លោកសូហានអធិការរងស្រុក បានមានប្រសាសន៍កាលពីម្សិលមិញថា នគរបាលកំពុងស៊ើបអង្កេតលើលិខិតមួយច្បាប់ដែលបានផ្ញើរទៅឲ្យព្រះសង្ឃមួយអង្គគង់នៅវត្តមួយនៅក្នុងខេត្តកំពង់ស្ពឺ ដែលមានខ្លឹមសារគំរាមកំហែងដាក់គ្រាប់បែកបំផ្ទុះកុដិរបស់ព្រះអង្គ ប្រសិនបើព្រះអង្គមិនផ្ទេរប្រាក់ចំនួន១៥០ដុល្លារចូលក្នុងគណនេយ្យជាក់លាក់មួយនោះទេ។
ព្រះតេជគុណសចាន់ ព្រះជន្ម៨៨ព្រះវស្សា ជាព្រះគ្រូសូត្រគង់នៅវត្តសាលព្រឹក្សក្នុងឃំុស្នំក្រពើស្រុកគងពិសីខេត្តកំពង់ស្ពឺ បានទទួលសំបុត្រអនាមិកមួយច្បាប់កាលព្រឹកថ្ងៃសៅរ៍។
លោកហាន បានមានប្រសាសន៍បន្តថា “លិខិតនោះបានបញ្ជាក់ថា [ព្រះអង្គ] ត្រូវតែផ្ទេរប្រាក់ចំនួន១៥០ដុល្លារនៅត្រឹមថ្ងៃច័ន្ទ ហើយប្រសិនបើព្រះអង្គមិនផ្ទេរប្រាក់តាមការទាមទារនោះទេ នោះជននោះគំរាមថា ដាក់គ្រាប់បែកបំផ្ទុះវត្ត និងបាននិយាយថាខ្លួននឹងចោទប្រកាន់ព្រះអង្គថាបានពាក់ព័ន្ធក្នុងរឿងស្នេហាជាមួយស្រ្តីម្នាក់”។
លោកឃឹមសុផាន់រ៉ាអធិការនគរបាលស្រុក មានប្រសាសន៍ថា មិនមានការផ្ទុះកើតឡើងទេកាលពីថ្ងៃច័ន្ទ។នគរបាលរំពឹងថានឹងធ្វើការចាប់ខ្លួនជនសង្ស័យនៅក្នុងពេលឆាប់ៗនេះ ព្រោះក្នុងលិខិតអនាមិកនោះមានដាក់លេខទូរស័ព្ទ និងលេខគណនេយ្យធនាគារអេសីុលីដាផងដែរ។
លោកមានប្រសាសន៍បន្ថែមថា “ យើងដឹងអ្នកណាផ្ញើលិខិតអនាមិកនេះហើយ ពីព្រោះជនអនាមិកបានដាក់លេខទូរស័ព្ទ និងនិយាយថា ឲ្យផ្ទេរប្រាក់ចូលក្នុងគណនេយ្យធនាគាររបស់ខ្លួន”៕
ប្រែសម្រួលដោយ ព្រំម៉ារ៉ាឌី