លោកឧត្ដមសេនីយ៍ទោកងយោធពលខេមរភូមិន្ទ ស សាវឿន ដែលមានឋានៈខ្ពង់ខ្ពស់នៅក្បែរលោកនាយករដ្ឋមន្ដ្រី ហុ៊ន សែន ពាក់ព័ន្ធនឹងកងកម្លាំងឧទ្ទាមដែលបានជួយផ្ដួលរំលំរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩នោះ បានទទួលមរណភាពក្នុងអាយុ៦០ឆ្នាំ កាលពីថ្ងៃអាទិត្យ។
បេីតាមសម្ដីក្រុមគ្រួសាររបស់លោកលោកឧត្ដមសេនីយ៍ទោស សាវឿន បានទទួលមរណភាពដោយសារជំងឺថ្លើមនៅគេហដ្ឋានរបស់លោកក្នុងរាជាធានីភ្នំពេញប៉ុន្មានម៉ោងក្រោយពីលោកចាកចេញពីមន្ទីរពេទ្យ។លោកបានស្លាប់ចោលភរិយា និងកូនពេញវ័យចំនួនបួននាក់។
អំឡុងពេលរំឭកវិញ្ញាណខន្ធដែលមានមន្ដ្រីជាន់ខ្ពស់ម្នាក់ចូលរួមជាមួយក្រុមគ្រួសារលោក ស សាវឿន នោះ ប្អូនប្រុសរបស់លោក ឈ្មោះស សន មានប្រសាសន៍ថា“ខ្ញុំពិតជាមានការក្រៀមក្រំណាស់ចំពោះមរណភាពបងប្រុសរបស់ខ្ញុំ។គាត់គឺជាមនុស្សដ៏ល្អម្នាក់ដែលបានតស៊ូបដិវត្ដន៍ជាមួយលោកនាយករដ្ឋមន្ដ្រី ហុ៊ន សែន”។អ្នកចូលរួមរំលែកទុក្ខ មានលោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោកឧបនាយករដ្ឋមន្ដ្រី កែគឹមយ៉ាន អតីតអគ្គមេបញ្ជាការកងយោធពលខេមរៈភូមិន្ទ ។
បន្ទាប់ពីលោកទទួលមរណភាពលោកឧត្ដមសេនីយ៍ទោស សាវឿនត្រូវបានដំឡើងឋានន្ដរស័ក្តិជាឧត្ដមសេនីយ៍ឯក កាលពីម្សិលមិញ ហើយត្រូវបូជានៅថ្ងែនេះនៅវត្តទួលទំពូង។ រួមជាមួយលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនទៀតនោះ កាលពីឆ្នាំ១៩៧៨លោកឧត្ដមសេនីយ៍ទោស សាវឿនបានចូលរួមជាមួយរណសិរ្សសង្គ្រោះជាតិកម្ពុជា ជាក្រុមផ្តាច់ខ្លួនរបស់ខ្មែរក្រហមដែលបានភៀសខ្លួនទៅប្រទេសវៀតណាមហើយបានជួយក្រុងហាណូយក្នុងការផ្ដួលរំលំរបប ប៉ុល ពត មួយឆ្នាំក្រោយមក។
សមាជិករណសិរ្សសង្គ្រោះជាតិកម្ពុជាបានបង្កើតគណបក្សប្រជាជនបដិវត្ដន៍កម្ពុជាដែលបានកាន់កាប់អំណាចបន្ទាប់ពីរបបខ្មែរក្រហមហើយក្រោយមកបានប្ដូរទៅជាគណបក្សប្រជាជនកម្ពុជាវិញ ដែលដឹកនាំប្រទេសរហូតមកដល់សព្វថ្ងៃនេះ។
សមាជិកម្នាក់ទៀតនៃរណសិរ្សនេះ និងជាអ្នកគាំទ្រលោក ហ៊ុន សែន តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មកនោះគឺលោក ម៉ុល រឿប ដែលបានក្លាយជាប្រធានចារកម្មរបស់យោធានោះក៏បានទទួលមរណភាពនៅដើមឆ្នាំនេះដែរក្នុងជន្មាយុ៦២ឆ្នាំ។
លោក ហ៊ុន សែន បានកោតសរសើរចំពោះរណសិរ្សនេះកាលពីខែមករាអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ខេត្ដដុង ណៃប្រទេសវៀតណាមដែលនៅទីនោះលោកបានជួយសាងសង់ស្តូបមួយដើម្បីរំឭកដល់ការបង្កើតកងកម្លាំងឧទ្ទាមកាលពី៣៤ឆ្នាំ
មុន។ ស្តូបនៅក្នុងប្រទេសវៀតណាមនេះនៅមានដាក់ឆ្អឹងសមាជិករណសិរ្សសង្គ្រោះជាតិកម្ពុជាចំនួន៤៩នាក់ ដែលបានស្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយខ្មែរក្រហម កាលពីឆ្នាំ១៩៧៨៕
ប្រែសម្រួលដោយ លី ដារ៉ូ