29 C
Phnom Penh

អ្នក​បើក​បរ​រថយន្ដ​ទំនើប​បាញ់​ បោះ​​នៅ​​តាម​ផ្លូវ​បង្ហាញ​​​នូវ​ការ ​ប្រើ​​កាំភ្លើង​របស់​​អ្នក​មានអំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ផ្ទុះ​កំហឹ​ង​តាម​ផ្លូវ​ទំនង​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​បើក​បរ​រថយន្ដ​ទំនើបមួយ​គ្រឿង​ បាញ់​ប្រហារទៅ​​លើ​អ្នក​បើក​បរ​រថយន្ដ​​ទំនើប​មួយ​​គ្រឿងទៀត​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​នេះ​ទំនង​​ជា​​ហេតុការណ៍​ថ្មី​បំផុតចំពោះ​ការ​បាញ់​បោះ​ពាស​វាល​ពាស​កាល​ពី​សំណាក់​​អ្នក​មាន​លុយ​និង​មាន​ខ្នង​ក្រាស​់នៅ​ក្នុង​ប្រទេស​កម្ពុជា​។

នគរបាល​សង្កាត់​ចតុមុខ​ ដែល​បាន​ទៅ​​ដល់​កន្លែង​កើត​ហេតុ​មុន​​គេ​ បាន​ឲ្យ​ដឹង​ថា ​អ្នក​បើក​បរ​រថយន្ដ​ម៉ាករ៉េងរ៉ូវើ (Range Rover) ពណ៌ខ្មៅ​បាន​បាញ់​ប្រាំ​មួយ​​គ្រាប់​​​ទៅ​លើ​អ្នក​បើក​បរ​រថយន្ដ​ម៉ាក​ឡិចស៊ីសជីអេស ៣០០

(Luxus GS-300) បន្ទាប់​ពី​កើត​មាន​ជម្លោះ​តូច​តាចមួយថា តើ​នរណា​មាន​អាទិភាព​ទៅ​មុន​នៅ​ពេល​បើក​បរ​ឆ្លង​កាត់​ផ្លូវ​តូច​​មួយ​នៅ​​​ក្នុង​​​​ខណ្ឌ​ដូន​ពេញ​។

នគរបាល​សង្កាត់​ចតុមុខ​បាន​​សរសេរ​​នៅ​ក្នុង​​របាយការណ៍​មួយ​ថា រថយន្ដ​ឡិចស៊ីសដែល​បើក​បរ​ដោយ​លោក​​ ច័ន្ទពិសិដ្ឋ​ អាយុ​៣០​ឆ្នាំ​ មាន​ស្នាម​គ្រាប់​កាំភ្លើង​ចំនួន​បី​គ្រាប់​នៅ​លើ​កញ្ចក់​​​ផ្នែក​​​​ខាង​ក្រោយ និង​មួយ​គ្រាប់​នៅ​លើ​ដំបូល​រថយន្ដ​។នគរបាល​រក​ឃើញ​សម្បកគ្រាប់​​ចំនួន​ពីរ​នៅ​កន្លែង​កើត​ហេតុ​។

លោកពិសិដ្ឋដែលគេច​ផុត​ដោយ​​​មិន​មាន​រងរបួសនោះ ធ្វើ​ការ​នៅ​ឯ​នាយក​ដ្ឋានភ័ស្ដុភារ​ក្រសួង​ការ​ពារ​ជាតិ​ ហើយ​លោក​ក៏​​​ជា​​​​កូន​ប្រុស​របស់​អភិបាល​រង​ខេត្ត​ព្រះសី​​​ហនុ​ផងដែរ​ផង។

យោង​តាម​របាយការណ៍​របស់​នគរបាលរថយន្ដ​ទាំង​ពីរ​នេះ​​បើក​បរ​បញ្ច្រាស​ទិស​​គ្នា​​នៅ​តាម​​ផ្លូវ​លេខ​៥៥ដែល​មាន​​ការ​កក​ស្ទះ​ដោយ​​សារ​មានរថយន្ដ​ និងម៉ូតូចត​នៅ​​តាម​ផ្លូវ​ ព្រម​​​ទាំងអ្នក​លក់​ដូរ​ផងដែរ។

របាយការណ៍​នេះ​​លើក​ឡើង​ថាដោយ​ទំនង​ជា​ខឹង​នឹង​លោកពិសិដ្ឋដែល​បាន​​ញាក់​​​​ភ្លើង​សុំ​ផ្លូវទៅ​មុន​នៅ​ពេល​ដល់​​ផ្លូវ​ចង្អៀត​​នោះ​ អ្នក​បើក​បរ​រថយន្ដ​ម៉ាករ៉េងរ៉ូវើបាន​បាញ់​ប្រហារ​​តាម​​ទ្វាររថយន្ដ​របស់​ខ្លួន​​ទៅ​លើ​រថយន្ត​​ម៉ាក​ឡិច​ស៊ីស​តែម្តង។

ទោះ​ជា​ស្លាក​លេខ​រថយន្ដ​ម៉ាក​ រ៉េងរ៉ូវើ នេះ​ត្រូវ​បាន​រាយការណ៍​ទៅ​នគរបាល​​​ហើយ​​​​​​​ក៏​ដោយ​​ ក៏​​នគរ​បាល​មិន​ទាន់​បង្ហាញ​អត្ត​​​សញ្ញាណ​អ្នក​បើក​បរ​ដែល​ជា​ជន​សង្ស័យ​ក្នុង​ការ​បាញ់​បោះ​នេះ​​នៅ​​ឡើយទេ។

លោកគង់សាខនអគ្គស្នង​ការ​រង​នគរ​បាល​ជាតិ​ បាន​​មាន​ប្រសាសន៍​ថា “ យើង​មិន​ប្រញាប់​ប្រញាល់​​ប្រាប់​​អត្តសញ្ញាណ​ខ្មាន់​កាំភ្លើង​ទេ”។លោក​បន្ដ​ថាករណី​នេះ​កំពុង​​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​។

តាម​ច្បាប់​ ​ការ​ប្រើ​ប្រាស់​​កាំភ្លើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​​មាន​​​ការ​រឹតត្បិត​​យ៉ាង​តឹង​រុឹង​។ទោះ​ជាយ៉ាងណា ការ​បាញ់​​បោះ​​ជា​ច្រើន​នា​ពេល​​ថ្មី​ៗ​​នេះ​​​បង្ហាញ​ឲ្យ​ឃើញ​ថា ​មាន​​ការ​ប្រើ​ប្រាស់​ភ្លើង​ជា​លក្ខណ​ៈ​​ឯកជន​ជា​​ច្រើន​ក្នុង​ចំណោម​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ និង​អ្នក​​​ពាក់​ព័ន្ធ​​នឹង​នយោបាយ​។

យោង​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថាកាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន​ អភិបាល​រង​ខេត្ត​តាកែវ​ បាន​ដក​កាំ​ភ្លើង​បាញ់​ចំនួនពីរគ្រាប់ទៅ​លើ​​ឥដ្ឋនៅ​​ក្នុង​​ហាង​​ខារាអូខេមួយ​​កន្លែង​ ហើយ​គ្រាប់​​​​​​កាំភ្លើង​មួយ​គ្រាប់​បាន​ប្លាត​ទៅ​ត្រូវ​​ចំ​​​ជើង​ម្ចាស់​ហាង​ខារាអូខេ​នេះ​។នគរបាល​​​​លើក​ឡើង​ថាពួក​គេ​កំពុង​តែ​ស៊ើប​អង្កេត ​​ហើយ​​​​នៅ​មិន​ទាន់​មាន​ការ​ចាប់​ខ្លួន​នៅ​​​ឡើយ​​​​ទេ​។

កាល​ពី​ខែ​មុន​ អភិបាល​ខេត្ត​កោះ​កុង​ បាន​ឲ្យ​ដឹង​ថាក្មួយ​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែនត្រូវ​បាន​គេ​សង្ស័យ​ថាបាន​​​​បាញ់​ជា​ច្រើន​គ្រាប់​ទៅ​លើ​​ពិដាន​​ភោជ​​​នីយ​​​ដ្ឋាន​មួយ​ដែល​មាន​មនុស្ស​យ៉ាង​ច្រើន​ នៅ​ក្នុង​​​​ក្រុង​កោះ​កុង​ ដោយ​ធ្វើ​ឲ្យ​ភ្ញៀវ​នៅ​ក្នុង​ហាង​នេះនាំ​គ្នា​រត់​សម្រុកចេញ​។នគរបាល​ និង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កោះ​កុង​ បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាម​ៗ​ ហើយ​មិន​បាន​ស៊ើប​​អង្កេត​ការ​បាញ់​ប្រហារ​នេះ​ទេ​ ដោយ​ពួក​គេ​លើក​ឡើង​ថាមិន​​មាន​ការ​​​ដាក់​ពាក្យ​បណ្ដឹង​​​ជា​ផ្លូវ​ការ​អំពី​ហេតុការណ៍នេះ​។

កាលពី​ខែ​មុន​ដែរ​នោះប្រធាន​ និង​អនុ​​​ប្រធាន​​ការិយាល័យ​ពន្ធនាគារប៉េហ្ស៊ី​ (PJ) ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​បាន​បាញ់ទៅ​លើ​ជញ្ជាំង​ហាង​ខារាអូខេ​មួយ​កន្លែង​នៅ​​​ភ្នំពេញ​ ដោយ​សារ​តែ​ការ​ផ្ដល់​សេវា​​​យឺត​យ៉ាវ​នៅ​ទី​នោះ​។​បន្ទាប់​មក​​ ​គេ​​​បាន​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​កាន់​អង្គភាព​របស់​ខ្លួន​វិញ​ ដើម្បី​អប់​រំ​ដោយ​មិន​​បាន​កាត់​ទោស​​ពួក​គេ​​ឡើយ​។

នៅ​ពេល​នគរបាល​ ឬ​ទាហាន​បាន​បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ អំឡុង​ពេលមាន​ការ​បណ្ដេញ​ចេញ​ទ្រង់​ទ្រាយ​ធំមួយ​នៅ​ខេត្ត​ក្រចេះកាល​ពី​ខែ​កក្កដាមន្ត្រី​ខេត្ត​ក្រចេះ​​​​ភ្លាម​ៗ​នោះ​បាន​លើកឡើង​ថាមិន​ចាំ​បាច់​មាន​​​​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​បាញ់​ប្រហារនេះ​​​​​ទេ​។ក្រសួង​មហាផ្ទៃ​ បាន​ពន្យល់​ពី​ការ​បាញ់​សម្លាប់​ក្មេង​ស្រី​នេះ​ជា​​រឿង​ចៃដន្យ​​ ហើយ​​​​មិន​ចាំ​បាច់​មាន​ការ​ស៊ើប​អង្កេត​ឯក​​​រាជ​​​​្យអ្វី​ឡើយ។

នៅ​ពេល​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​​​បី​នាក់​ត្រូវ​បាន​បាញ់​ប្រហារ​ អំឡុង​ពេល​មាន​ការ​តវ៉ា​ កាល​ពី​ខែ​កុម្ភៈក្រសួង​មហា​ផ្ទៃ​បាន​លើក​ឡើង​ថាទង្វើ​នេះ​មិន​គួរ​អត់​ឱន​ឲ្យ​ទេ​។

តែ​ទោះ​ជាយ៉ាងណាប្រាំពីរ​ខែ​ក្រោយ​​​​មក​ ​​​ជន​សង្ស័យ​សំខាន់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​​​​នេះ​ គឺ​អតីត​អភិបាល​ក្រុង​បាវិត​​នៅ​​មាន​សេរី​ភាព​នៅ​ឡើយ ​ខណៈ​ដែល​ស្ត្រី​រងគ្រោះ​ទាំង​បី​រូប​ដែល​គេ​សង្ស័យ​ថាគាត់​បាន​បាញ់​ប្រហារ​នេះ​ បាន​បន្ដ​​ទាម​ទារ​​ឲ្យ​តុលាការ​បើក​សវនាការ​ជំុនំុ​ជម្រះ​រឿង​ក្តី​​របស់​ខ្លួន​។

ថ្វី​បើ​ការ​បាញ់​ប្រហារ​បែបនេះ​ជារឿយៗ​ តែង​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ ព្រម​​​​ទាំង​​មាន​និទណ្ឌ​ភាព​ផង​នោះ​ មន្ត្រី​រដ្ឋា​ភិបាលម្នាក់​គិត​ថា ​គួរ​តែ​​ស្ដី​បន្ទោសប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​។

លោកផៃស៊ីផានអ្នក​ពាក្យ​ទី​ស្ដីការ​គណៈ​​​រដ្ឋមន្ត្រី​​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថាប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ផ្ដោត​តែ​ទៅ​​និទណ្ឌភាព​​​​​ចំពោះ​បទ​ល្មើស​បាញ់​​បោះ​​ក្នុង​ចំណោម​​ឥស្ស​​​រជន​​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ​។

លោក​ ផៃស៊ីផាន​ បាន​លើក​ឡើង​ថា “ ​នេះ​… ពីព្រោះតែ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្ដោត​ទៅ​លើ​តែ​រឿង​នេះ​”។លោក​បន្ដ​ថារឿង​នេះ​ល្បី​ណាស់​ ព្រោះតែ​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ចង់​លើក​ឡើង​ពី​បញ្ហា​នេះ…មិន​មែន​មាន​ន័យ​ថាអ្នក​មាន​អំណាច​បុណ្យ​ស័ក្ដិ​ និង​គ្រួសារ​​​​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​មាន​អំណាច​ សុទ្ធ​តែ​រំលោភ​បំពាន​ច្បាប់​នោះ​ទេ​”​​​។

លោក​បានបន្ថែម​ថានគរបាល​ពិត​ជា​ស៊ើប​អង្កេត​លើ​ការ​បាញ់​ប្រហារ​ពាក់​ព័ន្ធ​ទៅ​នឹង​​អ្នក​នយោបាយ​មាន​អំណាច​ ប៉ុន្ដែចួន​កាល​ នគរបាល​មិន​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​​នោះ​ទេ​។

លោក​បាន​ថ្លែង​បន្ដ​ថា“ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រដ្ឋាភិបាល​ពិត​ជា​គោរព​។ គេ​​​​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ប្រព្រឹត្ត​រឿង​ដូច្នេះ​ឡើយ​ មិន​ថាជន​នោះ​ជា​នរណា​នោះ​ទេ​”។

លោកសុកសំអឿននាយក​ប្រតិបត្តិ​ក្រុម​​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជាដែល​ជា​អង្គការ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​មិន​រក​ប្រាក់​កម្រៃ​ បាន​លើក​ឡើង​ថាវា​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​សម្រាប់​នគរបាល​ដែល​មិន​បាន​បន្ដ​ស៊ើប​អង្កេត​នៅ​ពេល​អ្នក​មាន​អំណាច​ជាប់​ពាក់​ព័ន្ធ​​​​នឹង​បញ្ហា​បែប​នេះ​ ហើយ​ប្រសិន​បើ​មន្ត្រី​នគរបាល​មិន​បាន​ទៅ​កន្លែង​កើត​​ហេតុ​នោះ​ទេ ​គេ​តម្រូវ​ឲ្យ​នគរបាល​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​​ហេតុ​ការ​​ណ៍នោះ ​បន្ទាប់​ពី​​មាន​ហេតុ​ការ​ណ៍នោះ​កើត​​​ឡើង។ លោក​​បន្ដ​ថា“វា​ជា​រឿង​លំបាក​សម្រាប់​នគរបាល​ធ្វើ​ការ​ស៊ើប​សង្កេត ហើយ​​​​​វា​​ជា​រឿង​ងាយ​ស្រួល​សម្រាប់​ពួក​គេ​ ក្នុង​ការ​​មិន​ស៊ើប​សង្កេត​”៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស