រយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានលើកឡើងជាសាធារណៈថាលោកនិងតំណាងរាស្ដ្រគណបក្ស សមរង្ស៊ីគឺលោកសុនឆ័យធ្លាប់ជិតស្្និទ្ធជាមួយគ្នានោះ កាលពីថ្ងៃព្រហស្បតិ៍ ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញផ្សាយនូវអ្វីដែលខ្លួនបានអះអាងថា ជាសម្រង់ខ្សែអាត់ ដ៏វែងមួយស្ដីអំពីការសន្ទនាគ្នារវាងលោក ហ៊ុនសែននិងលោកសុនឆ័យកាលពី១៥ឆ្នាំមុន។
នៅក្នុងសម្រង់ខ្សែអាត់កម្រាស២៨ទំព័រកត់ត្រាពីខ្សែអាត់អំពីការសន្ទនាគ្នាកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៩៧បានបង្ហាញនូវការពិភាក្សាគ្នារវាងលោក ហ៊ុនសែននិងលោកសុនឆ័យអំពីយុទ្ធសាស្ដ្រនយោបាយរបស់គណបក្សហ្វុ៊នស៊ិនប៉ិច និងគណបក្ស សមរង្ស៊ីព្រមទាំងប្រធានបទផ្សេងៗទៀត។លោកសុនឆ័យបានផ្ដល់យោបល់ដល់គណបក្សកាន់អំណាច។
លោកសុនឆ័យ បានលើកឡើងនៅក្នុងសម្រង់ខ្សែអាត់នោះថា “ សម្រាប់គណបក្សប្រជាជននៅពេលអនាគត ខ្ញុំសូមស្នើឲ្យបង្កើតរដ្ឋាភិបាលកណ្តាលមួយ”។ នៅពេលថ្លែងសុន្ទរកថាយ៉ាងយូរ ក្នុងរដ្ឋសភា កាលពីថ្ងៃព្រហស្បតិ៍លោក ហ៊ុនសែនបានថ្លែងរិះគន់ម្ដងហើយម្ដងទៀតចំពោះសមាជិកសភាជាន់ខ្ពស់របស់គណបក្ស សមរង្ស៊ីរូបនេះ ដោយហៅលោកសុនឆ័យ “ ប្អូនប្រុស”ហើយលោកហ៊ុនសែនបានលើកឡើងពីការអះអាងរបស់លោកម្ដងហើយម្ដងទៀតថាលោកសុនឆ័យធ្លាប់ធ្វើជាចារកម្មឲ្យលោកជាថ្នូរនឹងប្រាក់១មុឺនដុល្លារ។
តំណាងរាស្ដ្ររូបនេះ បានឆ្លើយតបនឹងការចោទប្រកាន់នេះម្ដងហើយម្ដងទៀតថាប្រាក់នេះគឺជាការផ្ដល់ឲ្យតំណាងរាស្ដ្រគ្រប់រូប បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធក្នុងឆ្នាំនោះ ដែលពេលនោះ គេបានឃើញកងទ័ពស្មោះស្ម័គ្រនឹងលោកហ៊ុនសែនបានបណ្ដេញព្រះអង្គម្ចាស់ នរោត្តមរណឫទ្ធិចេញពីតំណែងជានាយករដ្ឋមន្ត្រីទី១។
លោកសុនឆ័យមិនអាចទាក់ទងដើម្បីសុំការពន្យល់បានទេ។កាលពីម្សិលមិញមន្ត្រីជាច្រើនរូបនៅទីស្ដីការគណៈរដ្ឋមន្ត្រីបដិសេធមិនព្រមនិយាយពីបញ្ហានេះទេ ដោយលើកឡើងថា កំពុងជាប់រវល់ ហើយបិទទូរស័ព្ទ ឬក៏និយាយថា ខ្លួនមិនអាចឆ្លើយសំណួរពីមូលហេតុចេញផ្សាយសម្រង់ខ្សែអាត់នេះបានទេនៅពេលនេះ។
លោកផៃស៊ីផានអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា “ ខ្ញុំគិតថា [វាទំនងជាត្រូវផ្សាយឲ្យដឹង] ដើម្បីបង្ហាញថា ពិតជាមានទំនាក់ទំនងល្អរវាងលោក សុន ឆ័យ និងនាយករដ្ឋមន្ត្រី…នាយករដ្ឋមន្ត្រីចង់បង្ហាញដល់សាធារណជនឲ្យបានដឹងថា តាមពិតពួកគាត់មិនមែនជាអ្នកប្រឆាំងនឹងគ្នាទេ”។
លោកបានមានប្រសាសន៍សំដៅដល់សំណួរជាច្រើនទៀតដែលបានសួរលោក កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ដែលបានបដិសេធមិនព្រមផ្ដល់ការអធិប្បាយថា“ ក៏ប៉ុន្ដែ ទាក់ទងទៅនឹងរឿងផ្សេងទៀត ខ្ញុំមិនអាចនិយាយបានទេ”។
លោកយឹមសុវណ្ណអ្នកនាំពាក្យគណបក្ស សមរង្ស៊ី មានប្រសាសន៍ថាការចេញផ្សាយសម្រង់ខ្សែអាត់នេះគឺជាកលល្បិចចាស់ ដែលគណបក្សកាន់អំណាចធ្លាប់បានប្រើកាលពីពេលមុន ដើម្បីធ្វើឲ្យមានការបែកបាក់គ្នានៅក្នុងគណបក្សប្រឆាំង។
លោកបញ្ជាក់ដូច្នេះថា “ ខ្ញុំគិតថា មនុស្សគ្រប់គ្នាបានដឹងថានេះគឺជាល្បិចកលចាស់។ យើងគ្មានការព្រួយបារម្ភនោះទេ។ យើងមិនខ្វល់នឹងរឿងនេះឡើយ”។
កាលពីខែឧសភាឆ្នាំ២០១១ ផែនការរួមបញ្ចូលគ្នារវាងគណបក្ស សមរង្ស៊ីនិងគណបក្ស សិទ្ធិមនុស្សត្រូវបានច្រានចោលទៅវិញ បន្ទាប់ពីខ្សែអាត់មួយថតនៅក្នុងឆ្នាំ២០០៧ត្រូវបានមន្ត្រីរដ្ឋាភិបាលទម្លាយឲ្យដឹង។ នៅក្នុងខ្សែអាត់នោះគេបានឮលោក ហ៊ុនសែនផ្ដល់ប្រឹក្សាដល់លោកកឹមសុខាប្រធានគណបក្ស សិទ្ធិមនុស្សឲ្យទាក់ទាញសមាជិកពីគណបក្ស សមរង្ស៊ី សម្រាប់គណបក្សរបស់ខ្លួន ដែលទើបតែចាប់កំណើត៕
ប្រែសម្រួលដោយហួងកុកទៀន