33 C
Phnom Penh

លោក​ ហ៊ុន សែន ​ភ្ជាប់​​ប្អូន​ជីដូន​មួយ​ក្នុង​ករណី​ចាប់​យក​ដី​​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​​​សុក្រ បាន​ភ្ជាប់​ប្អូន​ជីដូន​មួយ​របស់​លោក​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ប៉ុន​ប៉ង​លក់​ដី​ក្នុង​ខេត្ត​ស្វាយ​រៀង ដែល​ដី​នោះ​រដ្ឋា​ភិបាល​បាន​លៃ​ទុក​សម្រាប់​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​​ប្រ​ជា​​ពលរដ្ឋ​​រាប់​រយ​គ្រួសារ កាល​ពី​ឆ្នាំ​២០០៩។

ថ្លែង​នៅ​ឯ​ពិធី​មួយ​​ក្នុង​ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង​ ដែល​នៅ​ទី​នោះ​លោក​បាន​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​​ចំនួន​៥១០​ប័ណ្ណ​ជូន​ប្រជា​ពល​រដ្ឋ​ ចំនួន​២៩៨​គ្រួសារ​ លោក​ ហ៊ុន សែន បានមាន​ប្រសាសន៍​ថា អាជ្ញា​ធរ​គួរ​តែ​សើុប​អង្កេ​ត​​ថា តើ​ហេតុ​អ្វី​បាន​មាន​​ប្រ​ជា​ពល​រដ្ឋ​តែ​៣៦​គ្រួសារ​ប៉ុណ្ណោះនៅ​ក្នុង​តំបន់​នេះ ទទួលបាន​​​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ ទោះ​បីជា​មាន​បទ​បញ្ជា​មួយ​​ពី​ក្រសួង​ដែនដី​​នគ​រូបនីយ​កម្ម​ ឲ្យ​ផ្ទេរ​ដី​នេះ​ទៅជា​ដី​សម្បទាន​សង្គម​កិច​្ច។

លោកនាយក​រដ្ឋ​មន្ត្រី​​​ថ្លែង​ក្នុង​សុន្ទរកថា ដែល​​មាន​រយៈ​ពេល​ជាង​ពីរ​ម៉ោង​ទៅ​កាន​់​អ្នក​ភូមិ​​ថា “ ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ​និង​​​ប្រកាស​ថា  ប្អូន​ជីដូន​មួយ​របស់​ខ្ញុំ​ “ ជាប់​ពាក់​ព័ន្ធ​” ពី​ព្រោះ​ខ្ញុំ​បានផ្ទេរ​ដី​​​ជា​ដី​សម្បទាន​​​សម្រាប់​ផ្តល់​​​ឲ្យ​អ្នក​ភូមិ​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង កាល​ពី​​ឆ្នាំ​២០០៩។ ប៉ុន្តែ រហូត​ដល់​ឆ្នាំ​២០១២ ​​ហើយ​​នៅ​តែ​មិន​ទាន់​មាន​ការ​បែង​ចែក​ដីនេះ​​ដល់​អ្នក​ភូមិ​នៅ​ឡើយ”។

លោក​បាន​ថ្លែង​បន្ត​ថា​ “ ខ្ញុំ​មិន​ជឿ​ថា ការ​ងារ​កើតឡើងអ៊ីចឹងសោះ​ ដោយ​សារ​តែ​​ប្អូន​ជីដូន​មួយ​របស់​ខ្ញុំ​ជា​ឈ្មួញ​កណ្តាល​នោះ​ទេ។​ប្អូន​ជី​ដូន​មួយ​របស់​ខ្ញុំ ដែល​មាន​ឈ្មោះ​ថា អាឃ្លាំង…​និង​ដែល​មាន​ឈ្មោះ​ពិត​ថា ឌី ឃ្លាំង បាន​យក​ដី​នេះ​ខ្លះ ​​ដើម្បី​លក់”។

លោក ហ៊ុន សែន មិន​បានថ្លែង​ថា​ អាច​មាន​អ្វី​​កើត​​ឡើង​​ ចំពោះ​ប្អូន​ជីដូន​មួយ​របស់​លោកទេ​​ ហើយ​លោក​ ឌី ឃ្លាំង ក៏​មិន​អាច​ទាក់​ទង​ ដើម្បីសំុ​សេចក្តី​អត្ថាធិប្បាយ​បានដែរ។

ចាប់​តាំង​ពី​ខែ​ឧសភា មក  លោក​ ហ៊ុន សែន បាន​បន្ត​អនុវត្តគម្រោង​​​ផ្តល់​ប័ណ្ណ​ក​ម្មសិទ្ធិ​ដីធ្លី​នៅ​ទូ​ទាំង​ប្រទេស​​ ដើម្បី​​ផ្តល់កម្ម​សិទ្ធិ​ដល់​​អ្នក​ភូមិ​​រាប់​ពាន់​នាក់ ​ដែល​មាន​វិវាទ​ដី​ធ្លី​ជាមួយ​ដី​រដ្ឋ​ និង​ដី​សម្បទាន​សេដ្ឋកិច្ច។ ​

​លទ្ធ​ផល​ពី​ការ​បោះ​ឆ្នោត​ឃំុ-សង្កាត់​ កាល​​ពី​ខែ​មិថុនា បាន​បង្ហាញ​ថា គណបក្ស​ប្រឆាំង​បាន​ទទួល​ជ័យ​ជម្នះ​លើ​គណបក្ស​​ប្រ​ជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច នៅក្នុង​​តំបន់​ណា​ ដែល​មាន​បញ្ហា​​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​ដី​ធ្លី​។ ​ការ​​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា ឆ្នាំ​​២០១៣​ ខាង​មុខ ហើយ​គណបក្ស​ប្រឆាំង​​គ្រោង​នឹង​​ធ្វើ​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​​ស្តី​អំពី​បញ្ហា​ដី​ធ្លី​ ​។

​ក្នុង​សុន្ទរកថា​របស់​លោក​ផង​ដែរ លោក ហ៊ុន​ សែន ​ថ្លែង​​ថា លោក​ឧត្តម​សេនីយ​៍​​ត្រី​​ រស់ ស៊ីថន ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ពាក់​ព័ន្ធ​ក្នុង​ការព្យាយាម​​លក់​ដី​ខ្លះធ្វើអនុបយោគ​ជា​​ដី​​សម្បទាន​សង្គម​កិច្ច​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង។​

លោក​​ថ្លែង​បន្ត​ទៀត​ថា “ ​​ឧត្តម​សេនីយ៍​នគរបាលផ្កាយ១ម្នាក់ បាន​បោក​ប្រាស់​ប្រាក់​ពី​​អ្នក​ដ​ទៃ​។ ដូច្នេះ ការ​ធ្វើ​ការ​សើុប​អង្កេត​បន្ថែម​​ទៀត​ចំពោះ​ករណី​លោក អាឃ្លាំង និង​​ឧត្តមសេនីយ៍​ផ្កាយ​១​ របស់នគរបាល​ជាតិ។ ​​ដី​​ដែល​​​ខ្ញុំ​បាន​ផ្ទេរ​ឲ្យ​ប្រជា​ពលរ​ដ្ឋ​​​មិន​ទាន់​បាន​វាស់​វែង​ទេ​។​ ពួក​គេ​បែ​រជា​ប៉ុន​ប៉ង​លក់​ដី​នោះ​ទៅ​វិញ”។

លោក ប្រាជ្ញ រីម ស្នង​ការ​នគរ​បាល​ខេត្ត​ស្វាយ​រៀង បានមាន​ប្រសាសន៍​ថា សាលា​ដំបូង​​ខេត្ត​ស្វាយ​រៀង បាន​ចោទ​ប្រកាន់​លោក​ឧត្តម​​សេនីយ៍​ ស៊ីថន ជា​មន្ត្រី​នគរ​បាល​​មកពីនាយក​ដ្ឋាន​ភ័ស្តុភា​​​រក្រសួង​មហា​ផ្ទៃ​ និង​អ្នក​​សម​គំនិត​​ពីរ​នាក់​ទៀត​ ឈ្មោះ ហុង​ វុទ្ធី និង​ភរិយា​របស់​លោក​វុទ្ធី​ ពី​បទ​ក្លែង​បន្លំ​ឯក​សារ​ដី​សម្បទាន​សេដ្ឋ​កិច្ច​របស់​រដ្ឋា​ភិបាល ហើយ​បាន​បោក​ប្រាស់​ស្រ្តី​អ្នក​​ជំនួញ​ក្នុង​ស្រុក​ម្នាក់​នូវ​ប្រាក់​ចំនួ​ន​​១០០.០០០​ដុល្លារ។

នៅក្នុងគោល​នយោ​បាយ​រដ្ឋា​ភិបាល​ក្នុង​ការ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ជូន​ប្រជា​ពល​រដ្ឋ​នេះដែរ ​លោក ហ៊ុន សែន បាន​ប្រកាស​ថា ដី​ទំហំ​១.៥០០​ហិកតា ត្រូវ​បាន​ដក​ហូត​ពី​ដី​សម្បទាន​សេដ្ឋ​កិច្ច ​បាន​ផ្តល់​ឲ្យ​ឧកញ៉ា ​​អាន ម៉ារ៉ាឌី ដើម្បី​បែង​ចែក​​ជូន​​ប្រជា​ពល​រដ្ឋ​វិញ​។

លោក​ ហ៊ុន សែន​ មាន​ប្រសាសន៍​ទៀត​ថា ចំនួន​ដី​សរុប ​ដែល​បាន​វាស់​វែងក្នុង​តំបន់​ដី​មាន​ជម្លោះ​​នៅ​ក្នុង​ស្រុក​រមាស​ហែក មាន​​ចំនួន​១២.២៦០ ហិក​តា ជា​តំបន់​មួយ ​ដែល​អះ​អាង​​​ដោយ​ប្រជា​ពលរដ្ឋ​ ចំនួន​៦.៣៨៤​គ្រួសារ​។ លោក​ថ្លែង​បន្ត​ថា និសិ្សត​ស្ម័គ្រ​ចិត្ត​​នឹងបន្ត​​វាស់​វែង​ដី​​នៅ​សេសសល់​​​ទំហំ​១០.៦៩៥​ហិកតាទៀត​៕

ប្រែ​សម្រួល​ដោយ ឃិន ណៃ

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស