ចាប់តាំងពីឆ្នាំ២០០៩មក អង្គការសិទ្ធិមនុស្សអាដហុកទទួលបានពាក្យបណ្ដឹងចំនួន៦២៣ករណី ពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែ មានពាក្យបណ្ដឹងតែជាង១០ភាគរយប៉ុណ្ណោះបានបញ្ជូនទៅតុលាការ។
អង្គការសិទ្ធិមនុស្សអាដហុកបានលើកឡើងថា ជម្លោះដីធ្លីទាំងនេះបង្ហាញថា ប្រជាពលរដ្ឋធម្មតាមិនមានជំនឿលើប្រព័ន្ធតុលាការទេ ដោយកត់សម្គាល់ថា ក្នុងចំណោមពាក្យបណ្ដឹងទាំង៦៩ករណី ដែលបានបញ្ជូនទៅតុលាការ មិនដែលមានករណីណាមួយត្រូវបានយកមកជំុនំជម្រះទេ។
លោក នី ចរិយា ប្រធានផ្នែកសើុបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា“ តុលាការមិនដែលដោះស្រាយពាក្យបណ្ដឹងរដ្ឋប្បវេណី ដែលសហគមន៍ក្រីក្របានប្តឹងទៅតុលាការនោះទេ”។
លោក ចរិយា បានបន្ថែមថា “ រាល់ពេលដែលអ្នកភូមិធ្វើពាក្យបណ្តឹងរដ្ឋប្បវេណី ឬព្រហ្មទណ្ឌនោះ តុលាការតែងតែធ្វើមិនដឹងមិនឮ ប៉ុន្ដែ ពេលក្រុមហ៊ុនធ្វើពាក្យបណ្តឹងព្រហ្មទណ្ឌវិញ តុលាការចាត់វិធានការយ៉ាងលឿនចំពោះអ្នកភូមិ”។ ឧទាហរណ៍ ក្នុងឆ្នាំ២០០៧ អ្នកភូមិជនជាតិភាគតិចមួយក្រុមនៅក្នុងខេត្តរតនគិរី បានធ្វើពាក្យបណ្តឹងរដ្ឋប្បវេណី និងព្រហ្មទណ្ឌប្តឹងក្រុមហ៊ុនមួយដែលពួកគាត់អះអាងថា បានរំលោភយកដីដូនតារបស់ពួកគាត់ទំហំ៤៥០ហិកតា។
ប្រាំមួយឆ្នាំក្រោយមក ក្រុមហ៊ុននៅតែយកដីរបស់ពួកគាត់ដដែល ចំណែកពាក្យបណ្ដឹងរបស់សហគមន៍ចារ៉ាយនេះ ត្រូវបានកប់ចោលនៅតុលាការ។
បណ្ដឹងរបស់សហគមន៍ចារ៉ាយនេះកើតចេញពីជម្លោះមួយរវាងក្រុមហ៊ុនចម្ការកៅស៊ូ របស់លោកស្រី គាត កុលណី ប្អូនស្រីរបស់លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។ អ្នកស្រី កុលណី គឺជាភរិយារបស់លោក ច័ន្ទសាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី។
អ្នកភូមិឈ្មោះ សេវ ថ្វិល តំណាងប្រជាពលរដ្ឋនៅភូមិ គង់យុ ស្រុកអូរយ៉ាដាវ ខេត្តតរនគិរី បានឲ្យដឹងថា “ មកទល់ពេលនេះមានរយៈពេលជិតប្រាំមួយឆ្នាំហើយ ប៉ុន្ដែតុលាការនៅមិនទាន់សម្រេចថា តើត្រូវដោះស្រាយសំណុំរឿងនេះ ឬមិនដោះស្រាយនោះទេ។ យើងពិតជាធុញទ្រាន់នឹងប្រព័ន្ធតុលាការណាស់ ព្រោះពួកគេមិនធ្វើការបម្រើអ្នកក្រដូចជាយើងនេះទេ”។
ប៉ុន្ដែ ទោះជាយ៉ាងណា តុលាការមានប្រតិកម្មលឿនជាង នៅពេលលោកស្រី កុលណី ប្ដឹងបកវិញ កាលពីឆ្នាំ២០១០។លោកស្រី កុលណី បានប្ដឹងជនជាតិចារ៉ាយប្រាំមួយនាក់ពីបទបរិហារកេរ្តិ៍ ហើយអ្នកភូមិទាំងនោះត្រូវបានលោក អេង ចំណាប់ ចៅក្រមស៊ើបសួរ សាកសួរកាលពីដើមឆ្នាំនេះ។រឿងក្តីនេះនៅតែបន្ដ។
លោកលូ សូ៊សម្បត្តិ ប្រធានសាលាដំបូងខេត្តរតនគិរី ទទួលស្គាល់កាលពីថ្ងៃព្រហស្បតិ៍ថា ពាក្យបណ្ដឹងពាក់ព័ន្ធនឹងមន្ត្រីមានអំណាច ឬពាក់ព័ន្ធសាច់ញាតិឥស្សរជនយោបាយអាចធ្វើឲ្យតុលាការរួញរាមិនហ៊ានចាត់ការ។
លោកចៅក្រម លូ សូ៊សម្បត្តិ បានមានប្រសាសន៍ថា“ មានចៅក្រមទាំងអស់ប្រាំមួយរូបធ្វើការនៅទីនេះ ប៉ុន្ដែ ពួកគេទាំងអស់មិនហ៊ានដោះស្រាយរឿងក្តីដ៏ចម្រូងចម្រាសនេះទេ”។
លោកបានមានប្រសាសន៍ថា “ រឿងក្តីនេះស្មុគស្មាញខ្លាំងពេក”។ លោកបានផ្តល់យោបល់ថា អ្នកភូមិអាចរកជំនួយពីក្រសួងយុត្តិធម៌ឲ្យជួយរកដំណោះស្រាយ។
លោកចៅក្រម លូ សូ៊សម្បត្តិ បានមានប្រសាសន៍ថា ក្រៅពីរឿងក្តីរបស់អ្នកភូមិចារ៉ាយ “ តុលាការចាត់ការគ្រប់ពាក្យបណ្ដឹងរដ្ឋប្បវេណី និងព្រហ្មទណ្ឌទាំងអស់ ដោយមិនគិតថា ដើមបណ្ដឹងជាអ្នកមានឬអ្នកក្រនោះទេ”។
លោក ចរិយា មកពីអង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា ឧទាហរណ៍មួយផ្សេងទៀតដែលប្រព័ន្ធតុលាការគាំទ្រអ្នកមាននិងអ្នកមានអំណាចនោះ គឺការផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ចំពោះលោក ស៊ុម ចាន់គា សកម្មជនការពារសិទ្ធិមនុស្សរបស់អង្គការអាដហុក និងអ្នកភូមិពីរនាក់ផ្សេងទៀត នៅក្នុងរឿងក្តីមួយដែលលោកស្រី ជា ខេង ភរិយា របស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពលបានប្តឹងពួកគាត់កាលពីឆ្នាំ២០០៩។ សកម្មជនការពារសិទ្ធិមនុស្ស និងអ្នកភូមិទាំងនេះត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំងរកឃើញពិរុទ្ធភាព និងពិន័យជាប្រាក់។
ទោះជាយ៉ាងណា ពាក្យបណ្ដឹង ដែលអ្នកភូមិបានប្ដឹងពីដំបូងចំពោះការបាត់បង់ដីរបស់ពួកគាត់នោះ តុលាការមិនដែលលើកយកមកជំុនំជម្រះទេ។ ជម្លោះដីធ្លីនេះបានចាប់ផ្ដើមក្នុងឆ្នាំ២០០៧ នៅពេលដែលអ្នកភូមិធ្វើពាក្យបណ្តឹងទៅសាលាដំបូងខេត្តប្តឹងក្រុមហ៊ុនអភិវឌ្ឍន៍ ខេឌីស៊ី របស់លោកស្រី ជាខេង ដែលពួកគេនិយាយថា រំលោភយកដីរបស់ខ្លួនតាំងពីឆ្នាំ១៩៩៧មក។
លោក ចរិយា បានមានប្រសាសន៍ថា “ វាខុសទាំងស្រុង បើគិតពីគោលការណ៍ច្បាប់”។ លោក យ៉េង វីរៈ នាយកប្រតិបត្តិមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា លោកមិនភ្ញាក់ផ្អើលចំពោះរឿងក្តីតិចតួច ដែលប្ដឹងមកតុលាការនោះទេ បើធៀបទៅនឹងចំនួនជម្លោះដីធ្លីដ៏ច្រើនបែបនេះ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំគិតថា នេះគឺដោយសារតែការខ្វះសេចក្ដីទុកចិត្តនិងដោយសារតែការគ្មានជំនឿលើប្រព័ន្ធតុលាការ។ប៉ុន្ដែ រឿងមួយទៀតនោះ គឺ លទ្ធភាពក្នុងការចំណាយប្រាក់ដើម្បីទទួលបានសេវាជំនួយផ្លូវច្បាប់”។
លោកបានបន្ថែមថា “មាននិយាមពីរព្រោះពាក្យបណ្ដឹងរបស់អ្នកក្រមិនត្រូវបានពិចារណា ឬត្រូវកប់ទុកយា៉ងយូរ ចំណែកឯពាក្យបណ្តឹងរបស់អ្នកមានអំណាចវិញពួកគេចាត់វិធានការយ៉ាងលឿន”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា