កាលពីម្សិលមិញ នគរបាលរាជធានីភ្នំពេញបានបិទផ្លូវរារាំងការព្យាយាមចេញទៅតវ៉ារបស់អ្នកភូមិបឹងកក់ ដើម្បីប្រឆាំងនឹងការបណ្តេញចេញ ក្នុងរាជធានីភ្នំពេញ ប៉ុន្តែ មិនបានបញ្ឈប់ក្បួនបាតុកម្មរបស់ក្រុមអ្នកបើកបរម៉ូតូកង់បី និងអ្នករត់ម៉ូតូឌុបទេ ដើម្បីប្រឆាំងនឹងការតវ៉ារបស់អ្នកបឹងកក់។
អ្នកភូមិមកពីសហគមន៍បឹងកក់ និងបុរីកីឡាប្រហែល១៥០នាក់ មានផែនការដើរក្បួនទៅក្រសួងយុត្តិធម៌ ដើម្បីដាក់ញត្តិសុំឲ្យដោះលែងស្ត្រីពីរនាក់ ដែលធ្លាប់ធ្វើយុទ្ធនាការប្រឆំាងនឹងការបណ្តេញចេញជាយូរមកហើយ។ ស្ត្រីទាំងពីរនាក់នេះត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ត្រូវបានតុលាការចោទប្រកាន់ភ្លាមៗពីបទល្មើសពាក់ព័ន្ធនឹងការតវ៉ារបស់ខ្លួន ហើយត្រូវឃុំខ្លួនជាបណ្តោះអាសន្នមុនការជំនុំជម្រះ។
ក្រុមអង្គការសិទ្ធិមនុស្សចាត់ថា ការចាប់ខ្លួននោះគឺជាការព្រាងទុក ដោយសារតែសកម្មភាពទាមទារសិទ្ធិដីធ្លីរបស់ពួកគេ។នៅពេលក្រុមអ្នកតវ៉ា កាលពីម្សិលមិញបានព្យាយាមដើរក្បួនចេញពីតំបន់បឹងកក់នៅម៉ោងប្រហែល៨និង៣០នាទីព្រឹក តាមផ្លូវលេខ៨៦ ក្បែរសណ្ឋាគារភ្នំពេញ ពេលនោះនគរបាល និងកងរាជអាវុធហត្ថប្រហែល៧០នាក់ប្រដាប់ដោយដំបងឆក់និងខែល បានឈរតម្រង់ជួរគ្នាបញ្ឈប់ពួកគាត់។
បន្ទាប់ពីមានការប្រវាយប្រតប់គ្នាមួយប្រាវជាមួយនគរបាលក្រុមអ្នកតវ៉ាភាគច្រើនជាស្ត្រី និងកុមារបានព្យាយាមចេញពីតំបន់បឹងកក់ទៀតដោយម្តងនេះទៅតាមផ្លូវក្បែរស្ថានទូតបារាំងវិញ ប៉ុន្តែពួកគេត្រូវបាននគរបាលរារាំងម្តងទៀត។បន្ទាប់ពីការព្យាយាមដើរចេញ ដោយមិនបានសម្រេច ពួកគេក៏ដើរត្រឡប់ក្រោយទៅកន្លែងដើមវិញនៅម៉ោងប្រហែល១១ព្រឹក។
ច្រើនលើកហើយ នគរបាលរារាំងក្រុមអ្នកតវ៉ាដោយសន្តិវិធីមិនឲ្យដើរក្បួន ប៉ុន្តែ កាលពីម្សិលមិញ គឺជាលើកដំបូងហើយ ដែលពួកគេបានបិទច្រកចេញពីតំបន់បឹងកក់ទាំងអស់។
លោកអំ សំអាតប្រធានផ្នែកបច្ចេកទេសប្រចាំអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា “វាប៉ះពាល់ យ៉ាងធ្ងន់ ធ្ងរដល់សិទ្ធិ សេរីភាពនិងសេរីភាពក្នុងការបញ្ចេញមតិរបស់ពួកគេនៅពេលអាជ្ញាធររារាំងពួកគេមិនឲ្យដាក់ញត្តិ”។
លោកព្រាបបុរីអធិការរងនគរបាលខណ្ឌដូនពេញដែលជាអ្នកបញ្ជាម្នាក់ក្នុងចំណោមអ្នកបញ្ជាឯទៀត បានលើកឡើងថាការដើរក្បួននេះ ត្រូវបានរារាំង ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាននៅសប្តាហ៍នេះ។ លោកបានមានប្រសាសន៍ថា “ ប្រសិនបើមានអ្វីមួយបណ្តាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម យើងត្រូវតែចាត់វិធានការ”។
ទោះជាយ៉ាងណា ស្របពេលក្រុមអ្នកតវ៉ាមកពីសហគមន៍បឹងកក់ ត្រូវបាននគរបាលទប់ស្កាត់ នៅចម្ងាយជិតមួយគីឡូម៉ែត្រពីទីនោះ មានអ្នករត់ម៉ូតូកង់បី និងអ្នករត់ម៉ូតូឌុបប្រហែល១៧០នាក់ បានប្រមូលផ្តុំគ្នានៅលើសួនសេរីភាព ដើម្បីធ្វើបាតុកម្មប្រឆំាងនឹងក្រុមអ្នកតវ៉ាបុរីកីឡា និងអ្នកបឹងកក់។ ការតវ៉ារបស់ពួកគេ មិនត្រូវបាននគរបាលរារាំងទេ។
អ្នករត់តាក់ស៊ីទំាងនោះដែលជាសមាជិកសហជីពមួយឈ្មោះ សមាគមសហព័ន្ធដើម្បីអភិវឌ្ឍកម្ពុជា និយាយថា ពួកគេមិនសប្បាយចិត្តចំពោះស្ត្រីអ្នកតវ៉ា យកការចាប់ខ្លួនអ្នកស្រីយ៉ម បុប្ផា ជាស្រ្តីម្នាក់ក្នុងចំណោមស្ត្រីផ្សេងទៀត ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារកាលពីសប្តាហ៍មុន មកធ្វើជារឿងនយោបាយ។
ក្រុមអ្នករៀបចំការតវ៉ា និងលោកវ៉ាត សារ៉ាត់ដែលជាអ្នកភូមិបឹងកក់ដែរ បានដាក់ពាក្យបណ្តឹងទៅនគរបាលកាលពីក្នុងខែសីហាដើម្បីប្តឹងអ្នកស្រីបុប្ផាព្រមទាំងប្តី និងបងប្អូនប្រុសពីរនាក់របស់អ្នកស្រី ដោយចោទអ្នកទាំងបួនថា បានវាយកូនប្រុស និងក្មួយប្រុសរបស់ខ្លួន។ប្តីរបស់អ្នកស្រី បុប្ផាបានបដិសេធចំពោះការចោទប្រកាន់នេះ។
លោកអេសម្ផស្សប្រធានសមាគមសហព័ន្ធ ដើម្បីអភិវឌ្ឍកម្ពុជា មានប្រសាសន៍ថា “រឿងនេះមិនពាក់ព័ន្ធនឹងជម្លោះដីធ្លីទេ ដូច្នេះហេតុអ្វីពួកគេតវ៉ាឲ្យមានការដោះលែងជនសង្ស័យ?។យើងសំណូមពរឲ្យតុលាការដាក់ទោសគាត់ [អ្នកស្រី បុប្ផា] តាមច្បាប់ព្រហ្មទណ្ឌ ហើយអ្នកស្រីត្រូវសងជំងឺចិត្ត”។
លោក សម្ផស្សបានមានប្រសាសន៍ថាប្រធានសមាគមសហព័ន្ធ ដើម្បីអភិវឌ្ឍកម្ពុជាបានចុះឈ្មោះនៅក្រសួងមហាផ្ទៃកាលពីឆ្នាំមុន។ លោកបានអះអាងថា អង្គការនេះមិនជាប់ពាក់ព័ន្ធនឹងនយោបាយទេ។
បន្ទាប់ពីការជួបជុំគ្នានៅលើសួនសេរីភាពលោកសារ៉ាត់និងអ្នករត់តាក់ស៊ីចំនួន១៦០នាក់ បានដង្ហែរក្បួនដ៏ធំមួយទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីដាក់ញត្តិប្រឆំាងអ្នកបឹងកក់ដោយសំណូមពរឲ្យតុលាការកុំដោះលែងអ្នកស្រីបុប្ផាឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នតែត្រូវផ្តន្ទាទោសគាត់។
គេឃើញមន្ត្រីនគរបាលអមក្បួនបាតុករនេះ ឆ្ពោះទៅក្រសួងយុត្តិធម៌ សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដែលគ្មានអាជ្ញាធរណារារាំងឡើយ។
លោក បុរី អធិការរងនគរបាលខណ្ឌដូនពេញដែលបាននិយាយមុននេះថា លោកបានរារាំងក្រុមអ្នកតវ៉ាមកពីសហគមន៍បឹងកក់ដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈថ្លែងថា បាតុកម្មតបតរបស់សមាគមសហព័ន្ធ ដើម្បីអភិវឌ្ឍន៍កម្ពុជា ត្រូវបានអនុញ្ញាតឲ្យបន្តពីព្រោះពួកគេមិនធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈទេ។
លោកសំអាត មានប្រសាសន៍ថា សកម្មភាពរបស់សមាគមសហព័ន្ធ ដើម្បីអភិវឌ្ឍន៍កម្ពុជានិងនគរបាលបានធ្វើឲ្យលោកនឹកឃើញដល់ក្រុមគាំទ្ររដ្ឋាភិបាល ដែលធ្វើប្រតិបត្តិការ កាលពីចុងទសវត្សរ៍១៩៩០ និងដើមទស្សវត្សរ៍២០០០ ដូចជាសមាគមក្មេងវត្ត ដែលធ្លាប់ប៉ះទង្គិចដោយហិង្សាជាមួយក្រុមបាតុករផ្សេងទៀតដែលគេគិតថាមានទស្សនៈប្រឆំាងនឹងរដ្ឋាភិបាល។
អំឡុងហេតុការណ៍បែបនោះ ក្រុមក្មេងវត្ត ជារឿយៗត្រូវបានអនុញ្ញាតឲ្យធ្វើបាតុកម្មតបតរបស់ខ្លួន ដែលពេលខ្លះបានបង្កទៅជាអំពើហិង្សា ហើយគ្មានអាជ្ញាធរណាចេញមុខមករារាំងឡើយ៕
ប្រែសម្រួលដោយចេវប៊ុននី