អង្គការសិទ្ធិមនុស្សមួយមានមូលដ្ឋាននៅទីក្នុងតូក្យូ ប្រទេសជប៉ុន បានអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្ដេញប្រជាពលរដ្ឋដោយប្រើកម្លាំង និងបានលើកឡើងថាការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងប្រជាពលរដ្ឋសាមញ្ញដែលការពារដីរបស់ខ្លួនថាជា“ ការរំលោភសិទ្ធិមនុស្សដែលមិនអាចអត់ឱនឲ្យបាន”។
អង្គការ “ សិទ្ធិមនុស្សពេលនេះ”(Human Rights Now) ដែលកាលពីខែមិថុនា បានបញ្ជូនអ្នកអង្កេតការណ៍ជប៉ុនមួយក្រុមមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើសម្ភាសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារដីសម្បទានសេដ្ឋកិច្ចនោះ បានចេញផ្សាយលទ្ធផលនៃបេសកកម្មរបស់ខ្លួនកាលពីម្សិលមិញ ។
អង្កការនេះបានលើកឡើងថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនឯកជន បានបណ្តាលឲ្យមានការបណ្ដេញប្រជាពលរដ្ឋចេញពីសហគមន៍នានា ទូទាំងប្រទេស ដែលប្រជាពលរដ្ឋជាច្រើនក្នុងចំណោមនោះត្រូវបានបង្ខំឲ្យចេញ ពីដីរបស់ខ្លួន ឬត្រូវជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីដ៏អូសបន្លាយជាមួយក្រុមហ៊ុនជួលដីទាំងនោះ។
របាយការណ៍នេះលើកឡើងថា “ ពេលអ្នកភូមិតស៊ូតវា៉ប្រឆាំងនឹងនយោបាយដីធ្លីបែបនេះ រដ្ឋាភិបាលកម្ពុជា តែងតែចាត់វិធានការដោយប្រើកម្លាំង ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់រួមទាំងការដាក់ពង្រាយទ័ពការសង្កត់សង្កិនដោយអំពើហិង្សា ការចាប់ខ្លួនមនុស្សដោយខុសច្បាប់ និងការផ្ដន្ទាទោសព្រមទាំងការវាយប្រហារ និងការគំរាមកំហែងមកលើសកម្មជនការពារសិទ្ធិមនុស្សទៀតផង”។
អង្កការនេះក៏បានលើកឡើងដែរថា ហេតុការណ៍ដែលធ្ងន់ជាងគេបំផុតមួយ គឺការសម្លាប់ក្មេងស្រីឈ្មោះ ហេង ចន្ថា អាយុ១៤ឆ្នាំ កាលពីថ្ងៃទី១៦ ខែឧសភា នៅក្នុងខេត្តក្រចេះ អំឡុងប្រតិបត្តិការរបស់ទាហាននិងនគរបាលរាប់រយនាក់ ដើម្បីបណ្ដេញប្រជាពលរដ្ឋចេញ។
របាយការណ៍នេះបន្តថា “ ក្រុមអ្នកអង្កេតការរបស់អង្គការសិទ្ធិមនុស្ស Human Rights Now បានធ្វើសម្ភាសគ្រួសារក្មេងស្រីរងគ្រោះ និងប្រជាពលរដ្ឋដទៃទៀត ដែលបានឃើញហេតុការណ៍នោះ ហើយត្រូវបានលាតត្រដាងថា ទាហាន និងនគរបាលបានបាញ់សំដៅទៅរកផ្ទះរបស់ក្មេងស្រីនេះ។ហេតុការណ៍ទាំងនេះមិនអាចអត់ឱនឲ្យបានទេពីព្រោះការសម្លាប់ក្មេងស្រីនេះ គឺជាការសម្លាប់ខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធ ហើយការវាយប្រហារទៅលើអ្នកភូមិដោយការបាញ់ប្រហារទៅលើអ្នកភូមិ គឺជាទង្វើខុសច្បាប់”។
អង្គការសិទ្ធិមនុស្សជប៉ុនមួយនេះ ក៏បានធ្វើការវាយតម្លៃពីជម្លោះដីធ្លីនៅឯសហគមន៍បឹងកក់ និងសហគមន៍បុរីកីឡា ក្នុងរាជធានីភ្នំពេញផងដែរដែលនៅសហគមន៍ទាំងពីរធ្លាប់មានការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមអ្នកតវ៉ា និងនគរបាល ហើយនិយាយថា “ គ្មានហេតុផលដែលត្រូវប្រើកម្លាំងបាយលើប្រជាពលរដ្ឋឡើយ ដូច្នេះនេះគឺជាការរំលោភសិទ្ធិមនុស្សដែលមិនអាចអត់ឱនឲ្យបាន”។
ឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការបាញ់សម្លាប់ក្មេងស្រីវ័យជំទង់ក្នុងខេត្តក្រចេះនោះ គឺជាឧបទ្ទវហេតុចៃដន្យ។ លោកបានមានប្រសាសន៍ពាក់ព័ន្ធនឹងការស្លាប់របស់ក្មេងស្រីហេង ចន្ថា ថា “ យើងសោកស្ដាយណាស់ចំពោះឧប្បត្តិហេតុនេះ ប៉ុន្ដែ វាបានកើតឡើងដោយចៃដន្យ ដោយគ្មានចេតនាបង្កបញ្ហាឡើយ។ ពេលនេះរឿងក្ដីនេះស្ថិតក្នុងដៃតុលាការ ហើយយើងនឹងបញ្ជូនឯកសារពាក់ព័ន្ធទៅ”។
ប៉ុន្ដែ បួនខែក្រោយពីហេតុការណ៍បាញ់សម្លាប់នោះលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មានប្រសាសន៍ថាលោកស្រីមិនដឹងប្រាកដថា តើតុលាការកំពុងស៊ើបអង្កេតអ្វីខ្លះពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ ឬអត់នោះទេ។ លោកស្រីបានបន្ថែមថា “ រហូតមកទល់នាទីនេះ ខ្ញុំមិនទាន់បានទទួលឯកសារណាមួយទេ ប៉ុន្ដែ ខ្ញុំនឹងពិនិត្យផ្ទៀងផ្ទាត់ជាមួយផ្នែករដ្ឋបាលរបស់ខ្ញុំ”។
បន្ទាប់ពីមានការបាញ់សម្លាប់នេះ បណ្តាមន្ត្រីថ្នាក់ខេត្តបានលើកឡើងថា មិនចាំបាច់ស៊ើបអង្កេតករណីស្លាប់របស់ក្មេងស្រី ហេង ចន្ថា ទេ ពីព្រោះវាគឺជាឧប្បទ្ទវហេតុ៕
(រាយការណ៍បន្ថែមដោយ គុច ណារ៉េន)
ប្រែសម្រួលដោយ ហម សុផាណ្ណា