34 C
Phnom Penh

ប្រជាពលរដ្ឋ​​​​​​រស់នៅ​ជិត​អាកាសយានដ្ឋានប្រឈម​​​ការ​​​បណ្តេញ​​​ចេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​​​រាប់​​​រយគ្រួសារ ដែល​​​រស់​​​នៅ​​​ជិត​​​អាកាសយានដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ​​​ កំពុង​​​ប្រឈម​​​មុខ​​​នឹង​​​ការ​​​បណ្តេញ​​​ចេញ​​​ពីលំនៅ​​​ដ្ឋាន​​​របស់​​​ខ្លួន​​​ ខណៈដែល​​​ការរៀបចំផ្នែក​​​សន្តិសុខ​​​បាន​​​ចាប់​​​ផ្តើម​​​​​សម្រាប់​​​ថ្នាក់​​​ដឹក​​​នាំ​​​ពិភព​លោក ដែល​​​នឹង​​​អញ្ជើញមក​​​ចូលរួម​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន​​​និង​​​អាស៊ីបូពា៌​​​នៅ​​​ខែ​​​ក្រោយ។

លោក សុខ សុធឿន ប្រធានខុទ្ទកាល័យ​​​រដ្ឋ​​​លេខា​​ធិការ​​ដ្ឋានអាកាសចរណ៍សីុវិល​​​ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា ប្រជាពលរដ្ឋសរុប​​​ចំនួន​​​៣៨៧​​​គ្រួសារ​​​រស់​​​នៅ​​​លើដី​​​ទំហំ​​​៦,៣ហិកតា​​​ខាង​​​កើត​​​អា​​​កាសយានដ្ឋាន​ត្រូវបានជូន​ដំណឹង​​​​ឲ្យ​​​រុះរើលំនៅ​ដ្ឋាន​​​របស់​​​ខ្លួន​​​ដើម្បី​សាងសង់​​​ផ្លូវ​​​ការពារ​​​សុវត្ថិ​​​​​​​​​​​​ភាព​​​ និងពង្រីកផ្លូវ​​​រត់ឲ្យបានវែងជាង​​​មុន​​​ ដែលគេហៅថា

“ តំបន់​​​ទ្រនាប់​​​” សម្រាប់​​​យន្ត​​​ហោះ​​​ដឹក​​​គណៈ​ប្រតិភូ​អន្តរ​ជាតិរួម​​​ទាំង​​​លោក បារ៉ាក់​​​ អូបាម៉ា​​​ (Barack Obama) ប្រធា​​​នាធិបតី​​​សហ​​​រដ្ឋអាមេរិកផងដែរ។

លោកបាន​​​មាន​​​ប្រសាសន៍ថា “ យើង​​​ត្រូវ​ការ​​​ពង្រីក​​​ផ្លូវ​​​រត់​​​ ហើយ​​​យើង​​​គ្រោងនឹង​​​សាង​សង់​​ផ្លូវ​​​សម្រាប់ការពារ​​​សុវត្ថិ​​​ភាព​​​ដល់គណៈ​​​ប្រតិភូ​​​អន្តរជាតិ​​​ ដែល​​​មក​​​បំពេញ​​​ទស្សន​កិច្ច​ក្នុង​​​ប្រទេសកម្ពុជា​​​ដើម្បី​​​ចូល​​​រួម​​​កិច្ចប្រជុំ​កំពូល​​​​នៅ​​​ថ្ងៃក្រោយ​​​។ យើង​​​សង្ឃឹម​​​ថា  ​លោក​ប្រធា​នា​ធិបតី បារ៉ាក់​​​ អូបាម៉ា នឹង​​​អញ្ជើញមក​តាម​ការអញ្ជើញផងដែរ​​​”។

លោក សុខ សុធឿន​​​ បាន​​​បន្តថា កិច្ច​​​ប្រជុំ​​មួយ​​​រវាង​​​លោក ឧបនាយក​​​រដ្ឋមន្ត្រី​​ សុខអាន ​និង​​​មន្ត្រី​​​នានា​​​មកពី​​​រដ្ឋលេខាធិការ​​ដ្ឋាន​​​អាកាស​​​ចរ​ណ៍​សីុវិល​​​គ្រោង​​​នឹង​​​ធ្វើ​ឡើងនៅ​ថ្ងៃនេះ​​​នៅ​​​ឯ​ទីស្តី​ការ​​​គណៈ​រដ្ឋមន្ត្រី​​​ ដើម្បី​​​ពិភាក្សាអំ​​​ពីផែនការ​​​បណ្តេញ​​​ប្រជា​​​ពលរដ្ឋ​​​ ព្រម​​​ទាំង​​​ការ​​​រៀបចំ​​​ផ្នែកសន្តិសុខ​​​ដល់​ថ្នាក់​​​ដឹក​​​នាំ​​​ពិភព​ លោក​​​ដែល​​​នឹង​​​មក​ដល់​​រាជធានី​​​ភ្នំពេញ​​​​​​​​​​​​ ដើម្បី​​​​ចូលរួមកិច្ច​​​ប្រជំុ​​​កំពូល​​​ ​​​ពី​​​ថ្ងៃទី​​​១៨​​​ដល់​​​ថ្ងៃទី​​​២១ ខែវិចិ្ឆកា ។

នៅពេលមានប្រសាសន៍ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ កាល​​​ពីថ្ងៃព្រហស្បតិ៍នៅ​​​​​​បុរី​ញូវ​យ៉កមន្ត្រី​​​ក្រសួងការ​​​បរទេស​​​សហ​​​រដ្ឋអាមេរិក​បញ្ជាក់​​​អំពី​​​ការចូលរួម​​​របស់​​​លោក ​អូបាម៉ា​ នៅ​​​ក្នុងកិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន​​​ នា​​​រាជធានី​ភ្នំពេញ​​​ ដែល​​​ជា​​​ដំណើរ​ទស្សន​កិច្ចលើក​ដំបូង​​​និងមិន​​​ធ្លាប់​​​មាន​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​របស់​​​ប្រធានធិបតី​​​សហរដ្ឋអាមេរិក​​​។ ​លោក ​វេន ​ជាប៉ាវ (Wen Jiabao) នាយករដ្ឋមន្ត្រី​​​ចិន​​​ លោក ​វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតី​​​រុស្សុី និង​​​លោក ម៉ាន់មូហាន សុីង (Manmohan Singh)​ នាយករដ្ឋមន្ត្រី​​​ឥណ្ឌា ​​​ក៏គ្រោង​​​នឹង​​​អញ្ជើញមកចូលរួមកិច្ច​​​ប្រជុំ​​​កំពូល​​​នេះ​​​ដែរ។

ប្រជាពលរដ្ឋចំនួន​​​៣៨៧គ្រួសារមក​​​ពី​​​ភូមិ​​​ព្រៃជីសាក់​​​ ភូមិថ្មគោល និង​​​ភូមិ​គោក​ចំបក់ក្នុង​​​សង្កាត់​​​ចោមចៅ ត្រូវ​​​បាន​​​ដូនដំណឹង​​​ឲ្យ​រុសរើលំនៅ​​​ដ្ឋាន​​​របស់​​​ខ្លួន​​​លើក​​​ទី​​១កាលពី​​​​ខែកក្កដា។ នៅ​​​ពេល​​​នោះ​​​ អាជ្ញាធរ​ប្រាប់​ពួក​គេ​​​​​​ថា ការបណ្តេញ​​​ចេញ​​​នេះ ​​​គឺដើម្បី​​ពង្រីក​​​អាកាសយានដ្ឋានឲ្យបានបីហិកតាថែមទៀតសម្រាប់​​​ធ្វើផ្លូវរត់ ​​​និង​​​ចំណតយន្ត​​​ហោះ​​​​។

កាលពីខែ​​​កញ្ញា រដ្ឋាភិបាល​​​បាន​​​ផ្អាកការ​អនុវត្ត​​​​គម្រោង​​​នេះ​​​ ​​​និង​​​បាន​​​ប្រាប់​​​ប្រជា​​​ពលរដ្ឋ​​​​ចំនួន​​​១៨២គ្រួសារ​​​ឲ្យរុះរើ​​​លំនៅ​​​ដ្ឋាន​​​របស់​​​ខ្លួន​​​ចេញ ដោយ​​​សារ​​​គម្រោង​​​សាងសង់​​​ផ្លូវ​​​សុវត្ថិភាព​​​នៅ​​​ជំុវិញ​​​អាកាសយាន​​​ដ្នាន​​​សម្រាប់​​​ដំណើរ​​​ទស្សនកិច្ច​​​របស់លោក អូបាម៉ា។

លោក វ៉ាសារ៉ង ចៅសង្កាត់​​​រងសង្កាត់​ចោម​​​ចៅ បាន​​​មាន​​​ប្រសាសន៍ថា បទ​​​បញ្ជា​​​ពង្រឹង​​​សន្តិសុខ​​​ជំុវិញ​​​អាកាសយានដ្ឋាន​​​សម្រាប់​​​​ថ្នាក់​​​ដឹកនាំ​​​ពិភពលោក​​​ទើប​​​តែ​​​បានជូន​ដំណឹង​ដល់​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ក្នុង​​​ពេល​​​ថ្មី​​​ៗនេះ​​​។

លោកបាន​​​មាន​​​ប្រសាសន៍ថា “ ​​​​​​ពី​​​មុន​​​មកយើង​​​មាន​​​គម្រោង​​​ ដើម្បី​​​ពង្រីក​​​អាកាស​​​យាន​​​ដ្ឋាន​​​យូរដែរហើយ ប៉ុន្តែ​​​ យើង​​​មិន​​​ដែល​​​និយាយ​​​អំពី​​​សន្តិសុខ​​​ទេ​​​។ យើង​​​ទើប​​​តែ​​​បាន​​​ទទួល​​​ការ​​​ណែនាំ​​​ពី​​​ថ្នាក​​​់​​​លើ​​​”។

លោក​​​ សៀ​ន មា៉កគិនតុស (Sean McIntosh)អ្នក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូតអាមេរិក ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​បង្វែរសំណួរអំពី​​ផែនការ​​​​បណ្តេញ​​​ប្រជាពលរដ្ឋ ទៅសួរ​​​រដ្ឋាភិបាល​កម្ពុជា​​​វិញ។លោក​​​មាន​​​ប្រសាសន៍ថា​​​ “ ដើម្បី​​​សន្តិសុខ​​​កិច្ច​​​ប្រជំុ​​​កំពូល​​​អាសីុ​​​អាគ្នេយ៍​​​ ខ្ញុំ​​​សូម​បង្វែរសំណួរទៅសួរ​​​រដ្ឋាភិបាលវិញ​​​។​​​យ៉ាង​​​នេះ​​​ គឺ​​​ជា​​​ការ​​​ចាត់​វិធាន​​​ការ​​​របស់​​​រដ្ឋា​ភិបាល​​​កម្ពុជា។ នេះ​​​មិន​​​មែន​​​សម្រាប់​​​តែការ​អញ្ជើញ​​​​មក​​​ដល់​​​របស់​​​លោក ប្រធានាធិបតី​​​អូបាម៉ាប៉ុណ្ណោះ​​​ទេ នេះ​​​ក៏សម្រាប់​​​ថ្នាក់​​​ដឹក​​​នាំ​​​​ពិភព​លោក​​​ផងដែរ”។

លោក ម៉ាកគិនតុស ​​​បាន​បន្ថែម​​​ថា  លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​កិច្ច​​​ប្រជុំ​​​រវាង​​​មន្ត្រី​​​កម្ពុជា ​​​និង​​​មន្ត្រីសហរដ្ឋអាមេរិក​​​ ស្តី​​​អំពី​​​ការ​​​បណ្តេញ​​​ប្រជាពលរដ្ឋ​​​ ឬការ​​ត្រៀមការពារ​​​សន្តិ​​​សុខ​​​ដល់​លោក អូបាម៉ា នោះ​​​ទេ។​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ យើង​​​មិន​​​ដែល​​​ធ្វើ​​​សំណើបែប​​​នោះ​​​ទេ​​​”។

នៅ​​​ពេល​​​សួរថា ​​​តើគម្រោង​​​ពង្រីក​​​អាកាស​យានដ្ឋាននៅ​ក្នុង​​​រាជធានីភ្នំពេញនេះ​​​កើត​​​ឡើង​​​ ឬយ៉ាង​​​ណានោះ​​​លោក ខែក ​ន​រិនដា ប្រធាន​​​ទំនាក​​​់​​​ទំនងរបស់​​​អាកាស​យានដ្ឋាន​កម្ពុជា ​​​ដែល​​​ជា​អ្នកគ្រប់គ្រង​អាកាស​​យាន​​​​ដ្ឋានជាតិ​​​បាន​​​មាន​​​ប្រសាសន៍ថា “ ការ​បណ្តេញ​​​ប្រជា​ពលរដ្ឋ​​​ពីសំណាក់​​​អាជ្ញាធរ​​​មូលដ្ឋាន​​​នេះ​​​ធ្វើឡើង​​​ដោយ​​​ផ្អែក​​​លើ​​​មូល​ដ្ឋាន​​​​សុវត្ថិភាព ​​​និង​​​សន្តិសុខ ដែលតម្រូវឲ្យ​ស្រប​តាម​​​បញ្ញត្តិ​​​របស់​​​អង្គការ​​​អាកាសចរណ៍​សីុវិល​​​​អន្តរជាតិ​​​”។

គ្រួសារ​​​ដែល​​​ប្រឈម​​​នឹង​​​ការបណ្តេញ​​​នេះ​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​មក​​​រដ្ឋាភិបាល​​​ប្រឆាំង និង​​​មន្ត្រី​​​មូលដ្ឋាន​​​ ដែល​​​ពួកគេបាន​​​​និយាយថា ជាច្រើនឆ្នាំ​​​មក​​​នេះ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ពួកគេ​​​សង់​​​លំនៅ​​​ដ្ឋាន​​​លើ​​​ដី​​​​​​នេះ​​​តាំង​​​ពី​​​ដំបូង​​​មក​​​។ទោះ​​​ជា​​​យ៉ាងណាមន្ត្រី​​​មូលដ្ឋាន​​​

បាន​​​អះអាង​​​ថា​​​ គ្រួសារ​​​ទាំង​​​នេះ​​​កំពុង​​​រស់នៅ​​​លើ​​​ដី​​​នេះ​​​ដោយខុស​​​ច្បាប់​​​ដែល​​​ការ​​​ចោទ​​​ប្រកាន់​​​​នេះ​​​កំពុង​​​ត្រូវ​​​បាន​​​សកម្មជន​​​សិទ្ធិ​​​មនុស្ស​​​ជំទាស់។ ប្រជាពលរដ្ឋ​​​ក្នុង​​​តំបន់​​​នេះ​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​នេះ​​​ថា ពួកគេមិន​​​ចេញ​​​ពី​​​ផ្ទះ​​​ដោយ​​​ងាយៗនោះ​​​ទេ។

អ្នក​​​ភូមិម្នាក់ឈ្មោះ ទេស តឿ អាយុ​​​៧០​ឆ្នាំ​​​ ដែល​​​ផ្ទះ​​​របស់​​​គាត់​​​ស្ថិតក្នុងភូមិ​ព្រៃជី​សាក់ហើយ​កំពុងប្រឈម​​​នឹងការ​​​ឈូសបំផ្លាញ​​​ចោល​​​ សម្រាប់​​​គម្រោង​​​ពង្រីក​​​អាកាសយាន​​​ដ្ឋាន​នេះ​​​ថា​ “ ខ្ញុំ​​​នឹង​​​ធ្វើ​​​អត្តឃាត​​​ដោយ​​​ដុត​ខ្លួន​​​ឯង​​​ប្រសិន​​​បើ​​​អាជ្ញាធរ​​​បំផ្លាញ​​​ផ្ទះ​​​របស់​​​ខ្ញុំ​​​ ដោយ​​​មិន​​​ឲ្យ​​​ប្រាក់​​​សំណង​​​ទេ​​​នោះ​​​”។​​​

អ្នក​​​ស្រី ទេស​​ ​តឿ  បាន​​​និយាយថា អ្នក​​​ស្រី​បាន​​​ទិញ​​​ដីឡូត៍ទំហំ៨​​​ម៉ែត្រគុណនឹង​​​១៩​ម៉ែត្រ​ក្នុង​​​តម្លៃ​​​១៣.៥០០ដុល្លារ ​​​ការ​​​ពី​​​ទសវត្ស​រ៍ឆ្នាំ​​​១៩៨០ ។ អ្នកស្រី ច្រាយ និន អាយុ​​​៣៤ឆ្នាំ​​​ តំណាង​​​ឲ្យប្រជាពលរដ្ឋក្នុង​​​ភូមិថ្មគោល ​​និយាយថា “ យើង​​​មិន​​​ព្រម​​​ចាក​​​ចេញ​​​ទេ​​​ ប្រសិន​​​បើ​​​អាជ្ញា​ធរ​​​បង្ខំ​​​យើង​​​ឲ្យចេញ​​​ដោយ​​​គ្មាន​​​សំណង​ទេនោះ​​​”។ អ្នកស្រី​​​​​​បន្ថែមថា ​ប្រជា​ពលរដ្ឋ​ជិត​​​៤០០គ្រួសារ​​​នឹងជួប​ជុំគ្នាតវ៉ា​​​នាថ្ងៃច័ន្ទ​​​ នៅ​មុខ​​រដ្ឋ​​​សភា​​​ដែល​​​នៅ​​​ទៅ​​​នោះ​​​ពួកគេ​​​នឹង​ដាក់​​​ញត្តិ​​​ប្រឆាំង​​​នឹង​​​គម្រោង​​​ពង្រីក​អាកាស​យានដ្ឋាន​​​នេះ​​​៕

ប្រែសម្រួលដោយ ហម សុផាណ្ណា​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស