អគ្គស្នងការរងនគរបាលជាតិ និយាយថាលោកទូចណារុ៉ថ ដែលជាស្នងការនគរបាលរាជធានីភ្នំពេញយូរមកហើយនោះបានត្រូវបានផ្លាស់ចេញពីតួនាទីរបស់លោក កាលពីម្សិលមិញ និងត្រូវដាក់ជំនួសដោយលោកឧត្តមសេនីយ៍ឯកជួនសុវណ្ណ។
លោកទូចណារុ៉ថ ត្រូវបានដំឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ត្រីទៅជាឧត្តមសេនីយ៍ទោ អំឡុងពិធីមួយនៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ។
លោកគៀតច័ន្ទថារិទ្ធអ្នកនាំពាក្យនគរបាលជាតិ មានប្រសាសន៍អំឡុងពិធីនេះថា “ នគរបាលរាជធានីភ្នំពេញចំនួនប្រាំមួយនាក់ ត្រូវបានប្តូរតំណែងរបស់ខ្លួន រាប់ទាំងលោកស្នងការ ទូចណារុ៉ថផងដែរ”។
លោកមានប្រសាសន៍សំដៅដល់សេចក្តីសម្រេចផ្លាស់លោកណារុ៉ថចេញថា“ លោកទូចណារុ៉ថមិនបានធ្វើអ្វីខុសទេ ហើយការប្តូរតួនាទីនេះ ជារឿងធម្មតាទេ។ នេះជាគោលនយោបាយរបស់នគរបាលជាតិដើម្បីកែទម្រង់នគរបាល”។
លោកច័ន្ទថារិទ្ធ ក៏បានកត់សម្គាល់ថាវាមានសារៈសំខាន់ណាស់សម្រាប់សណ្តាប់ធ្នាប់សាធារណៈ ដែលនគរបាលរាជធានីមានឥរិយាបថល្អ។ លោកបានមានប្រសាសន៍ថា “ នគរបាលត្រូវធ្វើការបម្រើប្រជាពលរដ្ឋ និងចៀសវាងធ្វើឲ្យប្រជាពលរដ្ឋខឹងនៅតាមផ្លូវ”៕
ប្រែសម្រួលដោយ ចេវប៊ុុននី