32 C
Phnom Penh

គម្រោង​សាង​សង់​អចលន​ទ្រព្យ​ថ្មីៗក្នុង​ប្រទេស​កម្ពុជាឆ្នាំ​នេះមាន​ការ​​កើន​ឡើង​យ៉ាង​ច្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ទិន្ន​ន័យ​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ កាល​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា​ ទំហំ​វិនិយោគ​លើ​គម្រោង​អចល​ន​ទ្រព្យ​ថ្មីៗ​ បាន​កើន​ឡើង​ចំនួន​ ៧៣,៩៦​ភាគ​រយ​ ដែល​មាន​ទំហំទឹកប្រាក់វិនិយោគ​ចំនួន​១,៥៣ ពាន់​លាន​ដុល្លារ​ ក្នុង​រយៈ​ពេល​ប្រាំបី​ខែ​ដំបូង​​ឆ្នាំេនះ បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​មុន​។

ទិន្នន័យ​នេះ​បាន​បង្ហាញ​ថា ទោះ​បី​ជា​ចំនួន​អាជ្ញាប័ណ្ណ​ ដែលត្រូវ​បានផ្តល់ជូនគម្រោង​សាង​​សង់​នានា បាន​ធ្លាក់​ចុះ​ចំនួន​១៧,៤៨​ភាគ​រយ​ ពោល​គឺ​ចុះ​មក​នៅ​ត្រឹម​​១.២១៣​អាជ្ញា​ប័ណ្ណ​ បើ​ធៀបនឹង​រយៈ​ពេល​ប្រាំបី​ខែ កាល​ពី​ឆ្នាំ​មុន​ក៏​ដោយ​​ ក៏​ទំហំ​ផ្ទៃ​ក្រឡា​អគារ​សរុប​បាន​កើន​ឡើង​ចំនួន​២៤០,៩៦​ភាគ​រយ​ ពោល​​គឺ​កើន​ដល់​៦,៧៨​លាន​ម៉ែត្រក្រឡា​។

បើ​ទោះ​បី​ជា​ទិន្ន​ន័យ​នេះ​មិន​បាន​បង្ហាញ​លម្អិត​ថា តើ​វិនិយោគិន​ភាគ​ច្រើន​បាន​វិនិ​យោគ​លើ​គម្រោង​សាង​សង់​ប្រភេទ​ណា​​ក៏​ដោយ ក៏​បាន​បង្ហាញ​ថា មាន​គម្រោង​មួយ​ចំនួន​ ដូច​ជា​​គម្រោងសាងសង់អគារផ្ទះ​ល្វែង​ ​រោង​ចក្រ​កាត់​ដេរ​ កាស៊ីណូ អគារ​ពាណិជ្ជ​កម្ម​ និង​អគារ​លំនៅ​ដ្ឋាន​ផ្សេងៗ​ទៀត។​

លោក សឹុង ប៊ុណ្ណា នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ ប៊ុណ្ណា រៀលធី បាន​មាន​ប្រសាសន៍​ថា  “​ បច្ចុប្បន្ន​នេះ​ ចំនួន​សំណើ​អភិវឌ្ឍន៍​បាន​កើន​ឡើង​ក្នុង​ឆមាស​មុន ខណៈ​ដែល​គម្រោង​​សាង​សង់​ក្នុង​ស្រុក​មួយ​ចំនួន​​ត្រូវ​បាន​ផ្អាក​ ក៏​ប៉ុន្តែ យើង​ចាប់​ផ្តើម​ឃើញ​មាន​គម្រោង​វិនិ​យោគ​លើ​អគារ​ពាណិជ្ជ​កម្ម​មួយ​ចំនួនកំពុង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​”។

លោក​បាន​បន្ថែម​ដូច្នេះ​ទៀតថា ក្រុម​ហ៊ុន​ជប៉ុន​ អីុអន​ (Aeon) នឹង​ចាប់​ផ្តើម​គម្រោង​សាង​​សង់​ផ្សារ​ទំនើប​ ដែល​មាន​ផ្ទៃ​ក្រឡា​៥៦.៥០០​​ម៉ែត្រ​ក្រឡា​ នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ នៅ​មុន​ដំណាច់​ឆ្នាំ​នេះ​។​

លោក តឹក ខេមរា​ អគ្គ​នាយក​​​នៃ​អគ្គ​នាយ​ក​​ដ្ឋាន​សំណង់​​នៃ​ក្រសួង​ដែន​ដី​ ​មាន​ប្រសា​សន៍​ថា​​ ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ផ្ទះ​ល្វែងនៅ​ក្នុង​ស្រុក​ បុរី ប៉េង ហួត និង​ក្រុម​ហ៊ុន​ អូស៊ីអាយស៊ី (OCIC)​ គឺ​ជា​ក្រុម​ហ៊ុន​វិនិ​យោគ​ធំ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​វិនិយោគ​ធំៗ​មួយ​ចំនួន​។

ក្រុម​ហ៊ុន បុរី ប៉េង​ហួត បាន​បញ្ចប់​គម្រោង​​សាង​សង់​អគារ​ស្នាក់​នៅ​​ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ចំនួន​បួនគម្រោង​ ក្នុង​ចំណោម​គម្រោង​ទាំង​ប្រាំ​បី​របស់​ខ្លួន​ ដូចជា គម្រោង​សាង​សង់​ផ្ទះ​ល្វែង​​ចំនួន​៥០០ល្វែង​ នៅ​ខណ្ឌ​ឫស្សី​កែវ​ និង​គម្រោង​សាង​សង់​ផ្ទះ​ល្វែង​ចំនួន​២០០​ល្វែង​​ នៅ​ខណ្ឌ​មាន​ជ័យ​ ហើយ​បច្ចុប្បន្ន​នេះ​ក្រុម​ហ៊ុន​កំពុង​តែសាង​សង់​អគារ​ស្នាក់​នៅ​ទំនើប​ៗ ចំនួន​៥៥០ខ្នង ដែលស្ថិត​ក្នុង​ជំហាន​​ទី​ពីរ​​នៃ​គម្រោង​ ស្តា ប្លា​ទីនឹម (Star Platinum) របស់​ខ្លួននៅ​ខណ្ឌ​មាន​ជ័យ។

លោក ខេមរា  បាន​មាន​ប្រសាសន៍​បន្តទៀត​ថា “​ យើង​យល់​ឃើញ​ថា ​​តម្រូវ​ការ​ខាង​វិស័យ​អចលន​ទ្រព្យ​ កំពុង​កើន​ឡើង​ ពី​សំណាក់​អ្នក​មាន​លុយ​ច្រើន​ ដែល​ចង់​បាន​អគារ​ស្នាក់​នៅ​ទំនើប​ៗ ចំណែក​ឯ​ក្រុម​ហ៊ុនបរទេស​វិញ​ គឺ​ជា​អ្នក​វិនិយោគ​អគារ​ផ្ទះ​ល្វែង​”។

យោង​តាម​របាយ​ការណ៍​វិភាគ​នៅទី​ផ្សា​រ​អចលន​ទ្រព្យ​ ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​ក្រុម​ហ៊ុន អេស៊ា រៀល អីុស្ទេត​ (Asia Real Estate) កាល​​ពី​ខែ​ឧសភា បាន​បង្ហាញ​ថា រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ នឹង​មាន​គម្រោង​អចលន​ទ្រព្យ​យ៉ាង​តិច​ណាស់​ចំនួន​២០​គម្រោង​​ នឹង​ត្រូវ​បាន​បញ្ចប់​​នៅក្នុង​រាជ​ធានី ភ្នំ​ពេញ ហើយ​គម្រោង​ចំនួន​ប្រាំបួន​ ​នឹង​សាង​សង់​​បាន​ផ្ទះ​ល្វែង​ចំនួន​២៩០​ល្វែង៕ប្រែ​សម្រួល​ដោយ ហួង កុកទៀន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស