បុរសជនជាតិបារាំង ប៉ាទ្រីក ហិនរី ដេវីល័រ (Patrick Henri Devillers) អាយុ៥២ឆ្នាំ ដែលបានចាកចេញពីប្រទេសកម្ពុជា កាលពីខែកក្កដាដើម្បីជួយស៊ើបអង្កេតករណីឃាតកម្មដ៏ធំមួយនៅក្នុងប្រទេសចិន ពេលនេះកំពុងស្ថិតក្នុងរាជធានីភ្នំពេញ បន្ទាប់ពីការវិលត្រឡប់មកវិញស្ងាត់ៗប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោកដេវីល័រស្ថិតនៅខាងក្រៅគេហដ្ឋានមួយក្នុងចំណោមគេហដ្ឋានរបស់លោកក្នុងរាជធាណីភ្នំពេញ កាលពីថ្ងៃអាទិត្យក្នុងរថយន្តម៉ាកឡិចស៊ីសពណ៌មាសមួយគ្រឿងប៉ុន្តែគាត់បានបើកគេច បន្ទាប់ពីឃើញក្រុមអ្នកយកព័ត៌មាន។ នៅពេលអ្នកយកព័ត៌មានម្នាក់ចូលទៅជួបគាត់នៅក្បែរគេហដ្ឋានទី២ក្នុងរាជធានី លោកដេវីល័រ មានប្រសាសន៍ថាលោកមិនចង់ធ្វើអត្ថាធិប្បាយអំពីបទពិសោធថ្មីៗនេះនៅក្នុងប្រទេសចិនទេ។លោកបន្ថែម ថា“ ខ្ញុំមិនចង់និយាយប្រាប់លោកទេ…ខ្ញុំមិនចង់និយាយជាមួយនរណាទេ”។
គេគិតថា លោក ដេវីល័រ មានទំនាក់ទំនងផ្ទាល់ខ្លួននិងទំនាក់ទំនង នៅក្នុងការរកស៊ីជាមួយលោកស្រី ហ្គូខៃឡាយ (Gu Kailai) ភរិយារបស់អតីតសមាជិកគណៈកម្មាធិការបក្សកុម្មុយនីស្តចិន លោក ប៉ូ ស៊ីឡាយ (Bo Xilai)។ លោកស្រី ហ្គូ ត្រូវបានផ្តន្ទាទោស ពីបទធ្វើឃាតអ្នកជំនួញអង់គ្លេសម្នាក់ ឈ្មោះណេលហេវូដ (Neil Heywood) កាលពីខែវិច្ឆិកា។
លោកបូ៉ត្រូវបានដកចេញពីតួនាទីរបស់លោកកាលពីខែមេសា នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានភ្ជាប់លោកស្រីហ្គូ ទៅនឹងការធ្វើឃាតលោកហេវូដហើយតាមសេចក្តីរាយការណ៍ថាលោកកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយចំពោះ “ ការបំពានច្បាប់” ដែលគេមិនបានបញ្ជាក់ច្បាស់លាស់។
លោកដេវីល័រដែលមានដៃគូម្នាក់ និងកូននៅក្នុងរាជធានីភ្នំពេញ ព្រមទាំងផលប្រយោជន៍ជំនួញនៅទីនេះត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែមិថុនា បន្ទាប់ពីមានសំណើមួយពីអាជ្ញាធរចិន។បន្ទាប់ពីត្រូវបានឃុំខ្លួនរយៈពេលជាងមួយខែនៅក្នុងរាជធានីភ្នំពេញមក ដែលនៅពេលនោះក្រុមមន្ត្រីបារាំងបានលើកឡើងថា លោកដេវីល័រ បានទទួលការធានា ដែលគេមិនបញ្ជាក់ច្បាស់លាស់ពីអាជ្ញាធរចិននោះលោកបានចាកចេញពីរាជធានីភ្នំពេញតាមជើងយន្តហោះមួយទៅទីក្រុងសៀងហៃកាលពីថ្ងៃទី១៧ខែកក្កដា។
យោងតាមមន្ត្រីកម្ពុជាឲ្យដឹងថា ការវិលត្រឡប់វិញរបស់លោក ដេវីល័រ មកប្រទេសកម្ពុជា បានកើតឡើងប្រហែលជានៅពេលដែលការកាត់ក្តីលោកស្រី ហ្គូ បានបញ្ចប់កាលពីថ្ងៃទី២០ ខែសីហា ដោយតុលាការមួយនៅខេត្តអានេវ ភាគខាងកើតប្រទេសចិនព្យួរទោសប្រហារជីវិតលោកស្រី ពីបទធ្វើឃាតលោកហេវូដ។
គេមិនទាន់ច្បាស់ថាតើលោក ដេវីល័រ បានជួយអ្វីខ្លះដល់អាជ្ញាធរចិននោះទេ។យោងតាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា លោកមិនបានបង្ហាញមុខនៅក្នុងតុលាការទេ ហើយគេមិនបាននិយាយពីលោកទេអំឡុងពេលសវនាការនោះ។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោក ដេវីល័រ ត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីប្រហែលពីរសប្តាហ៍មុន។ លោកបានថ្លែងថា លោក ដេវីល័រ មានសិទ្ធិរស់នៅក្នុងប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍ថា “ គាត់មកដោយខ្លួនឯង”។
លោកសុខផលអគ្គស្នងការរងនគរបាលជាតិបានបន្ថែមថា “ គាត់បានបំពេញការទទួលខុសត្រូវរបស់ខ្លួនរួចហើយនៅក្នុងប្រទេសចិនដូច្នេះគាត់បានត្រឡប់មកកម្ពុជាវិញ”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី