35 C
Phnom Penh

សកម្មជន​​​ជា​ព្រះ​​​សង្ឃ​ខ្មែរ​មួយ​អង្គ​ទទួល​​​រង្វាន់​​​សិទ្ធិ​​​មនុស្ស​​​របស់​​​មូលនិធិ​​​ ម៉ាទីន អេណល នៅ​ប្រទេស​​​ស្វ៊ីស 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​​​ព្រះ​​​សង្ឃ​​​ខ្មែរ​ដ៏​​​ល្បី​​​មួយ​អង្គ​​​​ព្រះនាម លួន សុវ៉ាត ​​​បាន​​​ទទួល​​​រង្វាន់​​​ ម៉ាទីន ​អេណល (Martin Ennals)​​​ នៅ​​​ក្នុង​​​ទៅក្រុង​​​ហ្សឺណែវ ប្រទេស​​​ស្វ៊ីស កាលពីថ្ងៃ​អង្គារ​ចំពោះ​កិច្ច​​​ខិតខំ​​​ប្រឹង​​​ប្រែង​​​របស់​​​ព្រះអង្គ​​​ក្នុងការ​​​​ចង​ក្រង​ឯកសារ​​អំពី​​​​​ស្ថាន​ភាព​របស់​ប្រជា​​​ពលរដ្ឋ​​​ដែល​​​ប្រយុទ្ធ​ប្រឆាំង​នឹង​​​​ការ​​​បណ្តេញចេញ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

រង្វាន់់​​​ដែល​​​ផ្តល់​​​កិត្តិយស​​​ដល់​​​អ្នក​​​​​​ការពារ​សិទិ្ធ​​​ក្នុង​​​មួយ​​​ឆ្នាំ​​​ម្តង​​​នេះ​​​គឺមាន​ទឹក​​​ប្រាក់ចំនួន​​​​​​​២១.៣០០ដុល្លារ​​​ ដែល​​​ព្រះ​​​តេជគុណ ​លួន  សុវ៉ាត  មាន​​​សង្ឃដីកាថា ទុក​សម្រាប់​​​​ចំណាយ​​​លើ​​​ការ​​​​ចង​ក្រង​​​​ឯកសារ​​​​អំពី​​​​ការ​​​បណ្ដេញប្រជា​ពលរដ្ឋ​​​ និងការ​​​តវ៉ានានា។ អ្នក​​​​ទទួល​បាន​​​​រង្វាន់​​​​នេះ​​​ ត្រូវ​​​បាន​​​ជ្រើស​​​​​​រើស​ដោយ​​​គណៈ​កម្មា​ធិការ​​​​វិនិច្ឆ័យ ​​​រួម​​​មាន​​​សមាជិកមក​​​ពី ​​អង្គការ​​​លើក​​​លែង​​​ទោស​​​អន្តរជាតិ​​​ អង្គការ​​​ឃ្លាំ​​​មើល​​​សិទិ្ធ​​​មនុស្ស និង​​​សហព័ន្ធសិទ្ធិ​​​មនុស្ស​​​អន្តរជាតិ​​​​​​។

យោងតាម​​​សេចក្តី​ប្រកាស​មួយ​​​របស់​​​អង្គការ​​​លើកលែងទោស​​​អន្តរជាតិ​​​បាន​​​ឲ្យ​ដឹងថា លោក មីកឺលីន កាលមីរ៉េ (Micheline Calmy-Rey)​​​ អតីត​​​ប្រធា​​​នាធិបតី​​​​ស្វ៊ីស ដែល​​​ជា​​​ប្រធាន​​​មូល​​​និធិម៉ា​​​ទីន​​​​​​អេណល បាន​​​មាន​​​ប្រសា​​​សន៍​​​ថា“ ក្នុងនាម​​​ជា​​​ព្រះសង្ឃ​​​ពុទ្ធសាសនា ​​​ព្រះ​​​តេជគុណ ​លួន សុវ៉ាត បាន​​​​​​ផ្តោត​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​យ៉ាង​​​​ខ្លាំង​លើ​​បញ្ហា​​​នៃការ​​​បណ្តេញ​ប្រជាពល​​​រដ្ឋ​​​​​​​​​ដោយបង្ខំ​​​នៅ​​​កម្ពុជា​​​”។

រង្វាន់​​​នេះ​​​បាន​​​ដាក​​់ឈ្មោះ​តាម​លោកម៉ាទីន អេណល ដែល​​​ជា​​​អគ្គលេខា​​​ធិការ​​​ទី​​​១​​​នៃអង្គការ​​​លើក​​​លែង​​​ទោស​​​អន្តរ​​​ជាតិ​​​។ព្រះ​​​តេជគុណ​​​​​​ លួន សុវ៉ាត បាន​​​មាន​​​សង្ឃ​ដីកា កាលពីម្សិលមិញថា ព្រះ​​​អង្គ​​​ទទួល​​​យក​​​រង្វាន់​​​នេះ​​​​ជំនួស​លោក​​​ ម៉ម សូណង់ដូ ម្ចាស់​​​ស្ថានីយវិទ្យុ ដែល​​​កំពុង​​​ជាប់​​​​​ពន្ធនាគារ​​ព្រម​ទាំង​​​​ក្នុងនាម​​​សកម្មជន​​​សិទ្ធិ​​​មនុស្ស​​​ដទៃទៀត​​​នៅ​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

ព្រះតេជគុណ​បាន​​​មាន​​​សង្ឃដីកា​​​បន្ទាប់​​​​ពីបាន​​​​​​ទទួល​​​រង្វាន់ពីលោក​កាង ឃ្យុងវ៉ា​​​ ឧត្តម​​​ស្នង​​​ការ​​​រង​​ទទួល​បន្ទុក​​​​សិទិ្ធ​​​មនុស្ស​​​​​​របស់​អង្គការ​​​សហប្រជា​​​ជាតិ​​​ថា “ សិទ្ធិ​មនុស្ស​​​នៅ​​​ក្នុង​​​ប្រទេសកម្ពុជា​​​ រួម​​​​ទាំង​​​សិទិ្ធ​​​ពលរដ្ឋ សិទិ្ធ​នយោបាយ​​​ សេរី​ភាព​នៃ​ការ​បញ្ចេញ​​​មតិ​​​សេរី​ភាព​នៃ ការ​ជួប​ជុំ​គ្នា​​​​ សិទ្ធិធ្វើ​​​បាតុកម្ម និង​​​កូដកម្ម សិទ្ធិ​ទទួល​​​​ព័ត៌មាន​​​ និង​​​​​​​​​​​​សិទ្ធិ​​​​ទទួល​បាន​យុត្តិធម៌​ដោយ​មិន​​​លម្អៀង​​​ ​​និង​​​សិទ្ធិ​​​ផ្សេង​​​ៗទៀត​​​​​​នៅ​​​មាន​​​ការ​​​ខ្វះខាត​​​ តូចចង្អៀត​​​ឬកាន់​តែ​ធ្ងន់​ធ្ងរ​​​​ទៅៗ ​​​និង​​​កាន់​​​តែ​​​មាន​គ្រោះ​​​ថ្នាក់​​​ថែម​​​ទៀត​​​សម្រាប់​​​អ្នក​​​ការ​ពារ​​​​សិទ្ធិមនុស្ស​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​”។

ព្រះតេជគុណ​​​ លួន សុវ៉ាត ​​​បាន​​​មាន​​​សង្ឃ​ដី​កាថា ការបណ្តេញ​​​ប្រជាពលរដ្ឋ​​​ដោយ​​​បង្ខំ​​​និង​​​ជម្លោះ​​​ដី​​​ធ្លី​​​នានា​​​គឺ​​​ជា​​​បញ្ហា​​​ស្នូល​​​ដែល​ធ្វើ​ឲ្យ​​​​ប៉ះពាល់​ដល់​​​សិទ្ធិ​​​របស់​​​ប្រជាពលរដ្ឋ​​​កម្ពុជា​​​ដែល​​​ភាគ​​​ច្រើន​​​គ្មាន​​​ផ្ទះ​​​សំបែង ​​​គ្មាន​​​ដី​​​ធ្លី ​ហើយ​​​ត្រូវ​​​ប្រឈម​​​នឹង​​​កង​កម្លាំ​​​ងហិង្សា​​​របស់​​​រដ្ឋាភិបាល​​​ទៀត​​​។

ព្រះតេជគុណ​​​បាន​​​មាន​​​សង្ឃដីកា​ថា​ “ បន្ថែម​​​ពីលើនេះ​​​រដ្ឋាភិបាល​​​ត្រូវ​​​តែ​​​​ឈប់​​​​ប្រើប្រាស់​​​ប្រព័ន្ធតុលាការ​​​ដើម្បីគាបសង្កត់​​​និង​​​ចោទ​​​ប្រកាន់​​​អ្នក​​​ការពារ​​​សិទ្ធិមនុស្ស​​​ទាំង​​​ខុសឆ្គង ​​​និង​​​ត្រូវ​​​បញ្ឈប់​​​ការ​​​ប្រើប្រាស់​​​អំពើ​ហិង្សា​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​”។

ព្រះសង្ឃ​ដែល​​​តែងតែ​​​ចូល​​​​​​រួម ​និង​ចង​ក្រង​​ឯកសារ​​​អំពីការ​​​តវ៉ា​​​និង​​​ជម្លោះ​​​នានា​​​ដោយ​​​ប្រើ​​​​អាយភែ​តឬម៉ាស៊ីន​​​ថត​​​វីដេអូ​​​នោះ ត្រូវ​​​​បាន​​​នគរបាល​​​ចាប់​​​ខ្លួន​​​កាល​​​ពីខែ​ឧសភា ​នៅ​ថ្ងៃដែល​​​សកម្មជន​​​១៣​​​នាក់ផ្សេង​​​ទៀត​​​​​​​​​ដែល​​​ប្រឆាំងនឹងការ​​​បណ្តេញ​​​ប្រជា​​​ពលរដ្ឋ​​​​​​ត្រូវ​បាន​​​​​​ផ្តន្ទា​ទោស​​​ឲ្យជាប់​​​​ពន្ធនាគារ​​​ពីរ​ឆ្នាំ​​​កន្លះ។ ព្រះ​​​តេជ​​​គុណ​​​ត្រូវ​​​បាន​​​​តុលាការ​ចោទ​​​ប្រកាន់​ពី​​​បទ​​​ញុះញង់​​​ រីឯគណៈសង្ឃ​​​​​ភាគ​​​ច្រើន​​ជិត​ស្និទ្ធ​​នឹង​​​គណបក្សកំពុង​​​កាន់​​​អំណាច​​​បាន​​​ព្រ​មាន​​​ព្រះអង្គឲ្យ​​​បញ្ឈប់​​​សកម្ម​ភាព​​​​​​​របស់​​​ព្រះ​​​អង្គ​​​ ​ប៉ុន្តែ​ ព្រះ​អង្គ​មិន​​ធ្វើ​តាម​​​​បទ​​​បញ្ជា​​​នេះ​​​ទេ។

មន្ត្រីសង្ឃបាន​​​បណ្តេញព្រះ​​​តេជគុណ​​​លួន សុវ៉ាត ចេញ​​​ពី​​​វត្ត​​​ឧណ្ណា​​​លោ​ម កាលពីឆ្នាំ​​​​មុន​​​ ហើយ​​​​បាន​បញ្ជា​​វត្ត​នានា​​​នៅ​​​ទូទាំង​ប្រទេស​​មិន​ឲ្យ​​ទទួល​យក​​ព្រះ​​​តេជគុណគង់​នៅ​ឡើយ​ ​​​ដោយ​​​សារ​​​​​​សកម្ម​ភាព​សង្គម​​​​​​របស់​​​ព្រះ​​​អង្គ៕

ប្រែសម្រួលដោយ ហម​​​ សុផាណ្ណា​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស