ក្រុមមន្ត្រីមកពីអង្គភាពរបស់រដ្ឋាភិបាល អង្គការសហប្រជាជាតិ និងមកពីអង្គការក្រៅរដ្ឋាភិបាល កាលពីថ្ងៃសុក្រ បានលើកយកចំណុចធ្វើវិសោធនកម្មក្នុងសេចក្តីព្រាងច្បាប់ស្តីពីអនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានតាក់តែងឡើង ដើម្បីការពារប្រជាពលរដ្ឋខ្មែរ ដែលទៅធ្វើការជាអ្នកបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី។
ខណៈដែលសេចក្តីព្រាងច្បាប់ដើមធ្វើឡើងដោយរដ្ឋាភិបាលប្រទេសម៉ាឡេស៊ី បានទម្លាក់ការទទួលខុសត្រូវអំពីសុវត្ថិភាពដល់អ្នកទាំងនោះ ទៅលើនិយោជក និងភ្នាក់ងារជ្រើសរើសពលករ ស្រាប់តែអ្នកជំនាញចូលរួមក្នុងសិក្ខាសាលានៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ បានពិនិត្យឡើងវិញអំពីអនុស្សរណៈ ហើយបានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ គួរបញ្ជាក់លម្អិតថែមទៀតអំពីបរិមាណប្រាក់ឈ្នួលទាបបំផុត ថ្លៃទិដា្ឋការនិងការទទួលខុសត្រូវរបស់និយោជកចំពោះអ្នកបម្រើតាមផ្ទះរបស់ពួកគេ។
លោក ហូ វណ្ឌី អនុប្រធាននាយកដ្ឋានការងាររបស់ក្រសួងការងារ ដែលបានចូលរួមក្នុងសិក្ខាសាលានោះមានប្រសាសន៍ថា “ យើងបានពិនិត្យគ្រប់ចំណុចទាំងអស់ បើសិនយើងឃើញមានចំណុចណាមួយមិនសមរម្យ ឬមិនសមស្របតាមច្បាប់ យើងដូរចំណុចនោះដើម្បីការពារប្រយោជន៍របស់កម្មករ និងដើម្បីការពារពួកគេ”។
សេចក្តីព្រាងច្បាប់ស្ដីពីអនុស្សរណៈនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្អាកការបញ្ជូនស្ត្រីអ្នកបម្រើតាមផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ី មួយរយៈសិន កាលពីខែតុលា ឆ្នាំមុន បន្ទាប់ពីមានករណីនៃការរំលោភបំពានលើរាងកាយ និងការរំលោភបំពានផ្លូវភេទមកលើស្ត្រីខ្មែរអ្នកបម្រើតាមផ្ទះ និងមានសេចក្តីរាយការណ៍អំពីការធ្វើអត្តឃាតផងដែរ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីសាធារណជន។
លោកស្រី ជេនណា ហូលីដេ (Jenna Holliday) ទីប្រឹក្សាផ្នែកស្ត្រីរបស់អង្គការសហប្រជាជាតិមានប្រសាសន៍ថា ការកែប្រែគឺការចាំបាច់ដើម្បីធ្វើឲ្យអនុស្សរណៈនេះកាន់តែល្អ។
លោកស្រី ហូលីដេ បានថ្លែងបន្ដថា “ មានមាត្រាមួយបានចែងមិនច្បាស់លាស់អំពីប្រាក់ឈ្នួលជាមូលដ្ឋាន ដោយគ្រាន់តែចែងថា គួរតែមានការយល់ព្រមគ្នា រវាងនិយោជក និងនិយោជិត”។ លោកស្រីកត់សម្គាល់ថា ប្រាក់ឈ្នួលទាបបំផុតក្នុងប្រទេសម៉ាឡេស៊ី គឺ២៩៧ដុល្លារក្នុងមួយខែ ហើយអ្នកចូលរួមសិក្ខាសាលាទាំងអស់ បានយល់ព្រមឲ្យស្ត្រីខ្មែរអ្នកបម្រើតាមផ្ទះ គួរតែទទួលបាននូវសិទ្ធិដូចគ្នា និងជនជាតិម៉ាឡេស៊ីដែរ។
លោកស្រី ហូលីដេ បន្ដទៀតថា “ ទោះបីជាអនុស្សរណៈនៃការយោគយល់គ្នាបានផ្ដល់ការការពារនៅលើពិភពលោកក៏ដោយ ក៏រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់គិតគូរអំពីការការពារនៅថ្នាក់ជាតិ និងគួរពិនិត្យមើលចំណុចចន្លោះប្រហោងនៅមុនពេលចាប់ផ្ដើមការពិភាក្សាថា តើពេលណាគួរបញ្ជូនស្ត្រីអ្នកបម្រើតាមផ្ទះទៅប្រទេសម៉ាឡេស៊ីម្ដងទៀត”។
មាត្រាផ្សេងៗទៀតដូចជាចែងអំពីអាយុទាបបំផុត២១ឆ្នាំ សម្រាប់ស្ត្រីអ្នកបម្រើតាម ផ្ទះត្រូវបានអ្នកចូលរួមក្នុងសិក្ខាសាលានោះយល់ព្រម។ ទោះជាយ៉ាងណា អ្នកដែលបានចូលរួមសិក្ខាសាលាបានលើកឡើងថា អាយុច្រើនបំផុតនៃស្ត្រីអ្នកបម្រើតាមផ្ទះ មានអាយុ៤៥ឆ្នាំ គួរតែលុបចេញពីអនុស្សរណៈ។ អ្នកចូលរួមក្នុងសិក្ខាសាលានោះក៏បានយល់ព្រមផងដែរ អំពីស្ត្រីធ្វើការក្នុងស្រុកគួរតែមានសិទ្ធិឈប់សម្រាកមួយថ្ងៃក្នុងមួួយសប្ដាហ៍។ បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់នោះបានលើកឡើងថា និយោជកត្រូវតែ ផ្ដល់ឲ្យស្ត្រីបម្រើតាមផ្ទះនូវពេលឈប់សម្រាកឲ្យបានសមរម្យ”។
ចំណុចមួួយក្នុងចំណោមចំណុចសំខាន់បំផុតនៃការពិភាក្សានោះ គឺពិភាក្សាអំពីមាត្រា១១នៃអនុស្សរណៈដែលចែងថា បើសិនជាស្ត្រីអ្នកបម្រើតាមផ្ទះរត់គេច “ នោះលិខិតឆ្លងដែនរបស់ពួកគេត្រូវបានដកហូត ហើយមិនអនុញ្ញាតឲ្យចូលទៅធ្វើការនៅប្រទេសម៉ាឡេស៊ីទៀតទេ”៕
ប្រែសម្រួលដោយ ឃិន ណៃ