លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានមានប្រសាសន៍កាលពីម្សិលមិញថាលោកកំពុងពិចារណាអំពីការធ្វើវិសោធនកម្មមាត្រាមួយរបស់រដ្ឋធម្មនុញ្ញដែលនឹងរារាំងមិនឲ្យមានការកែប្រែខ្សែបន្ទាត់ព្រំដែន ដោយលើកឡើងពីព័ត៌មានថ្មីស្តីពីទំហំផ្ទៃដីនៃប្រទេសកម្ពុជា ពីផ្កាយរណបទុកជាភស្តុតាងបញ្ជាក់។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រនៅកោះពេជ្រក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍សំដៅដល់ប្រជាប្រិយភាពនៃសុន្ទរកថាដ៏វែងអន្លាយរបស់លោកកាលពីខែមុនផងដែរ ហើយជាថ្មីម្តងទៀតបានព្យាយាមបញ្ជាក់ឲ្យកាន់តែច្បាស់នូវកិច្ចការក្នុងគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីទូទាំងប្រទេសដែលលោកបានចាប់ផ្តើម។
អំឡុងសុន្ទរកថារយៈពេលជាងប្រាំម៉ោងកាលពីថ្ងៃទី៩ ខែសីហា លោកហ៊ុនសែនបាន មានប្រសាសន៍ថា បច្ចេកវិទ្យាថ្មីបានបង្ហាញថាការវាស់វែងនាពេលបច្ចុប្បន្ននេះឃើញថាប្រទេសកម្ពុជាមានផ្ទៃក្រឡាសរុប១៨១.០៣៥គីឡូម៉ែត្រក្រឡា គឺតូចពេកហើយ។ លោកលើកឡើងថា តួលេខពិតប្រាកដអាចនឹងមានរហូតដល់ទៅ១៨១.៦០៦គីឡូម៉ែត្រក្រឡាឯណោះ។
លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា “ខ្ញុំបានស្នើសុំឲ្យមានការសិក្សាមួយ ដើម្បីធ្វើវិសោធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញ”។
មាត្រា២ចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា “មិនអាចរំលោភបានដាច់ខាត” ក្នុងព្រំដែនរបស់ខ្ខួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៣៦-១៩៦៩។
ដោយលើកឡើងថា លោកចាំបាច់ត្រូវធ្វើការវាយតម្លៃពីទំហំផ្ទៃដីនៃប្រទេសកម្ពុជាឡើងវិញនោះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ នៅពេលនោះ កន្លែងខ្លះយើងមិនអាចចូលទៅដល់ទេ។ ពេលនោះគ្មានប្រព័ន្ធជីភីអេស (GPS) ឬឧបករណ៍ផ្សេងៗ ទៀតដូចបច្ចុប្បន្ននេះទេ….។ នៅពេលនោះ ពួកគេបានវាស់វែងដីដោយប្រើខ្សែ ហើយប៉ាន់ស្មានតែប៉ុណ្ណោះ”។
លោកមិនបានមានប្រសាសន៍ថា តើការធ្វើវិសោធនកម្មរបស់លោកនឹងរួមបញ្ចូលទាំងការកែប្រែទីតាំងព្រំដែននានារបស់ប្រទេសកម្ពុជាឬយ៉ាងណានោះទេ។បច្ចុប្បន្ន ប្រទេសកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលចរចាជាមួយប្រទេសវៀតណាម ដើម្បីបោះបង្គោលព្រំដែនរបស់ប្រទេសទាំងពីរ ដែលបានក្លាយជាប្រភពនៃបញ្ហាដ៏ចម្រូងចម្រាសជាច្រើនទសវត្សរ៍មកហើយ។ព្រំដែនរបស់កម្ពុជា ជាមួយប្រទេសថៃ និងប្រទេសឡាវ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលបោះបង្គោលផងដែរ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ យើងមិនបានយកដីពីប្រទេសវៀតណាម ថៃ និងឡាវ ទេ។ យើងគ្រាន់តែវាស់វែងទឹកដីក្នុងទឹកដីរបស់យើងដោយប្រើបច្ចេកវិទ្យាទំនើបប៉ុណ្ណោះ”។
សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ត្រូវបានអនុម័តក្នុងឆ្នាំ១៩៩៣។ តម្រូវឲ្យមានសំឡេងគាំទ្រចំនួន២ភាគ៣ នៅក្នុងរដ្ឋសភា និងការយល់ព្រមពីព្រះមហាក្សត្រ និងក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការធ្វើវិសោធនកម្មច្បាប់កំពូលនេះ។
លោក សឺន ស៊ូប៊ែរ្ដិ៍ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានសម្តែងការព្រួយបារម្ភថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ប្រហែលជាគ្មានតម្លាភាពឡើយ។ លោកបានមានប្រសាសន៍ថា ចាំបាច់ត្រូវមានការបោះឆ្នោតទូទាំងប្រទេសមួយ ដើម្បីធ្វើឲ្យប្រាកដថា ការធ្វើវិសោធនកម្មដែលលោក ហ៊ុន សែន បានលើកឡើងនេះ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
លោកថ្លែងថា “ ប្រសិនបើគ្មានការយល់ស្របពីប្រជាពលរដ្ឋកម្ពុជា [ឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ] ទេ [ទៅពេលអនាគត] វានឹងក្លាយជាលេសឲ្យឈ្លោះគ្នាជាមិនខាន”។ លោក សឺន សាន ឪពុករបស់លោក សឺន ស៊ូប៊ែរ្ដិ៍ ដែលបានទទួលមរណភាពទៅហើយនោះ គឺជាប្រធានរដ្ឋសភានៅពេលអនុម័តរដ្ឋធម្មនុញ្ញនេះ និងជាហត្ថលេខីមួយនៃច្បាប់ដើមដ៏កំពូលនេះ។
លោក វ៉ា គឹមហុង ប្រធានគណ:កម្មការព្រំដែនរបស់រដ្ឋាភិបាលថ្លែងថា លោកគឺជាសមាជិកមួយរូបនៃគណ:កម្មការថ្មីមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីសិក្សាពីលទ្ធភាពនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
លោកបានមានប្រសាសន៍ថា “ វាជារឿងសម្ងាត់ មិនអាចលើកយកមកពិភាក្សាបានទេ ប៉ុន្តែ យើងបានគិតជាយូរមកហើយ”។ លោកស្រី ជា វណ្ណាត អ្នកសង្កេតការណ៍នយោបាយឯករាជ្យ បានមានប្រសាសន៍ថា បញ្ហានេះរសើបណាស់។លោកស្រីបន្តថា“ ចាំបាច់យើងត្រូវទទួលបានការយល់ព្រមពីគណបក្សទាំងអស់នៅក្នុងរដ្ឋសភា”។តែទោះជាយ៉ាងណា លោកស្រីមានប្រសាសន៍ថា ប្រហែលជាមានករណីស្របច្បាប់ដែរដើម្បីកែប្រែទំហំផ្ទៃដីរបស់ប្រទេសកម្ពុជា ពីព្រោះ “ បច្ចេកវិទ្យាទំនើបពេលនេះ គឺច្បាស់លាស់ណាស់”។
លោក ហ៊ុន សែន ក៏បានព្យាយាមបញ្ជាក់ពីគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដែលលោកបានប្រកាសកាលពីខែមិថុនា ផងដែរ ដោយនៅក្នុងគម្រោងនោះ និស្សិតរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅឲ្យជួយវាស់វែងដីធ្លី។
លោកបានមានប្រសាសន៍ថា “ លក្ខខណ្ឌតែមួយគត់ដែលយើងមិនវាស់វែង [វាស់វែងដីធ្លី ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី] គឺជម្លោះរវាងបុគ្គល និងបុគ្គល។លោកបានបន្ថែមថា នៅក្នុងករណីមានជម្លោះផ្ទាល់ខ្លួន រដ្ឋាភិបាលនឹង “ ទុកឲ្យតុលាការជាអ្នកដោះស្រាយ”។
លោកបានមានប្រសាសន៍ថា “ ប្រសិនបើវាជាដីរដ្ឋ យើងនឹងប្រគល់ឲ្យប្រជាជន ហើយប្រសិនបើវាពាក់ព័ន្ធនឹងក្រុមហ៊ុនដែលមិនទាន់បានដាំដុះដំណាំអ្វីនោះ យើងនឹងបែងចែកដីនោះ រួចប្រគល់ឲ្យប្រជាពលរដ្ឋ”។
លោកក៏បានមានប្រសាសន៍ដែរថា ចំនួន២១០.០០០ច្បាប់នៃសុន្ទរកថាដ៏វែងអន្លាយរបស់លោក ថ្លែងនៅក្នុងរដ្ឋសភា ត្រូវបានបោះពុម្ពជាសៀវភៅ និងជាឯកសារច្បាប់ចម្លងធម្មតារួចហើយ។ “ ប្រសិនបើអ្នកណាចង់បានបន្ថែមទៀត សូមទៅកន្លែងថតចម្លង រួចថតចម្លង១.០០០ ឬ៥.០០០ច្បាប់បន្ថែមទៀត [ទិញវា] រួចចែកចាយចុះ”៕
(រាយការណ៍បន្ថែមដោយ SimonLewis)
ប្រែសម្រួលដោយ តែម សុខុម