34 C
Phnom Penh

លោក ហ៊ុន សែន ៖ លោក​ប្រហែល​ជា​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយក​រដ្ឋ​មន្ត្រីហ៊ុនសែន ​បាន​​មានប្រសាសន៍កាលពី​ម្សិល​មិញ​ថាលោក​កំពុង​ពិចារណា​អំពី​ការ​ធ្វើ​វិសោធន​កម្ម​មាត្រា​មួយ​​​របស់​រដ្ឋ​ធម្ម​នុញ្ញដែលនឹង​​រារាំង​មិនឲ្យ​មាន​​ការ​កែ​ប្រែខ្សែបន្ទាត់ព្រំ​ដែន​​ ដោយ​លើក​ឡើង​​​​ពី​ព័ត៌មាន​ថ្មីស្តី​ពីទំហំ​ផ្ទៃដី​​​​នៃ​ប្រ​ទេស​កម្ពុជា ​ពី​ផ្កាយ​រណបទុក​​ជា​ភស្តុតាង​បញ្ជាក់។

ថ្លែង​ក្នុង​ពិធី​​​ប្រគល់សញ្ញា​បត្រ​នៅ​កោះ​ពេជ្រក្នុង​រាជ​ធានី​ភ្នំពេញ ​លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​​មាន​ប្រ​សាសន៍​សំដៅ​ដល់ប្រជា​ប្រិយ​ភាព​នៃ​សុន្ទរ​កថា​ដ៏វែង​អន្លាយរបស់​លោក​កាលពី​ខែមុនផងដែរ​ ហើយ​ជា​ថ្មី​ម្តង​ទៀត​បាន​ព្យាយាម​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​នូវ​​កិច្ច​ការក្នុង​គម្រោង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធ​ិដី​​​ធ្លីទូទាំង​ប្រទេសដែល​លោក​បាន​​ចាប់​ផ្តើម​។

អំឡុង​សុន្ទរកថា​រយៈពេលជាង​ប្រាំ​ម៉ោងកាលពី​ថ្ងៃ​ទី​​៩ ខែសីហា ​ លោកហ៊ុនសែនបាន មានប្រ​សាសន៍​ថា បច្ចេក​វិទ្យា​ថ្មី​បាន​​​បង្ហាញ​​​ថាការ​វាស់​វែង​​នា​ពេល​បច្ចុប្បន្ននេះ​ឃើញ​​​ថាប្រទេស​កម្ពុជា​មាន​ផ្ទៃ​ក្រឡា​សរុប​​​១៨១.០៣៥គ​​​ីឡូ​ម៉ែត្រក្រឡា គឺ​តូច​ពេកហើយ​​។ ​លោក​​​លើក​ឡើង​ថា តួលេខ​ពិត​ប្រាកដ​អាច​នឹង​មាន​​​រហូត​ដល់​ទៅ​១៨១.៦០៦​គីឡូម៉ែត្រ​ក្រឡាឯណោះ​។

លោក ហ៊ុន សែន បានមាន​ប្រ​សា​សន៍​កាលពី​ម្សិល​មិញ​ថា “ខ្ញុំ​បា​នស្នើ​សុំ​ឲ្យ​មាន​ការ​​​សិក្សា​មួយ​ ដើម្បី​ធ្វើ​វិសោធន​កម្ម​មាត្រា២នៃ​រដ្ឋ​ធម្មនុញ្ញ”។

មាត្រា​២ចែងថា បូរណភាព​​​ទឹកដីរបស់​​​ព្រះរាជាណាចក្រកម្ពុជា “មិនអាច​​​រំលោភ​​​បានដាច់ខាត” ក្នុង​​​ព្រំដែន​​​របស់​​​ខ្ខួនដែល​​​មាន​​​​​​កំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយ​​​ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅ​​​ចន្លោះឆ្នាំ១៩៣៦-១៩៦៩។

ដោយ​លើក​ឡើង​ថា លោក​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​ពី​ទំហំ​ផ្ទៃ​ដី​នៃ​ប្រទេស​កម្ពុជា​​​​ឡើង​វិញ​នោះ លោក​ ហ៊ុន សែន បាន​មាន​​ប្រសាសន៍​ថា “ នៅពេល​នោះ កន្លែង​​​ខ្លះ​​​​យើង​​មិន​អាច​ចូល​ទៅ​ដល់​ទេ។ ពេល​នោះ​គ្មាន​ប្រ​ព័ន្ធជីភីអេស (GPS) ឬ​ឧប​ករណ៍ផ្សេងៗ​ ទៀតដូច​បច្ចុប្បន្ន​នេះ​ទេ….។ នៅពេល​នោះ ពួកគេ​បាន​វាស់​វែង​ដី​ដោយ​ប្រើ​ខ្សែ ហើយ​​​ប៉ាន់ស្មាន​តែ​ប៉ុណ្ណោះ”។

លោក​មិន​បាន​មាន​ប្រ​សាសន៍​ថា តើ​ការ​ធ្វើ​វិសោធន​កម្ម​របស់​លោកនឹងរួមបញ្ចូល​​ទាំងការ​កែ​ប្រែ​ទីតាំង​ព្រំ​ដែន​នានា​របស់​ប្រទេស​កម្ពុជា​ឬ​យ៉ាង​ណា​នោះទេ។​​​បច្ចុប្បន្ន​ ​​​ប្រទេស​កម្ពុជា កំពុងស្ថិត​ក្នុង​ដំណាក់កាល​ចរចា​ជា​មួយ​ប្រទេស​វៀត​ណាម ដើម្បី​​​បោះ​​​បង្គោលព្រំ​ដែន​របស់ប្រទេស​ទាំង​ពីរ ដែល​បាន​ក្លាយ​ជា​ប្រភព​នៃ​បញ្ហា​ដ៏​ចម្រូង​ចម្រាស​ជា​ច្រើន​ទស​វត្សរ៍​មក​ហើយ​។ព្រំ​ដែន​របស់​កម្ពុជា ជា​មួយ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ បច្ចុប្បន្ន​កំពុងស្ថិត​ក្នុង​ដំណាក់​កាល​​បោះ​​​បង្គោល​​​ផងដែរ។

លោក ហ៊ុន សែន បានមាន​ប្រ​សា​សន៍​ថា “ យើង​មិន​បានយក​ដី​ពីប្រទេសវៀតណាម​ ថៃ និង​ឡាវ ​ទេ។ យើង​គ្រាន់​តែវាស់​វែង​ទឹក​ដី​ក្នុង​ទឹក​ដី​របស់​​យើងដោយ​ប្រើ​បច្ចេក​វិទ្យា​ទំនើប​​ប៉ុណ្ណោះ”។

សូម​បញ្ជាក់​ថា រដ្ឋ​ធម្ម​នុញ្ញរបស់​ប្រ​ទេស​កម្ពុជា ​ត្រូវបាន​អនុម័ត​ក្នុងឆ្នាំ​១៩៩៣។ ​តម្រូវ​ឲ្យ​មាន​សំឡេងគាំទ្រ​​ចំនួន២ភាគ៣ នៅ​ក្នុង​រដ្ឋសភា និង​ការ​យល់​ព្រម​ពី​ព្រះ​មហា​​​​ក្សត្រ​ និងក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ ក្នុង​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់កំពូល​​នេះ។

លោក សឺន ស៊ូប៊ែរ្ដិ៍ អតីត​សមា​ជិក​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ​ការ​ធ្វើ​វិសោធន​កម្មរដ្ឋ​ធម្ម​នុញ្ញនេះ ប្រហែល​​​​ជា​គ្មាន​តម្លា​ភាព​ឡើយ។ លោក​បានមា​ន​ប្រ​សាសន៍​ថា ចាំ​បាច់​ត្រូវមាន​​ការ​​បោះ​ឆ្នោត​ទូទាំង​ប្រទេស​​មួយ ​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា ការ​ធ្វើ​វិសោធនកម្ម​ដែល​លោក ហ៊ុន សែន បាន​លើក​ឡើង​នេះ​ ទទួល​បាន​ការ​​គាំទ្រ​ពី​ប្រ​ជាពល​រដ្ឋ។

លោក​ថ្លែងថា “ ប្រសិន​បើ​គ្មាន​ការ​យល់ស្រប​ពី​ប្រជា​ពល​រដ្ឋ​កម្ពុជា [ឲ្យ​ធ្វើ​វិសោធន​កម្ម​​រដ្ឋធម្ម​នុញ្ញ] ទេ [ទៅ​​ពេល​អនាគត] វានឹង​​​ក្លាយជា​លេស​ឲ្យឈ្លោះ​គ្នា​ជា​មិនខាន”។ លោក សឺន សាន ឪពុក​របស់​លោក សឺន ស៊ូប៊ែរ្ដិ៍ ដែលបាន​ទទួល​មរណ​ភាព​ទៅ​ហើយ​នោះ គឺជា​ប្រធាន​រដ្ឋ​សភានៅ​ពេល​អនុម័ត​រដ្ឋធម្មនុញ្ញនេះ និង​ជា​ហត្ថ​លេខី​មួយ​នៃច្បាប់​​​ដើមដ៏​កំពូល​នេះ។

លោក វ៉ា គឹមហុង ប្រធាន​គណ:កម្ម​ការ​ព្រំ​ដែន​របស់​រដ្ឋាភិបាលថ្លែង​ថា លោកគឺ​​ជា​សមាជិកមួយ​រូប​នៃ​គណ:កម្មការ​ថ្មីមួយ ​ដែល​ត្រូវបាន​បង្កើត​ឡើង​ ដើម្បី​សិក្សា​ពីលទ្ធភាព​​នៃ​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ។

លោក​បានមាន​ប្រ​សាសន៍​ថា “ វាជា​រឿង​សម្ងាត់ មិនអាចលើក​យក​មកពិភាក្សា​បាន​ទេ ប៉ុន្តែ​ យើង​​បានគិតជាយូរ​មក​ហើយ”។ លោកស្រី ជា វណ្ណាត អ្នក​សង្កេត​ការណ៍​​នយោបាយ​ឯករាជ្យ​ បានមាន​ប្រ​សាសន៍​ថា បញ្ហា​នេះ​រសើប​ណាស់។លោក​ស្រី​បន្ត​ថា“ ចាំ​បាច់យើងត្រូវ​ទទួល​បាន​ការ​យល់​ព្រម​ពីគណ​បក្ស​ទាំង​អស់​នៅ​ក្នុង​រដ្ឋសភា”។តែ​ទោះ​ជាយ៉ាង​ណា លោកស្រី​មាន​ប្រ​សាសន៍​ថា ប្រហែល​ជា​មាន​ករណី​ស្រប​ច្បាប់ដែរ​​ដើម្បី​កែ​ប្រែ​​ទំហំផ្ទៃ​ដី​​របស់ប្រទេស​កម្ពុជា ពីព្រោះ​ “ បច្ចេក​វិទ្យា​ទំនើប​ពេល​នេះ គឺ​​​ច្បាស់លាស់​ណាស់”។

លោក ហ៊ុន សែន ក៏​បាន​ព្យាយាម​បញ្ជាក់​ពី​គម្រោង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធ​ិដីធ្លី​ ដែល​លោក​បាន​ប្រ​កាស​កាលពី​ខែមិថុនា​ ផងដែរ ដោយ​នៅ​ក្នុងគម្រោង​នោះ​ និស្សិត​រាប់​ពាន់​នាក់​ត្រូវបាន​បញ្ជូន​ទៅ​ឲ្យ​ជួយ​វាស់​វែង​ដីធ្លី។

លោក​បានមាន​ប្រ​សាសន៍​ថា “ លក្ខ​ខណ្ឌ​តែ​មួយ​គត់​ដែល​យើង​មិន​វាស់​វែង​ [វាស់​វែង​ដីធ្លី​ ដើម្បី​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី] គឺជម្លោះ​រវាង​បុគ្គល​ និង​បុគ្គល។លោក​បានបន្ថែម​ថា នៅ​ក្នុង​ករណី​​មាន​ជ​ម្លោះ​ផ្ទាល់ខ្លួន​​ រដ្ឋា​​​ភិបាល​​​នឹង​ “​​​ ទុក​ឲ្យ​តុលាការ​ជា​អ្នក​ដោះស្រាយ”។

លោក​បាន​មាន​ប្រសាសន៍​ថា “ ប្រសិន​បើ​​​​វា​ជា​ដី​រដ្ឋ​ យើង​នឹង​ប្រ​គល់​​ឲ្យ​ប្រជា​ជន​ ហើយ​ប្រ​សិន​បើ​​វា​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ដែល​មិន​​​ទាន់​​បានដាំ​ដុះ​ដំណាំ​អ្វី​នោះ យើង​នឹង​បែង​ចែក​ដី​នោះ​ រួច​ប្រគល់​ឲ្យ​​ប្រជា​ពល​រដ្ឋ”។

លោក​ក៏​បានមាន​​ប្រ​សាសន៍​ដែរ​ថា ចំនួន​២១០.០០០​ច្បាប់​​នៃ​សុន្ទរកថា​ដ៏​វែង​អន្លាយ​របស់​លោក​ ថ្លែងនៅក្នុងរដ្ឋសភា​ ត្រូវបាន​បោះ​ពុម្ព​ជាសៀវ​ភៅ​ និងជា​ឯកសារ​ច្បាប់​ចម្លង​ធម្មតារួច​ហើយ។ “ ប្រសិន​បើ​អ្នក​ណាចង់​បានបន្ថែម​ទៀត សូម​ទៅ​កន្លែង​ថត​ចម្លង​​ រួច​​ថត​ចម្លង​១.០០០ ឬ៥.០០០​ច្បាប់​បន្ថែម​ទៀត​ [ទិញវា​] រួច​ចែក​ចាយ​ចុះ​”៕

(រាយការណ៍​បន្ថែម​ដោយ SimonLewis)

ប្រែ​សម្រួល​ដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស