នៅខណៈពេលដែលមានរបាយការណ៍នៃការចាប់រំលោភកុមារក្មេងៗ ចំនួនពីរករណីបានកើតឡើងកាលពីចុងសប្តាហ៍មុននោះមក សាកលវិទ្យាល័យភូមិន្ទភ្នំពេញមានគម្រោងចាប់ផ្តើមសិក្សាស្រាវជ្រាវរកមូលហេតុទាក់ទងនឹងចិត្តសាស្រ្ត និងសង្គមសាស្ត្រដែលនាំឲ្យមានអំពើរំលោភផ្លូវភេទអនីតិជននៅក្នុងប្រទេសកម្ពុជា។
អ្នកចិត្តសាស្ត្រលើកឡើងថា ការសិក្សាអំពីបញ្ហានេះគឺជាមធ្យោបាយមួយយ៉ាងសំខាន់ ដើម្បីស្វែងយល់ពីវិធីសាស្រ្តក្នុងការការពារឧក្រិដ្ឋផ្លូវភេទមកលើកុមារដែលកំពុងតែបន្តកើនឡើងក្នុងប្រទេសកម្ពុជា។
លោកសំវីឡុងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជាក់ថាកុមារីអាយុ៤ឆ្នាំម្នាក់ ត្រូវបានបុរសអាយុ៦៧ឆ្នាំម្នាក់ ចាប់រំលោភនៅពេលនាងកំពុងលេងជាមួយកូនស្រីរបស់ខ្លួន កាលពីថ្ងៃអាទិត្យ នៅក្នុងស្រុកបវេល។
លោកវីឡុងបានបន្តថា បុរសចំណាស់នេះត្រូវបានសាលាដំបូងខេត្តបាត់ដំបង ចោទប្រកាន់កាលពីម្សិលមិញ ពីបទរំលោភកុមារហើយបច្ចុប្បន្ននេះកំពុងត្រូវឃុំខ្លួនបណ្តោះអាសន្ន។
លោកបានបន្ថែមថា “យើងកំពុងព្យាយាមបង្កើនការយល់ដឹងអំពីអំពើរំលោភផ្លូវភេទកុមារ និងការការពារកុមារ ប៉ុន្តែករណីទាំងនេះនៅតែកើតមានឡើងដដែល។ លោក គឹម សារ៉េត អធិការនគរបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថា កាលពីថ្ងៃសៅរ៍មានកុមារីម្នាក់អាយុ៣ឆ្នាំម្នាក់ ត្រូវបានឪពុកមារបស់នាង អាយុ១៨ឆ្នាំចាប់រំលោភ ពេលឲ្យមើលថែទាំនាង ខណៈម្តាយរបស់នាងកំពុងតែដាំស្លនៅក្នុងផ្ទះ។លោកបានបន្ថែមថា ជនសង្ស័យត្រូវបានចាប់ខ្លួន និងត្រូវបញ្ជូនទៅតុលាការក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យតុលាការចោទប្រកាន់។
លោកស្រីជួនចំរ៉ុង ប្រធានកម្មវិធីស្ត្រីនិងកុមារប្រចាំអង្គការអាដហុកបានថ្លែងថាទោះជាយ៉ាងណា ចំនួនបានរបាយការណ៍ទាក់ទងករណីការចាប់រំលោភលើអនិតិជន នៅទូទាំងប្រទេសបានធ្លាក់ចុះ៣២ភាគរយ ក្នុងអំឡុងពេលប្រាំពីរខែដំបូង នៃឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានករណីរំលោភកុមារចំនួន១១៦ករណី រវាងខែមករាដល់ខែកក្កដា។លោកស្រីបានលើកឡើងថាតួលេខទាំងនេះបានបង្ហាញតែករណីរំលោភដែលបានរាយការណ៍ និងបានស៊ើបអង្កេតរួចហើយប៉ុណ្ណោះ ហើយលោកស្រីនិយាយថា តួលេខពិតប្រាកដនៃករណីរំលោភផ្លូវភេទកុមារ គឺអាចខ្ពស់ជាងនេះទៅទៀត។
លោកស្រីមានប្រសាសន៍បន្តថា“មានការអនុវត្តន៍ច្បាប់បានល្អប្រសើរជាងមុនចាប់តាំងពីឆ្នាំមុនមក ប៉ុន្តែយើងពិតជាមិនដឹងថាហេតុអ្វីបានជាតួលេខនៃករណីចាប់រំលោភនៅតែកើនឡើងខ្ពស់ដដែល”។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អាចបកស្រាយបំភ្លឺអំពីបញ្ហានេះបាន ក្នុងពេលឆាប់ៗនេះ។
យោងតាមលោកស្រីសេកសុខុមប្រធានដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញឲ្យដឹងថា និស្សិតបានបញ្ចប់ការសិក្សាបួននាក់ មានគម្រោងសិក្សារកមូលហេតុដែលនាំឲ្យមានការរំលោភផ្លូវភេទកុមារ ឬរំលោភផ្លូវភេទអនីតិជន ហើយគម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំក្រោយនេះ។
លោកស្រីសុខុមមានប្រសាសន៍បន្តថា “ ជាងនោះទៅទៀត មិនទាន់មានការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រណាមួយ ដើម្បីរកមូលហេតុដែលនាំឲ្យមានការរំលោភផ្លូវភេទកុមារនេះទេ ដូច្នេះយើងមិនទាន់អាចផ្តល់ហេតុផលបញ្ជាក់ឲ្យបានច្បាស់បានឡើយ។មនុស្សម្នាក់ៗសន្និដ្ឋានរៀងៗខ្លួន ប៉ុន្តែសម្រាប់ យើងមិនទាន់អាចនិយាយបានថា វាបណ្តាលមកពីហេតុអ្វីនៅឡើយទេ ទាល់តែធ្វើការសិក្សាតាមបែបវិទ្យាសាស្ត្រចប់សិន”។លោកស្រីបានបន្ថែមទៀតថាមូលហេតុចម្បងៗ ដែលនាំឲ្យមានការរំលោភកុមារនេះ គឺបណ្តាលមកពីបញ្ហាផ្លូវចិត្ត ដែលបានលើកឡើង ដោយសារជំងឺផ្លូវចិត្តកើតឡើងនាពេលកន្លងមក ឬដោយសារអាម្មរណ៍រំជួលចិត្តពេក បញ្ហាចិត្តសាស្ត្រ ឬក៏ជាបញ្ហាបណ្តាលមកពីអំពើហិង្សាក្នុងគ្រួសារ។
មន្ត្រីនគរបាលនៅទូទាំងប្រទេសតែងតែត្រូវបានដកស្រង់សម្តីថា បញ្ហាចម្បងទាក់ទងនឹងការចាប់រំលោភកុមារនៅក្នុងប្រទេសនេះ គឺដោយសារកង្វះការយល់ដឹងរបស់ឪពុកម្តាយក្មេងៗទាំងនោះដែលបណ្តាលឲ្យជនល្មើសឆក់ឱកាសបាន និងអាចបណ្តាលមកពីរូបភាពអាសអាភាស។ដើម្បីរកឲ្យឃើញមូលហេតុច្បាស់លាស់ថែមទៀត អំពីការរំលោភផ្លូវភេទកុមារនោះ អ្នកស្រាវជ្រាវមានគម្រោងធ្វើសម្ភាសជាមួយជនរងគ្រោះនិងជនល្មើសនៅក្នុងពន្ធនាគារ៕
ប្រែសម្រួលដោយឃិនណៃ