32 C
Phnom Penh

សហ​ស្ថាបនិក​គេហ​ទំព័រ​ ផាយរ៉េត​​​ បេ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រាជធានី​​​​ ភ្នំពេញ​ តាម​​​សំណើស៊ុយអែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​មាន​សំណើ​ពី​រដ្ឋាភិបាល​ប្រទេស​ស៊ុយអែតនគរបាល​កម្ពុជា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​​បាន​ចាប់​ខ្លួន​លោក​ ហ្គតហ្វ្រីតស្វាតហូមវ៉ាក (Gottfrid Svartholm Warg) ​​ជន​ជាតិ​ស៊ុយអែត​ សហ​ស្ថាបនិក​នៃ​គេហទំព័រ​ចែក​រំលែក​ឯក​​​សារ​​​​ផ្សេងៗ​ដ៏​មាន​ប្រជា​ប្រិយភាពគឺគេហទំព័រ​ផាយរ៉េតបេ (Pirate Bay)​ ដែលបានរស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ចៀស​វាង​ពី​ការ​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ពីបទ​លួច​ចម្លង​​តាម​​អីុន​ធើ​​ណិត។

នៅ​ពេល​ប្រទេស​កម្ពុជានិង​ប្រទេស​ស៊ុយអែតមិន​មាន​​ស​ន្ធិសញ្ញា​ធ្វើ​បត្យាប័ន​នគរបាល​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថាពួក​គេ​កំពុង​តែ​រង់​ចាំ​ឯក​សារ​តុលាការ​ពី​ប្រទេស​ស៊ុយអែតហើយ​បន្ទាប់​មក​នឹង​ពិចារណា​ថាតើ​នឹង​ចាត់​វិធាន​ការ​យ៉ាង​ណា​​ចំពោះ​លោក​ ស្វាតហូមវ៉ាតអាយុ​២៧​ឆ្នាំ​ដែល​កំពុង​តែ​ឃុំ​ខ្លួន​នៅ​ក្រសួង​មហាផ្ទៃ​។

លោក​ គៀតច័ន្ទថារិទ្ធអ្នក​នាំ​ពាក្យ​នគរ​​​បាល​​​​ជាតិ ​មាន​ប្រសាសន៍​ថា“យើង​ធ្វើ​តាម​សំណើពី​រដ្ឋាភិបាល​ស៊ុយអែត​។ខ្ញុំ​គិត​ថាគាត់​បាន​ប្រព្រឹត្ត​បទ​​ល្មើស​តាម​អីុនធើ​​​ណិតក្នុង​ប្រទេស​ស៊ុយអែត​ ហើយ​បន្ទាប់​មក​មាន​ដីកា​​តាម​ចាប់​ខ្លួន​ពី​រដ្ឋាភិបាល​ស៊ុយអែត​”។

លោក​ ច័ន្ទថារិទ្ធ ​មាន​ប្រសាសន៍​បន្ថែម​​​ទៀត​​​​ថា“​ជន​នេះ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្រសួង​មហាផ្ទៃ​។ឥឡូវ​យើង​កំពុង​រង់​ចាំ​រដ្ឋាភិបាល​ស៊ុយអែត​ បញ្ជូន​ឯកសារ​ទាំង​អស់​មក​កាន់​ភាគី​កម្ពុជា​ ហើយ​យើង​នឹង​ពិចារណា​អំពី​នីតិវិធី​ និង​ធ្វើ​យ៉ាង​ណា​​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​អន្ដ​រជាតិនិង​ច្បាប់​កម្ពុជា”។

កាល​ពី​ឆ្នាំ​២០០៩លោកស្វាតហូមវ៉ាកនិង​សហស្ថាបនិក​គេហទំព័រផាយរ៉េតបេចំនួន​បី​នាក់​ទៀត​​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនា​​​គារ​​​​រយៈ​ពេល​មួយ​ឆ្នាំនិង​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ជិត​ប្រាំពីរ​លាន​ដុល្លារ​ ពី​បទ​លួច​​កម្មសិទ្ធិ​បញ្ញា​​​។គេហទំព័រ​ ផាយរ៉េតបេអនុញ្ញាត​ឲ្យ​អ្នក​ប្រើ​​​ប្រាស់​ទាំង​ឡាយ​ទាញ​យក​តន្ត្រីហ្គេម​កុំព្យូរទ័រ និង​វីដេអូផ្សេង​ៗ​ដោយ​សេរី​។

លោកស្វាតហូមវ៉ាកលោកហ្វ្រេឌ្រីកណេក (Fredrik Neij) លោកភិតធើសាន់ដេ (Peter Sunde) និង​លោកខាលឡុនស្ទ្រឹម (Carl Lundstroem) បាន​បង្កើត​​គេហទំព័រ​នេះ​ក្នុង​ឆ្នាំ​២០០៣។ នៅ​ពេល​បើកសវនាការពួក​គេ​បាន​លើក​ឡើង​ថា ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ឡើយ​។ កាល​ពី​ឆ្នាំ​២០១០​ ទោស​​របស់​​បុរស​បី​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​កាត់​បន្ថយ​ ប៉ុន្ដែ ដោយ​សារ​លោក​ ស្វាតហូមវ៉ាក​ បាន​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជាមិន​បាន​ចូល​រួម​ការ​បើក​សវនាការ​នៅ​សាលាឧទ្ធរណ៍​នោះ​ ទោស​របស់​​លោក​ត្រូវ​បាន​តម្កល់។លោក​ ស្វាតហូមវ៉ាកត្រូវ​ចាប់​ផ្ដើម​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​​​​ កាល​ពី​ខែ​មករា។

ការបដិសេធ​​នៅ​លើ​គេហទំព័រ​ ផាយ​រ៉េតបេកាល​ពី​ម្សិលមិញ​ បាន​លើក​ឡើង​ថា “ ​ឯកសារ​ទាំង​អស់​មាន​តែ​នៅ​ក្នុង​គេហទំព័រ ថូរិន (Torrent) ដែល​ជា​គេហទំព័រ ទាញ​យក​ឯកសារ​ផ្សេង​ៗ​ តែ​ប៉ុណ្ណោះ ។ នេះ​មាន​ន័យ​ថាយើង​មិន​បាន​រក្សា​ទុក​ឯកសារ​ខុស​ច្បាប់​ និង​ឯកសារ​កម្មសិទ្ធិ​បញ្ញា​ឡើយ។ ហេតុ​​​​ដូច្នេះ​ហើយ​មិន​អាច​ចាប់​ខ្លួន​នរណា​ដែល​នៅ​ពី​ក្រោយ​គេហទំព័រ​ ផាយរ៉េត បេ ឲ្យ​ទទួល​ខុស​ត្រូវ​រាល់​ឯកសារ​ ដែល​កំពុង​ត្រូវ​បាន​​​ផ្សព្វ​ផ្សាយ​​​តាម​រយៈ​គេហទំព័រ​នេះ​ឡើយ​​​”។

លោកភិតធើហូហ្គែន (Peter Hogan) ម្ចាស់​គេហទំព័រ​ក្នុង​ស្រុក​ដ៏​មាន​ប្រជា​ប្រិយ​​​ភាព​ គឺ​គេហទំព័រ​ Khmer440 ដែល​បាន​ផ្សាយ​ដំបូង​អំពី​រឿង​រ៉ាវ​នៃ​ការ​ចាប់​ខ្លួន​លោកស្វាត​ហូម វ៉ាកបាន​ចាត់​ទុក​​លោកស្វាត​ហូមវ៉ាក ជា​ជន​ដែល​​​​មិន​សូវ​ឃើញ​មុខ និង​មិន​ដែល​សេពគប់​នរណា​សោះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​​។

លោក​ ហូហ្គែនក៏​បាន​​ផ្សព្វ​ផ្សាយ​អីុម៉េលដែល​គាត់​បាន​ចែក​គ្នាមើល​ជា​មួយ​លោកសាន់​ដេនៅ​ក្នុង​ប្រទេ​ស​ស៊ុយអែតដែល​នៅ​ក្នុង​នោះអ្នក​ជំនាញ​កុំ​ព្យូទ័រ​រូប​​នេះ​បាន​សម្តែង​កង្វល់​អំពី​សុខភាព​របស់ លោកស្វាតហូម និង​បាន​រៀប​រាប់​ពី​ការ​រស់នៅ​របស់​មិត្ត​ភក្តិគាត់​នៅ​ក្នុង​ប្រទេសកម្ពុជា​ បន្ទាប់​ពី​ក្រុមហ៊ុន​កុំព្យូទ័រ​មួយ​ដែល​គាត់​បាន​ធ្វើ​ការ​ឲ្យ​នោះ​​បាន​បិទ​ទ្វារ។

លោកសាន់ដេសរសេរ​ជា​លាយ​​​លក្ខណ៍​​​​អក្សរ​ថា“លោក​មាន​អតិថិជន(​ដែល​ត្រូវ​ការ​​​​ឲ្យ​លោក​ផ្ដល់​ប្រឹក្សា​) នៅ​ក្នុង​ប្រទេស​ស៊ុយអែត​។ហើយ​នៅ​តំបន់​ ស្កេនឌីណាវៀ (Scandinavia)​ ថ្វី​បើ​ធ្វើ​ការ​ពាក់​ព័ន្ធ​ជាមួយ​នឹង​កិច្ច​ការ​សង្គមក្តី​​ ក៏​លោក​ត្រូវ​តែ​ចំណាយ​ជាង​៧៥០​ដុល្លារ​ ដើម្បី​ជួល​ផ្ទះ​ ហេតុ​ដូច្នេះ​ហើយ​​​​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ គឺ​វាងាយ​ស្រួល​ ឬក៏​ប្រសើរ​ជាង​នៅ​ស្កេនឌីណាវៀ”។

យោង​តាម​សេចក្តី​រាយការណ៍​តាម​សារ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថាលោកហ្វេឌ្រីកណេកសហ​ស្ថាបនិក​គេហទំព័រ ផាយរ៉េតបេមួយ​រូប​ផ្សេង​ទៀត​ ដែល​ឥឡូវ​រស់​នៅ​ក្នុង​ប្រទេស​​​​ឡាវក៏​បាន​លើក​ឡើង​អំពី​បញ្ហា​នេះ​ដែរ​កាលពី​ពេល​ថ្មីៗ​នេះ​ នៅ​ពេល​លោកនិង​​​ប្រពន្ធ​​ជន​ជាតិ​ថៃ​របស់​លោក​ត្រូវ​ទៅ​ប្រទេស​​​​ថៃ​ កាល​ពី​ខែ​មុន​ ដើម្បី​ពិនិត្យ​សុខភាព​ ប៉ុន្ដែ​​​ស្ថានទូត​ស៊ុយអែតប្រចាំ​ទីក្រុង​បាងកក​បាន​ដក​ហូត​លិខិត​ឆ្លង​ដែន​របស់​លោក។

ការ​ចាប់​ខ្លួន​លោក​ ស្វាតហូម វ៉ាក ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​តែ​មួយ ​ពេល​ដែល​លោករ៉ុនឃើក (Ron kirk) តំណាង​ពាណិជ្ជ​កម្ម​​កំពូល​របស់​ទីក្រុង​វ៉ាស៊ីន​តោនបាន​មក​ចូល​រួម​កិច្ច​ប្រជុំ​មួយ​នៅ​​ក្រុង​​សៀមរាបជាមួយ​នឹង​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន។សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​ជាយូរ​មក​ហើយ​ដើម្បី​ធ្វើ​ឲ្យ​ទ្វីប​អឺរ៉ុប​​គាំទ្រ​​ខ្លួន​ នៅ​ពេល​ខ្លួន​ចាត់​វិធាន​ការ​​តឹងរឹុង​បន្ថែម​ទៀត​ ប្រឆាំង​ការ​លួច​កម្មសិទ្ធិ​បញ្ញាប៉ុន្ដែ​ កាល​ពី​ខែ​កក្កដា​ សភា​អឺរ៉ុប​បាន​ច្រាន​ចោលសន្ធិសញ្ញា​នៃ​​ការ​ប្រឆាំង​នឹង​ការ​លួច​កម្មសិទ្ធិ​បញ្ញា​អន្ដរជាតិ​ដ៏​សំខាន់​មួយ​នេះ​។

សារទូរលេខ​ វីគីលីក​ ពី​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​ទី​ក្រុង​ស្ដុកខុម​ (Stockholm) បាន​លើក​ឡើង​ពី​ករណី​គេហទំព័រ​ ផាយរ៉េតបេជា​ច្រើន​លើក​ច្រើន​សា​ ហើយ​បាន​បង្ហាញ​​​ក្ដី​ព្រួយ​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​​អំពី​​ការ​រំលោភ​កម្មសិទ្ធិ​បញ្ញា​នៅ​ក្នុង​ប្រទេស​ស៊ុយអែតកាល​ពី​ពេល​នោះ។

សារទូរលេខ​នេះ​បាន​លើក​ឡើង​ថា “​សម្ពន្ធ​​កម្ម​សិទ្ធិ​បញ្ញា​​អន្ដរជាតិ​បាន​ធ្វើ​ការ​បញ្ជាក់​អំពី​​ការរីក​រាល​ដាល​នៃ​ការ​លួច​​កម្មសិទ្ធិ​បញ្ញា​តាម​អីុន​ធើណិតនិង​ការ​លំបាក​នៅ​ក្នុង​ការ​អនុវត្ត​ឲ្យបានជោគជ័យ​ប្រឆាំង​នឹង​បញ្ហា​​នៃ​ការ​​លួច​កម្មសិទ្ធិ​បញ្ញាដែល​ជា​បទ​ឧក្រិដ្ឋ​​​ក្នុង​ប្រទេស​ស៊ុយអែត”​។

សារទូរលេខ​នេះ​បាន​បន្ដ​ថា“ ​បន្ទាប់​ពីការ​បង្ក្រាប​​គេហទំព័រ​ ផាយរ៉េតបេកាល​ពី​ថ្ងៃ​ទី​៣១​ ខែ​ឧសភាឆ្នាំ​២០០៦បញ្ហា​នៃ​ការ​លួច​កម្មសិទ្ធិ​បញ្ញា​តាម​អីុន​ធើ​ណិតត្រូវ​បាន​គេ​​ពិភាក្សា​​យ៉ាង​ក្ដៅ​គគុក​នៅ​ក្នុង​ប្រទេស​ស៊ុយ​អែត… ការ​បង្ក្រាប​​គេហទំព័រផាយរ៉េតបេត្រូវ​បាន​​ចាត់ទុក​​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថាជារដ្ឋាភិបាល​ប្រទេស​ស៊ុយអែតដែល​ស្ថិត​ក្រោម​សម្ពាធ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក… ស្ថាន​ភាព​នេះ​នឹង​​ធ្វើ​ឲ្យ​មានការ​​​​លំបាកប្រសិនបើ​មិនមាន​ឥទ្ធិពល​ត្រលប់សម្រាប់​​ស្ថាន​ទូត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​​​នេះ។​ ស្ថានទូត​នេះ​​ធ្វើ​ការ​យ៉ាង​សម្ងាត់​បាន​ល្អ​ជាមួយ​នឹង​អ្នក​ជាប់​​ពាក់​ព័ន្ធ​​ទាំងអស់​​”។ ស្ថានទូត​ស៊ុយអែត​ប្រចាំ​រាជធានី​ភ្នំពេញ​ មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ចំពោះ​សំណើសុំ​អត្ថាធិប្បាយឡើយ៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស