38 C
Phnom Penh

បំផ្លាញផ្ទះ​​​ជាច្រើ​ន​​​ខ្នង​​​និង​​​ចាប់​​​ខ្លួន​​​មនុស្ស​​​ម្នាក់​​​​​​ អំឡុង​​​ពេល​​​បណ្ដេញ​​ប្រជា​​​ពល​​​រដ្ឋ​​​​ចេញ​​​ពី​​ដី​​​ក្រុម​​​ហ៊ុន​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​មូល​​​ដ្ឋាន ​​​និង​​​អ្នក​​​ភូមិ​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​ថា ផ្ទះ​​​របស់ប្រជា​​​ពលរដ្ឋចំនួន​​​១៣៧​​​គ្រួសារ​​​នៅ​​​ក្នុង​​​ស្រុក​​​ភ្នំ​​​ក្រវាញ​​​ ខេត្ត​​​ពោធិ៍សាត់ត្រូវ​​​បាន​​​បំផ្លាញ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧​​ ខែ​​​សីហា នៅ​​​ពេល​​​នគរ​​​បាល មន្ត្រី​​​កង​​​រាជអាវុធ​ហត្ថ និង​​​មន្ត្រី​​​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើ​​​ជាង​​​៦០នាក់​បានចាប់​​​ផ្ដើម​​​បណ្ដេញ​ប្រជាពល​​​រដ្ឋ​​​ចេញពី​ដីដែល​​​បាន​អះអាង​​​ថា ជារបស់ក្រុម​​​ហ៊ុន​​​កសិកម្ម​​​​ ទូច ហ៊ីវ។​​​​​​

បុរស​​​ម្នាក់​ក៏​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុង​​​ពេល​​​បណ្ដេញ​​ចេញនោះដែរ។​​​​​​លោកអភិបាល​​​ស្រុក ទូច សំបូរ ​​​បាន​​​មាន​​​ប្រសាសន៍ថា “ យើង​​​បាន​​​បំផ្លាញ​​​ផ្ទះ​​​របស់​​គ្រួសារអ្នកភូមិណាដែល​​​រស់នៅ​​​លើ​​​ដី​​​របស់​ក្រុម​​​ហ៊ុន និង​​​ដី​​​ព្រៃរបស់​​​រដ្ឋ យើង​​​មិន​​​អាច​​​​អនុញ្ញាត​​​ឲ្យ​​​ពួកគាត់​​​ស្នាក់​​​នៅ​​​បាន​​​ទេ”។

យោង​​​តាម​​​លោក ប៉ាង ចាន់​​​សុយុធារ៉ាព្រះរាជអាជ្ញារង​​​អមសាលាដំ​​​បូងខេត្តបាន​​​ឲ្យដឹងថា​​​ បុរស​​​ម្នាក់​​​ ឈ្មោះ​​​ យឹម​​​ ទិត្យ អាយុ​​​៥៩​​​ឆ្នាំ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុង​​​ពេល​​​បណ្ដេញ​​​ចេញ​​​នោះ ហើយ​​​ត្រូវ​​​បាន​​​សាលា​​​ដំបូង​​​ខេត្ត​​​ចោទ​​​ប្រ​​​កាន់​​​ពី​​​បទកាប់ឆ្កា​​​រ និង​​​​​​វាស់​​​វែងដី​​​ព្រៃ​​​ដោយ​​​ខុស​​​ច្បាប់​​​។​​​​​​

អ្នក​​​ភូមិ​​​ម្នាក់​​​ឈ្មោះ អូន ម៉ាឌី ដែល​​​ត្រូវបាន​​​គំរាម​​​​​​ចាប់​​​ខ្លួន​​​នៅ​​​ពេល​​​គាត់​​​ព្យាយាម​​​​ប្រឆាំង​​​​នឹង​​​ការ​​​បណ្ដេញ​​​​​​​​​នេះ​​និយាយ​ថា គ្រួសារ​​​ទាំង​​​​អស់​​​នេះ​​​ពុំ​​​ត្រូវ​​​បាន​​​ជូន​​​ដំណឹងនោះទេ។​​​​​​ គាត់​​​បាន​​​បន្ដ​​​ថា “ ពួកគេ​​​មិន​​​បាន​​​និយាយ​​​អ្វី​​​ជាមួយ​​​យើង​​​ទេ។ ពួកគេ​​​ដឹងតែ​​​បំផ្លាញ​​​អ្វី​​​ៗ​​​ទាំង​​​អស់”។អ្នក​​​ភូមិ​​​ម្នាក់​​​ទៀត​​​ឈ្មោះ​​​ ប្រាជ្ញ ​ជឿន បាន​​​ឲ្យ​​​ដឹង​​​ថា “ ប្រជាពលរដ្ឋ​​​ជា​​​ច្រើន​គ្រួសារ​​​​​​បាន​​​ចាប់​​​ផ្ដេើមអស់​​​អាហារ​​​ទទួល​​​ទាន​ហើយ​​​​​ ហើយ​អ្នក​​​ខ្លះ​​​គ្មាន​​​ទឹក​​​ស្អាត​​​ទទួលទាន​​ឬក៏​​​គ្មានទី​​​ជម្រក​​​សម្រាប់ជ្រក​ពី​​​​ទឹក​​​ភ្លៀង​​ឡើយ។ ឥឡូវយើងកំពុងតែរស់នៅក្រោមដើមឈើ”។

មន្ត្រី​​​មក​​​ពី​​​ក្រុម​​​ហ៊ុន ទូច ហ៊ីវ មិន​​​អាច​​​ទាក់​​​ទង​​​សុុំ​​​អធិប្បាយ​​​បាន​​​ទេ ប៉ុន្ដែ​​​យោង​​​តាម​​​លោក​​​ ម៉ាឌី បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​អះ​​​អាង​​​ថា បាន​​​ទិញ​​​ដី​​​នេះ​​​ក្នុង​​​ឆ្នាំ​​​២០០៤។​​​​​​ លោក​​​ ប្រាជ្ញ ជឿន បាន​​​មាន​​​ប្រសាសន៍​​​ថា“ ប៉ុន្ដែ​​​អ្នកភូមិជាច្រើន​​​គ្រួសារ​ ​​​បាន​​​រស់​​​នៅ​និង​​​ធ្វើ​​​កសិកម្ម​​​នៅ​​​ទី​​​នេះ​​​តាំង​​​ពី​​​ឆ្នាំ​​​២០០០​​​មក​​​ម៉្លេះ។ ខ្ញុំ​​​មិន​​​ប្រាកដ​​​ថា នឹង​​​ត្រូវ​​​ធ្វើ​​​អ្វី​​​ទេ​​​ នៅ​​​ពេល​​​នេះ”៕

ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស