28 C
Phnom Penh

សាលក្រម​របស់លោក ​ម៉ម សូណង់ដូ​ មិនបាន​ដើរតាម​គំរូ​របស់​តុលាការ​ខ្មែរ​ក្រហម​នោះឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេលសហគមន៍អន្តរជាតិ​ បានដាក់​សម្ពាធ​ឲ្យរដ្ឋាភិបាល​កម្ពុជា​ បង្កើត​តុលាការ​ខ្មែរ​ក្រហម​កាលពីឆ្នាំ​២០០១ ដើម្បី​ផ្តន្ទា​ទោស​ មេដឹកនាំ​ជាន់ខ្ពស់​មួយ​ចំនួន​នៅរបប​ខ្មែរ​ក្រហម​ ពេលនោះសហគមន៍​អន្តរជាតិ​​​សង្ឃឹមថា​ កិច្ចខិតខំប្រឹង​ប្រែង​របស់ខ្លួន​ នឹង​អាច​បង្កើតតុលាការ​គំរូនៅក្នុងប្រទេស​កម្ពុជា​ ដែលតុលាការនៅក្នុង​ប្រទេស​នេះ​តែងតែ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ ​​និង​ពោរពេញ​ដោយ​អំពើពុក​រលួយនោះ។

សហ​គមន៍​អន្តរជាតិ​បាន​លើក​ឡើង​ថា​ កេរដំណែល​របស់សាលាក្តី​ខ្មែរក្រហម​ នឹង​ធ្វើជាគំរូ​សម្រាប់​តុលាការ​កម្ពុជា។​ លោក ស្ទេហ្វិន រ៉ាប​ (Stephen Rapp) ឯក​អគ្គរដ្ឋទូត​គោចរ​សហរដ្ឋអាមេរិក​ ទទួល​បន្ទុក​​ផ្នែក​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ​ បានមាន​ប្រសាស​ន៍​ក្នុង​រាជធានី​ភ្នំពេញ​​ កាល​ពីសប្តាហ៍​មុន​ថា “នៅពេល​យើង​និយាយ​អំពី​កេរ​ដំណែលតុលាការ​ខ្មែរ​ក្រហម​  គឺយើង​និយាយ​អំពី​តុលា​ការ​នេះ​បានត្រួសត្រាយផ្លូវ​ ដែល​អាច​ជួយ​បង្កើត​ច្បាប់​ក្នុង​ប្រទេស​មួយ​នេះ​”។

អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក ស្ទេហ្វិន​រ៉ាប​ សហរដ្ឋអាមេរិក​បាន​សន្យា​ផ្តល់​ជំនួយ​ជាទឹក​ប្រាក់​ចំនួន៥លាន​ដុល្លារ​ថែមទៀត ​ដល់​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​​។​

ប្រាំឆ្នាំ​បន្ទាប់ពីសាលាក្តី​ខ្មែរ​ក្រហម​បាន​ចាប់​ផ្តើមដំណើរការ​ ​និងបន្ទាប់​ពី​មាន​ជំនួយ​ជាទឹក​ប្រាក់​ចំនួន​ជាង​១៦០លាន​ដុល្លារ​នោះ​ លោក ម៉ម​ សូណង់ដូ​  ម្ចាស់​ស្ថានីយវទ្យុ​ឯក​រាជ្យ​ត្រូវបានសាលា​ដំបូង​រាជធានី​ភ្នំពេញ​ ផ្តន្ទា​ទោស​ឲ្យជាប់​ពន្ធនាគារ​រយៈពេល​២០ឆ្នាំ​កាលពីថ្ងៃច័ន្ទ។

អង្គការ​សិទ្ធិមនុស្ស​បាន​ចាត់​ទុក​រឿងក្តី​របស់​លោក ​ម៉ម​ សូណង់ដូ​ ជារឿងក្តី​មួយ​ក្នុង​ចំណោម​រឿង​ក្តី​ជាច្រើន​ដែលពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ ដ៏រសើប​ក្នុងរយៈ​ពេល​ប៉ុន្មាន​​ឆ្នាំ​ថ្មី​ៗនេះ​ ហើយ​បណ្តាប្រទេស​ដែល​បាន​ផ្តល់​ជំនួយ​ដល់តុលារការ​ខ្មែរ​ក្រហម​ ក៏បាន​ថ្កោល​​ទោស​ចំពោះ​សាល​ក្រម​ផ្តន្ទា​ទោស​លោក ម៉ម សូណង់ដូ​ ដែរ។

លោក រូភើត​ អាបត់​ (Rupert Abbott) អ្នក​ស្រាវជ្រាវអំពីតំបន់​អាស៊ី​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ប្រចាំ​នៅក្នុងប្រទេស​កម្ពុជា​ ថ្លែងថា​ ក្រៅពីធ្វើ​ជាគំរូ​ដ៏ល្អ​ តុលា​ការ​ខ្មែរក្រហម​អាចនឹង​ធ្វើអ្វី​ៗខុសគេ​។

លោក អាបត់ បានមាន​ប្រសាសន៍ថា ឧទា​ហរណ៍បែបនេះគឺថា​ នៅពេល​លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន ​​សែន ​​កាលពីឆ្នាំ​២០១០​បាន​ប្រាប​់​​លោក ​បាន ​គីមូន ​(Ban Ki-moon) អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ នៅ​ពេល​​មក​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​ថា​​ លោកនឹង​មិនអនុញ្ញាត​ឲ្យ​​សំណុំរឿង​០០៣ និង​​​០០៤​នៅ​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​ក្នុង​តុលា​ការកម្ពុជា​​ដំណើរ​ការ​ទៅមុខ​ឡើយ។​

លោក អាបត់​ បាន​លើកឡើងថា “ សារ​​ដ៏​គ្រោះ​​ថ្នាក់ទី១​នោះ គឺការ​គ្រប់គ្រង​ដោយ​នយោបាយ​ ហើយ​សារគ្រោះថ្នាក់​ទី២ គឺ​និទណ្ឌ​ភាព​”។ លោកបាន​បន្តថា​ “ យុត្តិធម៌​គឺ​អា​ស្រ័យ​លើរដ្ឋាភិបាល រដ្ឋាភិបាល​ចង់​ឲ្យ​​អ្នកណាមាន​យុត្តិធម៌​ អ្នកនោះនឹង​ទទួល​បាន​យុត្តិធម៌​​។

លោកថ្លែងចំពោះកេរដំណែល​តុលាការ​ខ្មែរក្រហមវិញ​ថា​ “ នៅពេល​យើង​ឃើញ​រឿងក្តីដូចរឿងក្តីរបស់​លោក​ ម៉ម សូណង់​ដូ និង​រឿងក្តី​ដែល​កំពុង​តែ​កំពុងកើតឡើងជា​ច្រើន​ទៀត​ ក្នុងប្រទសកម្ពុជា​ដែល​តុលាការ​មិនអាចសម្រេច​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រជាជននោះ​​ ខ្ញុំគិត​ថា​បញ្ហា​បែប​នេះ​នឹង​កើតឡើង​ក្នុងប្រទេស​កម្ពុជា​សម្រាប់​រយៈ​ពេលយូរអង្វែងទៀត​”។

សាលាដំបូង​រាជ​ធានីភ្នំពេញ​បានចោទ​ប្រកាន់ លោក ម៉ម សូណង់ដូ ពី​បទចោទចំនួន​ប្រាំមួយកាលពី​ថ្ងៃ​ច័ន្ទ​ពាក់ព័ន្ធ​នឹងការ​ញុះញង់​ឲ្យមាន​ចលនា​អបគមន៍​នៅក្នុង​តំបន់​ជន​បទ​មួយ​កន្លែង​​ ដែលមាន​ជម្លោះយ៉ាង​រាុំរ៉ៃ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ចម្ការកៅស៊ូមួយក្នុង​ខេត្ត​ក្រចេះ​។

ប៉ុន្តែ​ បន្ទាប់​ពីកាត់ក្តី​រយៈ​ពេល​ចំនួន​បួន​ថ្ងៃកាលពី​ខែ​មុន​ អង្គការសិទ្ធិមនុស្ស​ ដែល​ធ្វើ​អ្វីៗតែទៅតាម​នីតិ​វិធី​ បាន​ច្រាន​ចោល​ភ័ស្តុ​តាង​ដាក់បន្ទុកមកលើ លោក សូណង់ដូ​ ហើយ​រឿង​ចោទ​ប្រកាន់​លោក​ថា បាន​ញុះ​ញង់​ឲ្យមាន​ចលនាអបគមន៍​នោះគឺជា​រឿង​គួរ​ឲ្យអស់សំណើច​។​​​​​​​

លោកស្រី​ គ្លែ ដាហ្វី​ (Clair Duffy) អ្នកឃ្លាំ​មើលសាលាក្តី​ខ្មែរ​ក្រ​ហម​ របស់អង្គការ​គំនិត​ផ្តួច​ផ្តើម​យុត្តិ​ធម៌សង្គមសាធារណៈ​ដែលមាននៅ​បុរីញូវ​យ៉ក​ បាន​មានប្រ​សាសន៍ថា កេរ​ដំណែល​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​នឹង​ត្រូវ​ផ្តល់ផលប្រយោជន៍​ច្រើន​នៅថ្ងៃ​អនាគត​។​

លោកស្រី​ ក្លែ ដាហ្វី​ មានប្រសាសន៍ថា​ ថ្វីបើ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ជួយ​បង្កើន​ជំនាញដល់​ចៅក្រម និង​មេធាវី​ក្នុងប្រទេស​កម្ពុជាក្តី តែ​ប្រពន្ធ​តុលាការ​នៅតែ​មិន​អាចផ្លាស់​ប្តូរ​ដដែល។​

លោក​ស្រីបាន​លើកឡើងថា “ពាក់ព័ន្ធ​និង​បញ្ហា​ឯករាជ​ភាពរបស់តុលា​កា​រ និង​បញ្ហាចែក​រំលែក​អំណាច​ នៅក្នុង​តុលាការ​កម្ពុជា​​វា​លំបាកនឹង​រីកចម្រើន​ណាស់​ ថ្វីបើ​មាន​តុលាការ​ខ្មែរ​ក្រហម​ជាគំរូក្តី”។

លោកស្រីលើកឡើងថា​ មិនថាចៅក្រម​​ឬ​ក៏មេធាវី​ដ៏មាន​ជំនាញ​ឬក៏មិនមាន​ជំនាញ​នោះទេ។ អ្វីៗ​ទាំងអស់គឺ​សម្រាប់តែ​បម្រើ​ឆន្ទះ​​នយោបាយ​​តែប៉ុណ្ណោះ។​​ឯករាជភាពរបស់តុលាការ​ និងការដាក់​តុលាការឲ្យដាច់ពី​អង្គនីតិប្រតិបត្តិ​​គឺវាអាស្រ័យ​លើឆន្ទះ​នយោបាយ​ទាំងស្រុង។

លោកស្រី​បានមាន​ប្រសាសន៍ថា​ “សូមមើល​ប្រវត្តិ​របស់​សំនុំ​រឿង​០០៣ និង​០០៤។​ មិនថា អ្នកមានសិទ្ធិ​របស់ប្រទេស​កម្ពុជា​ ព្រះរាជអាជ្ញារ​ សហចៅក្រមស៊ើប​អង្កេត​ ចៅក្រមរបស់េ​អង្គបុរជំនុំជម្រះ​នោះទេ គឺមិនមាន​សិទ្ធិ​ជំទាស់នឹង​ឆន្ទះ​​សាធារណៈស្តីពីរឿងក្តីទាំង​នេះរបស់រដ្ឋា​នោះឡើយ”។

លោក​ស្រី​បាន​ថ្លែង​ថា “​សាល​ក្រម​របស់​លោក​ ម៉ម សូណង់ដូ បង្ហាញ​ថា ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​​ក្នុង​ប្រទេស​កម្ពុជា​ តុលាការនៅ​តែ​បម្រើ​ឲ្យឆន្ទះ​​នយោបាយ​”។

លោក​ ជាម​ ចន្នី សមាជិក​សភា​មក​ពី​គណកប្ស​​ប្រឆាំង​ គឺ​គណបក្ស​ សម រង្ស៊ី មាន​ប្រសាសន៍​ថា លោក​ត្រូវ​បាន​គេ​រំឭក​អំពី​ការ​ជាប់​ពន្ធ​នាគារ​​របស់​លោក​កាល​ពី​ឆ្នាំ​២០០៥​ ដោយ​តុលាការ​យោធា​។

តុលាការ​យោធា​បាន​ផ្តន្ទា​ទោស​លោក ជាម ចន្នី​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ ពី​បទ​ចោទ​ថា បាន​ប៉ុនប៉ង​ជ្រើស​រើស​កង​ទ័ព​ដោយ​ខ្លួនឯង​​។ លោក ជាម ចន្នី​​ បាន​រំលឹកថា លោក​គ្រាន់​តែ​ទទួល​បន្ទុក​ក្រសួង​មួយ​ក្នុង​ចំណោម​ក្រសួង​ស្រមោល​មួយ​ចំនួន​របស់​បក្ស​ ពាក់​ព័ន្ធនឹង​វិស័យការ​ពារ​ជាតិ​ ដែល​នេះជា​ការ​ងារ​ធម្មតា​របស់​គណបក្ស​ប្រឆាំង​នីមួយៗ​​។

នៅ​ពេល​នោះ​អង្គការ​សិទ្ធិ​មនុស្ស​បាន​ថ្កោល​ទោស​សាល​ក្រម​ ដោយឡើង​អំពី​បញ្ហា​ជាក់​ស្ដែង​មួយ​ចំនួន​ ដែលថា​​តុលាការ​យោធា​មិន​មាន​យុត្ដា​ធិការ​នៅ​ក្នុង​បណ្ដឹង​ស៊ីវិល​ឡើយ​ ចំណែកឯរដ្ឋ​សភា​បាន​ដក​អភ័យ​ឯកសិទ្ធិ​របស់​លោក ជាម ចន្នី​ ហើយមេ​ធាវី​របស់​លោក​ត្រូវ​បាន​រារាំង​មិន​ឲ្យ​សួរ​ដេញ​ដោល​សាក្សី​របស់​អយ្យការ​​ និង​រារាំង​មិន​ឲ្យ​កោះ​ហៅ​សាក្សី​មួយ​ចំនួន​មកឆ្លើយដោះបន្ទុកកូន​ក្ដី​របស់​លោក​ឡើយ​។

លោក​ ជាម ចន្នី​ បានមានប្រសាសន៍​ថា អ៊ីចឹង “​តុលាការ​ គឺ​នៅ​តែ​ស្ថិត​ក្រោម​សម្ពាធ​របស់រដ្ឋាភិបាល​”។

ប្រទេស​ជប៉ុន​ ​ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំបំផុត​របស់​សាលាក្ដី​ខ្មែរ​ក្រហម​តាំង​ពី​យូរ​មក​ហើយ​ ដែលបាន​ផ្ដល់​ជំនួយ​៧៦​លាន​ដុល្លារ​នោះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការផ្តន្ទា​ទោស​លោក ម៉ម សូណង់ដូ ឬក៏​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​កេរ​ដំណែលរបស់តុលាកាខ្មែរក្រហមឡើយ​​។ ប្រទេស​ជប៉ុន​ក៏​មាន​ជាប់​ពាក់​ព័ន្ធ​យ៉ាង​ខ្លាំង​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ដើម្បីធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ និង​ប្រព័ន្តច្បាប់​របស់​ប្រទេស​កម្ពុជាដែរ​​។

សហភាព​អឺរ៉ុប​ ដែល​តែង​តែ​ជួយ​ផ្ដល់​ហិរញ្ញ​វត្ថុ​ដល់​តុលាការ​ខ្មែរ​ក្រហម​ បាន​លើក​ឡើង​ថា ខ្លួន​នៅ​តែ​សង្ឃឹម​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​នឹង​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្ដូ​។

លោក​ សង់ហ្វ្រង់ស័រ គូតាំង (Jean-Francois Cautain) ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​មាន​ប្រសាសន៍​ថា “​សហភាព​អឺរ៉ុប​ជឿជាក់​ថា ការ​ងារ​របស់​តុលាការ​ខ្មែរ​ក្រហម​អាច​ជួយ​ផ្លាស់ប្តូរ​វប្បធម៌​និទណ្ឌភាព​របស់​ប្រទេស​កម្ពុជា​ ហើយ​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​សហភាព​អឺរ៉ុប​ និង​ប្រទេស​​ជា​សមាជិកបន្ត​គាំទ្រ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​នៅ​ក្នុង​តុលាការ​កម្ពុជា​”៕

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស