កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានសាកសួរអ្នកភូមិបុរីកីឡាចំនួនបីនាក់អំពីពាក្យបណ្តឹងដែលពួកគេបានប្តឹងប្រាំមួយខែមកហើយប្រឆំាងនឹងក្រុមហ៊ុនផាអុីមិុចចំពោះការបណ្តេញពួកគេចេញពីដីរបស់ខ្លួន។
ការសាកសួរបានកើតឡើងមួយថ្ងៃបន្ទាប់ពីនគរបាលបានចាប់ខ្លួន ហើយក្រុមមន្ត្រីតុលាការបានចោទប្រកាន់ និងឃុំខ្លួនស្ត្រីបុរីកីឡាម្នាក់នៅក្នុងពន្ធនាគារ ពីបទផ្តល់សេចក្តីប្រកាសដោយភូតកុហក។
កាលពីក្នុងខែមីនា អ្នកភូមិបុរីកីឡាមួយក្រុមដាក់ពាក្យបណ្តឹងរបស់ខ្លួនប្តឹងអ្នកស្រីស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអុីមុិច ថាបានបញ្ជាឲ្យគេបណ្តេញអ្នកភូមិចេញកាលពីខែមករា ដែលមានឃើញនគរបាលប៉ះទង្គិចដោយហិង្សាជាមួយអ្នកភូមិ ខណៈដែលពួកគេបានបណ្តេញប្រជាពលរដ្ឋប្រហែល១០០គ្រួសារចេញពីតំបន់បុរីកីឡា។ ក្នុងការប៉ះទង្គិចគ្នានោះ ក្រុមអ្នកភូមិបានចោលដុំថ្ម និងដប ដែលបានធ្វើឲ្យមនុស្សមួយចំនួនរងរបួស។
តំណាងបីនាក់មកពីសហគមន៍នេះ ក៏បានចោទប្រកាន់អ្នកស្រី សុផាន ផងដែរថា បានរំលោភកិច្ចព្រមព្រៀងក្នុងការសាងសង់អគារផ្ទះល្វែងថ្មីចំនួន១០ ដែលក្នុងនោះត្រូវសង់ផ្ទះឲ្យពួកគេឡើងវិញ ទីបំផុតត្រូវបានតុលាការហៅមកសាកសួរនៅថ្ងៃដំបូងកាលពីម្សិលមិញ។
បន្ទាប់ពីសាកសួររួច អ្នកភូមិបុរីកីឡាបានជំរុញឲ្យតុលាការដោះស្រាយជាមួយអ្នកស្រី សុផាន ម្ចាស់ក្រុមហ៊ុន ផានអុីម៉ិចឲ្យដូចចំណាត់ការរបស់តុលាការមកលើអ្នកភូមិបុរីកីឡាម្នាក់ឈ្មោះ ទឹម សាក់មុនី អាយុ៦៤ឆ្នាំ ជាអ្នកតវ៉ានិយាយឥតសំចៃប្រឆំាងនឹងការបណ្តេញចេញ ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ កាលពីថ្ងៃពុធ។
អ្នកស្រី សាក់មុនី ត្រូវនគរបាលចាប់ខ្លួន និងបញ្ជូនទៅតុលាការ ហើយត្រូវតុលាការចោទប្រកាន់ និងត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស ពីបទផ្តល់សេចក្តីប្រកាសដោយភូតកុហក ដើម្បីទទួលបានលំនៅដ្ឋានថ្មី ក្នុងប្លុកអគារបុរីកីឡា។
អ្នកស្រី សូអុីមជាអ្នកភូមិម្នាក់នៅក្នុងចំណោមអ្នកភូមិបីនាក់ ដែលត្រូវបានតុលាការសាកសួរ បាននិយាយថា “ ខ្ញុំចង់ឲ្យតុលាការកោះហៅ អ្នកស្រី ស៊ុយ សុផាន មកសាកសួរ និងចាប់គាត់ដាក់ពន្ធនាគារ ដូចតុលាការបានធ្វើមកលើអ្នកស្រី សាក់មុនី ដែរ”។
អ្នកស្រី សូ អុីម បានមានប្រសាសន៍ថា “ ប្រសិនបើគេកោះហៅគាត់ [អ្នកស្រីសុផាន] មកសាកសួរ ហើយដោះលែងគាត់វិញ ខ្ញុំគិតថា តុលាការមិនផ្តល់យុត្តិធម៌ដល់ប្រជាជនក្រីក្រទេ ហើយតុលាការម្អៀងទៅលើអ្នកមានទ្រព្យសម្បត្តិនិងអំណាច”។
លោកអៀង វុទ្ធី តំណាងកម្មវិធីសមធម៌នៅកម្ពុជា (Equitable Cambodia) បានមានប្រសាសន៍ថា ការរកយុត្តិធម៌ឲ្យអ្នកភូមិបុរីកីឡា មាននិយាមទ្វេក្នុងប្រព័ន្ធតុលាការ។លោកបានមានប្រសាសន៍ថា “ ប្រសិនបើអ្នកប្រៀបធៀប… ពួកគេទំនងជាចាត់វិធានការភ្លាម នៅពេលក្រុមហ៊ុនប្តឹងប្រជាជន”។លោកបានមានប្រសាសន៍ថា ប៉ុន្តែ វាបានប្រើ
ពេលជាច្រើនខែ នៅពេលអ្នកក្រប្តឹងអ្នកមានអំណាច។ លោកវុទ្ធី មានប្រសាសន៍ថា “ ដូច្នេះ យើងគិតថា ដំណើរការនេះ មិនយុត្តិធម៌ទេ ពីព្រោះអ្នកមិនគួររើសអើងចំពោះប្រជាជនក្រីក្រទេ”។
នៅក្នុងសេចក្តីប្រកាសរួមមួយ កម្មវិធីសមធម៌នៅកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលចំនួន១០ទៀត បានលើកឡើងថាការចោទប្រកាន់អ្នកស្រី សាក់មុនី កើតចេញពីការតស៊ូរបស់គាត់ក្នុងការការពារទីជម្រកស្របច្បាប់ក្នុងប្លុកអគារផ្ទះល្វែងថ្មីសម្រាប់កូនប្រុសរបស់គាត់ ដែលជា បុរសពោះម៉ាយ និងជាអតីតទាហាន ហើយខ្វិនដើរមិនរួច និងមិនអាចនិយាយបាន។
សេចក្តីប្រកាសបានដកស្រង់សម្តីលោកស្រីណាលីពីឡូកនាយិកាអង្គការសិទ្ធិមនុស្សលីកាដូថា “ បទចោទប្រកាន់នេះ គួរឲ្យអស់សំណើចណាស់ដែលកូនប្រុសរបស់គាត់តាមពិតទៅមានសិទ្ធិកាន់កាប់អគារផ្ទះល្វែងមួយនៅក្នុងអគារបុរីកីឡា។ តើវាជាអំពើទុច្ចរិត ដើម្បីគាំទ្រសិទ្ធិនរណាម្នាក់ក្រោមច្បាប់ដូចម្តេចទៅ?”។
ការចាប់ខ្លួនអ្នកស្រី សាក់មុនី បានកើតឡើងមួយថ្ងៃបន្ទាប់ពីនគរបាលបានចាប់ខ្លួនស្ត្រីម្នាក់ទៀត ដែលមានជាប់ពាក់ព័ន្ធក្នុងការតវ៉ាប្រឆំាងការបណ្តេញចេញដូចគ្នាមួយក្នុងរាជធានីភ្នំពេញ។ កាលពីថ្ងៃអង្គារ នគរបាលបានចាប់ខ្លួនអ្នកស្រី យ៉ម បុប្ផា និងប្តីរបស់គាត់។ នៅថ្ងៃដដែលនោះ សាលាដំបូងរាជធានីបានចោទប្រកាន់ប្តីប្រពន្ធទាំងពីរនាក់នេះពីបទបង្កអំពើហិង្សាដោយចេតនា បន្ទាប់ពីមានពាក្យបណ្តឹងមួយធ្វើឡើងដោយអ្នកក្បែរខាងរបស់ពួកគេ មុនពេលដោះលែងប្តីនៅក្រៅឃុំជាបណ្តោះអាសន្ន ហើយបញ្ជូនអ្នកស្រី បុប្ផា ទៅឃុំក្នុងពន្ធនាគារព្រៃស។
អ្នកស្រី បុប្ផាគឺជាអ្នកភូមិម្នាក់ រស់នៅក្នុងសហគមន៍បឹងកក់ និងបានតវា៉យ៉ាងស្វិតស្វាញចំពោះការបណ្តេញចេញ ដោយក្រុមហ៊ុនឯករបស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។
អង្គការក្រៅរដ្ឋាភិបាលនេះលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមនេះថា “ ហេតុការណ៍ទាំងពីរនេះ គឺជាហេតុការណ៍ចុងក្រោយបំផុតនៅក្នុងឧប្បត្តិហេតុជាបន្តបន្ទាប់ ដែលក្នុងនោះតុលាការត្រូវបានគេចាត់ទុកថា ជាអាវុធមួយបំបិទមាត់អ្នករងគ្រោះ”៕
ប្រែសម្រួលដោយ ចេវប៊ុននី