័ន្ធ​ករណី​លោក​ ហោ ណាំហុង នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាក្សី​ម្នាក់​ដែល​បាន​ផ្ដល់​សក្ខី​កម្ម​ នៅ​ឯ​សាលាក្ដី​ខ្មែរ​ក្រហម​ កាល​ពី​ខែ​មុន​​ថាលោក​​ ហោ​ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​​បរទេសទទួល​បន្ទុក​​នៅ​​មណ្ឌល​កែ​ប្រែ​មួយ​​ក្នុងសម័យ​ខ្មែរ​ក្រហម​នោះ​ បាន​ច្រាន​ចោល​ការ​អះ​អាង​របស់​ខ្លួន​ក្នុង​​សេចក្តី​រាយការណ៍​តាម​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ក្នុង​ស្រុក​ កាល​ពី​សប្ដាហ៍​​មុន​។

លោករចឺមតុន ​ហៅភីភួនបាន​ប្រាប់​គេហទំព័រ​ជា​ភាសាខ្មែរ​ ខេមបូឌាអុិច​ប្រេសញូស (Cambodia Express News) ហៅកាត់​ថា​ CEN កាល​ពី​ថ្ងៃ​ទី​៦ខែ​សីហាថា ​លោក​បាន​ចោទ​​លោក​ ហោណាំហុង​ ​​ដោយ​មិន​ត្រឹម​ត្រូវ ដោយសារ​“​សហមេធាវី​បរទេសរបស់​ចុង​ចោទ​​បាន​សួរ​សំណួរគាត់​ដដែល​ៗ”។

កាល​ពី​ម្សិល​មិញលោកភួន ​អះ​អាង​ថាលោក​មិន​គាំទ្រ​ភស្តុតាង​របស់​លោក​​ទេ​ ដោយ​លោក​បញ្ជាក់​ថា លោក​មិន​ដែល​បាន​និយាយ​ថា លោកហោណាំហុងជា​អ្នក​ទទួល​​ខុស​ត្រូវ​ នៅ​មណ្ឌល​កែ​ប្រែ​បឹង​ត្របែក​​ ជា​កន្លែង​ឃុំ​ខ្លួន​អ្នក​ការទូត​ និង​បញ្ញវន្ដ ដែល​បាន​ត្រឡប់​មក​ចូល​រួម​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ​វិញ​នោះទេ​។

លោក​បាន​និយាយ​ថា“ ខ្ញុំ​មិន​បាន​និយាយ​ដូច្នេះ​ទេ​។ ខ្ញុំ​ក៏​មិន​បាន​និយាយ​ពាក្យពន្ធ​នា​គារ​ដែរ​។ ខ្ញុំ​ត្រូវ​បាន​សួរ​សំណួរ​ដដែល​ៗ​ ម្ដង​​ហើយ​ម្ដងទៀត​ជា​ច្រើន​ម៉ោង។ ខ្ញុំ​មិនស្រួល​​ខ្លួន​ទេ​ ហើយ​ខ្ញុំ​មាន​កា​ភាន់​ច្រឡំ​ចំពោះ​សំណួរ​​​ទាំង​នោះ​”។ លោកភួនបាន​បន្ដ​ថាខ្ញុំ​បាន​និយាយ​ថានៅ​ចុង​ឆ្នាំ​១៩៧៨ខ្ញុំ​ និង​បង​ អៀងសារីបានទៅ​ទទួល​បង ហោ ណាំហុង នៅ​មណ្ឌល​បឹង​ត្របែក​ ដើម្បី​ឲ្យ​គាត់​មក​ធ្វើការ​នៅក្រសួង​ការបរទេស”។ នៅ​មុន និង​ក្រោយ​​ឆ្នាំ​១៩៧៨​ និង​ក្រោយ​មក​​ មិន​ដឹង​ថា គាត់​ធ្វើ​អ្វី​នោះ​ទេ​។

លោក ភួន ដែល​ជា​អតីត​អភិបាល​រង​ស្រុក​​ម៉ាឡៃ​ ជា​តំបន់​ដែល​​លោក​ អៀង​ សារី គ្រប់​គ្រង​យ៉ាង​យូរនោះ បាន​និយាយ​ថា​ បើ​សិន​ជា​ស្នើ​ឲ្យ​លោកឆ្លើយ​បញ្ជាក់​ពី​ការ​អះ​អាង​របស់​លោក​​នោះ លោក​មិន​ព្រម​ត្រឡប់​ទៅ​សាលាក្ដី​ខ្មែរ​ក្រហម​វិញ​ទេ លុះ​ត្រា​តែ​​រដ្ឋា​ភិបាល​ចង់​ឲ្យ​លោក​ទៅ​​។ លោក​បាន​និយាយ​ថា “ ​ខ្ញុំ​មិន​ចង់​ទៅ​ទេ​ ពី​ព្រោះ​ខ្ញុំ​មិន​ស្រួល​ខ្លួន។ ខ្ញុំ​មាន​ជំងឺ​រាក​​រូស​ និង​ក្អួត​ចង្អោរ។ ខ្ញុំ​មិន​ចង់​ទៅ​ទេ​ ប៉ុន្ដែ បើសិន​ជា​រដ្ឋាភិបាល​ត្រូវ​ការ​ខ្ញុំ​ ខ្ញុំ​អាច​ទៅ​”។

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា នៅពេល​​មាន​ការ​ចោទ​សួរ​ពី​លោក​ អេនឌ្រូ អុីយ៉ានូស៊ី (An-drewIanuzzi) មេធាវី​របស់​ នួន​ ជា នោះ លោកភួន ​និយាយ​ថា“ ​នៅ​ពេល​ក្រសួង​ការ​បរទេស​​ទៅ​ទទួល​លោក ហោ ណាំហុង នៅ​បឹង​ត្របែក​ពេល​នោះ​គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ​”។

បន្ទាប់​ពី​មាន​ការ​ចេញ​ផ្សាយ​សេចក្តីរាយ​ការណ៍​អំពី​​សក្ខីកម្ម​​​នេះ​​ លោក ហោ ណាំហុង​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ទាំង​កំហឹង​មួយ ​​រិះគន់​​មេធាវី​នៅ​​តុលាការ​ខ្មែរ​ក្រហមថា “ កកូរកកាយ​រឿង​ដ៏​ចម្រូង​ចម្រាសអំពី​​​មន្ត្រី​សាធារណៈ​”។

លោក​ ហោ ណាំហុង បាន​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោកមិន​បាន​ពាក់​ព័ន្ធ​ ក្នុងរឿង​នោះ​ទេ​ លោក​គ្រាន់​តែ​ជា​អ្នក​ទោស ​ធម្មតា​ប៉ុណ្ណោះ នៅ​មណ្ឌល​កែ​ប្រែ​បឹង​ត្របែក។ ទោះ​ជា​យ៉ាង​ណា​ មាន​ការ​លេចឮជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា ​​លោក ហោ ណាំហុង គឺជា​ប្រធាន​គណៈកម្មាធិ​ការ​​អ្នក​ទោស ​​ដែល​

មាន​អំណាច​ធំ​នៅ​បឹង​ត្របែក​។ លោក ហោ ណាំហុង ​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ការ​អះ​អាង​នេះ​ ដោយ​​បាន​ប្ដឹង​មេដឹក​នាំ​គណបក្ស​​ប្រឆាំង​ គឺ​លោក សម រង្ស៊ី និងព្រះ​មហា​ក្សត្រចូល​និវត្តន៍ នរោត្ដម សីហនុ និង​អ្នក​កាសែត​ក្នុង​ស្រុក​ជា​ច្រើន​នាក់​ទៀត ​​ចំពោះ​ការ​អះ​អាង​ម្ដង​ហើយ​ម្ដង​ទៀត​ពីករណី​នេះ។ប៉ុន្ដែ លោក ភួន បាន​និយាយ​ថា លោក​មិន​ស្ថិត​ក្រោម​ការ​គំរាម​​កំហែង​ណាមួយ​នោះ​ទេ​ ក្នុង​ការ​ច្រាន​ចោល​ការ​អះអាង​របស់​​ លោក​នេះ​។ មិន​មាន​នរណា​ម្នាក់​គាប​សង្កត់​​ខ្ញុំ​ទេ​។ មិន​មាន​នរណា​ម្នាក់​គំរាម​​កំហែង​ខ្ញុំ​ទេ និង​មិនមាន​នរណា​ម្នាក់​ទូរស័ព្ទ​ស្នើ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ចម្លើយ​ឡើយ​៕

ប្រែសម្រួល​ដោយ ឃិន ណៃ

​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស