ពេលកំពុងសម្រាកព្យាបាលជំជឺនៅក្នុងគ្លីនិក ណាហ្គា ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក ខូវ ជឺលី សេដ្ឋីល្បីឈ្មោះក្នុងស្រុកម្នាក់មានប្រសាសន៍ថា លោកប្រហែលជាអំពាវនាវសុំឲ្យលោកនាយករដ្ឋមន្ត្រីជួយអន្ដរាគមន៍នៅក្នុងការតម្កល់សាលក្រមផ្តន្ទាទោសប្រពន្ធរបស់លោកពីបទប៉ុនប៉ងមនុស្សឃាតកាលពីថ្ងៃសុក្រ។
លោក ជឺលី អាយុ៨៣ឆ្នាំ នៅតែបន្ដអះអាងពីភាពគ្មានទោសរបស់ប្រពន្ធលោកចាប់តាំងពីរឿងក្តីនេះបានដំណើរការក្នុងតុលាការអស់រយៈពេលពីរឆ្នាំមក ហើយលោកមានប្រសាសន៍កាលពីម្សិលមិញថា ការសម្រេចរបស់តុលាការកំពូលក្នុងការតម្កល់សាលក្រមផ្តន្ទាទោសប្រពន្ធរបស់លោកនោះ បានធ្វើឲ្យលោកតក់ស្លុតរហូតត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លោកក៏បានមានប្រសាសន៍ផងដែរថា លោកជឿជាក់ថា កូនប្រសារបស់លោក គឺលោក ស៊ុន ចាន់ថុល អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹង “ ស្ងប់អារម្មណ៍” បើមិនអ៊ីចឹងទេ លោកនឹងអំពាវនាវសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រកយុត្តិធម៌ឲ្យរូបលោក និងប្រពន្ធរបស់លោកដែលកំពុងជាប់ពន្ធនាគារ។
ដោយហៅកូនប្រសារបស់លោកថា ជា “ បុរសល្អ” លោក ជឺលី មានប្រសាសន៍ថាជម្លោះក្នុងគ្រួសារនាំឲ្យុមានបញ្ហានេះ ហើយលោកសង្ឃឹមថា កូនប្រសារបស់លោកនឹងមិនត្រូវបានគេប្រើឲ្យប្ដឹងបន្តទៀតនោះទេ។
លោក ជឺលី មានប្រសាសន៍ថា “ ខ្ញុំគិតថា កូនប្រសារបស់ខ្ញុំនឹងស្ងប់អារម្មណ៍ ហើយថា គាត់នឹងមិនបំផ្លាញខ្ញុំនិងប្រពន្ធខ្ញុំទៀតទេ”។
អ្នកស្រី ខូវ សេងចន្ដា អាយុ៥០ឆ្នាំ ប្រពន្ធរបស់លោក ជឺលី ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០១០ពីបទរៀបចំផែនការសម្លាប់កូនស្រីរបស់លោក ជឺលី ឈ្មោះ ស៊ុន សុថា ប្រពន្ធរបស់លោក ស៊ុនចាន់ថុល ព្រមទាំងកូនស្រីអាយុ៩ឆ្នាំរបស់ពួកគាត់។
កាលពីខែកុម្ភៈ ឆ្នាំ២០១១ អ្នកស្រី សេងចន្ដា ត្រូវបានផ្ដន្ទាទោសពីបទសមគំនិតជាមួយស្ត្រីអ្នកបម្រើឈ្មោះ ចាន់ សុខា ដើម្បីជួលស្ត្រីអ្នកបម្រើម្នាក់ទៀតឈ្មោះ នាង ស៊ីណាត ដែលធ្វើការឲ្យលោក ចានថុល ដើម្បីឲ្យអ្នកសមគំនិតទី៤ ឈ្មោះ សុខ លក្ខណ៍ អាចចូលទៅក្នុងផ្ទះរបស់លោក ចាន់ថុល នៅយប់រៀបចំផែនការធ្វើឃាតនេះ កាលពីខែមិថុនា ឆ្នាំ២០១០។
អ្នកស្រី សេងចន្ដា និង សុខ លក្ខណ៍ មានទោសជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ពីបទចូលរួមក្នុងផែនការធ្វើឃាតនេះ។ ចំណែកនាង សុខា និងនាង ស៊ីណាត ម្នាក់ៗត្រូវជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ។
នាង សុខា ក៏បានភ្ជាប់លោក ជឺលី ក្នុងផែនការធ្វើឃាតនេះដែរ។ អំឡុងពេល សវនាការជំនុំជម្រះនៅឯសាលាឧទ្ធរណ៍ នាង សុខា បាននិយាយថា ខ្លួនធ្វើតាបញ្ជារបស់អ្នកស្រីសេង ចន្ដា ហើយថា លោក ជឺលី និងសាច់ញាតិបីនាក់ផ្សេងទៀត ក៏បានពាក់ព័ន្ធក្នុងផែនការធ្វើឃាតនេះដែរ។
លោក ស៊ុន ចាន់ថុល បានដាក់ពាក្យបណ្ដឹងដាច់ដោយឡែកពីគ្នា កាលពីខែមករា ឆ្នាំ២០១២ ប្តឹងលោក ជឺលី លោក ខូវ ផល្លាបុត្រ ដែលជាកូនប្រុសរបស់លោក អ្នកស្រី លី ហួង ប្រពន្ធរបស់លោក ផល្លាបុត្រ និងឈ្មោះ ហ៊ុយ សុខលាភ កូនស្រីចុងរបស់លោក ជឺលី ពីបទរួមគំនិតធ្វើឃាតនេះ។
លោក ចាន់ថុល មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។ នៅខាងក្រៅតុលាការកំពូល កាលពីថ្ងៃសុក្រ លោក ចាន់ថុល បានបដិសេធថា ពាក្យបណ្ដឹងនោះគ្មានអ្វីពាក់ព័ន្ធជាមួយជម្លោះគ្រួសារ និងមរតករបស់លោក ជឺលី នោះទេ។លោក ចាន់ថុល ប្រាប់អ្នកយកព័ត៌មានថា “ ខ្ញុំសូមនិយាយថា ស៊ុន ចាន់ថុល និង គ្រួសាររបស់ ស៊ុន ចាន់ថុល មិនចង់បានលុយមួយសេន ពីឧកញ៉ា ខូវ ជឺលី នោះទេ”។
លោក ប៉ាល់ ច័ន្ទតារា មេធាវីរបស់លោក ចាន់ថុល បានបញ្ជាក់ថា រឿងក្តីប្តឹងលោក ជឺលី និងអ្នកផ្សេងទៀតនោះ ត្រូវបានប្ដឹងកាលពីប្រាំមួយខែមុន។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា រឿងក្ដីនេះ នៅមិនទាន់ចប់ទេ”។
លោក ឯក ឆេងហួត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ថា សាលាដំបូងរាជធានីភ្នំពេញបានទទួលពាក្យបណ្ដឹងពីបទព្រហ្មទណ្ឌដែលលោក ស៊ុន ចាន់ថុល បានប្តឹងលោក ខូវ ជឺលី ហើយ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា