27 C
Phnom Penh

លទ្ធ​ផល​ស្រាវ​ជ្រាវ​បង្ហាញថា អំពើ​ពុក​រលួយ ​និង​ជម្លោះ​ដី​ធ្លី​ កំពុង​បំបាក់​ស្មារតី​វិន​ិយោ​គិន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​ដែល​បណ្តា​រដ្ឋ​នៅ​តំបន់​ឈូង​សមុទ្រដែល​សម្បូរ​ធន​ធាន​មូល​ធន​ ខិត​ខំ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ស្បៀង​អាហារ​ របស់​ខ្លួនដោយបោះ​ទុន​វិនិយោគ​តា​ម​រយៈ​គ​ម្រោង​​កសិកម្ម​ជា​ច្រើន​នោះ​ ប្រ​ទេ​ស​កម្ពុជា​ ដែ​ល​មាន​ដី​មិន​ទាន់​ប្រើ​ប្រាស់​ និង​គោល​ន​យោ​បាយ​វិនិយោគ​បរទេស​គួរ​ឲ្យ​ទាក់​ទា​ញ​នោះ បាន​ក្លាយ​ជា​គោ​លដៅ​វិ​និ​យោ​គ​ដ៏​មាន​​អំណោយ​បំផុត​។

ក៏​ប៉ុន្តែ​ យោង​តាម​លទ្ធ​ផល​សិក្សា​រ​យៈ​ពេល​យូរ​មួយ​ ដែល​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវអន្តរជាតិ​ និង​តំបន់ (Center for International and Regional Studies) ​នៅ​សាកល​វិទ្យា​ល័យ​ សេវាកម្ម​បរទេសចច​ថោន (Georgetown University School of Foreign Service) នៅ​ប្រទេស​ កាតា ចេញ​ផ្សាយ​ក្នុង​ស​ប្តាហ៍​នេះ​ ​​បង្ហាញ​​ថាអំពើ​ពុក​រលួយ​ ដ៏​ច្រើន​​ ជម្លោះ​ដី​ធ្លី​ កម្ម​វិធី​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ដែ​ល​ត្រូវ​បាន​អនុ​វត្ត​មិន​បាន​ល្អ​ និង​ប្រព័ន្ធ​យុត្តិ​ធម៌​មិន​អាច​ទុក​ចិត្ត​បាន រួម​គ្នា​អាច​បង្ក​ហានិភ័យ​ខ្ពស់​សម្រាប់​វិនិយោ​គិន​។

របាយ​ការណ៍​លទ្ធ​ផល​សិក្សា​ស្រាវ​ជ្រាវ​ ដែល​និពន្ធ​ដោយ​លោក បេន​យ៉ាមីនសេ​ហ្វឺត ​(Benjamin Shepherd) មាន​ខ្លឹម​សារ​ថា “ ការ​បណ្តេញ​ដោយបង្ខំ ការ​បំផ្លិច​បំផ្លា​ញ​ដី​ស្រែ​ចម្ការ​ និង​ដី​ព្រៃ​ដែលមាន​ម្ចាស់​ជា​ប្រជា​ជន​សាមញ្ញការ​បង់​សំណង​មិន​គ្រប់​គ្រាន់​ ឬមិន​ជាក់​ស្តែងជម្រើស​ការ​ងារ​មាន​កម្រិត​ខ្លាំង​ (និង​ការ​ងារ​ផ្តល់​ប្រាក់​ឈ្នួល​មិន​សមរម្យ​និង​មិន​ទ្រ​ទ្រង​់​បាន​ជា​រឿយ​ៗ​) បាន​ជំរុញ​ឲ្យ​ប្រជា​ជន​នៅ​តាម​​​បណ្តា​សហ​គមន៍​ជនបទ​ រស់​នៅ​ដោយ​មិន​មាន​សន្តិ​សុខ​ ស្បៀង​អាហារប្រាក់​ចំណូល​ ឬ​ក៏​​ក្តី​សង្ឃឹម​ទៅ​ថ្ងៃ​មុខ​”។

របាយ​ការណ៍​ដដែល​នេះ​មាន​ខ្លឹម​សា​រ​ប​ន្ត​​ទៀត​ថា “ មិន​មាន​មធ្យោ​បាយ​ផ្សេង​សម្រាប់​ប្រជា​ជន​ដែល​ប្រឈ​មមុខនឹង​បញ្ហា​​សេដ្ឋកិច្ច​​ធ្ងន់​ធ្ងរ​ពឹង​អាស្រ័យ​ទេ ដែ​លនេះ​​អាច​ជា​ចន្លោះ​​​ប្រហោង​មួយ​សម្រា​ប់​រាជរដ្ឋា​ភិបាល​។ វា​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើលខ្លាំង​ទេ​ ដែល​បញ្ហា​ប្រឈម​ទាំង​នេះ​កំ​ពុ​ង​តែ​បណ្តាល​ឲ្យ​អំពើ​ហិង្សា​កើត​មានឡើង​កា​ន់​តែ​ច្រើន​ឡើង​ៗ​។​

ច្បាស់​​ណាស់​ថា ទាំង​នេះ​គឺជា​ស្ថា​ន​ភា​ព​ដែល​វិនិ​យោ​គិន​ផ្តោត​អារម្មណ៍​សំ​ខាន់​ទៅ​លើ​​តែ​អាជីវ​កម្ម​របស់​ខ្លួន​ មិន​ចង់​ជួប​ប្រទះ​។បរិយា​កាស​វិនិ​យោគទុន មិន​មាន​ភាព​ប្រាកដ​ប្រជា​ ហើយ​​​បញ្ហា​​កង្វះ​ការ​អនុវត្ត​នីតិ​រដ្ឋ​ គឺជា​ហា​និ​ភ័យ​​វិន​ិយោគ​ដ៏​ធំ​មួយ​”។

បន្ទាប់​ពី​ត្រូវ​បាន​អនុវត្ត​ក្នុង​អំឡុង​ពេ​ល​ជា​ច្រើន​ខែ​នៅ​តាម​មូល​ដ្ឋានគោល​ដៅ​​សិក្សា​​ស្រាវ​ជ្រាវ​ ក្នុងឆ្នាំ​២០១១ លទ្ធ​ផល​នៃ​ការ​សិក្សា​​ស្រាវ​ជ្រាវ​នេះ​បង្ហាញ​ថា ក្នុង​ទិដ្ឋ​ភាព​ដែលត្រូវ​ពិនិត្យ​លើ​ក​ដំបូង​ ប្រទេ​ស​កម្ពុជា​អាច​ជា​គោល​ដៅ​វិនិយោគ​ប្រក​ប​ដោយ​ភាព​​ទាក់​ទាញ​។ រដ្ឋា​ភិបាល​ទ​ទួ​ល​ស្វាគមន៍​យ៉ា​ង​កក់ក្តៅ​ចំពោះ​វិនិយោ​គិ​ន​បរទេស​ ដីធ្លី​មាន​ច្រើន​សម្រាប់​ប្រើ​ប្រា​ស់ ប៉ុន្តែ​ ផលិត​ភាព​អាច​ស្ថិត​កម្រិត​ទាប​ខ្លាំ​ង​។

របាយ​ការណ៍​ដដែល​នេះ​មាន​ខ្លឹម​សា​រ​បន្ថែម​ទៀត​ថា “ ក្នុង​ទិដ្ឋ​ភាព​ជាច្រើន​ ប្រ​ទេ​ស​​កម្ពុជា​ គឺជា​ដៃ​គូ​ដ៏​ល្អ​ក្នុង​វិស័យ​កសិក​ម្មសម្រាប់​​បណ្តា​រដ្ឋ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ស​ហ​ប្រតិបត្តិ​ការ​​ឈូ​ង​សមុទ្រ​ (GCC)”។ ទោះ​ជា​យ៉ាង​េនះ​​ក៏ដោយ​ លោកសេហ្វឺត​ បាន​ក្រើន​រំឭក​ដល់​ក្រុម​អ្នក​បង្កើត​គោល​នយោបាយ​ ដោយ​មិន​បញ្ជាក់​រយៈ​ពេល​ប្រាកដ​ប្រជា​ថាខណៈ​ដែល​​កាលា​នុ​វ​ត្ត​ភាព​មាន​ច្រើន​មិន​ខ្វះ​ ជម្លោះ​​ដី​ធ្លី​មាន​ល​ក្ខណៈ​ជា​ប្រព័ន្ធជំរុញ​ឲ្យ​គម្រោង​វិនិ​​យោ​គ​ប្រឈម​មុខ​នឹង​ភាព​ប្រថុយ​ប្រថាន។

លោក​បាន​លើក​ឡើង​ក្នុង​របាយ​កា​រណ៍​​នេះ​ថា “ ចំណុច​សំខាន់​គឺថា ការ​ទិញ​យក​ដី​កសិកម្ម​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិ​វឌ្ឍន៍​ ដូច​ជា​ប្រទេស​កម្ពុជា​… គឺជា​យុទ្ធ​សាស្ត្រ​អន់​ និង​​ប្រក​បដោយ​ហានិភ័​យ សម្រាប់​គោល​បំណង​​នៃ​ការ​រក្សាសន្តិ​សុខ​ក្នុង​ការ​ផ្គត់​ផ្គង់​ស្បៀង​ សម្រាប់​បណ្តា​រដ្ឋ​ក្នុង​ក្រុម​ប្រឹក្សា​ GCC ដោយ​សារ​តែ​អភិ​ក្រម​ (វិធី​សាស្ត្រ​ឬ​យុទ្ធសាស្ត្រ​) បែប​នេះ​ទំនង​ជា​នឹង​នាំ​ឲ្យ​មាន​ការ​ដក​ហូត​ទ្រព្យ​ស​ម្បត្តិ​ ការ​រង​របួស ឬ​ការ​ជំរុញ​ឲ្យ​សហ​គ​ម​ន៍បាត់​បង់​ប្រាក់​ចំណូល​កាន់​តែ​ច្រើន​ ហើ​យ​​អាច​ជំរុញ​ឲ្យ​គោល​បំណង​របស់​គម្រោ​ង​ទាំង​ឡាយ​ ដែល​ម្ចាស់​គម្រោង​តែង​តែ​ចង់​សម្រេច​​បាន​នោះ​ត្រូវ​រលាយ​”។

រហូត​មក​ទល​់ពេល​នេះ​ បណ្តា​រដ្ឋ​នៅ​ឈូង​​សមុទ្រ​ ដូចជាប្រទេស​កូវ៉ែត​ កាតានិង​ប្រទេស​​​អារ៉ាប់​ បាន​កំណត់​ទំហំ​គម្រោ​ង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ក៏​ប៉ុ​ន្តែ​ លោកគិត​ សេងអនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រម៉ាញ់និងនេសាទ​ បាន​មាន​ប្រសាសន៍​ថាមាន​ជំនួប​ថ្មី​ៗ​ជា​ច្រើ​ន​ ដែល​ធ្វើ​ឡើង​ជាមួយ​ក្រុម​ប្រតិភូ​មក​ពី​ប្រទេស​ កាតាទោះ​បីជា​កិច្ច​ព្រម​ព្រៀង​មិន​ទាន់​សម្រេច​បាន​ក៏​ដោយ​។លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​ចង់​ឲ្យ​គេ​​មក​វិនិ​យោគ​នៅ​ស្រុក​យើង​ ប៉ុន្តែ​ រហូត​មក​សព្វ​ថ្ងៃ​នេះ យើង​មិន​ទាន់​ឃើញ​គេ​មក​វិនិយោ​គ​នៅឡើយ​ទេ​”។

ចរិត​ទូទៅ​នឹង​ការ​លក់​កំបាំង​កិច្ច​ព្រម​ព្រៀង​​វិនិយោគ​នៅ​ក្នុង​ប្រទេស​នេះ​បាន​បង្ក​​ការ​លំបាក​ក្នុងការ​បង្ហាញ​ចំណាប់​អារម្ម​ណ៍​ ជា​ទូទៅ​នៅ​ទូ​ទាំង​ប្រទេស​ ក៏​ប៉ុន្តែ​ ជំនា​ញ​ការ​ក្នុង​តំបន់​បាន​សង្កត់​ធ្ងន់​ថា ប្រទេស​កម្ពុជា ​គឺជា​​ប្រទេស​ស្ថិត​ក្នុង​ចំណាប់​អារម្ម​ណ៍របស់​ប្រទេស​​កូវែ៉តកាតា​ និង​ប្រទេស​អារ៉ាប់​។អ្នក​ស្រី​ ដេ​បូ​រ៉ា ហ៊ីល​័រ (Deborah Wheeler) ជំនួយ​ការ​សាស្ត្រាចារ្យ​ នៅ​មជ្ឈ​មណ្ឌល​សិក្សា​​តំបន់​មជ្ឈិម​បូ​ពា៌ និង​អុី​ស្លាម (Center for Middle East and Islamic Studies) នៅ​សាលា​បណ្តុះ​បណ្តាល​​ទាហា​ន​ជើង​ទឹក​សហរដ្ឋ​អាមេរិក (U.S. Naval Academy) បាន​លើក​ឡើងថា “ប្រទេស​កម្ពុជា​​គឺជា​គោល​ដៅ​របស់​បណ្តា​ប្រទេស​នៅ​តំបន់​ឈូ​ង​សមុទ្រ​ សម្រាប់​គម្រោង​វិនិយោគ​របស់​​ពួក​គេ​។មូល​ហេតុ​គឺថាប្រ​ទេ​ស​កម្ពុជា​មាន​ដី​មាន​ជី​ជាតិ​ និងវិស័យ​កសិ​កម្ម​មិន​ទាន់​មាន​ការ​អភិវឌ្ឍខ្លាំង​…ឱកាស​សម្រាប់​កែ​លម្អ​គុណ​ភាពផលិត​កម្ម​ស្រូវ​​ ស្ករ និង​ជ័រ​កៅ​ស៊ូតាម​​រយៈ​ការ​អភិ​វឌ្ឍ​ន៍​វិស័យ​បច្ចេក​វិទ្យា​ បច្ចេក​ទេស​ និង​ហេដ្ឋា​រចនា​សម្ពន្ធ​ ត្រូវ​បាន​គេ​លើ​ក​មក​និយាយ​ ដើម្បី​បង្ក​លទ្ធ​ភាព​នៃ​ទំនាក់​ទំនង​​ឈ្នះ​ឈ្នះ​ ដែល​ប្រជា​ជន​កម្ពុជា​នឹង​ឃើញ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ក្នុង​វិស័យ​កសិកម្ម​ និង​ឱ​កាស​​សម្រាប់​បង្កើន​ផលិតកម្ម​ស្បៀង​អា​ហារ​ ដើម្បី​​រក្សា​សន្តិ​សុខ​ស្បៀង​ក្នុង​ប្រទេ​ស​ឲ្យ​កាន់​តែ​មាន​​ប្រសិទ្ធ​ភាព​ និង​ដើម្បី​សម្រេច​​បាន​អត្រា​ចំណូល​កាន់​តែ​ខ្ពស់​ពី​វិស័យ​នាំ​ចេញ​”។

ដោយ​មិន​គិត​អំពី​ឧបសគ្គ​ទាំង​ឡាយ​ ដែល​​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​របាយ​ការណ៍​សិក្សា​ស្រាវ​ជ្រាវ​របស់​លោក​ អ្នក​ស្រី​ ហុី​ល័រ​ បាន​លើក​​ឡើង​ថាអ្នក​ស្រី​មាន​ជំនឿ​ថាប្រទេស​កម្ពុជា ​នៅ​តែ​ជា​គោល​ដៅ​វិនិ​យោគ​ប្រកប​ដោយ​ភាព​ទាក់​ទាញ​មួយ​។ អ្នក​ស្រី​​បានថ្លែង​ថា “ ទោះ​​បីជា​មាន​បញ្ហា​ប្រឈមខ្លះៗ​​ក៏​ដោយ​ ប្រទេស​​កម្ពុជា​ ត្រូវ​បាន​ចាត់​ទុក​ជា​ប្រទេស​មួយ​ដែល​មាន​លទ្ធ​ភាព​ ផ្តល់​ប្រាក់​ចំណេញ​ខ្ពស់​លើ​គម្រោង​វិនិ​យោគ​ និង​សក្តានុ​ពល​ភាព​ដ៏​អស្ចារ្យរបស់​ខ្លួន”។

លោកមីកល្យាណ​ ទី​ប្រឹក្សា​ជាន់​ខ្ពស់​ ឧត្តម​​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ ​មាន​ប្រសាសន៍ថាយុទ្ធសាស្ត្រ​វិនិយោគ​មួយ​ផ្សេង​ទៀត​ ពិត​ជា​មាន​សារៈសំខាន់​ សម្រា​ប់​ការ​ទាក់​ទាញ​វិនិ​យោ​គិន​ឲ្យ​បោះ​ទុន​នៅ​ក្នុង​​វិស័យ​កសិកម្ម។លោក​​បាន​គូស​បញ្ជាក់​ថា មាន​ដី​ស្រែ​បន្តិច​បន្តួច​ដែល​មិន​ទាន់​ត្រូ​វ​បាន​កាន់​កាប់​ដោយកសិករ​នៅ​ក្នុង​ប្រ​ទេ​ស​។ដូច្នេះដើម្បី​កុំ​ឲ្យ​មាន​ជម្លោះ​ ត្រូវ​តែ​មាន​ការ​អនុ​វត្ត​គម្រោង​វិនិយោគដោយកសិករ​នៅ​ក្នុង​ប្រ​ទេ​ស​។ ដូច្នេះ ដើម្បី​កុំ​ឲ្យ​មាន​ជម្លោះ​ ត្រូវ​តែ​មាន​ការ​អនុ​វត្ត​គម្រោង​វិនិយោគ ដោយ​មាន​ការ​ប្រតិបត្តិការ​ទទួល​ខុស​ត្រូវ​សង្គម​ ផងដែរ​។​

លោក​បាន​ថ្លែង​ថា “ ខ្ញុំយល់ថា​ វា​ជា​រឿង​ធម្ម​តា​ទេ​ ដែល​ត្រូវ​តែមាន​ទំនាក់​ទំនង​រយៈ​ពេល​​វែង​ជាមួយ​កសិករ​ ទើប​អ្នក​រាល់​គ្នា​មាន​អាហារ​បរិ​ភោ​គ​។អ្វី​ដែល​វិនិ​យោគ​​អាច​នឹង​ធ្វើ​បាន​គឺ​ត្រូវ​មាន​កិច្ច​សន្យា​​ធ្វើ​កសិកម្មដោយ​ផ្ទាល់​​ជាមួយ​កសិករ​…. ខ្ញុំ​គិត​ថា នេះ​អាច​ជា​វិធី​​សាស្ត្រ​មួយ​ដែល​មា​ន​សុវត្ថិ​ភាព​ ក្នុង​ការ​បង្កើន​​គម្រោង​វិនិ​យោ​គ​ផ្នែក​ផលិតកម្ម​ស្រូវ​”។

ខណៈ​ដែល​រដ្ឋា​ភិបាល​មាន​គោល​ន​យោ​បាយ​ជាគោល​ការណ៍​ ក្នុងការ​ជំរុញ​ចរន្ត​វិនិ​យោគ​បែប​នេះ​ លោកកល្យាណ​ បាន​ទទួល​ស្គាល់ថា ការ​អនុវត្ត​ពិត​ជា​មាន​បញ្ហា​មែន​។លោក​បាន​ថ្លែង​ថា “ មាន​វិធា​ន​សម្រាប់​អនុវត្ត​ ប៉ុន្តែ​ ត្រូវ​អនុវត្ត​​វា​បន្តិច​ម្តងៗ​ ប្រកប​ដោយ​ភាព​បត់​បែន​ពី​មួយ​ករ​ណី​ទៅ​មួយ​ករណី”។

លោក សេ​ហ្វឺត​ ​លើក​ឡើង​ក្នុង​អុី​ម៉េលថា ​បើ​វិនិយោគិន​ចង់​ជំរុញ​ស​កម្ម​ភាព​ ទោះ​​បីជា​មាន​ហានិភ័យ​ក៏​ដោ​យ យុទ្ធ​សាស្ត្រ​​ផ្សេង​ៗ​ ដូច​ជា យុទ្ធសាស្ត្រ​ដែល​លោក កល្យាណ បាន​​ បង្ហាញ​ អាច​មាន​ប្រសិទ្ធ​ភាព​ច្រើន​ជាង​ការ​ជំរុញ​ក​ម្មវិធី​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​លក្ខណៈ​ប្រពៃណី​។អុី​ម៉េល​មាន​ខ្លឹម​សារ​ថា “សារ​ដ៏​សំខាន់​មួយ​ដែល​ខ្ញុំ​ចង់​ចែក​រំលែក​គឺថា លទ្ធ​ភាព​សម្រេ​ច​បាន​ជោគ​ជ័យ​សម្រាប់​គម្រោង​វិនិយោគ​បរទេស​ លើ​វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ អាច​កើត​ចេញ​ពី​ការ​វិនិ​យោគ​​ជាមួ​យ​កសិករ​កម្ពុជា​ ជាជាង​ការ​វិនិយោគ​លើ​វិស័​យ​ដី​ធ្លី​កម្ពុជា​។ យុទ្ធ​សាស្ត្រ​នេះ​អាច​វា​ស់​វែ​ង​ទំហំ​ជោគ​ជ័យ​ តាម​រយៈ​ការ​បង្កើ​ន​ផ​លិត​ភាព​របស់​កសិករ​កម្ពុជា​ ក្នុង​ការ​ដាំ​ដំ​ណាំ​ឲ្យ​បាន​ច្រើន​សម្រាប់​នាំ​ចេញ​ ដែ​ល​ជួ​យ​បង្កើន​ប្រាក់​ចំណូល​ជាក់​ស្តែង​ ស​ម្រាប់​សហ​គមន៍​ពឹង​ផ្អែក​លើ​វិស័យ​កសិ​កម្ម​”៕

(រាយ​ការណ៍​បន្ថែម​ដោយវណ្ណរើន​)

ប្រែ​សម្រួល​ដោយកងសុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស