31 C
Phnom Penh

ប្រជា​ពលរដ្ឋ​ជិត​១.០០០​នាក់​នាំគ្នាតវ៉ា​ ដើម្បី​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខិត​បង្ខំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​ពលរដ្ឋ​រាប់​រយ​គ្រួសារ​មក​ពី​សហ​គមន៍​ជាង​១០​ បាន​ចូល​រួម​ជាមួយ​បណ្ដា​អង្គការ​ការពារសិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ កាល​ពី​ម្សិលមិញ​ នៅ​ពេល​ពួក​គេ​នាំគ្នា​តវ៉ា​នៅ​ខាង​ក្រៅ​រដ្ឋ​សភា​ ក្នុង​ទិវា​សិទ្ធិលំនៅ​ដ្ឋាន​ពិភព​លោក​ (World Habitat Day) ដើម្បី​អំពាវ​នាវ​ឲ្យ​បញ្ចប់​ការ​បណ្ដេញ​ចេញ​ពី​ដី​ធ្លី​ទាំង​បង្ខិត​បង្ខំ​ ក្នុង​រាជ​ធានី​ភ្នំពេញ។

ដៃ​កាន់​ផ្កា​ឈូក និង​ពាក់​អាវ​យឺត​ពណ៌​ខ្មៅ​ ដែល​មាន​សរសេរ​អក្សរ​ថា “ តំបន់​គ្មាន​ការ​បណ្ដេញ​ចេញ​” ក្រុម​អ្នកតវ៉ា​ ដែល​មាន​គ្នា​ប្រហែល​៧០០​នាក់​នេះ​បាន​ស្រែកបន្ទរ​ឡើង​ថា “ យើង​ត្រូវ​ការ​ផ្ទះ​ យើង​ត្រូវ​ការ​ដី យើង​ទាំង​អស់​គ្នា​ក៏​មាន​សិទ្ធិ​ដែរ​”។

គេ​ឃើញ​អ្នក​តវ៉ា​មួយ​ចំនួន​ក្នុង​ចំណោម​នេះ ពាក់​មួក​ក្រដាស​មាន​រាង​ជា​ផ្ទះ​ នៅ​ពេល​​ពួក​គេ​ដើរ​ក្បួន​ឆ្ពោះ​ទៅកាន់​រដ្ឋ​សភា​ ដើម្បី​ដាក់​ញត្តិ​ស្នើ​សុំ​អន្ដរាគមន៍​ក្នុង​វិវាទ​ដី​ធ្លី​ ដែល​កំពុង​បន្ដ​កើត​មាន​ក្នុង​រាជ​ធានី​ភ្នំពេញ។

អ្នក​ស្រី​ ជុំ​ ឡៃអុីម អាយុ​៤៧​ឆ្នាំ​ ជា​តំណាង​​ម្នាក់​ក្នុង​ចំណោម​តំណាង​ប្រាំ​នាក់​ដែលមាន​វត្ត​មាននៅពេល​ដាក់​ញត្តិ​នេះ​ ​និយាយ​ថា “ ​យើង​បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋបាល​របស់​រដ្ឋសភា​ម្នាក់​ ហើយ​គាត់​បាន​សន្យា​ជាមួយ​ពួក​យើង​ថា គាត់​នឹង​បញ្ជូន​លិខិត​របស់​យើង​ទៅ​ថ្នាក់​លើ ហើយ​គាត់​នឹង​ឲ្យ​យើង​ដឹង​ក្នុង​ពេល​ឆាប់​ៗ​នេះ”។

ក្នុង​ចំណោម​អ្នក​តវ៉ា​ទាំង​នោះ​ មាន​អ្នក​ខ្លះ​មក​ពី​សហគមន៍​បឹង​កក់​ និង​សហគមន៍​បុរី​កីឡា ដែល​កំពុង​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដី​ធ្លី​ ជាមួយ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ដ៏​មានឥទ្ធិពល​​ បន្ទាប់​ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ទាំង​បង្ខិត​បង្ខំ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន។ អ្នក​តវ៉ា​មក​ពី​អតីត​សហគមន៍​ក្រុម​៧៨​ និង​ដី​ក្រហម​ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​ហិង្សា​​នៅ​ក្នុង​ឆ្នាំ​២០០៩​ ​ក៏​មាន​វត្តមាន​ក្នុងការតវ៉ា​នេះ​ដែរ​។

ក្រុម​ចុង​ក្រោយ​ដែលកំពុងទទួល​រង​ការ​គំរាម​កំហែង​ពីការ​បណ្ដេញ​ចេញ​ មក​ពី​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែលមាន​ភូមិ​ចំនួន​បី​នៅ​ជិត​នឹង​អាកាសយាន​ដ្ឋាន​អន្ដរ​ជាតិ​ភ្នំពេញ​ ត្រូវប្រឈម​នឹងការ​បណ្ដេញ​ចេញ​​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​ការពារ​​សុវត្ថិភាព​​ជូន​បណ្ដា​មេដឹក​នាំ​ពិភពលោកនៅ​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូពា៌​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ក្រោយ​នេះ។

អ្នក​ស្រី​ ច្រាយ និន អាយុ​៣៤​ឆ្នាំ តំណាង​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​អាកាសយានដ្ឋាន​បាន​ដាក់​ញត្តិ​មួយ​ទាម​ទារ​សំណងឲ្យបាន​សមរម្យ​ ប្រសិន​បើ​ពួក​គាត់​ត្រូវ​បណ្ដេញ​ចេញ​។ ខណៈ​ដែល​អ្នក​ភូមិ​​និយាយ​ថា ខ្លួន​​មានឯកសារ​បញ្ជាក់​ថា​ ពួកគាត់​ជា​ម្ចាស់​កម្មសិទ្ធិ​លើដីនៅ​តំបន់​​នោះ មន្ត្រី​មូលដ្ឋាន​បាន​ទទូច​ថា ប្រជាពលរដ្ឋ​​ទាំង​នេះ​រស់​នៅ​ទី​នោះ​ដោយ​ខុស​ច្បាប់​។

អ្នក​ស្រី ច្រាយ និន បាន​និយាយ​ថា“យើង​​មក​ទី​នេះ​ ដោយ​សារ​តែ​យើង​ឮថា អាជ្ញាធរ​នឹង​ចាប់​ផ្ដើម​អនុវត្ត​ការ​បណ្ដេញ​ចេញ​ឆាប់​ៗ​នេះ។ ប្រសិន​បើ​ពួកគេ​ផ្ដល់​សំណង​ វា​មិន​អី​ទេ​។ ប៉ុន្ដែ ប្រសិន​បើ​មិន​ផ្ដល់​សំណង​ទេ​ យើង​នឹង​បន្តតវ៉ា​”។កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ រដ្ឋាភិបាល​​សម្រេច​ឲ្យ​រុះ​រើ​ផ្ទះ​នៅ​ជុំ​វិញ​អាកាស​យានដ្ឋាន​​។

លោក អៀង សួស្ដី អនុរដ្ឋ​លេខាធិការ​នៃ​រដ្ឋ​លេខាធិការ​ដ្ឋាន​អាកាសចរ​ណ៍​ស៊ីវិល​ បាន​មាន​ប្រសាសន៍​ថា “ ​យើង​បាន​បញ្ជូន​របាយ​ការណ៍​ទៅជូន​លោកឧបនាយក​រដ្ឋ​មន្ត្រី​ សុខ អាន រួច​ហើយ ហើយ​ការ​រុះ​រើ​នឹង​ចាប់​ផ្ដើម​ក្នុងឆាប់​ៗ​នេះ”។ បណ្ដា​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​បាន​អំពាវ​នាវ​សុំ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​​ចេញ​នេះ។

លោក អុី សារុំ មន្ត្រី​សម្រប​សម្រួល​របស់​សមាគម​ធាង​ត្នោត​ ដែលជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ សម្រាប់ការពារសិទ្ធិ​លំនៅ​ដ្ឋាន​បាន​មាន​ប្រសាសន៍​អំឡុង​ការ​តវ៉ានេះ​ថា “​យើង​ចង់​បញ្ជូន​សារ​ទៅដល់​រដ្ឋ​សភា ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា រដ្ឋាភិបាល​ធានា​ផ្ដល់​លំនៅ​ដ្ឋាន​សមរម្យ​ដល់​ប្រជា​ពលរដ្ឋ​ និង​គោរព​ច្បាប់​។ សូម​បញ្ឈប់​អំពើ​ហិង្សា​ ហើយ​គោរព​សិទ្ធិ​ប្រជា​ពលរដ្ឋ​ផង​”៕

ប្រែសម្រួល​ដោយ តែម សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស