31 C
Phnom Penh

របាយ​​ការណ៍​ស៊ើប​អង្កេត​របស់​នគរ​បាល​អូស្ដ្រាលី ជួយ​ឲ្យ​នគរ​បាល​កម្ពុជា ចាប់​បាន​គ្រឿង​ញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​យោង​តាម​សេចក្ដី​រាយការណ៍​មួយ​នៅ​ក្នុង​កាសែត​អូស្ត្រាលី បាន​​​ឲ្យ​​​ដឹង​​​ថា នគរ​បាល​អូស្ត្រាលី​បាន​ផ្ដល់​ព័ត៌មាន​សើុប​ការណ៍​ដែល​នាំ​​​ឲ្យ​នគរបាល​កម្ពុជា​ចាប់​បាន​សារធាតុ​គីមី​​ប្រើ​សម្រាប់​ផលិត​គ្រឿង​ញៀន​ខុស​ច្បាប់​យ៉ាង​​​ច្រើន។ 

សេចក្ដី​រាយការណ៍​​​​ចុះ​ផ្សាយ​កាល​ពី​ម្សិល​មិញ​ក្នុង​​​ទំព័រ​​​​កាសែតមួយ​​​ចំនួន ​​​​រួម​មាន ​កាសែត​ឌឹស៊ីដនីម៉នីងហឺ​រ៉ល (The Sydney Mornigng Herald) និង​កាសែត​ ឌឹអេជ (The Age) បាន​លើក​ឡើង​ថា ការ​ចែក​រំលែក​ព័ត៌​មាន​​​​​ស៊ើប​អង្កេត​នេះ​​ពាក់​ព័ន្ធ​នឹង​គោល​​នយោបាយ​មួយ​​ដែល​បាន​បង្កើត​ឡើង​កាល​ពីបី​ឆ្នាំ​​មុន​​​​សម្រាប់​​​​ឲ្យ​ប្រទេស​អូស្ត្រាលី​បង្កើន​ទំនាក់​ទំនង​ឲ្យ​បាន​ច្រើន​ជាមួួ​យនឹង​អាជ្ញាធរ​នៃ​ប្រទេស​ដទៃ​ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​។

សេចក្ដី​រាយការណ៍​​នេះ​បាន​ឲ្យ​ដឹង​ថាចំនួន​​​​​​​គ្រឿង​ញៀន ​និង​សារធាតុ​គីមី​​ប្រើ​សម្រាប់​គ្រឿង​ញៀន ដែល​​​​​​​នគរបាល​សហព័ន្ធ​អូស្ត្រាលី​​​រឹបអូស​​​បាន​​​​កើន​ឡើង​​​ជិត​១៤តោន​​ក្នុង​ចន្លោះ​ឆ្នាំ​២០១១ដល់​២០១២ធៀប​ទៅ​​នឹង​ឆ្នាំ​មុនៗ​មាន​ត្រឹម​តែ​៨,៦តោនប៉ុណ្ណោះ។

យោង​តាម​សេចក្ដី​រាយការណ៍​នេះ​ លោកខេវិន​ ស៊ូកាតូ (Kevin Zuccato) ប្រធាន​​​​ផ្នែក​​​​បង្ក្រាប​​​បទ​ឧក្រិដ្ឋ​ធំៗ​របស់​នគរបាល​សហព័ន្ធ​អូស្ត្រាលី​បាន​​​ទទួល​ស្គាល់​​ការ​ចាប់​គ្រឿង​ញៀន​ទាំង​នេះ​គឺ​ដោយ​សារ​​​​ “ ​មាន​ការ​ចែក​រំលែក​ព័ត៌មាន​​​ជាច្រើន​រវាង​​នគរបាល​សហ​ព័ន្ធ​អូស្ត្រាលីនិង​​ស្ថាប័ននានា​របស់​រដ្ឋាភិបាលក្នុង​ប្រទេស​អូស្ត្រាលីនិង​ទី​ភ្នាក់​ងារ​​នានា​នៅ​​ក្រៅ​ប្រទេស​”។

លោកស៊ូកាតូត្រូវ​បាន​ដក​ស្រង់​សម្ដី​ក្នុង​សេចក្ដី​រាយការណ៍​នោះ​ថា “ ​ការស៊ើបអង្កេត​ធំៗ​ជា​ច្រើន​បាន​ទទួល​ការ​គាំ​ទ្រ​ពីអន្ដរជាតិ​។

សេចក្ដី​រាយការណ៍​​នេះ​ ​លើក​ឡើង​​ថាដោយ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​នឹង​នគរបាល​ភូមាវៀតណាមនិង​​ថៃ នគរបាល​អូស្ត្រាលី​ បាន​ជួយ​ឲ្យ​នគរបាល​កម្ពុជា​រក​ឃើញ​ប្រេង​ម្រះព្រៅ​យ៉ាង​ច្រើន​ ដែល​​គេ​​​​​ប្រើ​​​​​សម្រាប់​ផលិត​ថ្នាំ​ញៀន​អុិច​ស្ដាស៊ី។​ ប្រេង​​​​នេះ​​​ចម្រាញ់​​​​ចេញ​ពី​ដើម​ម្រះ​ព្រៅ​ព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

​សេចក្តី​រាយ​ការណ៍​​នេះបាន​បន្ដ​ថា “ ការ​ស៊ើប​អង្កេត​របស់​​​នគរបាល​សហព័ន្ធ​អូស្ត្រា​លី​​ក្នុង​ប្រទេស​កម្ពុជាបាន​នាំ​ទៅ​រក​ការ​រឹប​អូស​ប្រេង​ម្រះ​ព្រៅ​បាន​ចំនួន​៤.១០០​លីត្រ​… ហើយ​ជន​ជាតិ​វៀត​ណាម​ និង​ជនជាតិ​កម្ពុជា​ប្រាំពីរ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​។ ប្រេង​​​នេះ​​​​អាច​ផលិត​ជា​ថ្នាំ​គ្រាប់​អុិច​ស្ដា​ស៊ី​បាន​​​រហូត​​​ចំនួន​២៥,៧លាន​គ្រាប់​ សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​អូស្ដ្រាលី”។

នៅ​ក្នុង​ការ​​​ឆ្មក់​​​ចូល​​​​​ឃ្លាំង​មួយ​​នៅ​ក្នុង​ខណ្ឌ​សែន​សុខរាជធានី​ភ្នំពេញ​ កាល​ពីខែ​ឧសភា ប្រេង​ម្រះ​ព្រៅ​ចំនួន​៤.១៩០​លីត្រ​ ត្រូវ​បាន​រឹប​អូស​។ ជន​ជាតិ​វៀតណាម​ប្រាំមួយ​នាក់និង​ជនជាតិ​កម្ពុជា​ម្នាក់​ដែល​ចាប់​ខ្លួន​ក្នុង​ពេល​បង្ក្រាប​នោះ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​ផលិត​ថ្នាំ​ញៀន​។មន្ត្រី​ម្នាក់​ និង​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់ ​លើក​ឡើង​នៅ​ពេល​​នោះ​ថា ​អ្នក​ជំនាញ​ប្រឆាំង​គ្រឿង​ញៀន​​អូស្ត្រាលី​កំពុង​​​ស្ថិត​​​នៅ​ក្នុង​រាជធានី និង​​​កំពុង​​​​​​សហការ​​​ជាមួយ​នឹង​សមភាគី​កម្ពុជា​។

លោកគៀតច័ន្ទថារិទ្ធអ្នក​នាំពាក្យ​នគរបាល​​ជាតិ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា លោក​​​មិន​​​ចាំ​ពី​​ករណី​​ដែល​បាន​លើក​ឡើង​នៅ​ក្នុងរបាយ​ការណ៍​របស់​​នគរ​បាល​សហព័ន្ធ​អូស្ត្រាលី​នោះ​ទេ​ ប៉ុន្ដែបាន​មាន​ប្រសាសន៍​ថា “ ​យើង​​មាន​ប្រវត្តិ​សហការ​ជាមួយ​នគរបាល​អូស្ត្រាលី​​​ជា​យូរ​​មក​ហើយមិន​មែន​​មាន​​តែ​រឿង​ប្រឆាំង​​គ្រឿង​ញៀន​នោះ​ទេ​”។

លោក​បាន​មាន​ប្រសាសន៍​ថាក្រុម​ការ​ងារ​​រួម​គ្នា​​មួយ​ក្រុម​​ទទួល​បន្ទុក​បទ​ល្មើស​ឆ្លង​​ដែន​​​ដឹក​នាំ​ដោយ​លោក​ សុខផលអគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ​ ជា​ពិសេសបាន​​​សហការ​​យ៉ាង​​​ជិត​​​ស្និទ​្ធជាមួយ​នគរបាល​សហព័ន្ធ​អូស្ត្រាលី។

ប្រទេស​អូស្ដ្រាលី​ដែល​ជា​កន្លែង​ថ្នាំ​ញៀន​ណាកូទិច ​លក់​បាន​ថ្លៃ​ខ្ពស់​នៅ​តាម​​​ដង​​​​ផ្លូវ​នោះ​គឺ​ជា​ទិសដៅ​សំខាន់​​​​សម្រាប់​ថ្នាំ​ញៀន ​ដែល​បាន​ផលិត​ក្នុង​​​ ឬ​ក៏​ឆ្លង​កាត់​​ប្រទេស​កម្ពុជា។ ​​កាល​ពី​ខែមេសាបុរស​ពីរ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​ទី​ក្រុង​មែ៉ល​ប៊ើនប្រទេស​អូស្ត្រាលី​ពីបទ​ប៉ុនប៉ង​​ផ្ញើ​​​​សារធាតុ​ហេរូអីុន​​ចំនួន​៦០​គីឡូក្រាម​​​​​តាម​សេវា​ប្រៃសណីយ៍​ពី​ប្រទេស​កម្ពុជា​​​ទៅ​​ប្រទេស​អូស្ត្រាលី​៕

     ប្រែសម្រួល​ដោយហមសុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស