34 C
Phnom Penh

គម្រោង​ទំនប់​វារី​អគ្គិសនីចំនួន​ប្រាំ​មួយ​អាច​​បង្ក​គ្រោះ​មហន្តរាយ​ដល់​តំបន់នៅ​ភាគ​ឦសាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាមរបាយ​ការណ៍​មួយ​ចេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍មុនបាន​ឲ្យ​ដឹង​ថា ​​​គម្រោង​​សាង​សង់​ទំនប់​វារី​អគ្គិសនី​​​កាត់​ទន្លេ​​តូចៗ​ចំនួន​​បី​នៅ​ភូមិ​ភាគ​ឦសាននៃ​ប្រទេស​កម្ពុជា​​នឹង​​មាន​​​ផលប៉ះ​ពាល់​ផ្នែក​​សង្គម ​និង​បរិស្ថាន​ដល់​​តំបន់​​​នេះ​ និង​ប្រជា​ពលរដ្ឋ​ដែល​​រស់​នៅ​ទី​នោះ។

របាយការណ៍​​ដែល​​រៀប​រៀង​​ឡើង​ដោយ​​​អង្គការ​ទន្លេ​អន្តរជាតិ​​ និង​បណ្តាញ​ការ​ពារ​ទន្លេ​ទាំង​បី​​​ផ្តោត​លើ​ទំ​នប់​​វារី​អគ្គិសនី​ចំនួន​ប្រាំ​មួយ​ដែល​ គ្រោង​​សាង​សង់​​កាត់​​ទន្លេ​សេសាន ទន្លេ​សេកុង និង​ទន្លេ​ស្រែពក​​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ​និង​នៅ​ខេត្ត​រតនគីរី។

របាយ​ការណ៍​ដដែល​​នេះ​អះ​អាង​ថា ​​​មិន​មាន​ព័ត៌​មាន​គ្រប់​គ្រាន់​អំពី​​ផល​ប៉ះពាល់​យូរ​អង្វែង​​នៃ​ទំនប់​វារី​អគ្គិសនី​ទាំង​ប្រាំ​មួយ​នេះ​ទេហើយ​​ក្រុម​អ្នក​បរិស្ថាន​​ជឿថា​ ទំនប់​ទាំង​នេះ​មាន​ផល​ប៉ះ​ពាល់ធ្ងន់​ធ្ងរ​ដល់​ជល​ផល ​​​និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​​ ដែល​រស់​​នៅ​តាម​បណ្តោយ​ដង​ទន្លេ​ទាំង​បី​នេះ។

របាយការណ៍​​នេះ​​បង្ហាញ​ទៀត​ថា​ “ គ្រប់​ភាគី​ទាំង​អស់​រួម​ទាំង​សហគមន៍​ដែល​រង​ការ​ប៉ះ​ពាល់ អាជ្ញាធរ​មូលដ្ឋាន ​និង​អាជ្ញាធរ​ថា្នក់​ជាតិ​ ព្រមទាំង​​អ្នក​ធ្វើ​សេចក្តី​​សម្រេច​​អ្នក​អភិវឌ្ឍន៍​​ អ្នក​ផ្តល់​​ហិរញ្ញប្បទាន និង​​សង្គម​ស៊ីវិល​ផង​ដែរ​​ត្រូវ​តែ​​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​​​អំ​ពី​ផល​ប្រយោជ​ន៍និង​គ្រោះ​ថ្នាក់​នៃ​​ការ​អភិវឌ្ឍ​​នាពេល​បច្ចុប្បន្ន ​ហើយ​ចាត់​វិធាន​ការ​សម​ស្រប​​​កុំ​ឲ្យ​ហួស​ពេល​។​ការ​អភិវឌ្ឍ​​​ដើម្បី​​​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ទឹក​ពី​តំបន់​​នេះ​​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​មហន្ត​រាយ​​ដល់​​តំបន់​នេះ​​ និង​ប្រជា​ពលរដ្ឋ​នៅ​ទីនោះ​”។

ខណៈពេល​មាន​ព័ត៌មាន​ខ្លះ​​អំពី​​ផល​ប៉ះពាល់​​ដែល​អាច​កើត​មានឡើង​ពី​ទំនប់​វារី​អគ្គិសនី​ទន្លេ​សេសាន​ក្រោម​​​២​ដែល​មាន​កម្លាំង​៤០០​មេហ្គាវ៉ាត់​នៅ​ខេត្ត​ស្ទឹង​ត្រែង​នេះ​បច្ចុប្បន្ន​នេះ ​មិនទាន់​​មាន​ព័ត៌មាន​​ទាក់​ទង​​នឹង​គម្រោង​​ទំនប់​វារីអគ្គិសនី​​ផ្សេង​ទៀត​ដែល​បាន​​អនុញ្ញាតឲ្យ​សាង​សង់​​​​នៅតំបន់​​នេះទេ។

របាយ​ការណ៍​នោះ​បាន​ព្រមាន​​ពី​គ្រោះ​ថ្នាក់​​​ធំៗ​ពី​ការ​អភិវឌ្ឍ​បែប​​នេះ ​និង​បាន​​លើក​យក​​ទំនប់​វារី​អគ្គិសនី​ទឹក​ធ្លាក់​យ៉ាលី​នៅ​ប្រ​ទេស​វៀត​ណាម​​ធ្វើ​ជា​ឧទារហណ៍​​​។

​របាយការណ៍​នេះ​​ក៏បាន​លើក​ឡើង​ផង​ដែរ​ថា​ ទំនប់​វារី​អគ្គិសនី​ទឹក​ធ្លាក់​យ៉ាលី​​បាន​បណ្តាល​ឲ្យ​​ “ ផលត្រី​​ធ្លាក់​ចុះ ការ​​ផ្លាស់​ប្តូរ​​គុណភាព​ និង​បរិមាណ​នៃលរំហូរ​ទឹក ​​​និង​ការ​កើន​ឡើង​ទឹក​ជំនន់​​ដែល​មិន​អាច​ព្យាករ​បាន ​បាន​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​ព្រម​ទាំង​អាយុ​ជីវិត​មនុស្ស​​ផង​ដែរ​”។

លោក ចាន់​ ថុង​ តំណាង​អ្នក​ភូមិម្នាក់​នៅ​ឃុំ​ស្រែ​គរ​ ស្រុក​សេសានដែល​​ស្ថិត​​ក្នុង​​តំបន់​អាង​ស្តុកទឹក​ទន្លេ​សេសានក្រោម​​២​​បាន​និយាយ​​ថា ទំនប់​វារី​អគ្គិសនី​នេះ​​នឹង​គំរាម​កំហែង​ដល់​​ជីវភាព​រស់​នៅ​​របស់​ប្រជា​ពល​រដ្ឋ​។

លោក​បាន​បន្តថា “ ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ​នឹង​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ស្បៀង​អាហារ​របស់​យើង និង​ប៉ះពាល់​​​ដល់​ការងារ​របស់​អ្នក​ភូមិ​។ ទំនប់​នេះ​​នឹង​​ផ្លាស់​ទីលំនៅ​​យើង​​ ព្រម​ទាំង​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនៀម​ទម្លាប់​​​ប្រពៃ​ណី​របស់​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​៕ប្រែសម្រួល​ដោយឃិនណៃ​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស