របាយការណ៍ថ្មីមួយ អំពីការចូលរួមក្នុងកិច្ចការនយោបាយ នៅក្នុងប្រទេសកម្ពុជា បានរកឃើញថា ៥៣ភាគរយនៃអ្នកត្រូវបានសម្ភាសបានឲ្យដឹងថា ពួកគេមិនយល់ថារដ្ឋសភាកំពុងធ្វើអ្វីនោះទេ រីឯ៤៨ភាគរយផ្សេងទៀតមិនយល់អំពីតួនាទីរបស់សមាជិកសភាឡើយ។
របាយការណ៍របស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (National Democratic Institute) មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន ដែលបានធ្វើការស្តង់មតិប្រជាពលរដ្ឋចំនួន១.៨០០នាក់ នៅក្នុងខេត្តក្រចេះ កំពង់ឆ្នាំង និងខេត្ដកំពង់ចាមក៏បានរកឃើញដែរថា៤៦,៤ភាគរយនៃអ្នកត្រូវបានសម្ភាសមិនដែលនិយាយអំពីកិច្ចការនយោបាយជាមួយមិត្តភក្ដិ ឬក៏អ្នកជិតខាងឡើយ ហើយ២២,១ភាគរយផ្សេងទៀតបានលើកឡើងថា ពួកគេមិនអាចពិភាក្សាដោយបើកចំហរអំពីកិច្ចការនយោបាយនៅក្នុងសហគមន៍របស់ខ្លួនបានទេ។
ចំពោះចូលរួមពិធីជួបជុំគ្នាដែលរៀបចំឡើងដោយគណបក្សនយោបាយ មាន៤២,៧ភាគរយនៃអ្នកត្រូវបានគេសម្ភាស បានលើកឡើងថាពួកគេមិនធ្លាប់ទៅចូលរួមឡើយហើយ៣,២ភាគរយបានលើកឡើងថាពួកគេមិនត្រូវបានអនុញ្ញាតឲ្យទៅចូលរួមទេ រីឯ៤៨,៤ភាគរយលើកឡើងថាពួកគេមិនធ្លាប់និយាយអំពីកិច្ចការនយោបាយនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់នោះឡើយ។ជាង៤៥ភាគរយ បានលើកឡើងថាពួកគេមិនធ្លាប់ចុះហត្ថលេខា ឬក៏ផ្ដិតមេដៃនៅលើញត្តិទេ។
លោកស្រី ឡូរ៉ាថនតុន (Laura Thornton) នាយិការប្រចាំប្រទេសកម្ពុជារបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ កាលពីម្សិលមិញ បានមានប្រសាសន៍ថាការរកឃើញទាំងនេះ”គឺជាស្ថិតិមួយដ៏មានសារសំខាន់”។លោកស្រីថនតុនបានបន្ដថា”រដ្ឋសភាមិនបានធ្វើការឲ្យបានជិតដិតជាមួយប្រជាជនឡើយ”។
ការរកឃើញទាំងនេះ គឺធ្វើឲ្យមានក្ដីព្រួយបារម្ភបន្ថែមទៀត នៅពេលប្រទេសកម្ពុជា ខិតជិតដល់ពេលបោះឆ្នោតជាតិអាណត្ដិទី៥ដែលនឹងត្រូវធ្វើឡើងក្នុងកក្កដាឆ្នាំក្រោយ។
លោកស្រី ថនតុនបានសួរថា”ប្រសិនបើប្រជាពលរដ្ឋមិនមានការយល់ដឹងអំពីអ្វីជារដ្ឋសភា និងមិនមានការយល់ដឹងថានរណាជាសមាជិកសភានោះ អ៊ីចឹងតើពួកគេបោះឆ្នោត ដើម្បីអ្វី?។ រដ្ឋសភាទំនងជាមានការិយាល័យរបស់ខ្លួននៅតាមបណ្ដាខេត្ដប៉ុន្ដែការិយាល័យទាំងអស់កំពុងធ្វើអ្វី? មកដល់ពេលឥឡូវនេះ គឺបួនអាណត្តិឡើយ ការរកឃើញទាំងនេះ គឺជាលទ្ធផលមួយដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត”។
លោកស្រីថនតុនបានបន្ដថា”ប៉ុន្ដែ ព័ត៌មានវិជ្ជមានគឺអំពីចំណាប់អារម្មណ៍ខ្លាំងរបស់ប្រជាជន ជុំវិញកិច្ចការនយោបាយ”។លោកស្រីបានលើកឡើងអំពីការរកឃើញថា៥៣ភាគរយនៃអ្នកត្រូវបានសម្ភាសបានលើកឡើងថា”ពួកគេមានចំណាប់អារម្មណ៍នឹងកិច្ចការនយោបាយខ្លះដែរ”។
លោកស្រីបានថ្លែងថា”ពួកគេប្រហែលជាមិនហាននិយាយអំពីកិច្ចការនយោបាយឡើយ ប៉ុន្ដែ ពួកគេមានចំណាប់អារម្មណ៍នឹងនយោបាយហើយនេះគឺជាព័ត៌មានល្អ ដែលយើងអាចធ្វើការជាមួយបាន”។