33 C
Phnom Penh

អ្នក​ភូមិ​បាន​ប​ន្ទោសថា ​អំពើពុក​រលួយ​ធ្វើឲ្យ​​​មាន​បញ្ហា​សន្តិសុខនៅឯអាកាស​​​យានដ្ឋាន​​​អន្ដរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ភូមិ​ ដែល​ប្រ​ឈម​នឹង​ការ​បណ្តេញ​ចេញ​ ដើម្បីសាង​សង់​​ផ្លូវ​ការពារសន្តិសុខ​ថ្មី​​នៅ​តាម​បណ្តោយ​របង​របស់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​​ភ្នំ​ពេញ​​បាន​ដាក់​ពាក្យ​បណ្តឹង​​ទៅ​អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​​កាល​ពី​ម្សិល​មិញ​ ដោយ​ចោទ​ប្រ​កាន់​​មន្ត្រី​មូលដ្ឋាន​ថា បាន​ប្រ​ព្រឹត្តខុស​​ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ផ្លាស់​ទៅ​រស់​នៅ​លើ​ដី​មានបញ្ហាតាំង​ពី​ដំបូង​មក។

អ្នកស្រី​ ច្រាយ នីន​​ អាយុ​៣៤​ឆ្នាំ​​ តំណាង​​​អ្នកភូមិ​ជាង​១០០​គ្រួសារ​ដែល​ប្រ​ឈម​នឹង​ការ​បណ្តេញ​ចេញ​ពី​ភូមិ​ថ្ម​គោល ​​​សង្កាត់​ចោមចៅ​ ខណ្ឌ​​ពោធិ៍​សែនជ័យ​​ ​និយាយ​ថា “​យើង​បាន​ដាក់​ពាក្យ​បណ្តឹង​​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ ពី​ព្រោះ​យើង​ជា​ម្ចាស់​ដី​នេះ ​​​ហើ​យ​មន្ត្រី​អាជ្ញាធរ​បាន​អនុ​ញ្ញាត​ឲ្យ​​យើង​រស់​នៅ​ទី​នេះ​”។

អ្នកស្រីនីន ​បាន​មាន​ប្រ​សាសន៍​បន្តថា​​អ្នកស្រី​មាន​ឯកសារ​ស្រប​ច្បាប់​​ ដែល​បាន​ចុះ​ហត្ថលេ​ខា​ដោយ​​មន្ត្រី​សង្កាត់​ និងមន្ត្រី​ខណ្ឌ​កាល​ពី​ឆ្នាំ​២០១០​ដែល​បាន​ផ្តល់​ឲ្យ​អ្នក​ស្រី​នូវ​សិទ្ធិ​ស្រប​ច្បាប់។ អ្នកស្រី​បាន​និយាយ​ថា ​​ហត្ថលេខា​ទាំង​នោះ​បាន​បញ្ជាក់​​​​អំពី​អំ​ពើ​ពុករលួយ​។

អ្នកស្រីមានប្រសាសន៍ថា “ ​យើង​បាន​ទិញ​ដី​នេះ​ដោយ​ស្រប​ច្បាប់​​ ហើយ​យើង​មិន​បាន​លួច​​ពី​អ្នក​ជំ​នួញ​ ដែល​សម​គំ​និត​គ្នាជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ​។ពួក​គេ​ចង់​ឲ្យ​យើង​ចាកចេញ​ដោយ​មិន​មាន​សំណង​​ ប៉ុន្តែ​យើង​បាន​ជំទាស់​​ ហើយ​យើង​ទាម​ទារ​ឲ្យ​[សាលារាជធានី​ភ្នំពេញ]​រក​ដំណោះ​ស្រាយ​​អំពី​បញ្ហានេះ”។

មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា ​អ្នក​ភូមិ​បាន​រស់​នៅ​លើដី​នេះ​ដោយ​ខុស​ច្បាប់​ ហើយ​​ត្រូវ​​តែ​ប្តូរឲ្យបានចម្ងាយ​ប្រាំ​ម៉ែត្រ​​ពី​ព្រំ​របង​របស់អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​​ ដើម្បី​អាច​ឲ្យ​ការ​សាង​សង់​ផ្លូវ​ការពារ​សន្តិ​សុខ​​ថ្មី​នៅ​មុន​ការ​មក​ដល់​របស់​​ប្រ​ធានា​ធិបតី​សហ​​រដ្ឋ​អា​មេរិក លោក បារ៉ាក់ អូបាម៉ា​ (Barack Obama) ដើម្បី​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ខែ​វិច្ឆិកា​។

លោកឡុងឌីម៉ង់អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ បានមាន​ប្រសាសន៍​​កាល​ពី​ម្សិល​មិញ​ថា​ “ ​យើង​សង្ឃឹមថា​ ប្រធានា​ធិបតី​រុស្ស៊ី​ លោកវ្លា៉ឌីមៀពូទីន(Vladimir Putin) និង​ប្រធា​នា​​ធិបតី​របស់​សហរដ្ឋ​អាមេរិក​លោក បារ៉ាក់អូបាម៉ា នឹង​អញ្ជើញ​មក​ចូល​រួមនៅ​​ក្នុង​កិច្ច​ប្រ​ជុំ​កំ​ពូល​អាស៊ាន”។

ភូមិថ្ម​គោល បាន​លាត​សន្ធឹង​ព័ទ្ធ​ជុំវិញ​​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភាគ​ខាង​កើត​​ និង​មាន​ផ្ទះ​​ធ្វើ​ពីឥដ្ឋ ​ប្រក់​ស័ង្កសី​ជា​ច្រើនខ្នង ​នៅ​តាម​បណ្តោយ​ផ្លូវ​លំ​មួយ​ខ្សែ​កាត់តាម​សហគមន៍​នេះ។

លោកវ៉ាសារ៉ាង​​ ចៅ​សង្កាត់​រងចោម​ចៅបាន​មាន​ប្រសាសន៍​ថា​​ ការ​វាស់​វែង​ដី​មាន​ជម្លោះ​បាន​រក​ឃើញថា ​មាន​ប្រ​ជា​ពលរដ្ឋ​ប្រ​មាណ​៩៩​គ្រួសារ​អាច​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​​ពី​ភូមិ​ថ្មគោល​រួម​ទាំង​ប្រ​ជា​ពលរដ្ឋ​៤០​គ្រួសារ​ទៀត​​នៅក្នុង​​​​ភូមិ​​ព្រៃ​ជីសាក់ ​​និង​ភូមិ​គោកចំបក់ ​ដែល​ជា​ភូមិ​នៅ​​​ជិត​ខាង​គ្នា។

អ្នក​ស្រីចិនធីម​ ដែល​បាន​ទិញ​ដី​ទំហំទទឹង៥​ម៉ែត្រ និង​បណ្តោយ​១៣​ម៉ែត្រ​ព្រម​ទាំងផ្ទះ​មួយ ក្នុង​តម្លៃ​១៣.០០០​ដុល្លារ​​ បាន​និយាយ​ថា​ គាត់នឹង​មិន​ព្រម​ចាក​ចេញ​ទេ។

អ្នក​ស្រី​បាន​និយាយ​បន្តថា “ ​បើ​សិន​ពួក​គេ​ចង់​ឲ្យ​ខ្ញុំ​ចាកចេញ​​ ខ្ញុំ​មិន​អាច​ចេញ​ទេ​​ពី​ព្រោះ​ខ្ញុំ​​ចំណាយ​លុយ​​ទិញ​ដី​នេះ ​​ហើយ​ខ្ញុំ​ត្រូវ​ការ​លុយ ​ដើម្បី​ចាក​ចេញ​”។

លោកសៀនម៉ាកគីន​តុស (Sean McIntosh) ​​អ្នក​នាំ​ពាក្យស្ថាន​ទូត​សហ​រដ្ឋ​អា​មេរិក​ប្រ​ចាំ​រាជ​ធានី​ភ្នំ  ពេញបានសរសេរតាមរយៈ​អុីម៉េល​ថា​​ សេតវិមាន​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់លាស់អំពី​ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក​​ប្រ​ធានា​ធិបតីបារ៉ាក់​ អូបាម៉ា​ មក​កាន់​ប្រ​ទេស​

កម្ពុជា​នៅ​ឡើយ​ទេ៕ប្រែសម្រូលដោយឃិនណៃ​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស