34 C
Phnom Penh

នៅក្នុងសវនាការ ម្ចាស់​ស្ថានីយ ​វិទ្យុ​សម្បុកឃ្មុំ បដិ​សេធចំពោះ​​ ការ​ចោទ​ពីបទ​បង្កើត​អ​ប​គមន៍​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ម៉ម ​សូណង់​ដូម្ចាស់​ស្ថានី​យ​វិទ្យុ​សម្បុកឃ្មុំ កា​ល​ព​ី​ម្សិល​​មិញ​​ បា​ន​ប្រ​កាស​ថា​ លោក​​​មិន​បា​ន​ធ្វើ​​អ្វី​ខ​​ុស​ទេ​ ​​នៅ​ឯ​សាលា​​​​ដំ​បូ​ង​រាជ​ធានី​ភ្នំ​ពេញ​ ដែលកា​រ​​​បើក​សវនាការ​​ជំនុំ​ជម្រះ​លោក​​ បា​នចា​ប់​ផ្តើម​ជុំ​វិញ​កា​រ​​ពា​ក់​ព័ន្ធ​​​របស់​លោក​​ក្នុង​​ចល​នា​​បង្កើតតំបន់អប​គមន៍​​​នៅ​ក្នុ​ង​ខេត្ត​ក្រ​ចេះ​។

​ម្ចាស់​វ​ិ​ទ្យុ​សម្បុក​ឃ្មុំ​វ័យ​​៧១​ឆ្នាំ​​រូ​ប​​​នេះ​​​បា​ន​​មា​ន​ប្រ​សាសន៍​​ក្នុ​ងពេល​​បើក​​​សវនាកា​រ​ មុន​​​មន្ត្រីតុលា​​កា​រ​​​បិទ​ទ្វា​​រ​បន្ទប់ជំនុំ​ជម្រះមិន​ឲ្យ​អ្នក​កាសែត​​ចូ​ល​​ថា“ ខ្ញុំ​​មិន​​បា​នពាក់​ព័ន្ធ​ក​្នុ​ង​កា​រ​បង្កើតតំបន់​អ​ប​គមន៍​ទេ​”។

ដោ​យកា​រធ្វើ​អ​ត្ថា​ធិ​ប្បាយ​អំ​ព​ី​​អង្គកា​រ​​ក្រៅរដ្ឋាភិបាល ដែ​ល​​លោក​បាន​​​បង្កើត​ឡើង​គឺ​​សមាគ​ម​អ្ន​ក​ប្រជា​ធិ​ប​តេយ្យ​ លោកម៉មសូ​ណង់​ដូ​​​ បា​ន​ប្រាប់​តុ​លា​​​កា​រ​ថា សមាគម​នេះ​ត្រូ​វ​បា​ន​​បង្កើត​ឡើង​ ដើម្បី​បង្រៀន​ “ ប្រជា​ពលរដ្ឋខ្មែរ​ឲ្យ​យល់​អំពី​សេរី​ភា​ព​”។

មនុស្ស​ប្រាំបីនាក់ផ្សេង​ទៀត​ ដែលត្រូវ​បាន​តុលាការចោទ​ប្រកាន់​ ចំពោះ​តួនាទី​របស់​​ពួក​គេនៅក្នុង​ការ​បង្កើតតំបន់អបគមន៍​ ក៏​បាន​ចូល​រួមក្នុងសវនាការ​ជាមួយ​នឹង​លោក​ ម៉មសូណង់ដូផងដែរ​ កាល​ពី​ម្សិលមិញ​ ។

លោកម៉មសូណង់ដូ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដានិង​ត្រូវ​សាលា​ដំបូង​រាជធានីភ្នំពេញចោទ​ប្រកាន់​ចំនួន​បួន​ករណី​ ចំពោះ​តួនាទី​របស់លោក​ក្នុង​ការ​ជួយ​ភូមិ​ នៅ​ក្នុងខេត្តក្រចេះ​ ដែលធ្លាប់មានជាប់​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ដីធ្លី ដើម្បី​បំបែក​ខ្លួន​ចេញ​ពី​ការ​គ្រប់គ្រងរបស់អាជ្ញាធរ​​។

អង្គការ​សិទ្ធិ​មនុស្ស​បាន​ច្រាន​ចោល​ចំពោះ​ការចោទប្រកាន់ពីការបង្កើតតំបន់​អបគមន៍​ថា គ្រាន់ជា​លេសរបស់រដ្ឋាភិបាល ដើម្បី​បណ្ដេញ​​ប្រជាពលរដ្ឋចំនួន៦០០​គ្រួសារ​​ ចេញ​ពី​ភូមិ​នេះ ហើយ​បាន​ហៅ​ការ​ឃុំ​ខ្លួន​លោក ម៉មសូណង់ដូថាជា​គម្រោង​ការណ៍​មួយ​ ដើម្បី​បំភិត​បំភ័យ​អ្នក​រិះ​គន់​រដ្ឋាភិបាល​ផ្សេង​ទៀត​។

លោកសុកសំអឿននាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​ ​មាន​ប្រសាសន៍​ថាព្រះរាជ​អាជ្ញា​បាន​យក​ឧបករណ៍​មួយ​ចំនួនដើម្បីធ្វើជា​ភស្ដុតាង​ក្នុងសវនាការ​ រួម​មាន​ស្នាសម្រាប់​បាញ់​សត្វ​ ដែល​នគរបាល​បាន​អះអាង​ថា ក្រុម​អ្នក​ភូមិ​បាន​ប្រើ​​ជា​អាវុធ​អំឡុង​​ការ​បណ្ដេញ​ចេញ​។

លោកសុកសំអឿន​ ​មាន​ប្រសាសន៍​ថាសាក្សី​ម្នាក់​​ ដែល​មកដល់​តុលាការ​តាំង​ពី​ព្រឹក​បាន​បំភ្លឺ​ថា នគរបាល​ដែលមក​បណ្ដេញ​ប្រជា​ពលរដ្ឋ​ចេញ​បាន​បង្ខំឲ្យ​គាត់​​ឈរ​​កាន់​ស្នា​មួយដើម្បី​ថត​រូប​។

លោក សំអឿន បាន​មាន​ប្រសាសន៍​អំពី​ភស្ដុតាង​ទំាង​នោះ​ថា “ គាត់​បាន​និយាយ​ថា នគរបាលបានឲ្យ​ព្រួញ​មួយ​ដល់គាត់ ហើយ​ប្រាប់ឲ្យ​គាត់កាន់រួចថត​រូប​គាត់​”។

លោកអំសំអាតប្រធាន​ផ្នែក​បច្ចេក​ទេស​​របស់អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​ដែល​បាន​ចូល​រួម​ស្តាប់សវនាការ​នេះ​ ក៏បានចោទសួរ​ចំពោះភស្ដុតាង​ផង​ដែរ​ ដែល​ត្រូវ​លោក​ព្រះរាជ​អាជ្ញាយកមក​បង្ហាញ​​ ដើម្បី​ធ្វើ​ជា​ភស្តុតាង ដាក់បន្ទុកមកលើការ​អះអាង​របស់​​ខ្លួន​អំពីចលនា​បង្កើតអបគមន៍​។

លោក​បាន​មានប្រសាសន៍​ថា “ ​ភស្ដុតាង​ដែល​យើង​បាន​ឃើញ​ថ្ងៃ​នេះដូចជា​ ស្នានិង​ពូថៅ… ពួក​គេ​ [សាក្សី] បាន​និយាយ​ថាពួក​គេ​បាន​ប្រើ​ឧបករណ៍​ទាំង​នេះដើម្បី​បាញ់​សត្វ​ពី​ព្រោះពួកគេភាគ​ច្រើន ជា​កសិករ​ ទាំង​នោះមិនមែនជាអាវុធ​ទេ​”។

នៅ​ពេល​រសៀល​ថ្ងៃដដែល ក្រុម​អ្នក​យក​​ព័ត៌មាន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ស្តាប់​ក្នុង​បន្ទប់សវនាការ នៅពេលជន​ជាប់​ចោទ​ឈ្មោះ​ ម៉ាឆាង ​ដែលត្រូវ​បាន​តុលាការ​ចោទ​​ប្រកាន់ដែរ​ ប៉ុន្ដែ មិន​ត្រូវ​បាន​ឃុំ​ខ្លួន​នោះបាន​ប្រាប់​តុលាការ​ថា អ្នក​ភូមិ​ម្នាក់​ឈ្មោះប៊ុនរដ្ឋាដែល​ត្រូវ​បាន​តុលាការចោទ​ប្រកាន់​​ដែរប៉ុន្ដែនៅ​មិន​ទាន់​ចាប់​ខ្លួន​បាន​នៅ​ឡើយ​​នោះ​ថា ជាមេដឹកនាំនៅ​ក្នុង​ការ​បង្កើត​តំបន់​អបគមន៍​នេះ។

លោក​លើក​ឡើង​ថា “ ប៊ុនរដ្ឋាបានញុះ​​ញង់អ្នក​ភូមិ​ឲ្យ​ធ្វើ​បាតុកម្ម​ និង​វាស់​វែងដី​​​ក្នុង​ភូមិ​ប្រម៉ាដើម្បីចែកគ្នា។ប៊ុនរដ្ឋាចង់​រំលាយ​ប្រធានភូមិ​ចាស់​ និង​បង្កើត​ប្រធាន​ភូមិ​ថ្មី​”។

នៅ​ថ្ងៃ​នគរ​បាល​ធ្វើ​ប្រតិបត្តិការ​​បណ្ដេញ​អ្នកភូមិរាប់​រយ​នាក់​ ហើយ​នៅ​​ពេល​នោះ​ទាហាន​ ឬ​នគរបាល​បាន​បាញ់​ស្លាប់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់នោះ គាត់​បាន​អះអាង​ថារដ្ឋា បាន​ប្រមូល​អ្នក​ភូមិ​ទាំង​នោះ​ឲ្យ​កាន់​ស្នា​តទល់​​នឹង​​ទាហាន។

លោកឆាងក៏​បាន​ចោទ​ប្រកាន់​លោករដ្ឋាផងដែរ​ថា បាន​រៀប​ចំ​ឲ្យ​អ្នក​ភូមិ​វាស់​វែង​ដី​របស់​ខ្លួន​ ​និង​ឲ្យ​ប្រាក់​ទៅ​អ្នក​ភូមិ​ចំនួន​៥.០០០​រៀល​ក្នុង​មួួយ​ហិក​តា។ គាត់​ក៏​បាន​អះអាង​ផង​ដែរ​ថាលោករដ្ឋាបាន​គំរាម​​ជន​ណា​ដែល​​មិន​ព្រម​ចូល​រួម​ជាមួយ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​របស់​លោកម៉មសូណង់ដូ។គាត់​​និយាយ​ថាលោករដ្ឋាបាន​កោះ​ប្រជុំ​នៅ​កន្លែង​មួយ​ចំនួនមុន​ពេល​មាន​ការ​បណ្ដេញ​ចេញនេះ​ បាន​កាន់​រូប​ថត​លោកម៉មសូណង់ដូ ​និង​​និយាយ​ថា“ នេះ​គឺ​ជា​មេ​ដឹក​នាំ​របស់​យើង​”។

​ជន​​ជាប់​ចោទ​ផ្សេងទៀត​​ ដែល​បាន​ចូល​រួម​​នៅ​ក្នុង​សវនាការ​​កាល​ពី​ម្សិលមិញ បាន​ផ្ដល់​សក្ខីកម្ម​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​​ សាក្សី​​មួយ​ចំនួន​តូច​បាន​លើក​ឡើង​ថា ពួក​គេ​មិន​ដែល​បាន​​ជួប​លោក​ ម៉ម សូណង់ដូ​ ទេ​។

ពួក​គេ​​ក៏​បាន​លើក​ឡើង​ថា ពួក​គេ​​បាន​​ប្រគល់​ខ្លួន​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​លើក​លែង​ការ​ចោទ​ប្រកាន់​ចំពោះ​ជន​ណា​ដែល​បាន​សារភាព​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋា​ភិបាល​​​ពី​បទ​ធ្វើ​អបគមន៍​​នេះ​។

នៅ​ក្រៅ​តុលាការ​ អ្នក​គាំ​ទ្រ​ជាង​៤០០​នាក់​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​កែ​ង​ផ្លូវ​សាល​ដឺ​ហ្គោល និង​ផ្លូវ​១៨២ ដែល​នៅ​ទី​នោះ​​នគរ​បាល​បាន​រារាំង​ពួក​គេ​មិន​ឲ្យ​ចូល​ជិត​តុលាការ​។ មនុស្ស​ជា​ច្រើន​​ក្នុង​ចំណោម​អ្នក​គាំ​ទ្រ​ទាំង​នោះ​ពាក់​អាវ​យឺត​មាន​រូប​ឃ្មុំ​កាន់​ស្លាក​សញ្ញា​មួយ​ដែល​សរសេរថា “ ដោះ​លែង​លោកម៉មសូណង់ដូ” និង​ “ បញ្ឈប់​ប្រើ​អំពើ​ហិង្សា”។ អ្នក​តវ៉ា​ផ្សេង​​ទៀត​ពាក់​អាវ​មាន​រូប​ម្ចាស់​ស្ថានីយវិទ្យុ​នេះ​។

លោកស្រីមូរសុខហួរ​ សមាជិក​សភាគណបក្ស​ សមរង្ស៊ីក៏​បាន​ចូល​រួម​​​គាំ​ទ្រ​​លោកម៉ម សូណង់ដូ ជាមួយ​​ប្រជាពល​រដ្ឋទាំងនោះដែរ។

ក្រោយ​ម៉ោង​៦ព្រឹក​បន្ដិច​ បាតុករ​​មួយ​ចំនួន​បាន​ព្យាយាម​រុញច្រាន​នគរបាល​​ដើម្បី​សំដៅ​ទៅ​តុលាការ​ ប៉ុន្ដែត្រូវ​បាន​រា​រាំង​នៅ​​ពេល​ដែល​មន្ត្រី​នគរបាល​ប្រឆាំង​កុបកម្ម​​បាន​ប្រមូល​ផ្តុំ​គ្នា​រុញ​ច្រាន​ទប់​ទល់​វិញ​។

មិន​យូរ​ប៉ុន្មាន មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​បាន​ធ្វើ​ការ​សម្រប​សម្រួល​ ដើម្បី​​គ្រប់​គ្រង​សភាព​ការ​ណ៍​នេះ។​នគរបាល​ដក​​ថយ​បន្ដិច​ ហើយ​បា​ន​ដាក់​របាំង​​បិទ​ផ្លូវ​នៅ​កន្លែង​របស់​ខ្លួន ចំណែក​ក្រុម​អ្នក​គាំទ្រ​មិន​បាន​ប៉ុន​ប៉ង​រុញ​ច្រាន​ទៅ​មុខ​ទៀត​ទេ​ ​និង​បាន​ឈរ​ហាល​​ភ្លៀង​ធ្លាក់​ខ្លាំង​រហូត​ដល់​​ចប់​​សវនាការ​នៅ​ថ្ងៃ​នោះ។ សវនាការ​បន្ដ​នៅ​ព្រឹក​នេះ​ទៀត៕

ប្រែសម្រួលដោយចេវប៊ុននី

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស