35 C
Phnom Penh

សេដ្ឋ​កិច្ច​​នៅ​ក្នុង​ប្រទេស​កម្ពុជា រឹងមាំ​ ប៉ុន្តែ​ មូល​​និធិ​រូបិយ​វត្ថុ​អន្តរជាតិ​ព្រមាន​​​​​​​អំពី​ហានិភ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មូល​និធិ​រូបិយ​វត្ថុ​អន្តរជាតិ​ហៅ​កាត់​ថា​ IMF បាន​​​លើក​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ថា ការ​នាំ​ចេញ​បាន​ច្រើន ចំនួន​ភ្ញៀវ​ទេស​ចរ​កើន​ឡើង​និង​​វិស័យ​អចល​នទ្រព្យ​រើប​ឡើងវិញ​​ កំពុង​តែ​​ជំរុញ​​កំណើន​សេដ្ឋ​កិច្ច​​ឲ្យរឹង​មាំក្នុង​​​​ឆ្នាំ​នេះប៉ុន្តែ ទស្សន​វិស័យ​​អំពី​កំណើន​​ផលិត​ផល​ក្នុង​ស្រុក​សរុបនៅ​តែ​អាចរង​ផល​​ប៉ះ​ពាល់​ដោយ​សារអស្ថិរភាព​​សេដ្ឋ​កិច្ច​ពិភពលោក​​​​។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌​មាន​​នៅ​ចុង​បញ្ចប់​​នៃ​បេសកកម្ម​​​រយៈ​ពេល​​១១​ថ្ងៃ​​ ដើម្បី​​វាយ​តម្លៃ​អំ​ពី​សេដ្ឋកិច្ច​​​ក្នុង​​ប្រទេស​កម្ពុជា​ លោកអូឡាហ្វ ​អាន់ធើរ៉ូបឺឌ័រស្ទ័រ (Olaf Unteroberdorster) អនុ​​ប្រធាន​​ IMF ​ប្រ​​​ចាំ​​​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ បាន​ព្រ​មានថា​ ការ​ធ្វើ​និយត​កម្ម​បន្ថែម​ទៀត​នឹង​ត្រូវ​អនុ​វត្ត​ដោយ​ធនា​គារ​​កណ្តាល​​​ដើម្បី​បញ្ចៀស​​រំហូរ​ឥណ​ទាន​ច្រើន​ពេក​​ក្នុង​វិស័យ​ធនាគារ។

មូលនិធិ IMF ​ព្យាករ​ថា ​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុបរបស់​កម្ពុជា​ នឹង​ឡើង​​​ដល់​៦,៥​​ ភាគ​រយ​​​ក្នុង​ឆ្នាំ​នេះ ស្រប​តាម​​​ការ​ព្យាករ ​​ដែល​​រដ្ឋាភិបាល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​​កុម្ភៈ​។ លោក អាន់ធើរ៉ូបឺឌ័រស្ទ័រ ​មាន​​​ប្រ​សាសន៍​តាម​​ការ​ព្រាង​ទុក​ថា “ ក្នុង​រយៈ​ពេល​ពីរ​បី​ខែ​នេះ​ អត្រា​កំណើន​​ក្នុង​​ប្រ​​​ទេស​កម្ពុជា អាច​ឡើង​​​ដល់​ប្រ​ហែល​៧,៥​ភាគ​រយ​ ដរាប​ណា​បន្ត​​​មាន​ការរីក​ចម្រើន​​ក្នុង​បរិយា​កាស​ពាណិជ្ជ​​កម្ម​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​​ការ​ផ្តល់​សេវា​​សាធារណៈ”។

លោក អាន់ធើរ៉ូបឺឌ័រស្ទ័រ​ ​​មាន​ប្រ​សាសន៍នៅ​ឯការិយា​ល័យ​​របស់​​​មូលនិធិ​​​ IMF ប្រ​ចាំ​​​រាជ​ធានី​ភ្នំ​ពេញ​​ថា “ ហានិភ័យ​ ដែល​អាច​កើត​​មាន​ក្នុង​ប្រទេស​កម្ពុជា ​អាច​​ជា​កត្តា​ស្មុគ​ស្មាញ​​មួយ​ ដោយ​ភាគ​ច្រើន​កើត​ចេញ​ពី​អស្ថិរភាព​ក្នុង​ទី​ផ្សារ​​ការ​ងារ​ អាកា​សធាតុ​មិន​ល្អ​ និង​ការ​​​បង្កើន​​​ឥណ​ទាន​​​យ៉ាង​ឆាប់​រហ័ស​​​ ដែល​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​​ភាព​រឹង​​មាំ​របស់​ធនាគារ​”។

ស្ថិត​លើ​ផ្លូវ​ឆ្ពោះ​ទៅ​​រកអត្រា​​កើន​ឡើង​ជាង​​៣០​ភាគ​រយ​ក្នុង​ឆ្នាំ​នេះ ការ​បញ្ចេញ​ឥណ​ទាន​​​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​អត្រា​ខ្ពស់​បំផុត​នៅ​អាស៊ី។លោក​​មាន​​ប្រ​សាសន៍​ថា ​កំណើន​យ៉ាង​ឆាប់​រហ័ស​​នៃ​វិស័យ​ធនាគារ​ត្រូវ​ការ​ការ​ឃ្លាំ​មើល​​ឲ្យបាន​​ដិត​ដល់។

​​​​លោក​បន្ត​ថា “ វា​ក៏​ប្រហែល​ជា​​ទាមទារ​ឲ្យ​មាន​​​​ការ​ចាត់​វិធាន​ការ​បន្ថែម​ទៀត​ដែរ ​ដើម្បី​​ទប់​ទល់ការ​ប្រថុយ​ប្រថាន​​ហួស​ហេតុ​​ពី​បណ្តា​ធនាគារនានា។ការ​ឃ្លាំ​មើល​ដែល​មាន​​ការ​សម្រប​សម្រួល​បាន​ល្អ​ ក្នុង​ចំណោម​បណ្តា​​ទីភ្នាក់​ងារ​ប្រឹក្សា​យោ​បល់​ពាក់​ព័ន្ធ​​ទាំង​អស់ ក៏​សំខាន់​ណាស់ដែរ​ ចំពោះ​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​មានស្ថិរភាព​ក្នុង​ប្រ​ព័ន្ធ​​ហិរញ្ញ​វត្ថុ​ដែល​កើន​ឡើង​យ៉ាង​​ឆាប់​រហ័ស”។

ទោះ​ជា​យ៉ាង​ណា  ​លោក អាន់ធើរ៉ូបឺឌ័រ​ស្ទ័របាន​មាន​ប្រ​សាសន៍​ថា ធនាគារ​ជាតិ​ នៃ​កម្ពុជា ​​បាន​​អនុ​វត្ត​តាម​សេច​ក្តី​ផ្តួចផ្តើម​​មួយ​ចំនួន​​ ដើម្បី​​​ពង្រឹង​និ​យតកម្ម​​ក្នុង​វិស័យ​ធនាគារ។ លោក​ថ្លែង​ថា “ ការបង្កើត​​​​ការិយា​ល័យ​ឥណ​ទានក្នុង​ពេល​ថ្មីៗ​នេះ​​ កំពុង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​​ការ​គ្រប់​គ្រង​​ហានិភ័យ ​​និង​ការ​​​បែង​ចែក​ឥណ​ទាន​ពី​សំណាក់​​ធ​នាគារ ​និង​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​នានា”។

IMF លើក​ឡើង​ថា វិស័យ​កាត់​ដេរ​ក្នុង​ប្រទេស​កម្ពុជា​​បន្ត​ទទួល​បាន​កំណើន​ពីរ​ខ្ទង់​​ គឺ​កើន​ឡើង​រហូត​ដល់​ទៅ​​១៤​ភាគ​រយ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ខែ​​ដើម​ឆ្នាំ​នេះ​ ដោយ​សារ​​​មាន​តម្រូវ​ការយូរ​អង្វែង​​នៅ​សហ​រដ្ឋ​អាមេរិក និង​​អឺរ៉ុប។​ប៉ុន្តែ​លោក ​អាន់ធើរ៉ូបឺឌ័រ​ស្ទ័រ បាន​ព្រ​មាន​ថា ​ខណៈ​ពេល​​មាន​ភាព​រឹង​មាំ​​នោះ ​សេដ្ឋ​កិច្ច​​របស់​កម្ពុជា​​មិនទាន់​ទទួល​ឥទ្ធិ​ពល​​ពី​ផល​ប៉ះ​ពាល​​នៃ​ក្តី​បារម្ភ​ក្នុង​ប្រទេស​ទាំង​នោះ ​កំពុង​តស៊ូ​ពុះ​ពារ​ជម្នះ​នឹង​ឱន​ភាព​សេដ្ឋ​កិច្ច​ខ្ពស់និងបណ្តា​​សេដ្ឋ​កិច្ចដែល​ដើរ​យឺត​ទៅៗ។

ហើយ​​បន្ទាប់​ពី​ព្យាយាម​បាន​ប៉ុន្មានឆ្នាំ​ ប្រទេស​កម្ពុជា នៅ​តែ​​ធ្វើ​​បា​ន​តិច​តួច​ណាស់​​ក្នុង​ការ​ធ្វើ​ឱ្យ​សេ​ដ្ឋ​កិច្ច​របស់​ខ្លួន​មាន​​ភាព​សម្បូរ​បែប​ ដែល​ពឹង​ផ្អែក​ភាគ​ច្រើន​ទៅ​​លើ​សម្លៀក​បំពាក់​ដើម្បី​រក​ប្រាក់​ចំណូល។

ទឹក​ជំនន់​ខ្លាំង​ទូទាំង​ប្រទេស​​កាល​ពី​ឆ្នាំ​មុន​ បា​ន​បង្ខំ​ឲ្យរដ្ឋាភិបាល​ពិនិត្យ​សើរើ​ទស្សន​វិស័យ​ស្តីពី​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១១ ដោយបន្ទាបពី​​៧ភាគ​រយ​​មក​នៅ​ត្រឹម​​៦ភាគ​រយ​វិញ​នៅ​មុន​នេះ​ក្នុង​ឆ្នាំ​នោះ។ប៉ុន្តែ​ លោកអាន់ធើរ៉ូបឺឌ័រស្ទ័រ ​​ថ្លែងថាផល​ប៉ះ​ពាល់​រយៈ​វែង​នៃ​ទឹក​ជំនន់កាល​ពី​ឆ្នាំ​មុន​ មិន​ធ្ងន់​ដូច​​ការ​រំពឹង​ទុក​​ពី​ដំបូង​នោះ​ទេ។

លោក​​មាន​ប្រ​សាន៍​ថា “ កសិកម្ម​​បន្ត​ដើរ​តួ​​នាទី​សំខាន់​​មួយ​ក្នុង​សេដ្ឋ​កិច្ច​​នេះ។ការ​វាយ​​តម្លៃ​របស់​យើង​គឺ​ថា ​ឆ្នាំ​នេះ​​នឹង​នាំ​មក​នូវ​កំណើន​ដូច​ពេល​កន្លង​មក​ដែរហលយ​យើង​ជឿ​ថា ឆ្នាំ​ក្រោយ​ នឹង​បន្ត​​កើន​ឡើង​ប្រ​ហែល​​​៣ទៅ​៤​ភាគ​រយ​”។

បន្ថែម​ពី​លើ​​ការ​ប្រ​សើរ​ឡើង​ក្នុង​វិស័យ​​កាត់​ដេរ ​ចំនួន​ភ្ញៀវ​ទេសចរ​​បាន​កើន​ឡើង​២៧ភាគ​រយក្នុង​ត្រី​មាស​ដំបូង​ដើម​​ឆ្នាំ​២០១២ បើ​ប្រៀប​ធៀប​ទៅ​នឹង​​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។ ​មាន​ការ​រំពឹង​ទុក​ថា ​អតិផរណា​​​​នឹង​ឈាន​​ដល់​៣,៥​ភាគ​រយ​នៅ​ឆ្នាំ​នេះ​ និង​៤ភាគ​រយ​ក្នុង​ឆ្នាំ​២០១៣៕

ប្រែ​សម្រួល​ដោយតែមសុខុម​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស