ប្រទេសជប៉ុនដែលជាម្ចាស់ជំនួយជាយូរមកហើយរបស់កម្ពុជា បានរិះគន់ដ៏កម្រដើម្បីសម្តែងនូវការមិនពេញចិត្តរបស់ខ្លួន ចំពោះសកម្មភាពប្រទេសកម្ពុជា ដែលធ្វើជាប្រធានអាស៊ាន អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីខែកក្កដា ក្នុងរាជធានីភ្នំពេញ។
ប្រទេសសមាជិកអាស៊ានមួយចំនួន បានរិះគន់ប្រទេសកម្ពុជារួចមកហើយ ចំពោះការចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំកាលពីខែកក្កដា រវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងប្រទេសជាដៃគូមួយចំនួន រួមមានប្រទេសចិន ជប៉ុន អាមេរិក និងប្រទេសកូរ៉េខាងត្បូង។
អ្នករិះគន់បានលើកឡើងថា ប្រទេសកម្ពុជាហាក់បីដូចជាមានបំណងការពារផលប្រយោជន៍របស់ចិនច្រើនជាងការពារផលប្រយោជន៍របស់ប្រទេសសមាជិកអាស៊ាន។
លោកយ៉ូស៊ីហ៊ីរ៉ូអាបេ (Yoshihiro Abe)លេខាទី២ របស់ស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញបានលើកឡើងតាមរយៈអុីម៉េលកាលពីម្សិលមិញថា ប្រទេសជប៉ុនមិនពេញចិត្តចំពោះសកម្មភាពរបស់ប្រទេសកម្ពុជាជុំវិញជម្លោះដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង និងមិនពេញចិត្តចំពោះការមិនលើកឡើងអំពីជម្លោះរបស់ប្រទេសជប៉ុន ដែលកំពុងតែអូសបន្លាយជាមួយកូរ៉េខាងជើងជុំវិញកូរ៉េខាងជើងចាប់ពង្រត់ជនជាតិជប៉ុន។
បន្ទាប់ពីកិច្ចប្រជុំកាលពីខែកក្កដា លោកយ៉ូស៊ីហ៊ីរ៉ូអាបេបានលើកឡើងថា “ ប្រទេសជប៉ុនមានការស្តោកស្តាយយ៉ាងខ្លាំងចំពោះភាគីកម្ពុជា និងបានទទូចឲ្យកម្ពុជាមានការទទួលខុសត្រូវក្នុងការចាត់វិធានការដ៏ត្រឹមត្រូវមួយក្នុងនាមជា ប្រធានអាស៊ាន”។
ចំនួននៃជនជាតិជប៉ុនបាត់ខ្លួនដោយការចាប់ពង្រត់របស់ភ្នាក់ងារសម្ងាត់របស់កូរ៉េខាងជើង ចន្លោះពីឆ្នាំ១៩៧៧ និង១៩៨៣ នៅតែមិនទាន់ដឹងច្បាស់លាស់ឡើយ។គណៈប្រតិភូរបស់ប្រទេសជប៉ុន ចូលរួមក្នុងកិច្ចប្រជុំកាលពីខែកក្កដា ក្នុងរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកកូអុីឈីរ៉ូហ្គេមបា (Koichiro Gemba) រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន កំពុងស្វែងរកការគាំទ្រពីប្រទេសសមាជិកអាស៊ាន ឲ្យជួយគាំទ្រការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដោះស្រាយបញ្ហានេះ។
លោកយ៉ូស៊ីហ៊ីរ៉ូអាបេបានថ្លែងថាទោះជាយ៉ាងណា កម្ពុជាមិនបានបកស្រាយឲ្យបានត្រឹមត្រូវនៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសនៅក្នុងកិច្ចប្រជុំ។លោកបានបន្តថា “ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីខែកក្កដា សេចក្តីថ្លែងការណ៍ ចេញដោយប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានមិនបាននិយាយអំពីសេចក្តីថ្លែងការណ៍របស់លោកកូអុីឈីរ៉ូហ្គេមបារដ្ឋមន្ត្រីការបរទេសជប៉ុនឲ្យបានត្រឹមត្រូវនោះទេ ពាក់ព័ន្ធទៅនឹងបញ្ហាករណីចាប់ពង្រត់ ធ្វើឡើងដោយប្រទេសកូរ៉េខាងជើង និងបញ្ហាក្នុងសមុទ្រចិន
ខាងត្បូង ហើយក៏មិនបានបកស្រាយឲ្យបានច្បាស់លាស់ចំពោះសេចក្តីថ្លែងការណ៍មួយចំនួនរបស់រដ្ឋមន្ត្រីការបរទេសផ្សេងៗទៀត”។ លោកយ៉ូស៊ីហ៊ីរ៉ូអាបេបានបដិសេធមិននិយាយថា តើការមិនពេញចិត្តរបស់ប្រទេសជប៉ុនចំពោះរដ្ឋាភិបាលកម្ពុជាយ៉ាងណានោះទេ។
ទោះជាយ៉ាងណា យោងតាមទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ (Kyodo) ចេញផ្សាយ កាលពីម្សិលមិញបានឲ្យដឹងថាលោកហ្គេមបាបានសរសេរលិខិតផ្ទាល់ខ្លួនមួយផ្ញើទៅលោកហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៤ខែកក្កដាដើម្បីសម្តែងនូវក្តីព្រួយបារម្ភរបស់លោក។ យោងតាមទីភ្នាក់ងារនេះលោកហោណាំហុង បានផ្ញើលិខិតឆ្លើយតបទៅកាន់លោក ហ្គេមបា វិញកាលពីថ្ងៃទី២៧ខែកក្កដា។
ទីភ្នាក់ងារព័ត៌មានក្យូដូ បានដកស្រង់លិខិតរបស់លោកហោណាំហុង ថា “ គ្មានប្រទេសណាក្រៅពីប្រទេសជប៉ុនទេដែលបានសម្តែងនូវការមិនយល់ស្របចំពោះការចេញសេចក្តីថ្លែងការណ៍របស់ប្រទេសកម្ពុជាក្នុងនាមប្រធានអាស៊ាន”។ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាមិនអាចទាក់ទងសុំអត្ថាធិប្បាយជុំវិញបញ្ហាចម្រូងចម្រាសនេះបានទេ កាលពីម្សិលមិញ។
ទោះជាយ៉ាងណា ប្រទេសហ្វីលីពីន មិនពេញចិត្តយ៉ាងខ្លាំងហើយបានរិះគន់ប្រទេសកម្ពុជាជាសាធារណៈចំពោះការទទូចរបស់ប្រទេសកម្ពុជាដែលថា សេចក្តីថ្លែងការណ៍រួមមិនគួររិះគន់ប្រទេសចិន ដោយចំហចំពោះបញ្ហាសមុទ្រក្នុងដែនសមុទ្រចិនខាងត្បូងនោះ។ ភាពរកាំរកូសរវាងប្រទេសទាំងពីរក៏បានធ្វើឲ្យមានបញ្ហាដល់អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំក្រុងម៉ានីលផងដែរ ដោយចាប់តាំងពីពេលនោះមក លោកត្រូវបានជំនួសតំណែងដោយឯកអគ្គរាជទូតថ្មី។
ទីភ្នាក់ងារព័ត៌មានរដ្ឋ ស៊ីនហួ (Xinhua) បានឲ្យដឹងថាកាលពីថ្ងៃអាទិត្យបន្ទាប់ពីកិច្ចប្រជុំជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន លោកវេនជាប៉ាវ (Wen Jiabao)នាយករដ្ឋមន្ត្រីចិនបានយល់ព្រមផ្តល់ជំនួយ និងប្រាក់កម្ចីថ្មីដល់ប្រទេសកម្ពុជាគិតជាទឹកប្រាក់ចំនួន៥២៣លានដុល្លារ ហើយឆ្លៀតក្នុងឱកាសនោះ លោកវេនជាប៉ាវ ក៏បានថ្លែងអំណរគុណ
ដល់ប្រទេសកម្ពុជា ចំពោះការប្រើប្រាស់តួនាទីដ៏សំខាន់របស់ខ្លួន ដែលបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសចិន និងបណ្តាប្រទេសជាសមាជិកអាស៊ានដទៃទៀតនៅតែល្អប្រសើរនឹងគ្នា៕
ប្រែសម្រួលដោយស៊ាស៊ុយឈាង