34 C
Phnom Penh

លោក​ អូបាម៉ា នឹង​​ធ្វើ​ទស្សនកិច្ច​ នៅ​កម្ពុជា​ស្រប​ពេល​ញត្តិ​គណ​បក្ស  សម រង្ស៊ី ឲ្យ​លោក​លប់​ចោល​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការ​បរទេស​សហរដ្ឋ​​អាមេ​រិក​បាន​បញ្ជាក់​ថា​ លោក​ប្រ​ធានា​ធិបតី ​​បារ៉ាក់អូបាម៉ា​ (Barack Obama) មាន​​គម្រោង ​​​ដើម្បី​ចូល​រួម​ក្នុង​​​កិច្ច​ប្រ​ជុំ​កំពូល​​អាស៊ាន​​នៅ​ក្នុងរាជ​ធានី​ភ្នំពេញ ​នៅ​ខែ​ក្រោយ​នេះ ​ខណៈ​ពេល​ដែល​​ការ​គាំ​ទ្រ​ញត្តិ​តាម​ប្រ​ព័ន្ធ​អុីន​ធើណិត​ ដែល​ជំរុញ​ឲ្យ​លោក​​អូបាម៉ា​លុប​ចោល​ដំណើរ​ទស្ស​កិច្ចនេះ​ កំពុង​តែ​កើន​ឡើង​​​​ បើសិន​ជា​រដ្ឋាភិបាល​កម្ពុជា​មិន​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ទេ​នោះ​។

យោង​តាម​ច្បាប់​ចម្លង​​មួយ​នៃ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ផ្សាយ​តាម​គេហទំព័រ​​​របស់​ក្រសួង​ការ​បរទេស​សហដ្ឋ​អាមេរិក​បាន​​ឲ្យដឹង​ថា មន្ត្រី​ម្នាក់​នៅ​បុរី​ញូវយ៉ក​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បញ្ជាក់​​អំពី​គម្រោង​របស់​លោក​ប្រធានធិបតី​​ ដើម្បី​​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ក្នុង​តំបន់​​នៅ​រាជធានី​ភ្នំពេញ​។

ពាក់​ព័ន្ធ​​នឹង​​​កិច្ច​​ប្រជុំ​​រវាង​​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក​ស្រីហ៊ីលឡារីគ្លីន​តុន ​(Hillary Clinton) កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​សប្តាហ៍​មុន​ និងថ្នាក់រដ្ឋ​មន្ត្រី​ការ​បរទេស​​មក​​ពី​​បណ្តា​ប្រទេស​អាស៊ាននោះ ​​​មន្ត្រី​រូប​នោះ​​ថ្លែង​ឲ្យ​ដឹង​ថា ​​ព្រឹត្តិការណ៍​នោះ​គឺ​ជា​ឱកាស​​មួយ​​ក្នុង​ចំណោម​ព្រឹត្តិការណ៍​​ផ្សេងៗ​ទៀត​ ដើម្បី​ “រៀប​ចំ​ដំណើរ​ទស្ស​នកិច្ច​របស់​លោក​ប្រធានាធិបតី​ទៅ​កាន់​ប្រទេស​កម្ពុជា​ ដើម្បី​​​ចូលរួម​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន”​។

នៅ​ក្នុងកិច្ច​ប្រ​ជុំ​​វេទិកា​ប្រចាំ​ឆ្នាំ​ដែល​មាន​ថ្នាក់​ដឹកនាំកំពូល​​ៗមក​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​​ និង​បណ្តា​​មេដឹក​នាំ​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិចជា​ច្រើន​ទៀត​រួម​មាន​ប្រទេស​ចិន និង​សហរដ្ឋ​អាមេ​រិក​ ធ្វើឡើង​ក្នុង​ពេល​ជា​មួយ​គ្នា​​នៅ​ឆ្នាំ​នេះ ក្នុង​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​​ចាប់​ពី​ថ្ងៃ​ទី១​៨​​ ដល់​ថ្ងៃ​ទី​២០ខែ​វិច្ឆិកា​។

រហូត​មក​ដល់​ល្ងាច​​ថ្ងៃ​ព្រ​ហស្បតិ៍​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​ ​បញ្ជាក់​​ថា សេត​វិមាន​មិន​ទាន់​បាន​បញ្ជាក់​អំពី​ការ​ចូល​រួម​របស់​លោក​ប្រធានាធិបតី​ អូ​បាម៉ានៅ​ឡើយ​ទេ​។ ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​​ថា ឥឡូវ​នេះ​ស្ថាន​ទូត​ “ សង្ឃឹម”​​ ថា លោក​ប្រធានា​ធិបតី​នឹង​ចូល​រួម​​ក្នុង​កិច្ច​ប្រជុំ​​នេះ​។

ប៉ុន្ដែសមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​​បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី អូ​បាម៉ាលុប​​ចោល​គម្រោង​​បំពេញ​ទស្សនកិច្ច​របស់​លោក​​ បើ​សិនជា​​រដ្ឋាភិបាល​មិន​ព្រមធ្វើ​កំណែ​ទម្រង់​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​ដែល​ពួក​គេ​ចោទ​​​ថា លម្អៀង​​ទៅ​គណបក្ស​ប្រ​ជាជន​កម្ពុជា​​ដែល​កំពុង​កាន់​អំណាច​របស់​លោកនាយក​រដ្ឋ​មន្ត្រី​​ ហ៊ុនសែនទេនោះ។

គណបក្ស សម រង្ស៊ី បាន​ធ្វើ​ញត្តិ​មួយ​ ហើយផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​អុីនធើណិត កាល​ពី​ថ្ងៃ​ពុធ ដោយ​​លោក​ស្រី​មូរ​សុខហួរ​ បាន​ទាក់​ទាញ​អ្នក​គាំ​ទ្រ​ចំនួន​៧៤២​នាក់ បើគិត​ត្រឹម​ល្ងាច​ម្សិលមិញ។

ញត្តិ​ដែល​ផ្ញើ​ជូនចំពោះ​លោក​​ប្រធា​នា​ធិបតី​អូបាម៉ា​នោះ ​មាន​ខ្លឹមសារ​ថា​”​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​រដ្ឋា​ភិបាល​ផ្ដាច់​ការ​បង្ហាញ​អំពី​ដំណើរបំពេញ​ទស្សនកិច្ច​របស់​លោក​ ដើម្បី​គាំទ្រការ​​រំលោភ​​សិទ្ធិ​មនុស្ស​ និង​ការ​លួចបន្លំ​ក្នុង​ការ​បោះ​ឆ្នោតឡើយ”។

​សារ​មួយទៀត​របស់​លោក សម​ រង្ស៊ី​ ប្រ​ធាន​គណបក្ស​ សម​ រង្ស៊ី​​​ ដែល​ផ្សាយ​ក្នុង​គេហទំព័រ​គណបក្ស​ កាល​ពី​ថ្ងៃ​សុក្រ​​ បាន​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិក​ទាំង​អស់​ចុះ​ហត្ថលេខា​លើ​ញត្តិ​នេះ​ ដើម្បី​ជំរុញ​លោក​ប្រធានាធិបតី​ អូ​បាម៉ា ឲ្យលុប​ចោល​ដំណើរបំពេញទស្សនកិច្ច​របស់​លោក​​​ បើ​សិន​​ជា​មិន​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ឲ្យ​បានត្រឹមត្រូវទេ​នោះ​។

រដ្ឋាភិបាល​បាន​ច្រាន​ចោល​​ម្តង​ហើយ​​ម្ដង​ទៀតចំពោះសំណើ​​ឲ្យ​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត​​នេះ ដោយ​លើក​ឡើង​ថា គណៈកម្មាធិការ​នេះ​ពិត​ជា​ឯករាជ្យ​ និង​មិន​លម្អៀង។

ឆ្លើយ​តប​ទៅ​នឹង​ញត្តិ​នោះ​ លោក​ ប៉ែនងឿន សមាជិក​អង្គភាព​ព័ត៌មាន​ និង​ប្រតិ​កម្ម​រហ័ស​នៃ​ទី​ស្ដីការ​គណៈរដ្ឋ​មន្ត្រី​បាន​ផ្សាយ​ទស្សនៈបែប​ចំអក​តាម​គេហទំព័រ​របស់​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​ ដោយបាន​ហៅ​លោក​ស្រីមូរ សុខហួរ ថា “ ជា​មនុស្ស​មិន​ចេះ​គួរសម​ និង​​ក្រអឺត​ក្រទម​”។

លោក ងឿន ក៏​​លើក​ឡើងផងដែរ​អំពី​ញត្តិ​នោះ​ថា “ ជា​ការ​យល់​ខុស​មួយ​គួរ​ឲ្យ​ស្អប់​ខ្ពើម​” ដោយ​សារ​​បាន​រំខាន​​ដល់​​លោក​ប្រធា​នា​ធិប​តីអូបាម៉ា ដែល​លោក​កំពុង​ធ្វើ​យុទ្ធនា​ការ​បោះ​ឆ្នោត​បេក្ខភាព​ប្រធា​នា​ធិបតី​ម្តង​​ទៀត​។

លោក​ ងឿន ក៏​បាន​លើក​ឡើងសំដៅ​​ចំពោះ​លោក​ សុរិយា​ ស៊ូបេឌី​​​ ប្រេសិតសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ដែលបាន​​អំពាវ​នាវ​ឲ្យ​មានការធ្វើ​កំណែ​ទម្រង់​នៅក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​។

លោកងឿន ​បាន​សរសេរ​​បន្ដ​ថា “ លោកសុរិយា ស៊ូបេឌី គី​ជា​ក្មេង​ទំនើង​​ដែល​ចង់​បំផ្លាញ​តុក្កតាដ៏ល្អ​​មួយ ហើយ​លោក​ស្រី មូរសុខហួរ​ ពេញ​ចិត្ត​នឹងគាំទ្រ​អាកប្បកិរិយា​របស់​​ក្មេង​ទំនើង​នេះ”៕

ប្រែសម្រួល​ដោយឃិនណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស