29 C
Phnom Penh

លោក​ ហ៊ុន សែន​ ចោទ​សួរ​​អំពី​ហេតុ​ផល​​នៅ​ពី​ក្រោយ​ការ​រិះ​គន់​​ របាយ​ការណ៍​សិទិ្ធ​មនុស្ស​​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​​​​បាន​លើក​ឡើង​ម្តង​ទៀត​អំពី​ការ​រិះ​គន់​ថ្មីៗ​នេះ​ពី​ប្រេសិត​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា​​ ​​ពេល​ថ្លែង​​សុន្ទរ​កថា​​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​កាល​ពី​ម្សិល​មិញ​ដែល​ផ្តោត​លើ​​​​វិវាទ​ដី​ធ្លី​។

លោក​ ហ៊ុន សែន​​ បាន​ថ្លែង​នៅ​ឃុំ​បន្ទាយ​ឆ្មា​រស្រុក​ថ្ម​ពួក​​ដែល​នៅ​ទី​នោះ​លោក​បាន​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រ​ជា​ពលរដ្ឋ​​ចំនួន​៧៤៤​គ្រួសារ​​ ហើយ​លោក​បាន​ព្រ​មាន​​ក្រុម​ហ៊ុន​នានា​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋ​កិច្ច​​​កុំ​ឲ្យ​មាន​​វិវាទ​ដី​ធ្លី​​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​​​មូល​ដ្ឋាន។

លោក​បាន​ថ្លែង​ថា​“ខ្ញុំ​មិន​ចង់ឮ​អំពី​វិវាទ​ដី​ធ្លី​រវាង​ក្រុម​ហ៊ុន​​និង​ប្រ​ជា​ពល​រដ្ឋ​នោះ​ទេ​។​យើង​ផ្តល់​​អាទិ​ភាព​ឲ្យ​​ប្រ​ជា​ពល​រដ្ឋ​ជា​មុន​។​ក្រុម​ហ៊ុន​បាន​ទទួល​ដី​ពីរដ្ឋ​ ដូច្នេះ​រដ្ឋ​មាន​សិទ្ធិ​ [ ធ្វើ​អន្តរាគមន៍​]”។

កាល​ពី​ខែ​មុន​ លោក សុរិយា ស៊ូបេឌី​​ អ្នក​​ធ្វើ​របាយ​ការណ៍​​ពិសេស​របស់​អង្គការ​សហ​ប្រ​ជា​ជាតិ​​ស្តី​អំ​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រ​ទេស​កម្ពុ​ជា​ បាន​ដាក់​របាយ​ការ​ណ៍​​​​អង្កេតទៅ​​អង្គការ​សហ​ប្រ​ជា​ជាតិ​នៅ​ទី​ក្រុង​ហ្សឺណែវ ដោយ​មាន​របាយការណ៍​មួយ​ផ្តោត​លើ​បញ្ហា​សង្គម​ ដែល​បណ្តាល​មក​ពី​ដី​សម្ប​ទាន​សេដ្ឋកិច្ច។

លោក ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​​ទៀត​​បាន​​​ធ្វើ​ការ​រិះ​គន់​​លោក​​ ស៊ូបេឌី​ ​បន្ថែម​ទៀត​ និង​បាន​​សួរ​កាល​ពី​ម្សិល​មិញ​ថា​​​ហេតុ​អ្វី​​ប្រ​ទេស​កម្ពុជា ​តែង​តែ​​ទទួល​របាយ​ ការ​ណ៍​មិន​ល្អ​អំពី​សិទ្ធិ​មនុស្ស​។

លោក ហ៊ុន សែន ​​សួរ​ថា​ “ ​កម្ពុជា​មិន​មាន​វាសនា​ទទួល​បាន​ការ​កោត​សរសើរ​ចំពោះ​​​សិទ្ធិ​មនុស្ស​ទេ​។​ហេតុ​អ្វី​?​។លោកបាន​ ថ្លែងបន្តថា​​“បើ​សិន​ជា​ពួក​គេ​សរសេរ​របាយ​ការណ៍​​វិជ្ជ​មាន​អំពី​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​វា​មាន​ន័យ​ថា​ អង្គការ​សិទ្ធិ​មនុស្ស​នានានឹង​មិន​មាន​ការ​ងារ​ធ្វើ​ទេ​ ដូច្នេះ​តើ​ពួក​គេ​​បាន​ប្រាក់​ខែ​របស់​ពួក​គេ​មក​ពី​ណា។វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​ដើម្បី​ទទួល​បាន​​ការងារ​នេះ”។

នៅ​ក្នុង​ការ​គិត​ស្រ​ដៀង​គ្នា​នេះ​ដែរ​កាល​​ពី​ឆ្នាំ​២០០៥​​លោក​ ហ៊ុន សែន​ បាន​ប្រាប់​លោក កូ​ហ្វី​ អាណាន់​ ដែល​​កាល​នោះ​លោក ជា​អគ្គលេខា​ធិការ​អង្គការ​សហ​ប្រ​ជា​ជាតិ​​អំ​ឡុង​ពេល​ប្រ​ជុំ​មួយ​នៅ​បុរី​ញូវយ៉ក​ថា​កម្ពុជា​​មិន​ដែល​បាន​ទទួល​របាយ​ការ​ណ៍​​ល្អ​អំពី​សិទ្ធិ​មនុស្ស​ទេ​។

លោក​បាន​អះ​អាង​ថា​​​បញ្ហា​​សិទ្ធិ​មនុស្ស​នេះ​ជា​​ចំណាប់​អារម្ម​ណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​​ក្នុង​ស្រុក និង​​អន្តរ​ជាតិ​​ដើម្បី​លាប​ពណ៌​មិន​ល្អ​ឲ្យ​ស្ថាន​ការណ៍​នេះ​ដើម្បី​ទទួល​បាន​ប្រាក់​ពី​ម្ចាស់​ជំនួយ​។

លោក ឡៅ​ ម៉ុងហៃ​ អ្នក​វិភាគ​នយោ​បាយ​ឯក​រាជ្យ​មាន​ប្រ​សាស​ន៍ថា ​​របាយ​ការណ៍​អវិជ្ជមាន​ស្តី​ពី​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​​អាច​លែង​មាន ​នៅ​ពេល​ណា​​បញ្ហា​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ឈប់​មាន​នៅ​​ក្នុង​ប្រ​ទេស​។ លោកបាន​ថ្លែង​បន្ត​ថា “ យើង​​ខ្វះ​​ការ​គោរព​សិទ្ធិ​មនុស្ស​។​របាយការណ៍​​ត្រូវ​ការ​ជា​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​បញ្ហា​សិទ្ធិ​មនុស្ស​កាន់​តែ​ប្រ​សើ​រឡើង ​​មិន​មែន​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​​សិទ្ធិ​មនុស្ស​កាន់​តែ​ច្រើនឡើង​​នោះ​ទេ”៕

ប្រែ​សម្រួល​ដោយ ឃិន ណៃ​​​

​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស