27.5 C
Phnom Penh

ប្រាំមួយ​​​នាក់​​​ស្លាប់​​​ ១៤​​​នាក់​​​រង​​​របួស​​​នៅ​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ពីរ​ករណី​ដោយឡែកពីគ្នា​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា មនុស្ស​​​ចំនួន​​​ប្រាំមួយ​​​នាក់​​​បាន​ស្លាប់ និង​​​១៤​​​នាក់​​​​​​ទៀត​​​​​​រង​​​របួស​​​នៅ​​​ក្នុង​​​គ្រោះ​​​​​​ថ្នាក់​​​រថយន្ដ​​​ពីរករណី​​​​​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​និង​​​ថ្ងៃ​​​សៅរ៍។

លោក​​​ ប៉ែន ឃុន អនុប្រធាន​​​នគរបាល​​​ចរាចរ​​​ណ៍​​​រាជធានី​​​បាន​​​មាន​​​​​​ប្រសាសន៍ថា​​​​ ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ រថយន្ដ​​​ម៉ាក​​​តូយ៉ូតា​​​កាមរីមួយ​​​គ្រឿង​​​ដែល​​​មាន​​​អ្នក​​​បើក​​​បរ​​​ម្នាក់​ និង​​​អ្នក​ជិះ​ជាមួយ​​​​បីនាក់​ដែល​​​​គេ​​​ជឿ​ថា កំពុង​តែ​​ផឹក​ស្រា​​​​​​​នោះ​​​បាន​​​បុក​​​ប្ដីប្រពន្ធ​​​ពីរ​នាក់​​​​ដែល​​​កំពុង​​​ជិះ​​​ម៉ូតូ​​​ទៅ​​​ផ្ទះ​តាម​​​​ផ្លូវ​​​ជាតិ​​​លេខ២ ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​វេលា​​​ម៉ោង​​​ប្រហែល​​​ជា​៣ទៀប​​​ភ្លឺ​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​។

លោក​​​បាន​​​ថ្លែង​​​ថា បុរស​​​ចំនួន​​​បី​​​នាក់​​​នៅ​​​ក្នុង​​​រថយន្ដ​​​បាន​​​ស្លាប់​​​នៅ​​​ពេល​នគរ​បាល​​​បាន​​​ទៅ​​​ដល់​​​កន្លែង​​​កើត​​​ហេតុ​​​ ហើយ​​​បុរស​​​ទី​​​៤​​​នៅ​​​ក្នុង​​​រថយន្ដ​​​ និង​​​ប្ដី​​​ប្រពន្ធ​​​ពីរនាក់​​​ត្រូវ​​​បាន​​​គេ​​​បញ្ជូន​​​ទៅ​​​មន្ទីរពេទ្យ​​​កាល់មែ៉ត​​​ទាំង​​​របួស​​​ធ្ងន់ ហើយ​​​ក្រោយ​​​មក​​បុរស​​​ជា​​​ប្ដី​​​បាន​​​ស្លាប់​​​នៅទី​​​នោះ​​​។

លោក​​​ ប៉ែន ឃុន បានមាន​​​ប្រសាសន៍​​​ថា ​​​ “រថយន្ដ​​​បាន​​​បុក​​​ម៉ូតូ​​​ រួច​​​ហើយ​​​បាន​​​ជ្រុល​​​ទៅ​​​បុក​​​ដើម​​​ឈើពីរ​​​ដើម​​​នៅចិញ្ចើម​​​ផ្លូវ​​​ បន្ទាប់​​​មក​​​ទៀត​​​ក៏បាន​​​ជ្រុល​ទៅ​បុក​​​​​​​បង្គោល​ប៉ាណូ​​​​”។ ​​​លោក​​​បាន​​​បន្ដ​​​ថា “ ប្ដី​​​ដែល​​​បើក​​​ម៉ូតូ​​​បាន​​​ស្លាប់​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ហើយ​​​គ្រូពេទ្យ​​​បា​​ន​​​​ប្រាប់​​​ថា​ខ្លួន​​​​នឹង​​​កាត់​​​ជើង​​ម្ខាង​​​របស់​​​ប្រពន្ធ​​​​គាត់​។ ​​​យើង​​​​​​គិត​​​ថា បុរស​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​រថយន្ដ​​​កាមរី​​​​នេះ​មានសភាព​​​​ស្រវឹង​​ខ្លាំង ​ហើយ​​​បាន​​​បើក​​​បរ​​​យ៉ាង​​​លឿន”។ លោក​​​បាន​​​ថ្លែង​​​ថា នគរបាល​​​បាន​​​រក​​​ឃើញ​​​​​​គម្រប​​​ដប​​​ស្រា​​​បៀរ​​​ជិត​​​៤០​​​នៅ​​​ក្នុង​​​រថយន្ដ​​​​នោះ។

នគរបាល​​​ស្រុក​​​ភ្នំស្រួច​​​បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​​​​មួយ​ករណី​​​​ទៀត​​​កាល​​​ពី​​​ថ្ងៃសៅរ៍​​​ ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ មនុស្ស​​​ពីរ​​​នាក់​​​បាន​​​ស្លាប់​​​​​​ និង​​​១២នាក់​ផ្សេង​ទៀត​​​​​​​រង​​​របួស​​​នៅ​​​ពេល​​​រថយន្ដ​​​​​ម៉ាក​​ហីឡុចវីហ្គោ​​​ បាន​​​បុក​​​ជាមួយ​​​នឹង​​​រថយន្ដ​​​វ៉ែន​​​​មួយ​​​គ្រឿង​​​ ដែល​​​ធ្វើ​​​ដំណើរ​​​​​​បញ្ច្រាស​ទិស​​​គ្នា​​​នៅ​​​ពេលមាន​​​ភ្លៀង​​​​​​ធ្លាក់​​​ខ្លាំង​​​តាម​​​បណ្ដោយ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៤ក្នុង​​​ស្រុក​​​ភ្នំស្រួច​​​។

លោក សួស អូន ប្រធាន​​​​​​នគរបាល​​​ចរាចរ​​​ស្រុក​​​ភ្នំស្រួច​​​មាន​​​ប្រសាសន៍​​​ថា “​​​យើង​​​បាន​​​ឃើញ​​​ថា អ្នក​​​បើក​​​រថយន្ដ​​​វីហ្គោ បាន​​​ស្លាប់​​​នៅ​​​ក្នុង​​​រថយន្ដ​​​ ហើយ​​​អ្នក​​​រង​​​របួស​​​នៅ​​​ក្នុង​​​រថយន្ដ​​​ទាំង​​​ពីរ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​ ​​​ក្រោយ​​​មក​​​ជន​​​រង​​​គ្រោះ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​អស់​​​បាន​​​ស្លាប់​​​នៅទី​​​នោះ”។

លោក​​​ សួស អូន បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា ជន​​​រង​​​គ្រោះ​​​ប្រាំបួន​​​​​​នាក់​​​ក្នុង​​​ចំណោម​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​អស់​​​ដែល​​​រង​​​របួស​​​​​​ធ្ងន់​​​ ក្រោយ​​​មកត្រូវ​​​បា​​ន​​​បញ្ជូនបន្ត​ទៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់មែ៉ត។

លោក ស៊ិន វ៉ាន់ស៊ី ប្រធាន​​​នគរបាល​​​ចរាចរខេត្ត​​​កំពង់​​​ស្ពឺបាន​​​​​ឲ្យ​ដឹង​​​​ថា “​​​យើង​​​មិន​​​អាច​​​និយាយ​បាន​​​​ថា ភាគី​​​ណា​​​ត្រូវ​​​ ឬ​​​ក៏​​​ខុស​​​នោះ​​​ទេ​​​ពី​​​ព្រោះ​​​យើង​​​កំពុង​​​តែ​​​​​​ស៊ើប​​​អង្កេត​​​”៕

ប្រែសម្រួល​​​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស