មន្ត្រីជាច្រើនរូបបានឲ្យដឹងកាលពីម្សិលមិញថា ដោយសារការងារស្តារផ្លូវរថភ្លើងចាស់ទ្រុឌទ្រោមមិនអាចទៅមុខរួច ក្រសួងសាធារណការ និងដឹកជញ្ជូនបានចាប់ផ្តើមពិភាក្សាជាមួយក្រុមហ៊ុនក្នុងតំបន់មួយចំនួន ដែលគ្រប់គ្រងដោយក្រុមហ៊ុនធំៗនៅក្នុងប្រទេសចិន ដើម្បីឲ្យក្រុមហ៊ុនទាំងនេះចូលមកជំនួសក្រុមហ៊ុនស្តារផ្លូវរថភ្លើងបច្ចុប្បន្ន។
លោកត្រាំអុីវតឹករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍កាលពីម្សិលមិញថា “ វាឆាប់ពេកមិនអាចពន្យល់បានទេ… ក៏ប៉ុន្ដែ យើងកំពុងតែធ្វើការចរចា”។ លោករដ្ឋមន្ត្រីបានបន្ថែមថា “ ខ្ញុំនឹងធ្វើការជាមួយក្រុមហ៊ុនកម្ពុជារ៉េលវេ (Kampuchea Railways) ដើម្បីដោះស្រាយបញ្ហាទាំងនេះ”។ដោយសារមានបញ្ហាទាក់ទងនឹងការសាងសង់ ព្រមទាំងការពន្យារពេលដូចជាការតវ៉ាលើការផ្លាស់ប្ដូរទីលំនៅប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលកំពុងរស់នៅតាមបណ្ដោយផ្លូវរថភ្លើង ទើបក្រុមហ៊ុនថូល រ៉ូយ៉ាល់ រ៉េលវេ (Toll Royal Railways) មិនដំណើរការរថភ្លើងតាមខ្សែផ្លូវដែកកាលពីថ្ងៃទី១១ខែមីនា។
រហូតមកដល់ពេលនេះ ក្រុមហ៊ុន ថូល រ៉ូយ៉ាល់ រ៉េលវេ បានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋាភិបាល ដោយលើកឡើងថា ក្រុមហ៊ុនបញ្ឈប់កិច្ចការស្ដារផ្លូវរថភ្លើង ដោយសារតែក្រុមហ៊ុនមិនអាចរកប្រាក់ចំណេញពីដំណើរការរថភ្លើងបាន ពីព្រោះមានការពន្យារពេលច្រើនដងក្នុងការស្ដារផ្លូវរថភ្លើងនេះ។ដោយមានហិរញ្ញប្បទានភាគច្រើនបានមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលកាលពីដំបូង ថវិកាត្រូវចំណាយ ដើម្បីស្ដារខ្សែផ្លូវរថភ្លើងឡើងវិញមានចំនួន១៤៣លានដុល្លារ ក៏ប៉ុន្ដែ ថវិកានេះបានអស់ហើយ ហើយក្រុមហ៊ុនត្រូវការថវិកាចន្លោះពី៦០ទៅ១០០លានដុល្លារទៀត ដើម្បីបញ្ចប់ការងារស្ដារផ្លូវរថភ្លើង។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញ ក្រុមហ៊ុនកម្ពុជា រ៉េលវេ បានជូនដំណឹងថា កាលពីសប្ដាហ៍មុន ក្រុមហ៊ុនបានចរចាផ្ដល់ប្រាក់ចំនួន៩០លានដុល្លារ ដល់រដ្ឋាភិបាល ដើម្បីបំពេញបន្ថែមកង្វះថវិកាក្នុងគោលបំណងស្នើសុំបន្ដកិច្ចការនេះឡើងវិញ ក្នុងនាមជាក្រុមហ៊ុនស្ដារផ្លូវដែកតែមួយគត់។
បច្ចុប្បន្ននេះ កិច្ចការស្ដារផ្លូវរថភ្លើងឡើងវិញ ត្រូវបានផ្ដល់ឲ្យក្រុមហ៊ុនបារាំង ធីអេសអូ ខេមបូឌា ខូអិលធីឌី (TSOCambodiaCo. Ltd) ហើយការងារសាងសង់ កំពុងត្រូវអនុវត្តដោយក្រុមហ៊ុនជប៉ុននីបផុន កូអេ ខូ (NipponKoeiCo)។
យោងតាមសំណើដែលត្រូវបានដាក់ជូនរដ្ឋាភិបាលបង្ហាញថា ក្រុមហ៊ុនកម្ពុជា រ៉េលវេ មិនត្រឹមតែផ្ដល់ប្រាក់សម្រាប់កង្វះថវិកាស្ដារផ្លូវរថភ្លើងវិញ និងចាប់ផ្ដើមដំណើរការដឹកជញ្ជូនទំនិញ ដែលក្រុមហ៊ុន ថូល រ៉ូយ៉ាល់ រ៉េលវេ បានផ្អាកដំណើរការប៉ុណ្ណោះទេ ក៏ប៉ុន្ដែ ក្រុមហ៊ុននឹងចាប់ផ្ដើមសេវាកម្មដឹកអ្នកដំណើរទៅកាន់ខេត្តកំពត នៅពេលខ្សែរថភ្លើងឆ្ពោះទៅភាគខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយ២៦៤គីឡូម៉ែត្រអាចដំណើរការបាននៅឆ្នាំក្រោយ។
លោក ដារីល ឌីល័រ (DarylDealehr) អ្នកនាំពាក្យក្រុមហ៊ុនកម្ពុជា រ៉េលវេ និងជាទីប្រឹក្សាក្រុមហ៊ុនសំណង់ស៊ីណូ-ប៉ាស៊ីហ្វិក ខន់ស្ត្រាក់សិន (Sino-PacificConstruction) មានប្រសាសន៍ថា
“ ក្រុមហ៊ុនស្ដារផ្លូវរថភ្លើងបច្ចុប្បន្នទទួលបានការអនុញ្ញាតជាច្រើនឆ្នាំកន្លងមកហើយ ហើយមិនយកទុនទៅវិនិយោគលើគម្រោងស្ដារនេះ ឬក៏មិនបានបង្ហាញរដ្ឋាភិបាលនូវផែនការអាជីវកម្មណាមួយរបស់ខ្លួននោះទេ… ហើយបញ្ហានេះធ្វើឲ្យមានការអាក់អន់ចិត្ត”។
លោកបានបន្ថែមទៀតថា “ សំណើរបស់យើង នឹងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមស្ដារផ្លូវរថភ្លើងនៅភាគខាងជើងភ្លាមៗតែម្ដង ដោយបច្ចុប្បន្ននេះកំពុងតែត្រូវបានផ្អាក ដោយសារតែកង្វះថវិកា”។
ក្រុមហ៊ុន កម្ពុជា រ៉េលវេ គ្រប់គ្រងដោយក្រុមហ៊ុន រ៉េល សឺវីស ខេមបូឌា អិលធីឌី (RailServicesCambodiaLtd) ជាក្រុមហ៊ុនក្នុងស្រុកមួយដែលមានដៃគូជាមួយក្រុមហ៊ុន ហ៊ីកម៉ាត អាស៊ី (Hikmat Asia) ជាក្រុមហ៊ុនសំណង់ម៉ាឡេស៊ី និងក្រុមហ៊ុន ស៊ីណូ-ប៉ាស៊ីហ្វិក ខន់ស្ត្រាក់សិន ជាក្រុមហ៊ុនមួយដែលមានភាគហ៊ុនភាគច្រើនរបស់ ឆាយណា ស្ដេត ខន់ស្ត្រាក់សិន អុិនជិននៀរីង ខូ (ChinaStateConstructionEngineeringCo) ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ប្រទេសចិន។
ក្រុមហ៊ុនបានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍នេះថា បន្ថែមលើថវិកាចំណាយសាងសង់ ក្រុមហ៊ុន កម្ពុជា រ៉េលវេ ក៏បានសុំផ្ដល់ថវិកាចំនួន៧៥០លានដុល្លារទៀត ដើម្បីស្នើសុំសម្បទានរយៈពេល៦០ឆ្នាំ ដើម្បីសាងសង់ និងបើកដំណើរការផ្លូវរថភ្លើងមួយខ្សែទៀតចេញពីរាជធានីភ្នំពេញ ទៅទីក្រុងហូជីមិញ។ ក្រុមហ៊ុន ឆាយណា រ៉េលវេ ក៏កំពុងតែសុំសិទ្ធិសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញទៅទីក្រុងហូជីមិញនេះដែរ។
រហូតមកដល់ខែឧសភា ដំណើរការស្ដារផ្លូវរថភ្លើងមួយខ្សែនៅភាគខាងត្បូង ដែលចេញពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ សម្រេចបានចំនួន៦១,៥ភាគរយហើយ ចំណែកឯការស្ដារផ្លូវរថភ្លើងមួយខ្សែទៀតចេញពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត ដែលមានចម្ងាយ៣៨៦គីឡូម៉ែត្រ សម្រេចបាន២៧,៨ភាគរយ។ ការស្ដារខ្សែរថភ្លើងឆ្ពោះទៅភាគខាងត្បូងនៃប្រទេសកម្ពុជា ត្រូវបានកំណត់ពេលបញ្ចប់នៅចុងឆ្នាំ២០១១ ក៏ប៉ុន្ដែ ឥឡូវនេះត្រូវបានក្រុមហ៊ុនគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០១៣វិញ។
ទោះជាមានការដេញថ្លៃពីសំណាក់ក្រុមហ៊ុនកម្ពុជា រ៉េលវេ ក៏ដោយ ក៏បុគ្គលិកម្នាក់មកពីក្រុមហ៊ុន ថូល រ៉ូយ៉ាល់ រ៉េលវេ ឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុននឹងបន្ដប្រតិបត្តិការរថភ្លើងឡើងវិញនៅសប្ដាហ៍នេះ។
លោក ដេវីដឃើ (DevidKerr) បានចាប់ផ្ដើមបន្ដការងារជានាយកប្រតិបត្តិក្រុមហ៊ុន ថូល រ៉ូយ៉ាល់ រ៉េលវេ ឡើងវិញកាលពីសប្ដាហ៍មុន បន្ទាប់ពីលោកត្រូវបានជំនួសអស់រយៈពេលអស់ជិតបួនខែរួចមក ហើយលោកត្រូវបានក្រុមហ៊ុនជួលឲ្យមកធ្វើការវិញកាលពីសប្ដាហ៍មុន។ លោកមានប្រសាសន៍ថា “ បុគ្គលិកមួយចំនួនត្រូវបានក្រុមហ៊ុនជួលឲ្យមកធ្វើការវិញ ដូច្នេះកិច្ចការនេះបានចាប់ផ្ដើមហើយ”។
លោកមានប្រសាសន៍ឆ្លើយតបនឹងសំណួរអំពីការចរចាផ្ដល់ថវិកាពីសំណាក់ក្រុមហ៊ុន កម្ពុជា រ៉េលវេ ដូច្នេះថា “ ម្ចាស់ភាគហ៊ុននានាមិនបានបង្ហាញថា ពួកគេមានបំណងចាកចេញពីគម្រោងនេះទេ”។
យោងតាមអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្ដល់ហិរញ្ញប្បទានភាគច្រើនសម្រាប់គម្រោងស្ដារផ្លូវរថភ្លើងនេះឡើងវិញបានឲ្យដឹងថា ក្រុមហ៊ុន នីបផុន កូអេ ខូ ជាក្រុមហ៊ុនទទួលបន្ទុកខាងការសាងសង់មិនបានធ្វើកិច្ចការបានគ្រប់ជ្រុងជ្រោយនោះទេ។ យោងតាមអនុស្សរណៈនេះក៏បានបង្ហាញឲ្យដឹងដែរថា ទំនាក់ទំនងរបស់ក្រុមហ៊ុន នីបផុន កូអេ ខូ និងក្រុមហ៊ុន ធីអេសអូ ខេមបូឌា ខូអិលធីឌី ជាក្រុមហ៊ុនម៉ៅការសាងសង់លើគម្រោងស្ដារផ្លូវរថភ្លើងនេះ “ មានភាពតានតឹង”។
លោក ដារីល ឌីឡឺ បានមានប្រសាសន៍ថា ប្រសិនបើក្រុមហ៊ុនកម្ពុជា រ៉េលវេ ទទួលបានសម្បទាននេះ នោះគេលែងត្រូវការសេវាកម្មទាំងឡាយរបស់ក្រុមហ៊ុន នីបផុន កូអេ ទៀតហើយ រីឯកិច្ចសន្យាជាមួយក្រុមហ៊ុន ធីអេសអូ ខេមបូឌា អិលធីឌី នឹងត្រូវពិនិត្យឡើងវិញ។
លោក ខ្លូត ពើទីត (ClaudePetit) នាយកក្រុមហ៊ុន ធីអេសអូ ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា លោកមិនបានទទួលដំណឹងអំពីការចរចាគ្នា ដែលកើតមានឡើងរវាងក្រុមហ៊ុនមួយចំនួនដែលចង់ចរចាយកសម្បទានស្ដារផ្លូវរថភ្លើងនេះទេ។លោកបានបន្ថែមថា “ គេមិនបានសាកសួរខ្ញុំអំពីសំណើនេះទេ។ អតិថិជនរបស់យើងគឺក្រសួងសាធារណការ និងដឹកជញ្ជូន ដូច្នេះយើងមិនប្រកួតប្រជែងជាមួយអ្នកស្នើសុំសម្បទាននេះទេ”៕
ប្រែសម្រួលដោយ ហួង កុកទៀន