29 C
Phnom Penh

នគរបាល​ស៊ុយអែត​មក​ដល់​កម្ពុជា​​ ដើម្បី​និរទេស​សហ​ស្ថាប​ និក​គេហទំព័រ ផាយរ៉េត បេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថាការ​និរទេស​ខ្លួនបុរសជន​ជាតិ​ស៊ុយ​អែត​ ហ្គត​ហ្វ្រីតស្វាតហូមវ៉ាក (Gottfrid Svartholm Warg) ជិត​ដល់​ពេល​ហើយ​ឥឡូវ​នេះ​ ពេល​អាជ្ញា​ធរ​​ស៊ុយអែត បានយកឯកសារ​ផ្លូវ​ច្បាប់​​មក​ដល់​ប្រទេស​កម្ពុជា​ ដើម្បី​សុំ​ការ​អនុញ្ញាត​ពី​លោកសខេងរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃឲ្យ​ចុះ​ហត្ថ​លេខា​​លើ​បទ​បញ្ជា​សម្រាប់និរទេស​ខ្លួន​។

ការ​ចាប់​ខ្លួន​លោកស្វាតហូមវ៉ាកអាយុ​២៧​ឆ្នាំ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក៏​បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​បណ្តាចោរ​លួច​ព័ត៌មានអន្តរជាតិ​ ដែល​ធ្លាប់​បាន​វាយ​ប្រហារ​​គេហទំព័រ​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ និង​ធ្លាប់​បាន​ចែក​រំលែក​លេខ​សម្ងាត់​របស់​ប្រព័ន្ធ​គ្រប់​គ្រង​កុំព្យូរទ័រ​ និង​ឯកសារ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​តាម​ប្រព័ន្ធ​អុីន​ធើណិត​ផងដែរ​។

លោកស្វាតហូមវ៉ាកដែល​ជា​សហ​ស្ថាប​និក​នៃ​គេហទំព័រ​ចែក​រំលែក​ឯកសារ​ដ៏មាន​ប្រជា​ប្រិយភាពគឺ​គេហទំព័រ​ផាយរ៉េតបេបាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​​អន្តរជាតិ​ ថាជា​ជន​ដែល​គេ​ចង់​ចាប់​ខ្លួន​បំផុត​ដោយ​សារ​ការ​រំលោភ​កម្មសិទ្ធិ​បញ្ញា​។

លោក​ត្រូវ​បាន​តុលាការស៊ុយអែត​កាត់​​ទោស​ ហើយ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​ពី​បទ​​លួចព័ត៌មានដោយ​រំលោភ​​កម្មសិទ្ធិ​បញ្ញា​ នៅ​ក្នុង​ប្រទេស​ស៊ុយអែតប៉ុន្ដែលោក​បាន​គេច​​មក​រស់​នៅ​ប្រទេស​កម្ពុជា​។

លោកសុខផលអគ្គស្នង​ការ​រង​នគរបាល​ជាតិ​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​បាន​ជួប​ជា​មួយ​នឹង​​មន្ត្រី​នគរបាល​ស៊ុយអែត​​ចំនួន​បីរូបកាល​ ពី​ព្រឹកមិញ​នេះ ហើយ​ពួក​គេ​បាន​ស្នើ​ឲ្យ​និរ​ទេសខ្លួន​លោក ស្វាតហូម វ៉ាក ចេញ​ពី​ប្រទេស​កម្ពុជា”។

លោកឧត្តមសេនីយ៍ឯក​ សុខផល​ បាន​ថ្លែង​ថានៅ​ពេល​លោកសខេងបាន​ចុះហត្ថ​​លេខា​លើ​ឯកសារ​និរទេស​ខ្លួន​រួច​ វា​ត្រូវ​ការ​ពេល​ប្រាំ​ថ្ងៃ ​មុន​ពេល​​បញ្ជូន​លោកស្វាតហូម​វ៉ាក ឡើង​យន្ដហោះ​​ដើម្បីបញ្ជូនចេញ​ពី​ប្រទេស​កម្ពុជា។

លោកស្វាតហូមវ៉ាកនិង​មិត្ត​ភក្ដិ​របស់​លោក​ចំនួន​បីរូប​ទៀត​ត្រូវ​បាន​​តុលា​ការកាត់​ទោស​ពី​បទលួចផ្សព្វផ្សាយ​​ផលិត​ផល​តាម​អុីនធើណិតដោយរំលោភកម្មសិទ្ធ​ិបញ្ញា​ កាល​ពី​ឆ្នាំ​២០០៩ តាមរយៈ​គេហទំព័រ​ ផាយរ៉េតបេរបស់​ពួក​គេ​ដើម្បី​ចែក​រំលែក​ និង​ទាញ​យក​តន្ត្រី​ វីដេអូនិង​ហ្គេម​កុំព្យូទ័រ​ដោយ​សេរី​។

នៅ​ពេល​សហស្ថាបនិក​គេហទំព័រ​ ផាយ​រ៉េត បេត្រូវ​បានបន្ធូរបន្ថយ​ទោស​ កាល​ពី​ឆ្នាំ​២០១០​ នៅ​ពេល​នោះ​លោក​ ស្វាតហូមវ៉ាកមិន​បានចេញ​ពី​ប្រទេស​កម្ពុជា​ ដើម្បីទៅ​ចូល​រួម​សវនាការ​ឡើយ​ ហើយ​ទោស​របស់​លោក​​ត្រូវ​បាន​តុលាការតម្កល់​។នៅ​ពេល​នោះ​សហ​ស្ថាបនិក​ទាំង​បួន​រូប​នេះ​ ក៏​ត្រូវ​បាន​តុលាការ​ពិន័យ​ជា​ប្រាក់​ជិត​៧​លាន​ដុល្លារ​ដែរ​។

លោកអិនដឺចល (Anders Jorle) ប្រធាន​អង្គភាព​ព័ត៌មាន របស់​​ក្រសួង​ការ​បរទេស​ស៊ុយអែតក្នុង​ទី​ក្រុង​ស្ដុក​ខុម ​មាន​ប្រសាសន៍​ថា “ មាន​ដីកា​ចាប់​ខ្លួន​ជាអន្ដរជាតិ​មួយ ដើម្បី​ចាប់​ខ្លួន​អ្នក​ទោស​នៅ ក្នុង​ប្រទេស​កម្ពុជា។បុរស​នេះ​ត្រូវ​បាន​តុលាការកាត់​ទោស​ឲ្យ​ជាប់​​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ស៊ុយអែតហេតុ​ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​ស៊ុយអែតចេញ​ដីកាតាម​ចាប់​ខ្លួន​នេះ​”។

ដើម្បី​ជា​ការ​សង​សឹក​ចំពោះ​ការ​ចាប់​ខ្លួន​លោក​ ស្វាតហូមវ៉ាកចោរ​លួចព័ត៌មានមួយ​ក្រុម​ ដែល​គេ​ឲ្យ​ឈ្មោះ​ថាណាល់​គ្រូ (NullCrew) និង​ជា​អ្នក​គាំទ្រ​គេហទំព័រ​ ផាយរ៉េតបេបាន​វាយ​ប្រហារ​គេហទំព័រ​មួយ​ចំនួន​របស់​រដ្ឋាភិបាល​កម្ពុជា​។

ក្រុម​ណាល់​គ្រូនេះ​បាន​អួត​អាង​អំពី​ការ​វាយ​ប្រហារ​របស់​ខ្លួន​មកលើ​គេហទំព័រ​ទំនាក់​ទំនង​សង្គម​ ទ្វីតធើ (Twitter) ហើយ​បាន​ធ្វើ​ឲ្យ​លេច​ធ្លាយ​ ឈ្មោះ​អ្នក​ប្រើប្រាស់​ និង​លេខ​សម្ងាត់​ របស់គេហទំព័រ​មួយ​ចំនួន​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូនកង​យោធពល​ខេមភូរមិន្ទ​ និងវិទ្យាស្ថានស្ដង់ដាររបស់​ក្រសួង​ឧស្សាហកម្មរ៉ែនិង​ថាមពល។

ក្រុម​ចោរ​លួច​ព័ត៌មាននេះ​ ក៏បាន​ផ្ញើ​សារ​​ទៅ​អាជ្ញាធរ​កម្ពុជា តាមរយៈការ​បង្ហោះ​ព័ត៌​មាននៅ​លើ​គេហទំព័រប៉ាស្ដេប៊ីន (Pastebin) ថា“ ថ្មីៗ​នេះ​ សហស្ថាបនិក​នៃ​គេហទំព័រ​ផាយរ៉េតបេត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​​កម្ពុជា… ដរាប​ណា​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ប៉ុនប៉ង​ធ្វើ​ដូច្នេះ​តទៅទៀត​ អ៊ីចឹង​នឹង​មាន​ការ​វាយ​ប្រហារ​ច្រើន​ជាង​នេះ។ …កម្ពុជា​ យើង​នឹង​មិន​ឈប់​ទេ​រហូត​ដល់​កម្ពុជា​យល់​ដឹង​អំពី​បញ្ហា​នេះ”។

នៅ​ពេល​លោកស្វាតហូមវ៉ាកត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​តែ​មួយ ​ស្របពេល​​លោករ៉ុនឃើក (Ron Kirk) តំណាង​ពាណិជ្ជកម្ម​កំពូល​របស់​ទី​ក្រុង​វ៉ាស៊ីនតោនបាន​មក​ដល់​ប្រទេស​​កម្ពុជា​ នៅ​ពេល​នោះ​លោកចលរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ស៊ុយអែត បដិសេធ​ថា វត្តមាន​របស់​លោករ៉ុនឃើកមិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​នេះ​ទេ។

លោកចល ​ថ្លែង​ថា​ “សហរដ្ឋ​អាមេរិក​មិន​មានជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ទាល់​តែ​សោះ​ វា​គឺ​ជាស្ថាប័ន​ផ្លូវ​ច្បាប់​របស់ស៊ុយអែតទេ​ ដែល​ចង់​ចាប់​ខ្លួន​លោកស្វាតហូមវ៉ាកឲ្យ​ទៅ​ទទួល​ទោស​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ស៊ុយអែត”៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស