31 C
Phnom Penh

ព្រះ​អង្គ​ម្ចាស់ នរោត្ដ​ម រណឫទ្ធិ​ លាលែង​ពី​គណបក្ស​ នរោត្ដម រណឫទ្ធិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​អង្គ​ម្ចាស់​ នរោត្ដមរណឫទ្ធិនិងសមា​ជិក​សំខាន់​ៗ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​គណបក្ស​របស់​ព្រះអង្គ​ បាន​លាលែង​ពីតំណែង​កាល​ពី​ថ្ងៃ​សុក្រនិង​ថ្ងៃ​សៅរ៍​ បន្ទាប់​ពីលោក​ សៅរ៉ានី អគ្គលេខា​ធិការ​បក្ស​របស់​គណបក្ស​ នរោត្ដមរណឫទ្ធិបាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ស្ដី​អំពី​ការ​ក្លែង​បន្លំ​ឯកសារ។

ប្រភព​ស្និទ្ធ​នឹង​ព្រះ​អង្គ​បាន​លើក​ឡើង​ថាការ​លាលែង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ​ជាថ្នូរ​​នឹង​ការ​សន្យា​ដក​ពាក្យ​បណ្ដឹង​របស់​លោកសៅ​ រ៉ានីដែល​បាន​ប្តឹង​​លោក​ ណូរ៉ាណ​ឫទ្ធិអាណាន់ដាយ៉ាត ប្រធាន​​ខុទ្ទការល័យ​របស់​​គណបក្ស​ នរោត្ដមរណឫទ្ធិ។

កាល​ពី​ថ្ងៃ​សុក្រ​ ព្រះ​អង្គម្ចាស់​ នរោត្ដមរណឫទ្ធិ បាន​​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស នរោត្ដម រណឫទ្ធិ ដោយ​ព្រះ​អង្គ​ម្ចាស់​​លើក​ឡើង​ថា ព្រះ​អង្គម្ចាស់​​លែង​ពាក់​ព័ន្ធ​ជា​មួយ​រឿង​នយោបាយ​ទៀត​ហើយ​។ ព្រះ​អង្គម្ចាស់​បាន​ឡាយ​​លិខិត​បើក​ចំហ​មួយ​ថា“ ចាប់​ពី​ពេល​នេះតទៅ​ ខ្ញុំ​លាលែង​ពី​នយោបាយ​ហើយ ហើយ​ខ្ញុំ​លែង​ទទួលខុស​ត្រូវ​រាល់​ការងារ​ និង​ការ​សម្រេច​ចិត្ត​ណាមួយរបស់​គណបក្ស នរោត្ដម រណឫទ្ធិ ទៀត​ហើយ​។ ខ្ញុំ​ចាប់​ផ្ដើម​​​ធ្វើ​ការ​ងារ​មនុស្ស​ធម៌ និង​ការ​ងារ​សង្គម​ ព្រម​ទាំង​ចូល​រួម​ចំណែកអភិវឌ្ឍ​ប្រទេស​ជាតិ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​មហាក្សត្រ​ សីហមុនី”។

លោក ឈឹម សៀកឡេង ប្រធាន​ស្ដី​ទី​គណបក្ស​ នរោត្ដម រណឫទ្ធិ និងលោក ប៉ែនសង្ហារ អ្នក​នាំ​ពាក្យ​គណបក្ស នរោត្ដមរណឫទ្ធិបាន​​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ស្ដី​ពី​ការ​លា​លែង​ស្រដៀង​គ្នា​នេះ​​មួយ​​ថ្ងៃ​ក្រោយ​មក​​។

សមាជិក​គណបក្ស​មួយ​ចំនួន​ដែល​លាលែង​​ពី​តំណែង បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ អំពី​​ស្ថាន​ភាព​មិន​សូវ​ល្អ​ កាល​ពី​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ថា មាន​មន្ត្រី​មួយ​ចំនួន​បាន​ព្យាយាម​បណ្ដេញ​ព្រះ​អង្គម្ចាស់​ នរោត្ដម រណឫទ្ធិចេញ​ពី​គណបក្ស​ បន្ទាប់​ពី​មាន​សេចក្ដី​ប្រកាស​កាល​ពី​ខែ​ឧសភា អំពី​ការ​រួម​បញ្ចូល​គ្នារវាង​គណបក្ស​ នរោត្ដម រណឫទ្ធិ និង​គណបក្ស​ ហ៊្វុនស៊ិនប៉ិច។

បញ្ហា​នេះ​មាន​ស្ថាន​ភាព​​ធ្ងន់​ឡើងៗ កាល​ពី​​ចុង​ខែ​កក​្កដា ដែល​នៅ​ពេល​នោះ គណបក្ស​​​នេះ​ព្យាយាម​បណ្ដេញ​លោក សៅ​ រ៉ានី និង​សមាជិក​​ប្រាំ​នាក់​ផ្សេងទៀត ដោយ​​លើក​ឡើង​ថាពួក​គេ​បាន​រំលោភ​លក្ខន្ដិកៈ របស់​គណបក្ស​ នរោត្ដម រណឫទ្ធិ។ ជា​ការ​ឆ្លើយ​តប ​លោកសៅរ៉ានីបាន​ចោទ​ប្រកាន់​គណបក្ស​ នរោត្ដម

រណឫទ្ធិ ថា បាន​ក្លែង​បន្លំ​ឯកសារ​មួយ​ចំនួន​ ហើយ​លោក​បាន​ទទួល​ដី​កា​បង្គាប់​​បណ្ដោះ​​អាសន្ន​មួយ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​អនុញ្ញាត​ឲ្យ​បុគ្គល​ទាំង​ប្រាំមួយ​រូប​នេះ​រក្សា​តំណែង​នៅ​ក្នុង​គណបក្ស​ដដែល​។

លោក ប៉ែន​ សង្ហារ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា “ ខ្ញុំ​គឺ​ជា​សមាជិក​ដ៏​ស្មោះ​ត្រង់​មួយ​រូប​ចំពោះ​ព្រះ​អង្គ។ ខ្ញុំ​គិត​ថា​​សមា​​ជិក​​មួយ​ក្រុម​ដែល​​​ចង់​រួម​បញ្ចូល​គ្នា​នៃ​ក្រុម​​រាជា​​និយម​ពិត​​ប្រាកដ​មួយ​​ក្រុម​មក​ពី​​​គណបក្សហ៊្វុន​ស៊ិន​ប៉ិចនិង​គណបក្ស​ នរោត្ដមរណឫទ្ធិ នោះ គឺ​​​គ្មាន​ន័យ​អ្វី​ទេ ​ប្រសិន​បើ​គ្មាន​ព្រះ​អង្គម្ចាស់​ នរោត្ដមរណឫទ្ធិ​ នោះ។ហេតុ​ដូច្នេះ​ហើយ​ ខ្ញុំ​មិន​ចង់​ចូល​រួម​នៅ​ក្នុង​ក្រុម​នេះ​ទេ​ អ៊ីចឹង​ហើយ​ខ្ញុំ​ត្រូវ​តែ​ចាក​ចេញ​ពី​គណបក្ស​ នរោត្ដម រណឫទ្ធិ។ ខ្ញុំ​មិន​គាំ​ទ្រ​គណបក្ស​ដែល​គ្មាន​ព្រះ​អង្គម្ចាស់ នរោត្ដមរណឫទ្ធិ ឡើយ​”។ លោក​បាន​បន្ថែមថា ទំនង​ជា​មាន​ការ​លាលែង​​ជា​ច្រើន​ទៀត​​នៅ​​សប្ដាហ៍​នេះ បន្ទាប់​ពី​សមាជិក​នៅ​ថ្នាក់​មូល​ដ្ឋាន​បានដឹង​អំពី​​ការ​​ចាក​ចេញ​របស់​ព្រះ​អង្គម្ចាស់​ នរោត្ដមរណឫទ្ធិ។

យោង​តាម​ទី​ប្រឹក្សា​មួយ​រូប​របស់​ព្រះអង្គ​ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនា​មិក​ ដោយ​សារ​តែ​ករណី​នេះ​ជា​ករណី​រសើប​​នោះមាន​ភស្ដុតាង​ជា​ច្រើន​ទំព័រ​ ត្រូវ​បាន​ផ្ដល់​​ ដើម្បី​ឆ្លើយ​​តប​ទៅ​នឹង​ការ​អះអាងអំពី​​ការ​ក្លែង​បន្លំ​នេះ​ ប៉ុន្ដែ តុលាការ​បាន​បដិសេធ​មិនដក​ដី​​កា​​បង្គាប់​ប្រឆាំង​នឹង​ការ​ដក​មន្ត្រី​​ទាំង​​នោះ​ទេ​។

ទី​ប្រឹក្សា​រូប​នេះ​​លើក​ឡើង​ថា“ បន្ទាប់​ពី​តុលាការ​បន្ដ​​រក្សាដី​​កា​បង្គាប់​របស់​ខ្លួន​ព្រះ​អង្គដឹង​ថា រឿង​ក្តី​​បន្ទាប់​គឺ​​ជា​​រឿង​ក្តី​​ព្រហ្មទណ្ឌ​ ហើយ​ប្រសិន​បើ​ព្រះ​អង្គ​ម្ចាស់​​នៅ​តែ​តទល់​​ ទោះ​បី​ជា​​មាន​ភស្ដុតាង​រឹង​មាំ​យ៉ាងណា​ក៏ដោយក៏​ព្រះ​អង្គ​ដឹង​ថាព្រះ​អង្គ​មិន​ឈ្នះ​ដែរ”។ ទី​ប្រឹក្សា​រូប​នេះ​បាន​បន្ដ​ថា “ ​ហេតុ​ដូច្នេះ​ហើយ​ទើប​ព្រះ​អង្គ​ព្យាយាម​បញ្ចប់​បញ្ហា​នេះ​ ដោយ​សន្ដិ​វិធី​ ដោយ​គ្មាន​នរណា​ឈឺ​ចាប់​ ហើយ​ក៏​គ្មាន​នរណា​ចូល​ពន្ធ​នាគារ​ដែរ ព្រះ​អង្គ​សុខ​ចិត្ត​បោះ​បង់​ចោល​អាជីព​នយោ​បាយ​​របស់​ព្រះ​អង្គ​ ជាថ្នូរ​នឹង​ការ​ដក​ពាក្យ​បណ្ដឹង​”។

លោក សៅ​ រ៉ានី បាន​អះអាង​ថា លោក​នឹង​ដក​ពាក្យ​បណ្ដឹង​ បន្ទាប់​ពី​ព្រះអង្គ​លា​លែង​​ពី​តំណែង​។ លោក សៅ​ រ៉ានី បានថ្លែង​ថា “​ ខ្ញុំ​នឹង​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​នៅ​រសៀល​ថ្ងៃ​ស្អែក​ ពី​ព្រោះ​ព្រះ​អង្គ​ម្ចាស់​បាន​លាលែង​តំណែង​ជា​ប្រធាន​គណបក្ស​ ហេតុ​ដូច្នេះ​ហើយ​ ខ្ញុំ​គ្មាន​អ្វីត្រូវ​ប្ដឹង​ទៀត​ទេ”។ ដោយ​បដិសេធ​ទៅ​នឹង​ការ​អះអាង​ផ្ទុយ​ពី​នេះ​ លោកសៅ​ រ៉ានីបាន​បញ្ជាក់​​ថាលោក​មិន​​មាន​បំណង​ធ្វើ​ឲ្យ​ព្រះ​អង្គ​​​ចាក​​ចេញ​ពី​នយោបាយ​នោះ​ទេ ដោយ​លើក​ឡើង​ថា​ គោល​បំណង​តែ​មួយ​គត់​របស់​លោក​នោះ ​គឺ​ ចង់​ជួយ​ឲ្យ​មាន​ការ​រួម​បញ្ចូល​គ្នា​ដោយ​រលូន​រវាង​គណបក្ស​ នរោត្ដម រណឫទ្ធិ និង​គណបក្សហ៊្វុនស៊ិនប៉ិច។

លោក​​បន្ដ​​ថា “ ខ្ញុំ​មិន​បាន​ឃុប​ឃិត​ជា​មួយគណបក្ស​ ហ៊្វុន​ស៊ិនប៉ិច ក្នុង​ការ​បណ្ដេញ​ព្រះ​អង្គ​ចេញ​ពី​គណបក្ស​នោះ​ទេ​ អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​គឺ​គ្រាន់​តែ​ធ្វើ​តាម​ព្រះ​អង្គ​ប៉ុណ្ណោះ​ ប៉ុន្ដែ យើង​ត្រូវ​តែ​ស្វែង​រក​មធ្យោបាយ​មួយ​ ដើម្បី​ពន្លឿន​ការ​រួម​បញ្ចូល​គ្នា​ ជាមួយ​នឹង​គណបក្ស​ ហ៊្វុន​ស៊ិន​ប៉ិច​ បើ​ពុំ​ដូច្នេះ​ទេយើង​នឹង​ស្លាប់​”៕

(រាយការណ៍​បន្ថែម​ដោយឡោច័ន្ទតារានិង​ គឹមចាន់​)

ប្រែ​សម្រួល​ដោយស៊ាស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស