ក្រសួងការបរទេស បានធ្វើការវាយបកចំពោះការរិះគន់លើការផ្តន្ទាទោសលោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុឯករាជ្យ តាមការចោទប្រកាន់ពីបទបះបោរ ដោយចោទអ្នកខាងក្រៅថា បានជ្រៀតជ្រែកក្នុងប្រព័ន្ធតុលាការ។
អង្គការសិទ្ធិមនុស្សអន្តរជាតិ និងរដ្ឋាភិបាលបរទេសនានា បានចូលរួមជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ក្នុងការសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសលោក ម៉ម សូណង់ដូ ឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ។
ក្រុមអ្នកគាំទ្របាននិយាយថា ការផ្តន្ទាទោសលោក សូណង់ដូ ពីបទដឹកនាំចលនាប្រឆាំងរដ្ឋាភិបាល គឺជារឿងនយោបាយ ហើយការផ្តន្ទាទោសដ៏ធ្ងន់នេះគឺដើម្បីបំបិទមាត់អ្នករិះគន់រដ្ឋាភិបាល។វិទ្យុសម្បុកឃ្មុំរបស់លោក សូណង់ដូ គឺជាស្ថានីយវិទ្យុមួយក្នុងចំណោមស្ថានីយវិទ្យុមួយចំនួនតូច ដែលផ្សព្វផ្សាយសេចក្តីរាយការណ៍រិះគន់គណបក្សកាន់អំណាច។
អ្នកផ្តល់ជំនួយខ្លះក្នុងចំណោមអ្នកផ្តល់ជំនួយសំខាន់ៗរបស់រដ្ឋាភិបាលបានចូលរួមរិះគន់ដែរ។ តំណាងជាន់ខ្ពស់របស់សហភាពអឺរុ៉ប ទទួលបន្ទុកកិច្ចការបរទេស បានលើកឡើងថា សាលក្រមផ្តន្ទាទោសនេះធ្វើឲ្យមាន“ ការមន្ទិលសង្ស័យយ៉ាងខ្លាំង” អំពីឯករាជភាពរបស់តុលាការកម្ពុជា។
ដោយមានការយល់ឃើញស្រដៀងគ្នានេះ ក្រសួងការបរទេសអាមេរិក បានអំពាវនាវឲ្យមានការដោះលែងលោក សូណង់ដូ ភ្លាម ចំណែកប្រទេសបារាំង បានលើកឡើងថា គួរពិនិត្យរឿងក្តីនេះឡើងវិញ “ ដោយគ្មានការពន្យារពេល”។
ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ លោក កុយ គួង អ្នកនាំពាក្យរបស់ក្រសួងការបរទេស បានបដិសេធថារដ្ឋាភិបាលមិនបានជ្រៀតជ្រែកនៅក្នុងរឿងក្តីនេះទេ និងបានអះអាងថា ប្រព័ន្ធតុលាការឯករាជ្យ។
លោក កុយ គួង បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា “រឿងក្តីរបស់លោក សូណង់ដូនិងអ្នកសមគំនិតជាមួយគាត់ មិនមែនជាសេរីភាពក្នុងការបញ្ចេញមតិ ឬឯករាជភាព និងអព្យាក្រឹតភាពរបស់តុលាការនៅក្នុងប្រទេសកម្ពុជានោះទេ។ វាក៏មិនមែនជារឿងនយោបាយដែរ ដូចអ្នកខ្លះបានចោទប្រកាន់ដោយមិនត្រឹមត្រូវឡើយ។ ប្រទេសកម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យ ព្រមទាំងគោរពច្បាប់។
លោកក៏បានមានប្រសាសន៍ដែរថា មិនមានហេតុផលគួរឲ្យសង្ស័យណាមួយនៅក្នុងរឿងក្តីេនះទេ ហើយលោកបញ្ជាក់ថា មិនមានការជ្រៀតជ្រែកទាំងក្នុងកិច្ចការរបស់ស្ថានីយវិទ្យុសម្បុកឃ្មុំនិងសមាគមអ្នកប្រជាធិបតេយ្យរបស់លោក សូណង់ដូ នោះទេ។
“មជ្ឈដ្ឋានខាងក្រៅងាយស្រួលនិងមានចេតនានិយាយមិនល្អអំពីរឿងក្តីរបស់លោក សូណង់ដូ។ ការលើកឡើងទាំងនេះមានបំណងធ្វើឲ្យមានឥទ្ធិពលដល់ច្បាប់នៅក្នុងប្រទេសកម្ពុជា និងធ្វើឲ្យប៉ះពាល់ដល់ឯករាជភាព និងអព្យាក្រឹតភាពរបស់តុលាការ។ លោកបានបន្ថែមថា “ តាមច្បាប់ ប្រទេសកម្ពុជាត្រូវតែអនុវត្តនីតិវិធីរបស់ខ្លួន និងមិនអនុញ្ញាតឲ្យមានអបគមន៍ណាមួយនៅក្នុងប្រទេសទេ”។
បុគ្គលិកអង្គការសិទ្ធិមនុស្សដែលបានចូលរួមសវនាការជំនុំជម្រះលោក សូណង់ដូ រយៈពេលបួនថ្ងៃកាលពីខែមុន បានលើកឡើងថា អយ្យការមិនមានភ័ស្តុតាងដាក់បន្ទុកលោក សូណង់ដូ ទេ ដោយផ្អែកតែទៅលើសក្ខីកម្មពីជនជាប់ចោទពីបីនាក់ និងផ្អែកលើឯកសារចេញពីគេហទំព័ររបស់ខ្មែរអាមេរិកាំងមួយក្រុមនៅអាមេរិក ដែលមានទស្សនប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ សហចុងចោទដែលបាននិយាយទម្លាក់កំហុសលើលោក សូណង់ដូ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញព្យួរទោស ចំពោះការសហការរបស់ពួកគេជាមួយនឹងអយ្យការ។
មជ្ឈដ្ឋានជាច្រើនក៏មានការសង្ស័យផងដែរ ចំពោះការអះអាងរបស់រដ្ឋាភិបាលដែលថា មានចលនាអបគមន៍។ ខណៈដែលឧបករណ៍ធ្វើកសិកម្មប្រចាំថ្ងៃត្រូវបានដាក់បង្ហាញអំឡុងសវនាការជនុំជម្រះលោក សូណង់ដូ ជាភ័ស្តុតាង គឺមានតែការស្លាប់ក្មេងស្រី អាយុ១៤ឆ្នាំម្នាក់ប៉ុណ្ណោះឈ្មោះ ហេង ចន្ថា ដែលត្រូវបានកងកម្លាំងរដ្ឋាភិបាលដែលសម្រុកចូលតំបន់សង្ស័យថាជាតំបន់របស់អ្នកធ្វើអបគមន៍នោះ បាញ់សម្លាប់ គឺស្ថិតនៅក្នុងភូមិប្រមា ខេត្តក្រចេះ។
ក្មេងស្រីវ័យជំទង់រូបនេះ ត្រូវបានបាញ់ប្រហារ នៅពេលស្ថិតនៅជាមួយក្រុមគ្រួសាររបស់នាងនៅក្រោមផ្ទះរបស់ខ្លួន។ នគរបាលបាននិយាយថាមិនចាំបាច់ស៊ើបអង្កេតការស្លាប់របស់ក្មេងស្រីរូបនេះទេ។ នគរបាលនិងទាហានរាប់រយនាក់បានចូលរួមក្នុងប្រតិបត្តិការប្រឆំាងអ្នកភូមិប្រមា និងបានបណ្តេញអ្នកស្រុករាប់រយនាក់ ដែលពាក់ព័ន្ធក្នុងជម្លោះដីធ្លី ជាមួយក្រុមហ៊ុនចម្ការកៅស៊ូក្នុងស្រុកមួយ។
លោក សូណង់ដូ មានរយៈពេលមួយខែដើម្បីប្តឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមចុះថ្ងៃទី១ ខែតុលានេះ។ អ្នកស្រី ឌឹន ផាន់ណារ៉ា ដែលជាភរិយារបស់លោក ម៉ម សូណង់ដូ បានមានប្រសាសន៍កាលពីម្សិលមិញថា ស្វាមីរបស់អ្នកស្រី នឹងប្តឹងឧទ្ធរណ៍ឆាប់ៗនេះ ប៉ុន្តែ មិនដឹងពេលណាទេ៕
( រាយការណ៍បន្ថែមដោយ ឃួន ណារីម)
ប្រែសម្រួលដោយ ចេវ ប៊ុននី