របាយការណ៍ថ្មីមួយចេញដោយមជ្ឈមណ្ឌលច្បាប់ស្តីពីសិទ្ធិមនុស្សនៃសាកលវិទ្យាល័យ ហ្វដហ៊ែម (Fordham University) ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក បានសន្និដ្ឋានថាការព្យាបាលផ្នែកសុខភាពផ្លូវចិត្តកំពុងប្រឈមនឹងកង្វះមូលនិធិយ៉ាងខ្លាំង ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងគោលដៅនៃការថែទាំសុខភាពរបស់រដ្ឋាភិបាល។
នៅក្នុងការសិក្សាដ៏ទូលំទូលាយមួយស្តីពីការថែទាំសុខភាពផ្លូវចិត្តក្នុងប្រទេសកម្ពុជាក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលឡេតណឺសម្រាប់ច្បាប់និងយុត្តិធម៌អន្តរជាតិ (Leitner Center for International Law and Justice) មកពីសាកលវិទ្យាល័យ ហ្វដហ៊ែម បញ្ជាក់ថា ប្រព័ន្ធថែទាំសុខភាពផ្លូវចិត្ដ កំពុងតែពុះពារឆ្លងការលំបាក ដើម្បីព្យាបាលអ្នកជំងឺ ជា ធម្មតាត្រូវបានសង្គមរើសអើង និងមិនយកចិត្តទុកដាក់។
របាយការណ៍នេះលើកឡើងថា “ បញ្ហាសុខភាពផ្លូវចិត្តអាចជះផលប៉ះពាល់ធំធេងមកលើការអនុវត្តឲ្យបានតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់កម្ពុជា រួមទាំង ជួយកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយអត្រាមរណៈរបស់កុមារ និងការធ្វើឲ្យប្រសើរឡើងនូវសុខភាពផ្លូវចិត្ត និងកត្តាផ្សេងៗទៀតផងដែរ។លើសពីនេះទៅទៀត ការមិនដោះស្រាយឲ្យបានសមស្របតាមសេចក្តីត្រូវការផ្នែកសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា អាចធ្វើឲ្យមានផលប៉ះពាល់មកលើសុខភាពទូទៅរបស់ប្រជាជនទាំងអស់”។
ការធ្វើឲ្យបញ្ហានេះ កាន់តែធ្ងន់ឡើងនោះនៅត្រង់ថា ប្រជាជនកម្ពុជា អាចប្រឈមនឹងហានិភ័យខ្ពស់ពីការកើតជំងឺផ្លូវចិត្ត ដោយសារតែកត្តាហានិភ័យមួយចំនួន រួមមានការភ័យតក់ស្លុត អំឡុងសម័យខ្មែរក្រហម ព្រមទាំងភាពក្រីក្រនាសម័យបច្ចុប្បន្ន និងការកើនឡើងនូវអំពើហិង្សាមកលើស្ត្រីភេទផងដែរ។
យោងតាមមន្ត្រីសុខាភិបាលកម្ពុជា មួយរូប ដែលត្រូវបានដកស្រង់សម្តីនៅក្នុងរបាយការណ៍នេះបានឲ្យដឹងថា ក្នុងចំណោមថវិកាសរុបចំនួន១៥០លានដុល្លារសម្រាប់វិស័យថែទាំសុខភាព មានតែ៣០.០០០ដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដែលត្រូវបានលៃទុកសម្រាប់កម្មវិធីថែទាំផ្នែកសុខភាពផ្លូវចិត្ត។ របាយការណ៍នេះធ្វើឡើងតាមរយៈការសិក្សាស្រាវជ្រាវពេញមួយឆ្នាំ និងការធ្វើសម្ភាសជាមួយវេជ្ជបណ្ឌិត អ្នកជំងឺ អ្នកជំនាញសុខាភិបាល និងមន្ត្រីជាង១៥០នាក់។
កត្តាទាំងអស់នេះធ្វើឲ្យប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ។ ថវិកាដ៏តិចតួច ដែលលៃទុកសម្រាប់ការថែទាំសុខភាពផ្លូវចិត្តនេះ ធ្វើឲ្យក្រុមវេជ្ជបណ្ឌិតជួបការលំបាកខ្លាំង ដោយសារតែចំនួនអ្នកជំងឺ ដែលពួកគាត់ត្រូវព្យាបាល រួមផ្សំនឹងការព្យាបាលហួសសម័យផង ហើយមន្ទីរពេទ្យជាញឹកញាប់បានប្រែក្លាយជាកន្លែងសម្រាប់ឃុំឃាំងអ្នកជំងឺផ្លូវចិត្តទៅវិញ។
មានផ្នែកព្យាបាលអ្នកជំងឺផ្លូវចិត្តរយៈពេលខ្លីតែពីរប៉ុណ្ណោះ គឺមានន័យថា ប្រទេសនេះមានគ្រែចំនួន១៤តែប៉ុណ្ណោះ ដែលជាចំនួនតិចបំផុតនៅក្នុងតំបន់សម្រាប់ឲ្យអ្នកមានជំងឺផ្លូវចិត្តបានសម្រាកព្យាបាល។
ហើយនៅក្នុងប្រទេសមួយ ដែលមានប្រជាជនសរុបជិត១៥លាននាក់ មានវេជ្ជបណ្ឌិតឯកទេសខាងព្យាបាលជំងឺផ្លូវចិត្តតែប្រហែល៤០នាក់ និងគិលានុបដ្ឋាកថែទាំអ្នកជំងឺផ្លូវចិត្តប្រហែល៤០នាក់ដែរប៉ុណ្ណោះ។
នៅក្នុងការធ្វើសម្ភាសន៍មួយទៅមួយ ក្រុមអ្នកជំនាញខាងសុខភាពផ្លូវចិត្តបញ្ជាក់ថា អ្នកជំងឺផ្លូវចិត្តចំនួនមានច្រើនលើសលប់ពេក។ ពេទ្យធ្វើការនៅតាមមន្ទីរពេទ្យរដ្ឋបានរាយការណ៍ថា ពួកគាត់តែងតែជួបអ្នកជំងឺពី៣០នាក់ទៅ៤០នាក់ក្នុងមួយថ្ងៃ។
របាយការណ៍នេះបញ្ជាក់ថា “ អំឡុងពេលក្រុមអ្នកសរសេររបាយការណ៍នេះចុះទៅពិនិត្យមើលស្ថានភាព តាមផ្នែកព្យាបាលជំងឺផ្លូវចិត្តក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដែលជាកន្លែងមានទទួលព្យាបាលអ្នកមានជំងឺផ្លូវចិត្តធំជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា ពេលនោះមានអ្នកជំងឺរាប់រយនាក់កំពុងរង់ចាំទទួលការព្យាបាល”។
នៅទីបំផុត បន្ទុកនៃការព្យាបាលត្រូវធ្លាក់ទៅលើអ្នកជំងឺខ្លួនឯង ដែលជាញឹកញាប់មិនត្រូវបានជូនដំណឹងអំពីការធ្វើរោគវិនិច្ឆ័យរបស់ខ្លួន ឬក៏ថ្នាំដែលខ្លួនទទួលបានឡើយ។ ចំណែកថ្នាំពេទ្យតែងតែខ្វះខាតជាញឹកញាប់ ហើយក្រុមវេជ្ជបណ្ឌិតទំនងជាចេញវេជ្ជបញ្ជាឲ្យអ្នកជំងឺទិញថ្នាំចាស់ៗ សម្រាប់យកមកព្យាបាលជំងឺផ្លូវចិត្ត ទោះបីជាវាមិនសូវមានប្រសិទ្ធភាពក៏ដោយ ពីព្រោះមានតម្លៃថោក។
របាយការណ៍នេះបានបន្តថា “ ការខ្វះខាតធនធាន សេវាព្យាបាលសុខភាពផ្លូវចិត្តក្នុងប្រទេសកម្ពុជា នៅមានទំហំតិចតួចខ្លាំងណាស់បើធៀបទៅនឹងសេចក្តីត្រូវការផ្នែកថែទាំសុខភាពផ្លូវចិត្តរបស់ប្រជាជនទូទៅ ដែលនៅមិនទាន់បានដោះស្រាយនៅឡើយ។ ប្រទេសកម្ពុជាមិនទាន់បានបំពេញកាតព្វកិច្ច ក្នុងការថែទាំសុខភាពផ្លូវចិត្ត ទោះបីជាចាត់ទុកថា បានធ្វើខ្លះដែរ ដោយសារ ធនធានមានកម្រិតរបស់ខ្លួនក្តី”។ ផលប៉ះពាល់ដោយសារខ្វះធនធាននេះ ទីបំផុតនឹងបង្កឲ្យមានផលប៉ះពាល់មកលើផលិតភាពសេដ្ឋកិច្ច។
របាយការណ៍នេះបន្តថា “ អ្នកដែលត្រូវគេធ្វើសម្ភាស បានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវរាំងស្ទះដោយសារបញ្ហាសុខភាពផ្លូវចិត្ត របស់ប្រជាជនទូទៅ។អ្នកជំនាញខាងសុខភាពផ្លូវចិត្តមួយរូបបាននិយាយថា វាជាការពិតជាពិសេសនៅតាមភូមិនៅជនបទ គឺគ្មានការរីកចម្រើនទេដោយសារតែការបាក់ទឹកចិត្ត”។
នៅពេលអ្នកសិក្សាស្រាវជ្រាវទាំងនេះ កោតសរសើរ ចំពោះតាក់តែងច្បាប់ និងគោលនយោបាយ ឲ្យបានទូលំទូលាយនោះ ពួកគេជំរុញឲ្យមានការប្តេជ្ញាចិត្តបន្ថែមទៀត ដើម្បីជួយដល់វិស័យថែទាំសុខភាពផ្លូវចិត្ត តាមរយៈការផ្តល់អនុសាសន៍ដល់រដ្ឋាភិបាល និងម្ចាស់ជំនួយនានាឲ្យចាត់ទុកវិស័យនេះ ជាវិស័យអាទិភាព ហើយត្រូវបង្កើនការផ្តល់មូលនិធិ និងបង្កើនសេវាព្យាបាលឲ្យទៅដល់តំបន់ជនបទ។
អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា រាល់ការចំណាយប្រាក់មួយដុល្លារដើម្បីថែទាំសុខភាពផ្លូវចិត្ត អាចទទួលបានមកវិញចន្លោះពីប្រាំមួយដុល្លារ ទៅប្រាំពីរដុល្លារ តាមរយៈការស្តារផលិតភាព។
លោក សុថារ៉ា មុនី វេជ្ជបណ្ឌិតឯកទេសព្យាបាលជំងឺផ្លូវចិត្ត និងជាអ្នកប្រឹក្សាយោបល់ផ្នែកបច្ចេកទេស ប្រចាំអង្គការចិត្តសង្គម អន្តរវប្បធម៌ ជាអង្គការក្រៅរដ្ឋាភិបាលសម្រាប់ព្យាបាលជំងឺផ្លូវចិត្ត មានប្រសាសន៍ថា“ សេវាព្យាបាលសុខភាពផ្លូវចិត្តត្រូវបានបង្កើតឡើងរួចហើយ ទោះបីជាវាមិនទាន់ទូលំទូលាយមែនទែនក្តី។ វាត្រូវបានចាត់បញ្ចូលជាប្រព័ន្ធ សុខាភិបាលថ្នាក់ជាតិ។ តាមមន្ទីរពេទ្យបង្អែកខេត្តភាគច្រើន មានផ្នែកព្យាបាលជំងឺផ្លូវចិត្ត ប៉ុន្តែត្រង់ថា តើវាធំ ឬក៏តូចនោះ អាស្រ័យលើទីកន្លែងជាក់ស្តែង”។