មន្ត្រីមួយរូបបាននិយាយថា កាលពីម្សិលមិញ ព្រឹទ្ធសភាបានអនុម័តច្បាប់មួយ ដើម្បីត្រួសត្រាយផ្លូវឲ្យប្រជាពលរដ្ឋកម្ពុជា អាចទៅធ្វើការនៅក្នុងប្រទេសកាតា។
លោកអ៊ុំសារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភាបានមានប្រសាសន៍ថា សមាជិកព្រឹទ្ធសភាទាំង៥២រូប ដែលមានវត្តមានបានអនុម័តច្បាប់នេះជាឯកច្ឆន្ទ និងដោយគ្មានការកែប្រែអ្វីឡើយ។
កិច្ចព្រមព្រៀងនេះអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជា អាចចេញទៅធ្វើការតាមផ្នែកបម្រើសេវាកម្ម និងឧស្សាហកម្មចំណីអាហារព្រមទាំងការសាងសង់ហេដ្ឋារចនាសម្ពន្ធនានា ដែលរួមមានទាំងពហុកីឡាដ្ឋានសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ២០២២ផងដែរ។
លោកមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះក៏តម្រូវឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរទទួលខុសត្រូវចំពោះការរៀបចំការងារទាំងអស់ផងដែរ ដើម្បីចៀសវាងការប្រើប្រាស់ទីភ្នាក់ងារជ្រើសរើសពលករនានា របស់ប្រទេសកម្ពុជា ដែលធ្លាប់ទទួលរងការរិះគន់យ៉ាងខ្លាំង ដែលល្បីខាងមិនអនុញ្ញាតឲ្យពលករទើបជ្រើសរើសថ្មី មិនឲ្យចាកចេញពីកន្លែងរបស់ខ្លួន និងបញ្ជូនពួកគេទៅធ្វើការបម្រើថៅកែដែលចូលចិត្តរំលោភបំពាន។ លោកមានប្រសាសន៍ថា “ នេះជាកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល”។
លោកមឿនតុលា ប្រធានកម្មវិធីការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា ប្រសិនបើកិច្ចព្រមព្រៀងចុងក្រោយជាមួយប្រទេសកាតានេះ ដូចគ្នានឹងសេចក្តីព្រាងមុនៗ ដូចដែលលោកធ្លាប់បានអាននោះ វាប្រហែលជាមិនអាចការពារឲ្យបានល្អដល់ពលករទៅធ្វើការនៅប្រទេសមួយ ដែលធ្លាប់បានទទួលរងការរិះគន់រួចទៅហើយ អំពីការរំលោភបំពានសិទ្ធិការងារនោះឡើយ។ លោកបានបន្ដថា “ អ្វីដែលយើងរំពឹងទុកពី [កិច្ចព្រមព្រៀងនេះគឺថា]វាគួរតែមានចែងច្បាស់លាស់ពីលក្ខខណ្ឌការងារថា ត្រូវធ្វើការប៉ុន្មានម៉ោងក្នុងមួយថ្ងៃ និងអាចទទួលបានប្រាក់ឈ្នួល [អប្បបរមា] ប៉ុន្មាន។មិនទាន់មានការលើកឡើងពីចំណុចនោះទេ”។
លោកអ៊ុំសារិទ្ធបានអះអាងថា ប្រទេសនេះមានប្រវត្តិល្អពាក់ព័ន្ធនឹងពលករពីប្រទេសក្រៅ។លោកបានមានប្រសាសន៍ថា“ ប្រទេសកាតាល្អដូចប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុន អ៊ីចឹង។យើងបានពិនិត្យមើលលក្ខខណ្ឌសមស្របរួចហើយ មុននឹងយើងអនុម័តវា”។
ព្រឹទ្ធសភាកាលពីម្សិលមិញក៏បានអនុម័តលើញត្តិមួយចំនួនផងដែរដើម្បីផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិរបស់ជនពិការ និងអនុសញ្ញាអង្គការសហប្រជាជាតិក្រុងរ៉ូតធើដាម (Rotterdam) ផងដែរដែលនិយាយអំពីការប្រើប្រាស់សារធាតុគីមីក្នុងវិស័យកសិកម្ម។
លោកគាមមករាឌីប្រធានកម្មវិធីសុខភាពនិងបរិស្ថានរបស់អង្គការសេដាក មានប្រសាសន៍ថា អនុសញ្ញាក្រុងរ៉ូធើដាម នឹងជួយការពារសុខុមាលភាពរបស់ប្រជាកសិករកម្ពុជា។
លោកបន្ដថា ដោយអនុសញ្ញានេះទទួលបានការផ្តល់សច្ចាប័ន “ យើងនឹងទទួលបានព័ត៌មានស្តីពីសារធាតុគីមីពីបណ្តាប្រទេសផ្សេងៗ ដូច្នេះប្រជាពលរដ្ឋអាចពិចារណាថា តើត្រូវប្រើប្រាស់សារធាតុគីមីឬក៏អត់”។
សូមបញ្ជាក់ថា ពេលនេះកិច្ចព្រមព្រៀងទាំងបីនេះ នឹងត្រូវបញ្ជូនត្រឡប់ទៅរដ្ឋសភាវិញ ដែលបានអនុម័តដោយគ្មានធ្វើការកែប្រែចំណុចណាមួយឡើយកាលពីខែមុន ហើយបន្ទាប់មកនឹងថ្វាយព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្តលេខា៕
ប្រែសម្រួលដោយតែមសុខុម