នគរបាលបានមានប្រសាសន៍ថា អ្នកយកព័ត៌មានឲ្យកាសែតមិនសូវល្បីឈ្មោះម្នាក់ដែលបានរាយការណ៍អំពីបទល្មើសកាប់ឈើនៅក្នុងខេត្តរតនគិរី ត្រូវបានប្រទះឃើញស្លាប់នៅក្នុងឃ្លុបរថយន្តរបស់ខ្លួនកាលពីម្សិលមិញ។
លោកសុងប៊ុនថាណមនាយការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត មានប្រសាសន៍ថា លោក ហង្ស សេរីឧត្តម អាយុ៤២ឆ្នាំ អ្នកយកព័ត៌មានឲ្យកាសែតជាភាសាខ្មែរឈ្មោះ វីរជនខ្មែរ ប្រចាំថ្ងៃ បានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ
នៅពេលលោកបានចាកចេញពីផ្ទះនៅក្នុងក្រុងបានលុង ដោយប្រាប់ភរិយាថា លោកចេញក្រៅតែមួយរយៈពេលខ្លីប៉ុណ្ណោះ។
លោកប៊ុនថាណមបានមានប្រសាសន៍បន្តថា សាកសពលោក ហង្សសេរីឧត្តម ត្រូវបានប្រទះឃើញកាលពីល្ងាចម្សិលមិញដោយដេកផ្កាប់មុខនៅក្នុងឃ្លុបរថយន្តតូយ៉ូតាកាមរី របស់ខ្លួន។ អ្នកភូមិបានរាយការណ៍ប្រាប់នគរបាលអំពីរថយន្តនេះ បន្ទាប់ពីមានក្លិនស្អុយចេញពីរថយន្ត ដែលគេទុកចោលនៅក្នុងចម្ការស្វាយចន្ទីមួយ នៅក្នុងឃុំចាអ៊ុង ស្រុកអូរជុំខេត្តរតនគិរី។
លោកប៊ុនថាណមបានបន្តថា“សាកសពជនរងគ្រោះត្រូវបានគេកាប់ពីរពូថៅចំក្បាលផ្នែកខាងក្រោយ និងចំចិញ្ចើម។ យ៉ាងហោចណាស់មានមនុស្សពីរនាក់ ជាប់ពាក់ព័ន្ធនឹងឃាតកម្មនេះ។ ឃាតកម្មនេះមិនពាក់ព័ន្ធងករណីប្លន់នោះទេ ពីព្រោះសម្ភាររបស់លោក ហង្ស សេរីឧត្តម មិនមានការបាត់បង់ទេ។ ជនល្មើសគឺជាអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ ហើយបានប្រើល្បិចឲ្យជនរងគ្រោះចេញពីផ្ទះទៅជួបខ្លួន ដើម្បីសម្លាប់តែម្តង។ឃាតកម្មនេះជាឃាតកម្មគ្រោងទុកជាមុន”។
អ្នកស្រីអុឹមចន្ធីភរិយារបស់លោកសេរីឧត្តម ដែលមានផ្ទៃពោះប្រាំពីរខែ និយាយថាប្តីរបស់អ្នកស្រីបានធ្វើការជាអ្នកយកព័ត៌មានបួនឆ្នាំមកហើយ។លោកបានចេញពីផ្ទះនៅម៉ោងប្រាំពីរយប់ថ្ងៃអាទិត្យដោយនិយាយថា គាត់ទៅជួបមនុស្សម្នាក់ឈ្មោះ “ ហេង”។
អ្នកស្រី ចន្ធីមានប្រសាសន៍បន្តថាបន្ទាប់ពីមិនឃើញប្តីរបស់គាត់ត្រលប់មកផ្ទះវិញហើយមិនលើកទូរស័ព្ទនោះ អ្នកស្រីក៏បានទូរស័ព្ទប្ដឹងទៅនគរបាលនៅព្រឹកបន្ទាប់។
កាសែតវីរជនខ្មែរប្រចាំថ្ងៃបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីម្សិលមិញដោយថ្កោលទោសឃាតកម្មលើអ្នកយកព័ត៌មានរបស់ខ្លួន។លោករិនរតនៈនិពន្ធនាយកកាសែតវីរជនខ្មែរប្រចាំថ្ងៃ មានប្រសាសន៍ថាលោកហង្សសេរីឧត្តមបានធ្វើការជាអ្នកយកព័ត៌មានឲ្យកាសែតរបស់លោកបួនខែមកហើយ ហើយរាយការណ៍អំពីករណីកាប់ឈើខុសច្បាប់មួយចំនួន ដែលពាក់ព័ន្ធនឹងអ្នកមានអំណាចក្នុងខេត្តរតនគិរី។
លោករតនៈបានមានប្រសាសន៍បន្តថា“ គាត់បានសរសេរអត្ថបទពាក់ព័ន្ធនឹងករណីកាប់ឈើប្រណីតខុសច្បាស់ក្នុងខេត្តរតនគិរីនិងអត្ថបទដែលលោកបានរាយការណ៍ពាក់ព័ន្ធនឹងមន្ត្រីមានអំណាច ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ”។
នៅក្នុងអត្ថបទចុងក្រោយរបស់លោកដែលបានចេញផ្សាយកាលពីថ្ងៃទី៦ខែកញ្ញាលោកហង្សសេរីឧត្តម បានរាយការណ៍ថាកូនប្រុសរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តមានជាប់ព័ន្ធនឹងជំនួញឈើខុសច្បាប់។ លោកហង្សសេរីឧត្តម រាយការណ៍ថា កូនប្រុសរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាអ្នកជួញដូរឈើប្រណីតខុសច្បាប់ដោយប្រើរថយន្តពាក់ស្លាកលេខនគរបាល និងមានជាប់ពាក់ព័ន្ធក្នុងការជំរិតទារប្រាក់ពីអ្នកភូមិ ដែលដឹកឈើស្របច្បាប់ ដើម្បីសង់ផ្ទះ។
លោក រតនៈ បន្ថែមថា“ បើសិនជាអ្នកយកព័ត៌មានរបស់ខ្ញុំបានរាយការណ៍ខុសពីករណីកាប់ឈើនេះគាត់គួរតែប្រឈមមុខនឹងច្បាប់សារព័ត៌មាន គឺមិនត្រូវសម្លាប់គាត់ទេ”។ លោកប៉ែនប៊ុណ្ណារ៍មន្ត្រីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាហុដប្រចាំខេត្តនេះ បានមានប្រសាសន៍ថា ជនរងគ្រោះបានធ្វើការរាយការណ៍ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើនិងការជួញដូរឈើប្រណិតខុសច្បាប់ជាច្រើនករណី ដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់គាត់។
លោកប៊ុណ្ណារ៍មានប្រសាសន៍បន្ថែមថា “ បទល្មើសព្រៃឈើនិងការកាប់ឈើប្រណីតខុសច្បាប់បែបជាប្រព័ន្ធ ដែលជាប់ទាក់ទងនឹងបុគ្គលមានអំណាច និងអ្នកមាន។ ខេត្តរតនគិរី គឺជាខេត្តដ៏គ្រោះថ្នាក់សម្រាប់អ្នកយកព័ត៌មាន និងសកម្មជនការពារព្រៃឈើដែលធ្វើការប្រយុទ្ធប្រឆាំងនឹងការកាប់ឈើនិងការរានដីដោយខុសច្បាប់”។
អ្នកយកព័ត៌មានចុងក្រោយ ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជា គឺលោក ឃឹមសំបូរ ជាអ្នកយកព័ត៌មានឲ្យកាសែតប្រឆាំងត្រូវបានគេបាញ់សម្លាប់កាលពីខែកក្កដា ឆ្នាំ២០០៨នៅមុនការបោះឆ្នោតជាតិ។
លោកឃឹមសំបូរត្រូវបានគេបាញ់យ៉ាងកៀកចំនួនបីគ្រាប់ និងបានសម្លាប់កូនប្រុសរបស់លោកអាយុ២១ឆ្នាំផងដែរ ដោយស្នាដៃខ្មាន់កាំភ្លើងជិះម៉ូតូ ដែលមិនទាន់ចាប់ខ្លួនបាននៅឡើយ ចាប់តាំងពីពេលនោះមក។
យោងតាមរបាយការណ៍ចេញកាលពីឆ្នាំ២០០៩ របស់អង្គការសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថា អ្នកយកព័ត៌មាន១០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣មក ហើយមានករណីគំរាមកំហែងចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេជាច្រើនករណីទៀត។
មិនមានជនល្មើសណាម្នាក់ត្រូវបាននាំខ្លួនមកកាត់ទោសពីបទធ្វើឃាតអ្នកយកព័ត៌មាននៅក្នុងប្រទេសកម្ពុជាទេ។លោកប៉ែនសមិទ្ធិប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា “ [ឃាតកម្ម] គឺជាបញ្ហាកង្វល់ដ៏ធំមួយ ហើយខ្ញុំព្រួយបារម្ភអំពីសុវត្ថិភាពរបស់អ្នកយកព័ត៌មានដទៃទៀតនៅក្នុងប្រទេសកម្ពុជា”៕
ប្រែសម្រួលដោយឃិនណៃ