30 C
Phnom Penh

ទូរស័ព្ទដៃរបស់​អ្នក​កាសែត​​​​​​ត្រូវ​គេ​​​​សម្លាប់​​​ បង្ហាញ​​​នូវ​តម្រុយ​យ៉ាង​​​​ សំខាន់​​​សម្រាប់​​​ស្វែងរក​​​ឃាតក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​មា្នក់​​​ ​​​លើកឡើង​​​កាល​​​ពីម្សិល​​​មិញ​ថាការស៊ើបអង្កេតរបស់​​​នគរបាល​​បាន​​​រក​​​ឃើញ​​​​តម្រុយ ពាក់ព័ន្ធនឹងឃាតក​​​​សម្លាប់​​​អ្នកកាសែតដែល​​​សាកសព​​​ស្អុយត្រូវបាន​​​គេ​​​រក​​​ឃើញ​​​ក្នុង​​​ខេត្ត​​​រតនគីរី​​​ កាលពី​​​ថ្ងៃអង្គារ​​​ ​។

លោក ហង្ស សេរីឧត្តម ​​​អាយុ​​​៤២ឆ្នាំ​​​ធ្លាប់​សរសេរអត្ថបទអំពីអ្នក​​​មាន​​​អំណាច​​​​​ប្រព្រឹត្ត​​​បទ​​ល្មើសកាប់​​​ឈើខុសច្បាប់ ហើ​យជា​​​អ្នក​កាសែត​​​ទី១​​​ដែល​​​ត្រូវ​​​គេ​​​សម្លាប់​​​​​​នៅ​​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​កន្លងមក​​នេះ​​​។

មរណភាព​​​របស់លោកធ្វើឲ្យ​​​មាន​ការ​ព្រួយ​​​បារម្ភ​​​ជា​​ថ្មី​ម្តងទៀត ​​​ពាក់​​​ព័ន្ធ​​​នឹង​​​គ្រោះ​​​ថា្នាក់កើតឡើងចំពោះ​​អ្ន​​ក​​​យក​​​ព័ត៌មាន​​​ក្នុង​​​ស្រុក​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៣មក​​​ ដែល​អ្នក​កាសែតចំនួន​​​១០នាក់​​​ត្រូវ​​​បាន​​​សម្លាប់​​​ ហើយឃាតករ មិនដែលចាប់បានឡើយ​​។

សាក​​​សព​​​​​​លោក ហង្ស សេរី​​​ឧត្តម ​​​មាន​​​ស្នាមកាប់​​​នឹង​​​ពូថៅ ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​​នៅ​​​​​​ក្នុង​​​ឃ្លុប​​​រថយន្តរបស់​​​លោក ​​​ដែល​​​ទុក​ចោល​​ប្រហែល​​​បី​​​គីឡូម៉ែត្រ​​​ពី​​​ផ្ទះ​​​របស់​​​លោក​ក្នុង​​​ក្រុង​​​បានលុង ខេត្ត​​​រតនគិរី​​​ ។ លោក រា៉យ រៃ៉ ស្នងការ​​​នគរបាល​​​ខេត្ត​​​រតនគិរី​​​បាន​​​ឲ្យដឹង​​​ថា ការស៊ើបអង្កេត​​​បាន​​រកឃើញ​​​តម្រុយខ្លះ ​​​តាម​​​រយៈទូរស័ព្ទដៃ​របស់​ជនរងគ្រោះ និង​​សម្ភារនៅ​​​ក្នុង​​​រថយន្ត។

លោកបាន​​​មាន​​​ប្រសាសន៍ថា នគរបាល​​​បាន​​​ស្គាល់​​​លេខ​​​ទូរស័ព្ទ​​​របស់ក្រុមហ៊ុន​មិត្ត​ហ្វូនដែល​បានទាក់ទង​​ជន​​​រង​​​គ្រោះ​​​មុន​​​ពេល​​​គាត់​​​ចាក​​​ចេញ​​​ព​​​​ីផ្ទះ​​ នៅល្ងាច​​​ថ្ងៃអាទិត្យ​​​ ដោយ​​​ប្រាប់​​​ប្រពន្ធខ្លួនថា លោកទៅ​​​ជួប​​​បុរស​​​ម្នាក់​​​ឈ្មោះ “ ហេង”។

លោក រា៉យ រៃ៉  មាន​​​ប្រសាសន៍​ទៀត​ថា​ “ យើង​​​បានទាក់ទងទៅ​​​សាខា​​​ក្រុម​​​ហ៊ុន​​​ [ទូរ​ស័ព្ទ​​​] នៅក្នុង​​​ខេត្ត​​​ ដើម្បី​​​ឆែករក​​​អត្តសញ្ញាណ​​​អ្នក​​​ហៅ​​​ទូរស័ព្ទ។ យើង​​​មាន​​​ពន្លឺខ្លះ ​​​ដែល​​​អាច​​ជួួយបង្ហាញ​​អត្តសញ្ញាណជនដៃដល់​​​”។

លោកបាន​​​បន្ថែមថា លោកក៏បាន​​​សំុ​​​ឲ្យ​​​ក្រសួង​​​មហាផ្ទៃ​​​ជួយ​​​កំណត់អត្ត​សញ្ញាណ​ម្ចាស់​​លេខ​​​ទូរស័ព្ទបី​​​ផ្សេង​​​ទៀត ​​​ដែល​​​បាន​​​ទាក់ទងមកទូរស័ព្ទរបស់​​​ជន​​​រង​​​គ្រោះ​​​មុន​​​ពេល​​​គាត់​​​ស្លាប់​​​។

លោក ​​​រា៉យ រៃ​៉​ បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមទៀតថា​ “ អំពើ​​​ឃាតកម្ម​​​​​​​​មកលើ​​​​អ្នក​​​កាសែត​​​​​​​​​ដោយមាន​​​គម្រោង​​​ទុក​​​នេះ​​​ គឺជាការ​​​សងសឹក​​​”។ លោក​​​បាន​​​បដិសេធដោយ​​​មិន​​​និយាយ​​​ថាតើ​​​លោក​​​គិត​​​ថា ឃាតកម្មលើ​​​លោក​​​​​ ហង្ស​​​ សេរី​​​ឧត្តម​​​ គឺជាការ​​​សងសឹក​​​នឹង​​​ការ​ធ្វើ​សេច​ក្តីរាយការណ៍អំពី​​​បទ​​​ល្មើស​​​ព្រៃ​​​ឈើ​​​នៅតាម​​​​បណ្តាខេត្ត​​​ភាគ​​​ឦសាន ​​​ដែល​​​នៅ​​​ទីនោះ​​​សកម្មភាព​​​​​​កាប់​​​ឈើ​​​​​​ និង​​​ការ​​​ទន្ទ្រាន​​​យក​​​ដី​​​ខុស​​​​ច្បាប់ ​​​កំពុងកើត​​​មាន​​​មិន​​​ចេះ​​​ឈប់​​​ឈរ​​​នោះឡើយ។

លោក រិន រតនៈ និពន្ធនាយក​​​កាសែត​​​វីរជនខ្មែរ​​​ប្រចាំថ្ងៃ​​​បាន​​​មាន​​​ប្រសាសន៍​ថា​លោក ហង្ស សេរី​​​ឧត្តម​​​ បាន​​​យក​​​ព័ត៌មាន​​​ឲ្យ​កាសែតជាភាសា​​​ខ្មែរឈ្មោះ​​​វីរជន​​​ខ្មែរ​​​ប្រចាំ​​​ថ្ងៃ​​​អស់​​​រយៈពេល​​​បួន​​​ខែ ហើយ​​បាន​​​សរសេរ​អំពី​​​ការជាប់ពាក់​​​ព័ន្ធ​​​របស់អ្នក​​​មាន​​​អំណាច​​​​​​ ក្នុងការ​កាប់​​​ឈើ​​​ និង​​​រកសុីឈើ​​​ខុស​ច្បាប់​នៅ​ក្នុង​​​ខេត្តនេះ។

លោក រតនៈ បាន​បន្ថែម​ថា លោក ហង្ស​​​សេរីឧត្តម គឺ​​​ជា​​​អ្នក​​​កាសែតជំនាញ​​​ ហើយ​​​គាត់​​​មិនបានប្រើប្រាស់​​​ភ័ស្តុតាង ​​​ដែល​​​ប្រមូល​​​​បាន​​​ពី​​​បទល្មើសកាប​​់​​​ឈើខុសច្បាប់ ​​​ដើម្បី​​​គំរាម​​​ទារប្រាក់ពីឧក្រិដ្ឋជន​​​ដូច​​​ដែល​​​អ្នក​​​យក​​​ព័ត៌មាន​​​ក្នុង​​​ខេត្ត​​​ដាច់​​​ស្រយាល​​​មួយ​​​ចំនួន​​​ទៀត​​​ធ្លាប់​​​ធ្វើនោះទេ។“ ខ្ញុំមិន​​​បាន​​​ទទួល​​​ព័ត៌មាន​​​ណាមួយ​​​ដែល​​​ថា លោក​​​ទារប្រាក់ ឬ​​​សីុសំណូក​​​ ដើម្បីជាថ្នូរនឹង​​​ការមិន​​​សរសេរ​អត្ថបទ​រិះគន់នោះ​​​ទេ”។

ទោះ​​​បី​​​អំពើឃាតកម្ម​​​មកលើអ្នក​​​កាសែត​​​​ចំនួន​​​១០នាក់​​​ត្រូវបាន​​​កត់​​​ត្រាទុក​​​នៅ​​​ក្នុង​​​ប្រទេសកម្ពុជា​​​តាំងពី​​​ឆ្នាំ​​​១៩៩៣មក​​​ក៏ដោយ​​​ ក៏មិនទាន់មានឃាតកណា​​​​​​​​​ម្នាក់ត្រូវ​បាន​នាំ​មក​​​​ផ្តន្ទាទោស​​ដែរ។កាលពីម្សិលមិញ នៅ​​​ពេល​​​សួរថា តើ​​​រឿងនេះ​​​វា​​​យ៉ាង​​​ម៉េច​​​ទៅ​​​ហើយ​​​​​​នោះ​​ លោក​ឧត្តមសេនីយ៍​​​​​​ ខៀវ សុភ័គ ​​​អ្នក​​​នាំ​​​​​​ពាក្យ​ក្រសួង​​​​មហាផ្ទៃ​​​ បដិសេធមិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​ឡើយ។

លោក ហ្វីល រ៉ូបឺតសុន (PhilRobertson)​អនុប្រធាន​​​​​​អង្គការ​​​ឃ្លាំមើល​​​សិទិ្ធមនុស្ស​ប្រចាំ​​​អាសីុ​ ​​បាន​​​លើក​​​ឡើង​​​ក្នុង​​​អីុម៉េល​ថា“ ដោយ​​​ក្តី​​​ក្រៀមក្រំ​​​ បទពិសោធបាន​​​បង្ហាញ​​​ថា អ្ន​​ក​​​យក​​​ព័ត៌មាន​​​នេះ​​​នឹង​​​ស្លាប់​​​ដោយ​​​ឥត​​​ប្រយោជន៍​​​”។

លោក​​​បានបន្តថា“ អាជ្ញាធរ​​​នឹង​​​រលាស់​​​​​​​​​ដៃចោល​​​មិន​​​សើុប​​​អង្កេត​​​ទេ​​​ ហើយ​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃឈើ​​​ក្នុង​​​ប្រទេស​កម្ពុជា​​​​នឹង​​​នៅ​​​តែបន្ត​​កើតឡើងខ្លាំង​​​ជាង​​​មុន​​​ទៅ​​​ទៀត”។ សេចក្តី​​​ថ្លែងការណ៍រួមមួយ​​​ ដែល​​​ចេញ​​​ផ្សាយកាលពីម្សិលមិញ បាន​​​ឲ្យដឹង​​​ថា​​​​សម្ពន្ធ​សារព័ត៌មាន​​​អាសីុ​​​អាគ្នេយ៍​​​ (Southeast AsianPress Alliance) និង​​​មជ្ឈមណ្ឌលសិទ្ធិ​​​មនុស្សកម្ពុជាបាន​​​លើក​​​ឡើង​​​ថា ​ឃាតកម្ម​​​បែប​​​នេះ​អាច​​​ធ្វើឲ្យ​​​អ្នក​​​យក​​​ព័ត៌មាន​​​ដ៏ទៃទៀត​មាន​ការ​ភ័យខ្លាច​​​ក្នុងការសរសេរ​អត្ថបទ​របស់​ខ្លួន។

សេចក្តី​​​ថ្លែងការណ៍​​​នោះ​​​បានដក​​​ស្រង់​​​សម្តី​​​របស់​​​លោក ហ្គាយ៉ាទ្រី វេនគីតេស្វារ៉ាន់​​​ (Gayathry Venkiteswaran)​​​នាយក​​​ប្រតិបត្តិ​​​របស់​​​សម្ពន្ធ​សារព័ត៌មាន​​​អាសីុអាគ្នេយ៍​​​ថា “ យើង​សូម​​អំពាវនាវ​​​ឲ្យមាន​​​ការ​​​សើុប​​​អង្កេត​​​ករណី​នេះឲ្យបានហ្មត់ចត់ ដើម្បី​​​បញ្ជាក់​​​ថា អំពើ​ឃាត​កម្មមក​​​លើអ្នក​​​កាសែតនឹងមិន​​​ត្រូវ​​​អត់ឱនបានឡើយ​​​”។

ក្លឹប​​​អ្នក​​​កាសែតកម្ពុជា​​​ក៏បាន​​​ចេញ​​​សេច​ក្តី​ថ្លែងការណ៍​​​មួយ​​​ ដើម្បីថ្កោលទោស​​អំពើ​ឃាត​កម្ម​​​មកលើលោក ហង្ស ​​​​​​សេរីឧត្តម ដែរ ​​​ដោយ​បាន​និយាយថា វាបានគំរាម​​​កំហែង​មកលើ​សេរីភាព​​​សារ​​​ព័ត៌មាន​​​ សេរីភាពក្នុងការ​​​បញ្ចេ្​​​ញមតិ​​​ និង​ប៉ះពាល់ដល់​​លទ្ធិប្រជា​ធិបតេយ្យ​នៅ​ក្នុង​​​ប្រទេស​​​កម្ពុជា។

សេចក្តីថ្លែងការណ៍ក៏បាន​​​លើក​​​ឡើង​​​ថា “ ក្លឹបអ្នក​​​កាសែតកម្ពុជា​​​ជឿជាក់​​​ថា ​​​ឃាតកម្ម​​​នេះ​​​ គឺជាការ​​​គំរាម​​​កំហែង​​​យ៉ាង​​​ធ្ងន់​​​​​​មក​​​លើ​​​ស្មារតី​​​នៃ​​​ការបំពេញវិជ្ជាជីវៈ​​​របស់​​​អ្នក​​​កាសែត​​​និង​​​មាន​​​បំណង​​​រារាំង​​​អ្នក​​​យក​​​ព័ត៌មានក្នុងការ​​​បំពេញ​​​ការងារ​​​របស់​​​ខ្លួន”។

ដោយរំឭ​​​កឡើងវិញ នូវហេតុ​ការណ៍កើត​ឡើងជាញឹកញាប់ ក្នុងការបំភិតបំភ័យ​​​អ្នក​កាសែត​​​ ក្លឹប​​​អ្នក​​​កាសែតកម្ពុជា​​​ក៏បាន​​​ចេញ​សេចក្តី​​​ថ្លែងការ​​​ណ៍​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​ទៀត​​​ស្តី​​​អំពី​​​ការ​​​គំរាមកំហែង​​​នាពេល​​​ថ្មី​​ៗ​នេះ មក​លើអ្នក​​​យក​​​ព័ត៌មាន​​​ក្នុងស្រុកម្នាក់​​​ទៀត។

សេចក្តីថ្លែងការណ៍បាន​​​លើក​ឡើង​ថា​លោក ឡែន មករា ដែល​​​ធ្វើការ​​​ឲ្យ​​​កាសែត​កម្ពុជា​​​ថ្ងៃនេះ​​​ ​​​បានទទួលរងការ​​​គំរាម​​​កំហែង​កាលពីសប្តាហ៍មុន បន្ទាប់​​​ពី​​​លោកបាន​​​សរសេរ​​​​អត្្ថបទ​​​មួយ​​​ រិះគន់​​​អង្គការ​​​ពារ​​​សត្វព្រៃ និង​​​បរិស្ថាន ​​​ដែល​​​បាន​​​បង្កើត​​​ប៉ុស្តិ៍ត្រួត​​​ពិនិត្យ​​​ ដើម្បី​​​​ជំរិត​​​យក​​​លុយ​​​ពី​​​អ្នករកសុីកាប់​​​ឈើ​ខុសច្បាប់​​​នៅក្នុង​​​ខេត្ត​​​កំពត​​​។

អ្នកស្រី អឹុម ចន្ធី ភរិយារបស់​​​លោក ហង្ស​​​សេរីឧត្តម បាន​​​មាន​​​ប្រសាសន៍ថា សពប្តី​​​របស់​​​អ្នក​​​ស្រី​​​​ត្រូវបាន​​​បូជា កាល​ពីម្សិល​មិញ ​នៅ​ឯ​វត្តមួយ​​​ជិត​​​ផ្ទះ​​​របស់​​​គាត់​​​ក្នុងក្រុង​​​បាន​លុង។ អ្នកស្រី​​​បាន​​​មាន​​​ប្រសាសន៍ថា ប្តី​​​អ្នកស្រី​​​មិន​​​ដែល​​​និយាយអំពីការ​​​គំរាម​​​កំហែង​ដល់​​​​​ជីវិត​​​ ពាក់ព័ន្ធនឹងការងារ​​​របស់​​​គាត់​​​ឡើយ។ អ្នកស្រី​​​ ចន្ធី  មានប្រសាសន៍ថា “ គាត់​​​មិន​​​ដែល​​​មាន​​​ជម្លោះ​​​ និង​​​មិនដែល​​​ទទួល​រង​ការ​គំរាម​​​សម្លាប់​​​នោះ​​​ទេ​​​ មុន​​​គេសម្លាប់​​​គាត់”៕

ប្រែសម្រួលដោយ​​​​​​​​​ ហម សុផាណ្ណា

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស