26 C
Phnom Penh

ក្រុម​ហ៊ុន​ Tiger Airways ​ចាប់​ផ្តើម​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​ភ្នំ​ពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពិធី​សម្ពោធ​បើក​ជើង​ហោះ​ហើរ​ដំ​បូង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ ថៃហ្គើ​ អ៊ែរវេ​ (Tiger Airways)​​ ពី​ប្រទេស​សិង្ហបុរី​ មក​កាន់​ប្រទេស​កម្ពុជា ​បាន​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិភ្នំ​ពេញ​ កាល​ពី​ព្រឹក​ម្សិល​មិញ​ ដោយ​ធ្វើ​ឲ្យក្រុម​ហ៊ុន​ដឹក​ជញ្ជូន​មាន​តម្លៃ​ថោក​នេះ ​ជា​ក្រុម​ហ៊ុន​អាកាសចរណ៍​ទី​២១​ហើយ​ ដែល​ផ្តល់​សេវាកម្ម​ហោះ​ហើរ​ជារៀង​​​រាល់​ថ្ងៃ​មក​កាន់​រាជ​ធានី​ភ្នំ​ពេញ។

លោក​ កូយ​ ប៉េង​យេន​ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Tiger Airways​ ​ស្ថិត​នៅ​លើយន្ត​ហោះ​ ដែល​​បាន​ចុះ​ចត​នៅ​ម៉ោង​៧​ និង​៣២​នាទីព្រឹក​​កាល​ពី​ម្សិល​មិញ​ ហើយ​បាន​មាន​ប្រសាសន៍​ថា​ “ យើង​សង្ឃឹម​ថា​ ជើង​ហោះ​ហើរ​ថ្មី​នេះ​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​”។​ បន្ទាប់​ពី​ការ​ចុះ​ចត​​នេះ​ មាន​​ពិធី​ជូន​វត្ថុ​អនុស្សាវរីយ៍​រវាង​លោក​ ប៉េង​យេន​ និង​លោក​ អែមម៉ាញូអែល​ ម៉ឺណង់តូ​ (Emmanuel Menanteau)​ នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​អាកាស​យានដ្ឋាន​កម្ពុជា​ (Cambodia Airport)​ ព្រម​ទាំង​លោក​ គិត​ ម៉េង​ អគ្គ​នាយក​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​ គ្រុប​ (Royal Group)។

លោក​ គិត​ ម៉េង​ បាន​មាន​​ប្រសាន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​បន្ទាប់​ពិធី​ចុះ​ចត​នេះ​ថា​ រូប​លោក​បាន​ពិភាក្សា​ជា​មួយ​ក្រុមហ៊ុន​ Tiger Airways​ អស់​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​ហើយ​ ដោយ​បាន​ជួយ​ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ​ក្នុង​ការ​ចរចា​ជា​ច្រើន​ដំណាក់​កាល​ ដើម្បី​ចាប​់​ផ្តើម​ជើង​ហោះ​ហើរ​ថ្មី​នេះ​ឡើង។លោក គិត ម៉េង បាន​ឆ្លើយ​នឹង​សំណួរ​អំពីចំណាប់​អារម្មណ៍​របស់​លោក ​ចំពោះ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នេះ​ ​ដូច្នេះថា​ “​ ខ្ញុំ​គិត​ថា​ ​ក្រុម​ហ៊ុន​​ Tiger Airways​ គឺ​ជា​ក្រុម​ហ៊ុន​ដ៏​ល្អ​មួយ​”។

លោក​ ម៉ៅ​ ហាវណ្ណាល់​ រដ្ឋលេខាធិការ​ នៅ​​​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា​ ក្រុម​ហ៊ុន​ Tiger Airways​ នឹង​ផ្តល់​សេវាកម្ម​ហោះ​ហើរ​ក្នុង​ស្រុក​រវាង​រាជធានី​ភ្នំ​ពេញ​ ខេត្ត​សៀម​រាប​ និង​ខេត្ត​ព្រះ​សីហនុ​ក្នុង​ពេល​ឆាប់ៗ​នេះ៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស