អ្នកតវ៉ាវិវាទដីធ្លីពីររូបបានបាត់ខ្លួនកាលពីម្សិលមិញ ក្រោយពីនគរបាលបានបញ្ឈប់ និងឃាត់ខ្លួនពួកគាត់ ពេលកំពុងធ្វើដំណើរតាមរថយន្តពីខេត្តក្រចេះ មកកាន់រាជធានីភ្នំពេញជាមួយប្រជាជនមួយក្រុម ដែលមានបំណងធ្វើការតវ៉ា នៅមុខភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។
យោងតាមអ្នកស្រី ភិត ស្តាំតំណាងអ្នកភូមិ បានឲ្យដឹងថា អ្នកភូមិប្រហែល២០០នាក់មកពីស្រុកស្នួល បានធ្វើដំណើរមករាជធានីភ្នំពេញ ដោយសង្ឃឹមថាលោក ហ៊ុន សែន នឹងជួយអន្តរាគមន៍ក្នុងវិវាទដីធ្លីដ៏អូសបន្លាយជាមួយនឹងក្រុមហ៊ុនចម្ការកៅស៊ូចំនួនពីរ។ប៉ុន្តែ ខណៈដែលពួកគាត់កំពុងធ្វើដំណើរតាមរថយន្តកាត់តាមស្រុកមុខកំពូល ក្នុងខេត្តកណ្តាល ស្រាប់តែនគរបាលបានបញ្ឈប់រថយន្ត១២កៅអីមួយគ្រឿង ដែលដឹកក្រុមអ្នកតវ៉ា និងបានបញ្ជាឲ្យឈ្មោះស្លេះសេត អាយុ៥៨ឆ្នាំនិងឈ្មោះ អឿសេត អាយុ៦០ឆ្នាំ ចុះចេញពីរថយន្ត។
អ្នកភូមិនៅក្នុងរថយន្តបុ៉ន្មាននាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត ហើយចាប់តាំងពីពេលនោះមកមិនទទួលបានដំណឹងពីឈ្មោះស្លេះ សេតនិង អឿ សេតទេ។ អ្នកស្រីភិតស្តាំ បាននិយាយថា“ យើងព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគាត់ ពីព្រោះយើងមិនដឹងថាពួកគេទៅទីណាទេ”។
លោកគង់ សុផលអធិការរងនគរបាលស្រុកមុខកំពូល និងលោកម៉ៅ ចន្ថា នាយនគរបាលព្រហ្មទណ្ឌខេត្តកណ្តាលបានបដិសេធថាក្រុមអ្នកតវ៉ាមិនត្រូវបានចាប់ខ្លួន ឬឃាត់ខ្លួនតាមផ្លូវ ពេលធ្វើដំណើរទៅកាន់រាជធានីភ្នំពេញទេ។ពួកលោកនិយាយថាខ្លួនមិនដឹងថា ស្លេះ សេតនិងអឿ សេតនៅទីណាទេ។
នៅជាប់នឹងខ្លួនបុរសពីរនាក់ដែលត្រូវឃាត់ខ្លួននេះមានញត្តិរបស់អ្នកភូមិ ដែលពួកគាត់សង្ឃឹមថា នឹងយកទៅប្រគល់ឲ្យខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី តែដោយសារបាត់ឯកសារនេះទៅ ក្រុមអ្នកតវា៉បានជួបជុំគ្នាមួយរយៈខ្លីប៉ុណ្ណោះនៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី មុនពេលឈប់តវ៉ានិងត្រឡប់ទៅខេត្តក្រចេះវិញ។
អ្នកភូមិទាំងនេះ មកពីសហគមន៍មួយដែល មានប្រជាពលរដ្ឋប្រហែល៤០០គ្រួសារ កំពុងរស់នៅក្នុងជម្រកបណ្តោះអាសន្ននៅជិតផ្លូវជាតិលេខ៧៦អាក្នុងឃុំ២ធ្នូបន្ទាប់ត្រូវបានគេបណ្តេញចេញកាលពីខែកុម្ភៈ ពីដីមានវិវាទទំហំ៧៥០ហិកតាដែលអះអាងដោយក្រុមហ៊ុន សុវណ្ណ វុទ្ធី និងក្រុមហ៊ុនចម្ការកៅស៊ូ។
អ្នកស្រីភិតស្តាំ បន្ដទៀតថា“ យើងរស់នៅក្រោមតង់អស់រយៈពេលប្រាំទៅប្រាំមួយខែហើយ និងគ្មានដីសម្រាប់ដាំដំណាំឡើយ”។ លោកម៉ែនវណ្ណា អភិបាលស្តីទីស្រុកស្នួលបានមានប្រសាសន៍ថា លោកមិនដឹងថា អ្នកភូមិនាំគ្នាមកតវ៉ា នៅរាជធានីភ្នំពេញឡើយប៉ុន្តែលោកនិយាយការពារក្រុមហ៊ុន ដែលពាក់ព័ន្ធក្នុងវិវាទនេះថាក្រុមហ៊ុនមានសិទ្ធិរានដីនៅក្នុងតំបន់សម្បទានដែលរដ្ឋាភិបាលចែកឲ្យ។
លោកក៏បានបដិសេធផងដែរចំពោះចំនួនអ្នកភូមិគ្មានទីជម្រក ដែលរស់នៅតាមដងផ្លូវជាតិដោយនិយាយថា “ តាមពិត មានប្រជា ពលរដ្ឋតែ២០គ្រួសារប៉ុណ្ណោះ ដែលរស់នៅក្រោមតង់ ហើយអាជ្ញាធរបានសុំឲ្យពួកគេបង្ហាញឯកសារផ្លូវច្បាប់ ដើម្បីទទួលបានសម្បទានដីសង្គមកិច្ចពីរដ្ឋាភិបាល”៕
ប្រែសម្រួលដោយ ចេវប៊ុននី